អង្គការសហប្រជាជាតិ ស្នើឲ្យ ស៊ូដង់ ស៊ើបអង្កេតពីករណីស្លាប់បាតុករជាច្រើននាក់
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្នើពីថ្ងៃសុក្រទី២៨ធ្នូ ឲ្យរដ្ឋាភិបាលស៊ូដង់ បើកការអង្កេតចំពោះករណីស្លាប់បាតុករ និងការប្រើប្រាស់ហិង្សាក្នុងពេលបាតុកម្ម។ នៅស៊ូដង់ បាតុកម្មប្រឆាំងរដ្ឋាភិបាល បានកើតមានប្រមាណ១០ថ្ងៃមកហើយ និងដែលបានស្លាប់មនុស្សអស់ជាច្រើននាក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៦
បាតុកម្មប្រឆាំងរដ្ឋាភិបាលស៊ូដង់ បានកើតមានឡើងតាំងតែពីថ្ងៃទី១៩ធ្នូរហូតមក នៅបណ្តាលក្រុងសំខាន់ៗ និងរដ្ឋធានី Khartoum។ ការតវ៉ាជំទាស់នេះ គឺដោយសារតែពលរដ្ឋមិនសប្បាយចិត្តចំពោះការដំឡើងថ្លៃទំនិញយ៉ាងគំហុក ពិសេសថ្លៃនំប៉័ង ដែលជាអាហារប្រចាំថ្ងៃ និងថ្លៃប្រេងសាំងដែលចាំបាច់សម្រាប់ប្រើប្រាស់រាល់ថ្ងៃ។
បើតាមអាជ្ញាធរ នៅក្នុងចំណោមបាតុករ គឺមានការចូលដៃចូលជើងពីក្រុមពួកប្រឆាំងរដ្ឋាភិបាល បក្សប្រឆាំង ក្រុមឧទ្ទាមប្រដាប់អាវុធដែលឆ្លៀតឱកាស ព្រមទាំងបាតុករខ្លះដែលមានចេតនាប្រើហិង្សា ដែលពួកគេបានដុតបំផ្លាញ និងលួចយករបស់របរពេលជ្រួលច្របល់ក្នុងបាតុកម្ម។ ជាការឆ្លើយតប គឺមានការបង្គ្រាបនិងការប៉ះទង្គិចគ្នាទៅវិញទៅមក បណ្តាលឲ្យមានស្លាប់និងរបួសទាំងអាជ្ញាធរនិងបាតុករ។ ទិន្នន័យពីកម្លាំងសមត្ថកិច្ចស៊ូដង់ ប្រាប់ថា អ្នកស្លាប់មានយ៉ាងហោចចំនួន១៩នាក់ ក្នុងនោះមានប៉ូលីសពីរនាក់ផង។ ក៏ប៉ុន្តែ បើតាមអង្គការការពារសិទ្ធិមនុស្ស Amnesty International បញ្ជាក់ថា ចំនួនបាតុករដែលស្លាប់មានដល់ទៅជិត៤០នាក់ឯណោះ។
ឆាកបាតុកម្មបង្ហូរឈាមគ្នាជាច្រើនថ្ងៃមកនេះ បានដឹងឮទៅដល់អង្គការសហប្រជាជាតិ រហូតដល់ លោក Antonio Guterres អំពាវវនាវឲ្យរក្សាភាពស្ងប់ស្ងាត់ ហើយបើប្រមូលផ្តុំគ្នាធ្វើបាតុកម្ម គួរធ្វើដោយសន្តិវិធីអហិង្សា។ ក្រៅពីស្នើឲ្យគោរពសិទ្ធអ្នកតវ៉ា លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ថែមទាំងជំរុញឲ្យរដ្ឋាភិបាលស៊ូដង់បើកការអង្កេតស៊ីជម្រៅមួយ ជុំវិញការស្លាប់និងហិង្សាដែលបានកើតឡើងមកនេះ។
គួរជ្រាបដែរថា ក្រៅពីអ្នកស្លាប់និងរបួសមានច្រើន ចំនួនអ្នកចាប់ខ្លួនក៏មានមិនតិចដែរ។ ក្នុងនោះ អ្នកនយោបាយម្នាក់របស់បក្សប្រឆាំង ត្រូវអាជ្ញាធរចាប់ឃុំខ្លួនបាត់ មិនដឹងយកទៅទុកទីណា។ សមាគមអ្នកនិពន្ធ ក៏ប្រកាសដែរថា កវីម្នាក់ ដែលចូលរួមបាតុកម្ម ក៏ត្រូវចាប់ខ្លួន។ ចំណែកអ្នកកាសែតស៊ូដង់ពីររូបផ្សេងទៀត ក៏ត្រូវសមត្ថកិច្ចដកហូតសេរីភាពទៅដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ