អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Apec៖​ប្រទេស​​អាស៊ី-ប៉ាស៊ីហ្វិក​​ប្តេជ្ញា​​ប្រយុទ្ធ​​ប្រឆាំង​​នឹង​​ផល​ប្រយោជន៍​​​សេដ្ឋកិច្ច​​បែប​អាត្មា​និយម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួប​កំពូល​ប្រទេស​២១ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក ហៅកាត់​ថា Apec បិទ​បញ្ចប់​ថ្ងៃអាទិត្យ​នេះ នៅ​ទិក្រុង​លីម៉ា ប្រទេស​ប៉េរូ។ យោងតាម​សេចក្តីថ្លែងការណ៍​ដែល​សារព័ត៌មាន​បារាំង AFP ទទួលបាន-​សមាជិក​Apec សន្យា​​បន្ត​បើកចំហ​ទីផ្សារ​ និង​ប្រយុទ្ធ​ប្រឆាំង​រាល់ទំរង់​នៃ​ផលប្រយោជន៍​សេដ្ឋកិច្ច​បែប​អាត្មានិយម ដែល​ពួកគេ​​យល់ថា ​​ជា​ឧបសគ្គ​​​​ធ្វើអោយ​ការ​ផ្តោះប្តូរ​ពាណិជ្ជកម្ម កាន់តែ​​ចុះខ្សោយ។ 

លោក​អូបាម៉ា និង​លោក​ស៊ី ជីនពីង ពិភាក្សា​គ្នា​ ក្នុង​ជំនួប​Apec ថ្ងៃ​១៩វិច្ឆិកា ២០១៦។
លោក​អូបាម៉ា និង​លោក​ស៊ី ជីនពីង ពិភាក្សា​គ្នា​ ក្នុង​ជំនួប​Apec ថ្ងៃ​១៩វិច្ឆិកា ២០១៦។ REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ក្នុងជំនួប​កំពូល​Apec ថ្ងៃសៅរ៍​ម្សិលមិញ គេឃើញ​មានជំនួបទ្វេភាគី​សំខាន់ៗ រវាង​លោក​ស៊ី ជីនពីង និង​លោក​អូបាម៉ា, រវាង​លោក​ស្ហ៊ីនហ្សូ អាបេ និង​លោក​ពូទីន, ហើយ​លេចធ្លោ​ដែរនោះ គឺ​លោកឌុយទែរតេ​ក៏បាន​ជួប​ជជែក​ជាមួយ​​លោកពូទីន​​នឹងគេ​ដែរ។ ​

សមាជិ​កApec ប្រឆាំង​ផលប្រយោជន៍សេដ្ឋកិច្ច​បែប​អាត្មានិយម ដើម្បី​ជំនះ​​លោក​ដូណាល់ ​ត្រាំ
ប្រទេស​អាស៊ី-ប៉ាស៊ីហ្វិក​ យល់ថា បើ​​​ប្រទេស​និមួយៗ ព្យាយាម​គិតតែ​ផលប្រយោជន៍​រៀងៗខ្លួន ភ្លេចគិត​ពី​​ប្រយោជន៍​រួម- ភ្លេចគិត​​​គោលការណ៍​​សមភាព​រវាង​គ្នានិងគ្នា- ​នោះ​​​​គេពិតជា​ពិបាក​នឹង​​​​ស្តារ​​​សេដ្ឋកិច្ច​អន្តរជាតិ អោយ​បាន​ទៅមុខ​ណាស់។ ​ប្រទេស​អាស៊ីប៉ាស៊ីហ្វិកសង្កត់ធ្ងន់​លើ​ភាពចាំបាច់​ក្នុង​ការ​បែងចែកប្រយោជន៍ អោយ​ត្រឹមត្រូវ ក្នុង​សកលភារវូបនីយកម្ម។ ​

សមាជិក​ Apec ពិតជា​មិនគាំទ្រ​​លោក​ត្រាំទេ ព្រោះលោកត្រាំ​បាន​គំរាម​លុបចោ​ល​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​​សេរីអន្តរប៉ាស៊ីហ្វិក ហៅ​ថា កិច្ចព្រមព្រៀង​TTP។ ​លោក​ត្រាំ​មាន​​គោលការណ៍​​យក​​ប្រយោជន៍​សេដ្ឋកិច្ច​អាមេរិកជាធំ មិនគិត​ដល់​ប្រទេស​ផ្សេងៗ​ទៀតទេ។ ​ពេលឃោសនា​ឆ្នោត ដូណាល់​ ត្រាំ បាន​សន្យាថា ​នឹង​ខំការពារ​​​មិនអោយ​បាត់បង់​ការងារ​ក្នុង​ឧស្សាហកម្មជាតិ​ ​ដើម្បី​ទប់ទល់​នឹង​ការប្រជែង​​ពីប្រទេស​មួយចំនួន ដូចជា​ចិន​ រឺ​ក៏​ម៉ិចស៊ិក ដែល​ជា​ប្រទេស​មានតម្លៃ​ពលកម្ម​ទាប។ លោកត្រាំ​​បាន​សន្យា​ដែរថា នឹង​យក​ពន្ធ​លើ​ទំនិញ​ចិន​អោយ​ធ្ងន់។

កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីអន្តរប៉ាស៊ីហ្វិក ​TTP ដែល​លោកត្រាំ​គំរាម​លុបចោល មាន​ប្រទេស​១២​ចុះ​ហត្ថលេខា​ ​មានដូចជា​​អូស្ត្រាលី ព្រុយណេ កាណាដា ជប៉ុន ម៉ាឡេស៊ី ​សិង្ហបុរី ​រឺក៏​វៀតណាម​ជាដើម។ កិច្ចព្រមព្រៀង​នេះគ្មាន​វត្តមាន​ចិន​ទេ ​- ​ជាកិច្ចព្រមព្រៀង​គាំទ្រ​​ដោយ​​រដ្ឋាភិបាលលោក​​​អូបាម៉ា។ ប៉ុន្តែ សភា​អាមេរិក​មិនទាន់​ផ្តល់​សច្ចាប័ន​ទេ។

ម្ល៉ោះហើយ ប្រទេស​ Apec គិតថា ​បើ​ទីបំផុត​ទៅ លោក​ត្រាំ​លុបវាចោល ពួកគេ​ក៏​នឹង​បន្ត​ផ្តោះប្តូរ​ពាណិជ្ជកម្ម​រវាង​គ្នា តទៅទៀត ទោះ​គ្មាន​អាមេរិក​នៅ​ជាមួយ​នៅថ្ងៃ​មុខក្តី។ សូមបញ្ជាក់ថា សកម្មភាព​ពាណិជ្ជកម្ម​សមាជិក​ Apec មាន​៦០ភាគរយ ក្នុង​ពិភពលោក។ សមាជិក​ Apec ទទួលប្រយោជន៍​ជាងគេ ក្នុង​ដំណើរការ​នៃ​សកល​ភាវូបនីយកម្ម។
 
ចិន​សម្លឹង​អាស៊ី-ប៉ាស៊ីហ្វិក ​ដែលគ្មាន​​​​​​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីអន្តរប៉ាស៊ីហ្វិក ​TTP ​
គ្មាន​វត្តមានចិន​​​ក្នុង​​​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីអន្តរប៉ាស៊ីហ្វិក ​TTP។ កិច្ចព្រមព្រៀង​មួយនេះ ​​គាំទ្រ​ដោយ​​​រដ្ឋាភិបាល​លោក​អូបាម៉ា បង្ហាញ​ថា ​​អាមេរិក​ខំប្រជែង​​​ជាមួយ​ចិន នៅ​អាស៊ី-ប៉ាស៊ីហ្វិក។ ចំពេល​លោកត្រាំ​គំរាម​លុប​កិច្ចព្រមព្រៀង​​TTP ចោល លោក​ស៊ី ជីនពីង ត្រូវតែ​យកចិន​មកដាក់​ក្បាល​ចង្កូត​​​វិញម្តង ដើម្បីអាច​​ដឹកនាំ​សេដ្ឋកិច្ច​អាស៊ី-ប៉ាស៊ីហ្វិក ពង្រឹង​ឥទ្ធិពល​ចិន​ អោយ​កាន់តែ​ខ្លាំង។

ប្រធានាធិបតី​ចិន បាន​និយាយ​ទៅកាន់​សមាជិក Apec  ថា​ចិនបើកទ្វារ​ចំហ​ជានិច្ច ហើយ​តំបន់​ផ្តោះប្តូរ​ពាណិជ្ជកម្ម​អាស៊ី​ប៉ាស៊ីហ្វិក​នេះ ជា​ការផ្តួចផ្តើម​យុទ្ធសាស្ត្រ​ ដើម្បី​ភាព​រុងរឿង​យូរអង្វែង។ នៅ​ចំពោះ​មុខ សមាជិក Apec  ​​ចិន​បាន​​ឆ្លៀត​លើកតំកើង​គម្រោង​​កិច្ចព្រមព្រៀង​ដៃគូ​សេដ្ឋកិច្ច​​ពេញលេញ​មួយ ហៅកាត់​ថា RCEP។ ជាកិច្ចព្រមព្រៀង​​ផ្តោះប្តូរ​រវាង​​អាស៊ាន ចិន អូស្ត្រាលី និង​ឥណ្ឌា តែ​គ្មាន​វត្តមាន​អាមេរិ​កទេ។ ​

និយាយ​ត្រង់ចំណុច​នេះ ​ជប៉ុនកំពុង​បារម្ភ​ពី​ឥទ្ធិពល​ចិន ​លោក​ស្ហ៊ីនហ្សូ អាបេ ព្យាយាម​​ការពារ​​ ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​សេរីអន្តរប៉ាស៊ីហ្វិក ​TTP មិនខ្វល់​ពីកិច្ចព្រមព្រៀងផ្តោះប្តូរ​ជាមួយ​អាស៊ាន ដែល​ចិន​លើកឡើង​ស្អីទេ​។ កិច្ចព្រមព្រៀង​​TTP ​គ្មាន​វត្តមាន​ចិន។ ដូច្នេះ ជា​កិច្ចព្រមព្រៀង​មាន​ប្រយោជន៍​លើកស្ទួយ​​ឥទ្ធិពល​ជប៉ុន ទៅវិញទេ។ ​អញ្ចឹង​ហើយ​ បានជា​លោក​អាបេ​ខំ​​ស្កាត់​ទៅជួប​លោក​ត្រាំ ដល់​អាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ប្រហែល​ដើម្បី​អង្វរ​លោកត្រាំ អោយ​ពិចារណា​ឡើងវិញ កុំ​លុបចោ​ល​កិច្ចព្រមព្រៀង​​មួយនេះ។

ដោយឡែក ​ការដែល​លោក​ស៊ី ជីនពីង ប្រាប់ប្រទេស​​ Apec ថា​ ចិន​បើកទ្វារ​ចំហរ​ជានិច្ច​នោះ ​ក៏​ជាការ​​​តបត​មួយ​ទៅ​​​លោកត្រាំ​វិញដែរ បង្ហាញ​ថា ចិនមាន​ចិត្ត​​ទូលំទូលាយ​ជាង​អាមេរិក​ក្នុង​រឿងពាណិជ្ជកម្ម។ តែ​លោក​​អូបាម៉ា ហាក់​ព្យាយាម​លើកមុខអាមេរិក​ ​ការពារ​ត្រាំ​បន្តិច​ដែរ ដោយ​លើកឡើង​ថា គេ​មិនដឹងនាំ​ប្រទេស​តាម​អ្វី​ដែលគេធ្លាប់​សន្យា​ក្នុង​ពេល​ឃោសនា​បោះឆ្នោត​​ទេ។  លោក​ស៊ី ជីនពីង ​លើកឡើង​ថា លោក​សង្ឃឹមថា ការផ្ទេរ​អំណាច​នៅ​អាមេរិក អាចដំណើរការ​បាន​​ស្រួល ហើយ​ចិន​និង​អាមេរិក​នៅតែ​អាច​បន្ត​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​​ជាមួ​យគ្នា​តទៅទៀត។

ជំនួប​ទ្វេភាគី​ ​អូបាម៉ា​-​​ស៊ី ជីនពីង, ស្ហ៊ីនហ្សូ ​អាបេ-ពូទីន, ឌុយទែរតេ-ពូទីន​
ប្រធានាធិបតី​ទាំង២​បាន​ជជែក​ពី​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ​ហើយ​ព្រមព្រៀង​គ្នា​​ព្យាយាម​មិនអោយ​ក្រុងព្យុងយ៉ាង​​សម្រេច​មហិច្ឆតា​នុយក្លេអ៊ែរ។ ​លោក​អូបាម៉ា​ក៏បាន​និយាយ​ពី​បញ្ហា​សមុទ្រ​ចិនជាមួយ​លោក​ស៊ី ដែរ​ ដោយ​សង្ឃឹម​ថា ភាគី​ជម្លោះ​និមួយៗ នៅ​សមុទ្រ​ចិន អាច​ដោះស្រាយ​គ្នា​តាមបែប​សន្តិភាព។

និយាយ​ពី​ជម្លោះ​ដែនទឹក​នេះ នាយករដ្ឋមន្ត្រី​ជប៉ុន ក៏បាន​ជួប​ប្រធានាធិបតី​រុស្ស៊ី និយាយ​គ្នា​ពី​ជម្លោះ​កោះគូរីល រវាង​ជប៉ុន​និង​រុស្ស៊ី​ដែរ។ លោក​អាបេ​ប្រាប់ថា កំពុង​មើលឃើញ​សន្ធិសញ្ញា​សន្តិភាព​ជាមួយរុស្ស៊ី ទាក់ទង​បញ្ហា​នេះ។ គួររំលឹក​ថា ប្រជុំកោះ​គូរីល​នេះ ​ត្រូវបាន​កងទ័ព​សូវៀត​ដណ្តើម​យក ក្រោយ​សង្គ្រាម​លោក​លើកទី២។ ជប៉ុនបាន​ទាមទារ​ដែន​កោះ​មួយផ្នែក​មកជា​កម្មសិទ្ធិ​ខ្លួន។ លោក​អាបេ និង​លោក​ពូទីន ​នឹង​ជួបគ្នា​ម្តងទៀត ក្នុង​ជំនួប​កំពូល​ជប៉ុន-រុស្ស៊ី នៅ​ក្រុងតូក្យូ ​ខែ​ធ្នូ​ក្រោយនេះ។

ម្សិលមិញនេះ ​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ ក៏បាន​សំណេះ​សំណាល​ជាមួយ​លោក​ពូទីន​ដែរ។ លោក​ឌុយទែរតេ ស្អប់ប្រទេស​លោកខាងលិចណាស់។ ពេល​និយាយ​ជាមួយ​លោកពូទីន លោក​ឌុយទែរតេ ​បា​នបរិហារ​អាមេរិក​និង​សម្ព័ន្ធមិត្ត​ថា ពួកគេ​ធ្វើសង្គ្រាម​តែ​បែរ​ជា​ភ័យ​ខ្លាច​នឹង​សង្គ្រាម​ទៅវិញ។ ​លោក​ឌុយទែរតេ​បរិហារ​ទៀតថា ទីបំផុតទៅ សកម្មភាព​យោធា​ទាំងនោះ​គឺជាការ​​បរាជ័យទៅវិញ។

លោក​ឌុយទែរតេកំពុង​ខំ​​យកចិត្ត​យកថ្លើម​រុស្ស៊ី និង​ចិន ព្រោះ​​រុស្ស៊ី និង​ចិន​មិនបាន​រិះគន់​យុទ្ធនាការ​​កំចាត់ឧក្រិដ្ឋជន​គ្រឿងញៀននៅ​ហ្វីលីពីន ដូច​ប្រទេស​លោកខាងលិចទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ