អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​១​សតវត្សក្រោយ​ ការ​រំលឹក​ដើមចម​នៃការ​ផ្ទុះ​សង្គ្រាមលោក នៅ​តែ​ចម្រូង​ចម្រាស​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​គឺ​ជា​ខួប​មួយ​សតវត្ស​គត់ ថ្ងៃ​ដែល​អ្នក​ជាតិនិយម​ស៊ែរប៊ី Gavrilo Princip បានលប​​ធ្វើ​ឃាត​ ​ ឃាត​ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់ ​ទាយាទ​របស់​ចក្រភព​អូទ្រីស​ហុងគ្រី នៅ​ទីក្រុង​សារ៉ាយេវ៉ូ នៅ​ថ្ងៃ​ទី ២៨​មិថុនា ១៩១៤។ ឃាតកម្ម​នោះ បាន​អូសទាញ​អឺរ៉ុប​ទាំង​មូល​ធ្លាក់​ក្នុង​ភ្លើង​សង្គ្រាម​។ ក្នុង​ក្របខ័ណ្ឌ​ បេសកកម្ម​១០០​ឆ្នាំ​ អឺរ៉ុប​ទាំង​មូល​កំពុង​ផ្តោត​ចក្ខុ​ទៅ​រដ្ឋធានី​បូស្នី​ ជា​មួយ​នឹង​ការ​រៀប​ចំ​កម្មវិធី​វប្បធម៌​​ជា​ច្រើន​ ប្រកប​ដោយ​អត្ថន័យ​ប្រវត្តិសាស្ត្រ​ និង​និមិត្តរូប ! ប៉ុន្តែ​ជា​ការ​រំលឹក​ខួប​ដែល​ស៊ែរប៊ី​​បាន​សម្រេច​ធ្វើ​ពិហិការ​មិន​ចូលរួម ព្រោះ​ស៊ែរប៊ី និង​បូស្នី មាន​ទស្សនៈ​វិស័យ​ខុស​គ្នា​ទាក់ទង​នឹង​សំណុំរឿង​ប្រវត្តិសាស្រ្ត​មួយ​នេះ។

រូប​គំនូរ​ក្នុង​ទំព័រ​កាសែត  Petit Journal បង្ហាញ​ទិដ្ឋភាព​Gavrilo Princip ធ្វើ​ឃាត​ទាយាទ François-Ferdinand.
រូប​គំនូរ​ក្នុង​ទំព័រ​កាសែត Petit Journal បង្ហាញ​ទិដ្ឋភាព​Gavrilo Princip ធ្វើ​ឃាត​ទាយាទ François-Ferdinand. DR
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩១៤ អ្នក​ជាតិ​និយម​ស៊ែរប៊ី ឈ្មោះ Gavrilo Princip  បាន​លប​ធ្វើ​ឃាត​ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់ ជា​ទាយាទ​របស់​ចក្រភព​អូទ្រីស​ហុងគ្រី នៅ​ទីក្រុង​សារ៉ាយេវ៉ូ។ ហេតុការណ៍នោះ​ បាន​បង្ក​ផល​វិបាក​យ៉ាង​ធ្ងន់ធ្ងរ​រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ ពោល​គឺ​ ជា​បាន​អូសទាញ និង​​ដុតបញ្ឆេះ​សង្រ្គាម ពេញ​ផ្ទៃ​អឺរ៉ុប​ទាំង​មូល។ សារ៉ាយេវ៉ូ គឺ​ជា​ទីក្រុង​របស់​បូស្នី ដែលចក្រភព​អូទ្រីសហុងគ្រី​កាត់​យក​ពី​ចក្រភព​អូតូម៉ង់​មក​ដាក់ជា​ខេត្ត​របស់ ​ខ្លួន ក្រោម​ក្រសែភ្នែក​ក្តៅក្រហាយ​របស់​ស៊ែរប៊ី។

២៨ មិថុនា ១៩១៤ ថ្ងៃ​ចាប់​ផ្តើម​​សង្គ្រាម​នៅ​បាល់កង់ ?

ដូច្នេះ​​ឃាតកម្ម​សម្លាប់​​ព្រះអង្គម្ចាស់​ហ្វ៊ែរឌីណង់​ពី​សំណាក់​​ក្រុម​​អ្នក​ជាតិ​និយម​ស៊ែរប៊ី ​ត្រូវ​បាន​អូទ្រីសហុងគ្រី ក៏ដូចជា​បណ្តា​ប្រទេស​ជាច្រើន​ផ្សេងទៀត នៅពេលនោះ នាំគ្នា​ទម្លាក់​ការទទួលខុសត្រូវ​ទៅលើ​ប្រទេស​ស៊ែរប៊ី។ អូទ្រីសហុងគ្រី​ ដែល​កំពុងតែ​មាន​ជម្លោះ​ជាមួយ​ស៊ែរប៊ីស្រាប់ ក៏​ចង់​ឆ្លៀតយក​ហេតុការណ៍​នេះ​មក​ធ្វើ​ជា​លេស ដើម្បី​កម្ចាត់​ស៊ែរប៊ី ជា​​គូប្រជែង និង​ឈានទៅ​លុបបំបាត់​ជា​ស្ថាពរ នូវ​​បញ្ហា​ជាតិនិយម​នៅ​បូស្នី។

 ►សូម​អាន ៖ ការចាប់ផ្ទុះឡើង​នៃ​សង្រ្គាមលោក​លើកទី១ ​ឆ្នាំ​១៩១៤

ស៊ែរប៊ី​មាន​រុស្ស៊ី​គាំទ្រ​ពី​ក្រោយ ចក្រភព​អូទ្រីស​ហុងគ្រី មាន​ការ​គាំទ្រ​ពី​អាល្លឺម៉ង់  ប្រមូល​កេណ្ឌ​ទ័ព​រៀងៗ​ខ្លួន អាល្លឺមង់​វាយ​លុកឈ្លានពាន​ បារាំង ​ប៊ែលហ្សិក ​ អង់គ្លេស​ជា​មិត្ត​ចូល​ជួយ ហើយ​ធ្លាយ​​ដល់​ជប៉ុន​ដែល​បាន​ចង​សម្ព័ន្ធភាព​ជាមួយ​​​អង់គ្លេស ​ក៏​ប្រកាស​សង្គ្រាម​ជាមួយ​អូទ្រីស​ហុងគ្រី​ដែរ…

ដោយ​ហេតុ​តែ​ល្បែង​សម្ព័ន្ធ​ភាពយោធា​​ប្រទាក់​ក្រឡា ដែលធ្លាប់​​មាន​លេង​ស្រាប់​តាំង​ពី​សតវត្ស​ទី ១៩​មក…​​ នៅទី​បំផុត សំឡេង​កាំភ្លើង​ខ្លី​​ថ្ងៃ​ទី ២៨​មិថុនា ១៩១៤ បាន​បាញ់​បញ្ឆេះ​ភ្លើង​​ឱ្យ​ក្លាយ​ជា​សង្គ្រាម​​ដ៏​​សន្ធោសន្ធៅ​ឡើង  ស្លាប់​មនុស្ស​ដ៏​ច្រើន​បំផុត ការ​ខូច​ខាត​ក៏​គ្មាន​ប្រៀប​ ! ជា​សង្គ្រាម​លោកលើក​ទី​១ អូស​បន្លាយ​ពី​ឆ្នាំ​១៩១៤ ដល់​ឆ្នាំ​១៩១៨។

ពិធី​រំលឹក​ខួប​ដ៏​ចម្រូង​ចម្រាស
 
រាល់​ការ​ប្រារព្ធ​ពិធី​ ​​ជាព្រឹត្តិការណ៍​​ប្រវត្តិសាស្ត្រ គេ​តែង​តែ​រៀប​ចំ​ឡើង​ជា​ក្នុង​ទ្រង់ទ្រាយ​ធំៗ​ដុំ​ នៅ​រៀង​រាល់១០​ឆ្នាំ ២០​ឆ្នាំ​ ៥០ឆ្នាំ ឬ​១០០​ឆ្នាំ​ ។ល។ និង​។ល។ យ៉ាង​ណា​មិញ ខួប​១០០​ឆ្នាំ​នៃ​ការ​ផ្ទុះ សង្គ្រាម​លោក​លើក​ទី​មួយនេះ គួរ​តែ​មាន​ការ​ប្រមូល​ផ្តុំ​ ឬ​ជួបជុំ​ប្រមុខ​ដឹកនាំ​រដ្ឋ រដ្ឋាភិបាល​របស់​បណ្តា​ប្រទេស​នៅ​អឺរ៉ុប ប៉ុន្តែគំនិត​ផ្តួច​ផ្តើម​របស់​អតីត​ប្រធានាធិបតី នីកូឡា សាកូហ្ស៊ី ត្រូវ​បាន​លុប​ចោល ដោយ​ប្រធានាធិបតី​បច្ចុប្បន្ន​កាលពី​ឆ្នាំ​២០១៣ ដោយ​នៅ​ទី​បំផុត​ មាន​ត្រឹម​តែ​ការ​រៀប​ចំ​កម្មវិធី ​វប្បធម៌​ ព្រោះ​គ្មាន​Consensus លើ​ទម្រង់​នៃ​ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​ផង និង​ដើម្បី​បញ្ចៀស​កុំ​ឱ្យមាន​ភាព​តឹង​តឹង រវាង​ ​ស៊ែរប៊ី និង​បូស្នី ​រស់​ឡើង​វិញបាន។​

 ភេរវជន ឬ វីរបុរស ?

កម្មវិធី​វប្បធម៌ រយៈ​ពេល​១០​ថ្ងៃ ត្រូវ​បាន​រៀប​ចំ​ឡើង ក្រុង​សារ៉ាយេវ៉ូ ទីក្រុង​របស់​បូស្នី ត្រង់​ទី​តាំង​សំខាន់ៗ​ជា​ប្រវត្តិសាស្ត្រ គឺ​នៅ មុខ​អាគារ​ដ៏​ស្កឹម​ស្កៃ​កណ្តាល​ក្រុង​ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ពេល​ចក្រភព​អូទ្រីស​ហុងគ្រី​ចូល​គ្រប់គ្រង​បូស្នី តែ​ត្រូវ​វាយ​បំផ្លាញ​ដោយ​ដោយ​ទាហាន​ស៊ែរប៊ី និង​មួយ​កន្លែង​ទៀត នៅ​លើ​ស្ពាន ឡាតាំង ចំណុចដែល​អ្នក​ជាតិ​និយម​ស៊ែរប៊ី​ ធ្វើ​ឃាត​ព្រះអង្គម្ចាស់​​ហ្វ៊ែរឌីណង់ ទាយាន​របស់​ចក្រ​ភព​អូទ្រីសហុងគ្រី​បាន​ កាលពី​មួយ​សតវត្ស​មុន។ មួយ​សតវត្ស​កន្លង​ ការ​បែង​ចែង​នៅ​តែមាន សម្រាប់បូស្នី អ្នកជាតិ​និយម​ស៊ែរប៊ី ជា​ភេរវនិយម​ តែ​សម្រាប់​ស៊ែរប៊ី ហ្កាវ្រីលូ ប្រាំងស៊ីប ជា​រីវបុរស។ តាំង​ពី ម្សិលមិញ​មក អាជ្ញាធរ​ស៊ែរប៊ី បាន​សម្ពោធ​រូប​ចម្លាក់​ ហ្កាវ្រីលូ ប្រាំងស៊ីប កម្ពស់​ពីរ​ម៉ែត្រ​ ដាក់​តាំង​បញ្ឈរ​នៅ ភាគ​ខាង​កើត​ក្រុង​ និង​បាន​ប្រកាស​បន្ត​កម្មវិធី​រំលឹក​ខួប​១០០​ឆ្នាំ​ដែរ តែ​ក្នុង​អត្ថន័យ​ដាច់​ដោយ​ឡែក​ពី​ខាង​អឺរ៉ុប និង​ពី​ខាង​បូស្នី។

តាមការពិត នៅ​រវាង​ពី​ឆ្នាំ​១៩១៨ ដល់​ឆ្នាំ ១៩៩២ យុវជន​ ហ្កាវ្រីលូ ប្រាំងស៊ីប ជា​អ្នក​បដិវត្តន៍​ម្នាក់​សំខាន់​ម្នាក់ តំណាង​ឱ្យ​ការ​តស៊ូ​ ដើម្បី​សេរីភាព និង​ការ​បង្រួប​បង្រួម​សាមគ្គី​​ពូជ​ស្លាវ​របស់​អតីរ​យូហ្គោស្លាវី។ ប៉ុន្តែ​តាំង​ពីសហព័ន្ធ​​យូហ្គោស្លាវី​ (ស្លូវានី ក្រូអាស៊ី បូស្នី​ ម៉ុងតេណេក្រូ ស៊ែរប៊ី រួម​ទាំង​កូសូវូ​) បែក​ខ្ញែក​ទៅ​ជា​ប្រទេស​ឯករាជ្យ ខ្មាញ់​កាំភ្លើង​សម្លាប់​ទាយាទ​​អូទ្រីសហុងគ្រី ក៏​ប្រែប្រួល​និង​ទទួល​ការ​បកស្រាយ​ចម្រូង​ចម្រាស​គ្នា រវាង « ភេរវជន » និង​ « វីរបុរស »៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ