rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្បួនយាត្រាពួកប្រឆាំង នៅម៉ូស្គូ តវ៉ាទល់នឹង “ការបង្ក្រាបនយោបាយ” ពីខាងអាជ្ញាធរ

media
ការ​ជួប​ប្រជុំ​គ្នា​នៅ​កណ្តាល​រដ្ឋធានី​រុស្ស៊ី REUTERS/Tatyana Makeyeva

ថ្ងៃសៅរ៍ ៣១ សីហា មានបាតុកររាប់រយនាក់ បានយាត្រតាមមហាវិថីកណ្តាលក្រុងម៉ូស្គូ តវ៉ា ទល់នឹង ការបង្ក្រាបនយោបាយ។ ក្បួនយាត្រានេះ ជាទង្វើចុងក្រោយនៃ នៃចលនាតវ៉ាដ៏សំខាន់ ដែលបាន អង្រួនរដ្ឋធានីរុស្ស៊ី ខណៈដែលនៅសល់តែមួយសប្តាហ៍ ដល់ការបោះឆ្នោតជ្រើសរើស សភាខេត្តក្រុងម៉ូស្គូ​។


បាតុកម្ម បានប្រព្រឹត្តទៅ សឹងរាល់តែថ្ងៃសៅរ៍ នៅក្រុងម៉ូស្គូ គិតតាំងពីកណ្តាលខែកក្កដាមក ដើម្បីតវ៉ាទល់នឹង អាជ្ញាធរដែលមិនព្រមចុះឈ្មោះពួកបេក្ខជនប្រឆាំង ក្នុងបញ្ជីអ្នកទទួល​សិទ្ធិចូលប្រឡូក ក្នុង ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រ ៤៥នាក់ នៃសភាខេត្តក្រុងម៉ូស្គូ នៅថ្ងៃ៨ កញ្ញា ខាងមុខ។ បាតុកម្មទាំងនោះ សុទ្ធតែគ្មានសេចក្តីអនុញ្ញាត ហើយភាគច្រើន បានត្រូវប៉ូលីសបង្ក្រាបយ៉ាងចាស់ដៃ។

ក្បួនយាត្រាថ្ងៃសោរ៍ទី​៣១សីហា ​ បានប្រព្រឹត្តទៅ នៅតាមមហាវិថីសង្កាត់កណ្តាលក្រុងម៉ូស្គូ វាចាត់ចែងឡើង ទៅតាម ការអំពាវនាវរបស់មេប្រឆាំងទល់នឹងវិមានក្រេមឡាំង លោក Alexei Navalny ដែលពេលថ្មីៗ បានត្រូវដោះលែងចេញ​ពីការឃុំឃាំងក្នុងពន្ធនាគារ ហើយដែលលើក នេះ មិនបានចូលរួមទេ។ ក្រុមបាតុករ នាំគ្នា បន្លឺឡើងនូវការទាមទារឲ្យដោះលែង “ ពួកអ្នកទោសនយោបាយ “ ដែលត្រូវចាប់ខ្លួន ក្នុងសកម្មភាពតវ៉ាលើកមុនៗ និងនាំគ្នាស្រែកដោយចង្វាក់ស្រុះគ្នាថា “ ម៉ូស្គូ ជា ក្រុងរបស់យើង”។

ប៉ូលីស បានប្រកូកតាមប្រដាប់បំពងសំឡេង ឲ្យពួកបាតុករបែកគ្នាទៅ ដើម្បីកុំឲ្យខូច សណ្តាប់ធ្នាប់សង្គម ដ្បិតថា «ការរួមប្រជុំនោះ ខុសច្បាប់ទេតើ» ដោយវាគ្មាន​សេចក្តីអនុញ្ញាតរបស់សាលាក្រុង។ ប៉ុន្តែ ប៉ូលីស មិនបានអន្តរាគម​ឃាត់ខ្លួននរណាម្នាក់ឡើយ។ តាមការប្រមាណរបស់ នគរបាលម៉ូស្គូ ក្នុងក្បួនយាត្រា មានមនុស្ស ចូលរួម ៧៥០ នាក់។

-“ ខ្ញុំចង់ឲ្យអាជ្ញាធរគោរព សិទ្ធិអ្នកក្រុងម៉ូស្គូ “- សេចក្តីនេះ បន្លឺឡើងយ៉ាងខ្លាំងៗ ដោយ លោកស្រី Lioubov Sobol ជាយុទ្ធមិត្ត របស់លោក Alexei Navalny។ ស្ត្រីមេធាវីនេះ ក្នុងវ័យ ៣១ ឆ្នាំ នាថ្ងៃព្រហស្បតិ៍ បានត្រូវគេសាចភក់ ទៅលើរូបគាត់ នៅក្បែរផ្ទះគាត់តែម្តង។

ក្នុងក្បួនយាត្រានេះ ស្រាប់តែមាន យុវស្ត្រីមួយក្រុម បានលាតត្រដាងផ្ទាំងបដាពណ៌ផ្កាឈូក ប្រឆាំងនឹង អំពើហិង្សាក្នុងគ្រួសារ។

ចលនាតវ៉ាខ្លាំងបំផុត បានប្រព្រឹត្តទៅ គឺ ក្នុងឆ្នាំ ២០១២ ប្រឆាំងនឹងការវិលត្រឡប់នៃ លោក វ៉្លាឌីមៀរ ពូទីន ចូលវិមានក្រេមឡាំងវិញ។ តាំងពីពេលនោះមក មានការចាប់ឃុំឃាំង ចំនួនជិត ២.៧០០ ករណី និង ការបើកអង្គសវនាការច្រើនឥតគណនា ជំនុំជម្រះតាមបទ” បង្កឲ្យមានភាពច្របូកច្របល់រង្គាល” និង តាមបទ “ ប្រព្រឹត្ត អំពើហិងក្សា ទៅលើកម្លាំងរក្សាសណ្តាប់ធ្នាប់”។

បេក្ខជនប្រឆាំង ៥៧ នាក់ ដែលត្រូវ គ.ជ.ប.ម៉ូស្គូ ប្រកែកមិនចុះឈ្មោះ ក្នុងបញ្ជីប្រកួត គឺ គ្មានភ័ព្វសំណាង ជាប់ជាតំណាងរស្ត្រ នៃសភាខេត្តក្រុងម៉ូស្គូ សម្រាប់ត្រូតពិនិត្យឡើយ លើថវិការដ្ឋធានី ដែលមានទឹកប្រាក់ ច្រើនសម្បើម។ បច្ចុប្បន្ន សភានេះ ផ្សំឡើងគឺពី តំណាងរាស្ត្រដែលស្មោះត្រង់នឹង លោក អភិបាលក្រុងម៉ូស្គូ Serguei Sobianine - មនុស្សជំនិតនឹង វិមានក្រមឡាំង៕