rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សត្វព្រៃ បរិស្ថាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រយៈ​ពេល​៣​ថ្ងៃ ​ចាប់​ឃាត់​បាន​សត្វ​ព្រៃជាង​១​​តោន​ ​ពី​​ការ​ជួញ​ដូរ​ផ្សេង​ៗ​គ្នា

media
សត្វព្រៃគ្រប់ប្រភេទ ដែលសមត្ថកិច្ចចាប់បានកាលពីពេលថ្មីៗនេះ fb

ការ​​ជួញ​ដូរ​​សត្វ​​ព្រៃ ​​ត្រូវ​បាន​​គេ​​កត់​​សម្គាល់​​ថា ​​មាន​​ភាព​​មមា​ញឹក ​ខណៈ​​រដ្ឋាភិបាល​​កំពុង​​ជាប់​ដៃ​​រៀបចំ​​ការ​​បោះឆ្នោត​​។​ ​នៅ​​ថ្ងៃ​​អង្គារ​​ម្សិលមិញ ​​ខណ្ឌ​​រដ្ឋ​បាល​​ព្រៃ​ឈើ​​ភ្នំពេញ ​​បាន​​ឃាត់​​រថយន្ត​ក្រុង​​ដឹក​​អ្នក​ដំណើរ​​មួយ​​គ្រឿង ​​ដែល​​មាន​​ផ្ទុក​​សត្វ​ព្រៃ​​ជា​ច្រើន​​ប្រភេទ​​។ ​ដោយ​​មិន​​រាប់​​ករណី​​ជួញ​​ដូរ​​តូច ​​ធំ ​​ជា​​ច្រើន​​ទៀត ​​ចាប់​ពី​​ដើម​​ឆ្នាំ​​២០១៨​ ​សមត្ថកិច្ច​​បាន​​រក​​ឃើញ​​ការ​​រត់​ពន្ធ​​សត្វ​ព្រៃ​​ចុង​​ក្រោយ​​នេះ ​​៣​​ថ្ងៃ​​ជាប់​​ៗ​​គ្នា ​​នៅ​​ទី​តាំង​​ផ្សេង​​គ្នា​​ទំងន់​​ជាង​​​១​​​ពាន់​​​គីឡូក្រាម​​។


សត្វព្រៃ​ចំនួន​៥​ប្រភេទ​ រួមមាន​អណ្តើក ​កន្ធាយ ​ពស់ ​អ​ន្ស​ង ​និង​សត្វ​ប្រ​វឹង​ សរុប​​ទំងន់​ជាង​៤០០​​គីឡូក្រាម ​ត្រូវ​បាន​រដ្ឋបាល​ព្រៃឈើ ​រាជធានី​ភ្នំពេញ ​ឃាត់​ចាប់​បាន ​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​កាលពី​ថ្ងៃ​ទី​២៩ ​ខែ​ឧសភា​។ ​សត្វព្រៃ​ទាំង​នេះ ​ត្រូវ​បាន​គេ​ច្រក​នៅក្នុង​ថង់​សំណាញ់​ និង​រៀប​ដាក់​ក្នុង​កេស​ក្រដា​ស ​ហើយ​លួច​បង្កប់​នៅ​ក្នុង​រថយន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​។

ករណី​នេះ ​គេ​នៅ​មិនទាន់​អា​ច​រក​ជន​ល្មើស​ឃើញ​នៅឡើយ ​ដោយសារ​អ្នក​បើកបរ​រថយន្ត​បាន​រត់​គេច​ខ្លួន ​ខណៈ​សត្វព្រៃ​ដែល​ចាប់បាន ​ត្រូវ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​រាជធានី ​បញ្ជូន​ទៅ​ឲ្យ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​គ្រប់គ្រង ​និង​យក​ទៅ​លែង​នៅ​ក្នុង​ព្រៃ​ធម្មជាតិ​។ ​ករណី​នេះ​ដែរ​ គឺ​ជា​ការរត់ពន្ធ​សត្វ​ព្រៃ​ជាប់​ៗ​គ្នា ​បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​បាន​កាលពី​ថ្ងៃ​អាទិត្យ ​និង​ថ្ងៃ​ចន្ទ ​នូវ​សត្វព្រៃ​មួយ​ចំនួន ​ទំងន់​ជាង​៧០០​គីឡូក្រាម​ នៅ​ខេត្ត​បន្ទាយមានជ័យ ​និង​ខេត្ត​ក្រចេះ​។

លោក ​ប៊ូ វរ​សក្ស ​នាយក​កម្មវិធី​អភិរក្ស​របស់​អង្គការ​ជីវិត​សត្វ​ស្លាប ​បាន​សម្តែង​នូវ​ការ​គាំទ្រ​លើ​ចំណាត់ការ​របស់​សមត្ថ​កិច្ច ​ព្រមទាំង​ជម្រុញ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ជា​ប់លាប់ ដើម្បី​រក្សា​សត្វ​ព្រៃ ​ឲ្យ​នៅ​គង់វង្ស​។ ​តាម​លោក ​វរ​សក្ស ​ការ​អនុវត្ត​ច្បាប់​និង​ការ​អប់រំ ​ផ្សព្វផ្សាយ ត្រូវ​ធ្វើ​ឡើង​ដំណាលគ្នា ​ហើយ​មានការ​ចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ​រួមទាំង​អ្នក​បរិភោគ​ផងដែរ ​ខណៈ​ពលរដ្ឋ​ខ្មែរ​មាន​ទំលាប់​បរិភោគ​សត្វព្រៃ​ជា​យូរ​មក​ហើយ​។

កាល​ពី​ថ្ងៃ​ទី​១៨ ​ខែ​ឧសភា ​កន្លង​ទៅ ​នៅ​ក្នុង​ពិធី​ដាំ​ដើម​ឈើ ឯ​ឧទ្យាន​រាជ​បណ្ឌិតសភា​កម្ពុជា ​តេ​ជោ​សែន​ ឫស្សី​ត្រឹប ​ក្នុង​ខេត្ត​ព្រះវិហារ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​អំពាវនាវ ​ឲ្យ​ប្រជាពលរដ្ឋ​រួមគ្នា​អភិរក្ស​ព្រៃឈើ​និង​សត្វ​ព្រៃ ​ដោយ​ត្រូវ​ធ្វើ​សកម្មភាព​ជាក់​ស្តែង ​មិន​មែន​ធ្វើ​តែ​នៅ​លើ​ក្រដាស​នោះទេ​។ ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​បន្ទាប់​ពី​ប្តី​ប្រពន្ធ​វ័យ​ក្មេង​មួយ​គូ​ ថត​ជា​មួយ​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ ​ត្រូវ​គេ​សម្លាប់​ហើយ ​បង្ហោះ​តាម​បណ្តាញ​សង្គម​យូ​ធូប ​ដែល​ពួកគេ​អះអាង​ថា ​អា​ច​រក​ទិញ​បាន​តាម​ទីសាធារណៈ​បាន​យ៉ាង​ងាយ​។

យោង​តាម​របាយការណ៍​ក្រសួង​​កសិកម្ម​កាល​ពី​ពេល​ថ្មី​ៗ​នេះ ​រដ្ឋបាល​ព្រៃ​ឈើ ​សហការ​ជាមួយ​គណៈកម្មការ​ជាតិ​និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ ​បាន​ទប់ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ សត្វ​ព្រៃ ​និង​ការ​កាប់​រាន​ដី​ព្រៃ​​សរុប​​ជាង​​​១៤០០​​​ករណី​​ ​កាល​ពី​ឆ្នាំ​​​២០១៧​៕