អានតួអត្ថបទ

របាយការណ៍បង្ហាញ​ថា របរ​ពេស្យាចារ រីក​ចម្រើន​ខ្លាំង​តាម​បណ្តាញ​អ៊ីនធើនែត

អង្គការក្រៅរដ្ឋាភិបាលបារាំងមួយ​ ដែលធ្វើការទាក់ទិនសកម្មភាពពេស្យាចារ ការជួញដូរផ្លូវភេទ បានចេញរបាយការណ៍មួយ ដែលបង្ហាញថា មុខរបរពេស្យាចារ កំពុងតែរីកចម្រើនយ៉ាងខ្លាំង តាមរយៈបណ្តាញ​អ៊ីនធើនែត បណ្តាញសង្គម និងកម្មវិធីឆ្លើយឆ្លងគ្នា លើទូរសព័្ទ។ របាយការណ៍នេះ បានទាញសញ្ញាអាសន្ន ឲ្យអាជ្ញាធរគ្រប់ប្រទេស​ទាំងអស់ ត្រូវរកវិធីទប់ស្កាត់ ការប្រើ​ប្រាស់បណ្តាញអ៊ីនធើនែត ធ្វើ​ជាទីផ្សារ ទាក់ទាញជនរងគ្រោះជាស្ត្រី និងអតិថិជនដែលស្វែងរកសេវាផ្លូវភេទ។

រូបភាព គំរបរបាយការណ៍កម្រាស់៥០០ទំព័រ ស្តីពី​​ស្ថានភាព​​មុខ​របរ​ពេស្យាចារ​ នៅ​ទូទាំង​ពិភពល​លោក ថតពី​​គេហទំព័រ នៃ​មូលនិធី ​Scelles
រូបភាព គំរបរបាយការណ៍កម្រាស់៥០០ទំព័រ ស្តីពី​​ស្ថានភាព​​មុខ​របរ​ពេស្យាចារ​ នៅ​ទូទាំង​ពិភពល​លោក ថតពី​​គេហទំព័រ នៃ​មូលនិធី ​Scelles RFI
ផ្សាយពាណិជ្ជកម្ម

កម្មវិធីឆ្លើយឆ្លងលើទូរសព័្ទ បណ្តាញសង្គម កម្មវិធីផ្ញើសារ ចែកចាយរូបថត ទាំងអស់នេះ កំពុងតែក្លាយទៅជាមធ្យោបាយ​ ក្នុងការ​ធ្វើសកម្មភាព​រកស៊ីផ្លូវភេទ ពេស្យាចារ យ៉ាព្រោងព្រាត នឹងដោយសុវត្ថិភាពបំផុត។ របាយការណ៍របស់ មូលនិធិ Scelles (Fondation Scelles) - Système Prostitutionnel : Nouveaux défis, nouvelles réponses ដែលស្រាវជ្រាវទៅលើប្រទេសចំនួន​៣៥ បានលើកឡើងថា អំពើពេស្យាចារ និងការជួញដូរផ្លូវភេទ កំពុងតែក្លាយជាឧស្សាហកម្មយ៉ាងសំបូរបែប និងរីកចម្រើន នៅលើបណ្តាញ អ៊ីនធើនែត។

យោងតាមរបាយការណ៍ កម្រាស់៥០០ទំព័រនេះ អំពើពេស្យាចារដោយប្រើប្រាស់បណ្តាញអ៊ីនធើនែត​ មានស្មើនឹង​២ភាគ៣ នៃសកម្មភាពពេស្យាចារជារួម។ លោក Yves Charpenel ចៅក្រមបារាំង និងជាប្រធានមូលនិធិScelles បានលើកឡើងថា ការរកស៊ីផ្លូវភេទតាមអ៊ីនធើនែត បានត្របាក់យកទីផ្សារនៃរបរពេស្យាចារនៅតាមផ្លូវ។ លោកបន្ថែមថា បណ្តាញអ៊ីនធើនែត បានបង្កភាពងាយស្រួល រហ័ស ស្ងាត់អាថិកំបាំង ហើយអាចពង្រីកវិសាលភាព​នៃសកម្មភាពជួញដូរផ្លូវភេទ បានយ៉ាងងាយ។ មិនត្រឹមតែប៉ុណ្ណោះ មេខ្យល់ ឬអ្នកម៉ៅការ អាចប្រើប្រាស់បណ្តាញអ៊ីនធើនែត ដើម្បីទាក់ទាញស្ត្រីរងគ្រោះ ឲ្យធ្លាក់អន្ទាក់ ក្លាយជាស្រី្តរកស៊ីផ្លូវភេទ និងអាចលាងសំអាតប្រាក់ចំណូល​ ដែលបានមកពីសកម្មភាពខុសច្បាប់នេះ។

Facebook WhatsApp Instagram Snapchat ទាំងអស់នេះ សុទ្ធតែជាប្រព័ន្ធកម្មវិធីទូរស័ព្ទ ដែលក្រុមឈ្មួញ ប្រើប្រាស់ ដើម្បីធ្វើសកម្មភាព រើសមនុស្ស និងទាក់ទាញអតិថិជន ដែលស្វែងរកសេវាកម្មផ្លូវភេទ។ នៅអ៊ីស្រាអែល កម្មវិធី Tinder បានក្លាយជាកម្មវិធីទូរស័ព្ទ ដ៏ពេញនិយមជាងគេ ដើម្បីស្វែងរកសេវាកម្មផ្លូវភេទ។

របាយការណ៍ បានរំលឹកខ្លះៗ ពីករណីបង្រ្កាបបណ្តាញជួញដូរផ្លូវភេទ តាមអ៊ីនធើនែត ដូចជា ករណីបង្រ្កាប​បណ្តាញដ៏ធំនៅអេស្ប៉ាញ នៅឆ្នាំ២០១៧ ដែលឈ្មួញទុច្ចរិត រកស៊ីនៅលើប្រព័ន្ធ WhatsApp។ មេខ្យល់ជាស្ត្រីជនជាតិរុស្ស៊ីម្នាក់ ត្រូវបានចាប់ឃាត់ខ្លួន ដែលតាមការសង្ស័យ គឺជាស្ត្រីរូបនេះ បានទាក់ទាញ​ស្ត្រីរងគ្រោះជាច្រើននាក់ នៅតំបន់ដើមបូព៌ា ឲ្យធ្វើជាស្ត្រីបំរើផ្លូវភេទេ។

នៅឆ្នាំ២០១៧ដែរ អាជ្ញាធរថៃ​ បានបង្រ្កាបបណ្តាញជួញដូរផ្លូវភេទមួយដ៏ធំ ដែលប្រើប្រាស់ប្រព័ន្ធFacebook ជាមធ្យោបាយរកស៊ី។ ក្នុងនោះមានមេជួញដូរមនុស្ស ចំនួន​៩នាក់។ នៅបារាំង កាលពីខែកក្កដា​ឆ្នាំ២០១៨ មនុស្សចំនួន​១២នាក់ ត្រូវបានតុលាការផ្តន្ទាទោស ពីបទធ្វើសកម្មភាពពេស្យាចារ និងជួញដូរផ្លូវភេទលើស្ត្រីវ័យក្មេង ដោយប្រើប្រាស់ បណ្តាញ Instagram និងSnapchat៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ