អានតួអត្ថបទ
កម្ពុជា

ក្រសួង​សុខាភិបាល​ បន្ត​ស៊ើប​អង្កេត​បន្ទាប់​ពី​មនុស្ស​ស្លាប់​៣​នាក់ ​ដោ​យ​សង្ស័យ​ពុល​ស្រា

យ៉ាង​ហោច​មាន​មនុស្ស​៣​នាក់​ស្លាប់ ​និង​ជាង​៤០​នាក់​ទៀត ​ត្រូវ​គេ​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​សង្ស័យ​ថា ​មាន​ករណី​ពុល​ស្រា ​នៅ​ក្នុង​ស្រុក​សំបូរ​ខេត្ត​ក្រចេះ ​កាល​ពី​ថ្ងៃ​ទី​១៨​ខែ​តុលា​។ ​អាជ្ញាធរ​ខេត្ត ​និង​ក្រសួង​សុខាភិបាល ​ភា្លម​ៗ​បាន​បញ្ជា​ឲ្យ​បិទ​រាល់​ការ​ផលិត ​ចែក​ចាយ ​និង​ទទួល​ទាន​ស្រា​ជា​បណ្តោះអាសន្ន ​ដើម្បី​​ធ្វើ​​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​។

លោក​វេជ្ជ​បណ្ឌិត ​លី សូវណ្ណ ​​អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​។​
លោក​វេជ្ជ​បណ្ឌិត ​លី សូវណ្ណ ​​អ្នក​នាំ​ពាក្យ​ក្រសួង​សុខា​ភិបាល​។​ @Facebook
ផ្សាយពាណិជ្ជកម្ម

លោក វេជ្ជបណ្ឌិត ​លី សូ​វ៉ាន់ ​អ្នក​នាំ​ពាក្យ ​និង​ជា​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល ​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង ​RFI ​ថា ​មក​ទល់​វេលា​ថ្ងៃ​ត្រង់​ថ្ងៃ​សុក្រ​នេះ ​ក្រុម​ការងារ​ជំនាញ​ក្រសួង​សុខាភិបាល​បាន​រក​ឃើញ​ថា ​ករណី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៣​នាក់ ​និង​របួស​៤១​នាក់ ​នៅ​ក្នុង​ខេត្ត​ក្រចេះ ​កាល​ពី​ម្សិលមិញ​គឺ​បណ្តាល​មក​ពី​ពុល​ស្រា។

នេះ​គ្រាន់​តែ​ជាការ​សន្និដ្ឋាន​ជំ​ហ៊ាន​ដំបូង​ប៉ុណ្ណោះ​។ ​តាម​លោក ​វេជ្ជបណ្ឌិត ​លី សូ​វ៉ាន់ ​ការសន្និដ្ឋាន​ពី​មូលហេតុ ​និង​ការ​ព្យាបាល​គឺ ​បាញ់​ឆ្ពោះ​ទៅ​លើ​ការ​ពុល​ស្រា ​ខណៈ​រក​ឃើញថា​មាន​ជាតិ​មេ​តា​ណុល​នៅ​ក្នុង​ស្រា ​ដែល​ពួក​គេ​ទទួល​ទាន​។ ​មួយ​វិញ​ទៀត ​អ្នក​រងគ្រោះ​មាន​ស្ថានភាព ​និង​រោគ​សញ្ញា ​បង្ហាញ​មក​ចំ​ចំណុច​បច្ចេកទេស​វេជ្ជសាស្ត្រ​មួយ​ចំនួន​បន្ទាប់​ពី​ពួកគាត់​ទទួល​ទាន​ស្រា​រួច ​ដូចជា​មាន​ការ​ស្រវាំង​ភ្នែក ​ព្រិល​ភ្នែក​មើល​មិន​ឃើញ​អក្សរ ​មាន​ដង្ហើម​ថប់​ៗ​ហត់ ​មាន​អារម្មណ៍​រវើរវាយ ​អាច​សន្លប់ ​ឬ​ក៏​ស្លាប់​។

ទោះ​យ៉ាងណា ​មន្ត្រី​ជំនាញ​ក្រសួង​សុខាភិបាល​បាន​អះអាង​ថា ​ក្រុម​ការងារ​កំពុង​បន្ត​អង្កេត​បន្ថែម​ទៀត ​ព្រមទាំង​បញ្ជូន​វត្ថុ​វិភាគ​មួយ​ចំនួន ​យក​មក​ធ្វើ​ការ​វិភាគ​នៅ​ភ្នំពេញ​ទៀត​ផង​។

ដោយឡែក ​រាល់​ការ​ផលិត​ស្រា​ស ​លក់ ​និង​ចែកចាយ ​នៅ​តំបន់​ស្រុក​សំបូរ ​ខេត្ត​ក្រចេះ​នោះ ​ត្រូវ​បាន​អាជ្ញាធរ ​បិទ​ជា​បណ្តោះអាសន្ន ​ដើម្បី​ធ្វើ​ការ​ស៊ើបអង្កេត​។ ​តាម​ការ​ឲ្យ​ដឹង​ពី​អាជ្ញាធរ​ខេត្ត​ក្រចេះ ​ប្រជាពលរដ្ឋ ​នៅ​ស្រុក​សំបូរ ​បាន​នាំ​គ្នា​ផឹក​ស្រាស​កាល​ពី​រសៀល​ថ្ងៃ​ទី​១៨ ​ខែតុលា ​បន្ទាប់ពី​ពួក​គេ​បាន​ប្រមូល​ផល​ស្រូវ​រួច​។ ​ក្នុង​ចំណោម​អ្នក​ស្លាប់​៣​នាក់ ​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ ​ហើយ​អ្នក​ពុល​ចំនួន​៤១​នាក់​ផ្សេង​ទៀត ​មាន​ស្ត្រី​១០​នាក់ ​ដែល​កំពុង​នៅ​មន្ទីរ​ពេទ្យ ​ត្រូវគេ​ដឹងថា​មាន​អាយុ​ចន្លោះ​ចាប់​ពី​៤០​ឆ្នាំ​ទៅ​ដល់​៧០​ឆ្នាំ​។

ជាមួយ​គ្នា​នេះ ​ក្រសួង​សុខាភិបាល​ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ផង​ដែរ ​សូម​ឲ្យ​ទទួល​ទាន​ស្រា​ណា ​ដែល​មាន​ប្រភព​ច្បាស់លាស់ ​មាន​ការ​ទទួល​ស្គាល់​ពី​ផ្នែក​ជំនាញ​របស់​រដ្ឋ​។​សម្រាប់​ការ​ពុល​នៅ​ខេត្ត​ក្រចេះ​នេះ ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ​នៅ​ឆ្នាំ​២០១៨​នេះ​។ ​កាល​ពី​ឧសភា ឆ្នាំ​២០១៨ ​មាន​ការ​ពុល​ស្រា​ស ​និង​ពុល​ទឹក​នៅ​ឃុំ​ក​ន្ទូ​ត ស្រុក​ឆ្លូង ​បណ្ដាល​ឲ្យ ​អ្នក​ភូមិ ​១៣នាក់​ស្លាប់ ​និង​ធ្លាក់​ខ្លួន​ឈឺ​ប្រមាណ​៣០០​នាក់​។ ​ហើយ​ក្រោយ​ៗ​មក​ទៀត​ករណី​ពុល​ស្រា​នៅ​ខេត្ត​ក្រចេះ​នេះ ​បាន​កើត​ឡើង​ជា​បន្តបន្ទាប់​ឥត​ដាច់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ