rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូវ៉ែត នយោបាយ សម្ព័ន្ធអារ៉ាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ជំនួបកំពូល​អារ៉ាប់​នៅ​កូវ៉ែត​ផ្តោតការ​ពិភាក្សា​លើ​បញ្ហា​ស៊ីរី បដិសេធ​មិន​ទទួលស្គាល់​រដ្ឋហ្ស៊ីហ្វ​អ៊ីស្រាអែល​

media
Mohammed Al Sharqi តំណាង​ប្រទេស​អេមីរ៉ាតអារ៉ាប់​រួម ក្នុងជំនួប​កំពូលអារ៉ាប់​​លើកទី២៥ នៅ​កូវ៉ែត REUTERS/Hamad I Mohammed

នៅប្រទេស​កូវ៉ែត ថ្ងៃ​អង្គារ​នេះ មេដឹកនាំ​បណ្តា​ប្រទេស​អារ៉ាប់​​បាន​ផ្តោត​ការ​ពិភាក្សា​គ្នា លើ​បញ្ហា​នៅស៊ីរី និង​​អ៊ីស្រាអែល​ប៉ាឡេស្ទីន។

​យោងតាម​គម្រោង​នៃ​សេចក្តីសម្រេចចិត្ត​ចុងក្រោយ មេដឹកនាំ​ប្រទេស​អារ៉ាប់​​​​​ត្រូវ​ប្រកាស​បដិសេធ​មិនទទួលស្គាល់​​ដាច់ខាត ថា​អ៊ីស្រាអែល​ជា​រដ្ឋហ្ស៊ីហ្វ។ ក្នុង​ជំនួប​អារ៉ាប់​នេះដែរ ក្រុមប្រឆាំង​ស៊ីរី​បាន​ទាមទារ​​​អោយ​ជួយ​ផ្តល់​អាវុធ​ជួយពួកគេ ក្នុង​ការ​ប្រឈម​នឹង​ប្រធានាធិបតីអាសាដ។


ជំនួប​កំពូល​លើកទី២៥​នៃ​​​បណ្តាប្រទេស​អារ៉ាប់ នៅ​កូវ៉ែត​ថ្ងៃ​អង្គារ​នេះ ផ្តោត​ការ​យកចិត្ត​ទុកដាក់​ខ្លាំង​លើ​បញ្ហា​ស៊ីរី និង​​ដំណោះស្រាយ​សន្តិភាព​រវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។ ចំពោះ​បញ្ហា​ស៊ីរី អារ៉ាប៊ីសាអូឌីត​បាន​ចោទ​សហគមន៍​អន្តរជាតិ​ថា​លែង​យកចិត្ត​ទុកដាក់​គិត​​​ដល់​ក្រុមឧទ្ទាម​ដែល​កំពុង​ជួយ​សម្ព័ន្ធប្រឆាំង​ស៊ីរី ទប់ទល់​នឹង​ប្រធានាធិបតីអាសាដ​។ ទន្ទឹម​នេះដែរ លោក​អាម៉ាដ ចារបា ជា​មេដឹកនាំ​ក្រុមប្រឆាំង​ស៊ីរី បាន​អំពាវនាវ​សុំជំនួយ​ជាអាវុធ​យុទ្ធភណ្ឌ​សម្រាប់​ក្រុមប្រឆាំង​ដើម្បី​​ទប់ទល់​ជាមួយ​កងទ័ព​លោក​អាសាដ។

អារ៉ាប៊ីសាអូឌីត​ជាប្រទេស​គាំទ្រ​ក្រុមប្រឆាំង​ស៊ីរីយ៉ាងខ្លាំងក្លា។ ព្រះអង្គម្ចាស់​​អាប់ឌែល អាហ្ស៊ី នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត បាន​លើកឡើងថា ដើម្បី​ជួយ​ស៊ីរី​អោយ​ចាក​ផុត​ពី​​ភាពទ័លច្រក ត្រូវតែ​ផ្តល់ការគាំទ្រ​ដល់​ក្រុមប្រឆាំងស៊ីរី។ សម្រាប់​អារ៉ាប៊ីសាអូឌីត​​ ក្រុមប្រឆាំង​​ស៊ីរីជា ក្រុមតំណាង​ប្រជាជន​ស៊ីរី យ៉ាង​ស្របច្បាប់ ហើយ​ក្រុមប្រឆាំង​ស៊ីរី​សក្តិសម​នឹង​ទទួល​ការគាំទ្រ​ណាស់។ គួរបញ្ជាក់ថា អាមេរិក​បានដាក់វេតូមិនអោយ​​បណ្តា​ប្រទេស​ដៃគូ​ខ្លួន​ ​ផ្គត់ផ្គង់អាវុធ​​ផ្នែក​ដែនអាកាស និង​អាវុធ​​ប្រឆាំង​រថក្រោះ អោយ​ដល់​ក្រុមប្រឆាំងស៊ីរី​​ ព្រោះ​ខ្លាច​អាវុធ​ទាំងនោះ​ធ្លាក់​ដល់​ដៃ​ជនជ្រុលនិយម។ 
 
ដោយឡែក ក្នុង​ជំនួប​អារ៉ាប់​​ថ្ងៃអង្គារនេះ ​ក្រុមប្រឆាំង​ស៊ីរី​នៅតែ​រិះគន់​បណ្តា​ប្រទេស​អារ៉ាប់​ថា មិនព្រម​ប្រគល់​អាសនៈ​អោយ​ក្រុមខ្លួន ដើម្បី​តំណាងអោយ​ប្រទេស​​ស៊ីរី​នៅ​សម្ព័ន្ធ​អារ៉ាប់​។ អាសនៈ​​​ស៊ីរី​នៅ​សម្ព័ន្ធ​អារ៉ាប់​ ត្រូវ​ទុក​ចោល​ទំនេរ​តាំង​ពី​ឆ្នាំ​២០១១ ពេល​ស៊ីរី​ចាប់​ធ្លាក់ចូល​ក្នុង​វិបត្តិ​សង្គ្រាម។ ក្រុមប្រឆាំង​ត្រូវ​សម្រេច​អោយ​បាន​រដ្ឋាភិបាល​មួយ​ ជាមុនសិន​ ទើប​សម្ព័ន្ធ​អារ៉ាប់​ អាច​បើកដំណើរការ​​​​​អាសនៈ​នេះ​ឡើងវិញ។
 
ជំនួប​កំពូល​អារ៉ាប់​ក៏ផ្តោត​ផងដែរ លើ​បញ្ហា​នៅអ៊ីស្រាអែល​និង​ប៉ាឡេស្ទីន។ ​ យោងតាម​គម្រោង​នៃ​សេចក្តីសម្រេចចិត្ត​ចុងក្រោយ មេដឹកនាំ​ប្រទេស​អារ៉ាប់​​ត្រូវ​ប្រកាស​មិន​ទទួលស្គាល់រដ្ឋហ្ស៊ីហ្វ​របស់​អ៊ីស្រាអែល​ដាច់ខាត។ មេដឹកនាំ​បណ្តា​ប្រទេស​អារ៉ាប់ក៏​ត្រូវ​​ទាត់ចោល​រាល់​ផលវិបាក​​​បង្ក​ឡើង​ដោយ​ការមិនទទួលស្គាល់​រដ្ឋហ្ស៊ីហ្វ​នេះដែរ ប្រសិន​បើ​ផលវិបាក​នោះ​បង្កជា​សម្ពាធ​ដល់​ប៉ាឡេស្ទីន។ ​​នៅកូវ៉ែត ​ថ្ងៃ​ចន្ទ​​កន្លងទៅ​ ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូឌ អាបាស បានប្រាប់​ប្រមុខការទូត​ប្រទេស​ទាំង​២២ នៃ​សម្ព័ន្ធ​អារ៉ាប់ ​​ពី​លទ្ធផល​នៃជំនួប​រវាង​លោក​ជាមួយ​​ប្រធានាធិបតី ​អាមេរិក នៅ​សេតវិមាន។ យោងតាម​​លោក​អាបាស លោក​អូបាម៉ា​បាន​សុំ​ប៉ាឡេស្ទីន​អោយ​​ហ៊ាន​ប្រថុយប្រថាន ដើម្បី​ទទួល​បាន​សន្តិភាព​ជាមួយ​អ៊ីស្រាអៃល។ មេដឹកនាំ​ប៉ាឡេស្ទីន​នានា​តែង​សំដែង​ការ​ប្រុងប្រយ័ត្ន​ចំពោះ​​​សំណើ​របស់​អាមេរិក ព្រោះពួកគេ​យល់ថា ​អាមេរិក​​មានជំហរ​ប្រាសចាក​ពី​​ច្បាប់​អន្តរជាតិ៕ ​​