អានតួអត្ថបទ
អ៊ុយក្រែន-រុស្ស៊ី

ម៉ូស្គូ​ចោទ​ក្រុងគៀវ​ថា​ប្រព្រឹត្ត​អំពើ​ប្រល័យពូជសាសន៍ ប្រឆាំង​នឹង​ជាតិ​រុស្ស៊ី

ដោយ ចោទ​ប្រកាន់​នេះ ស្ថាប័ន​ស៊ើប​អង្កេត​រុស្ស៊ី ចងក្រង​សំណុំរឿង​ព្រហ្មទណ្ឌ ទល់​នឹង​ថ្នាក់ដឹកនាំ​យោធា និង​នយោបាយ​អ៊ុយក្រែន តាម​បទ​ប្រល័យ​ពូជសាសន៍​តែម្តង ចំពោះ ការសម្លាប់​រង្គាល និង​ដោយ​ចេតនា បណ្តាជន​មាន​ដើមកំណើត​ជា​ជាតិ​រុស្ស៊ី រស់នៅ​តំបន់ ខាងកើត​អ៊ុយក្រែន។ ប្រតិកម្ម​ភ្លាមភ្លែត ពី​ខាង​ក្រុងគៀវ គឺ​ថា រុស្ស៊ី លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង អ៊ុយក្រែន ហើយ​គាំទ្រ​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី​អ៊ុយក្រែន។

ប្រជាជន​ពិនិត្យ​មើល​រោងចក្រ​ដែល​ផ្ទុះ​ឆេះ​នៅ​Donetsk ដោយ​ការវាយប្រហារ
ប្រជាជន​ពិនិត្យ​មើល​រោងចក្រ​ដែល​ផ្ទុះ​ឆេះ​នៅ​Donetsk ដោយ​ការវាយប្រហារ REUTERS/Marko Djurica
ផ្សាយពាណិជ្ជកម្ម

ស្ថាប័ន​ស៊ើបអង្កេត​រុស្ស៊ី ល្ងាច​ថ្ងៃ​២៩កញ្ញា បាន​ធ្វើការ​ចោទប្រកាន់ ជា​ផ្លូវការ​ទៅលើ​កងទ័ព​អ៊ុយក្រែន ដែល​ចេះ​តែ​ប្រើ ហើយ​ប្រើទៀត សព្វាវុធ​ធុន​ធ្ងន់ បៃបយ៉ាង ប្រព័ន្ធ​រ៉ុកកែត​ធុន BM-21 បាញ់​ស្រោច ស្រេចតែចិត្ត ទៅ​លើ​សង្កាត់​លំនៅ​អ្នកស្រុក​តែម្តង បណ្តាល​ឲ្យ​គេ ស្លាប់​រង្គាល ដោយ​គ្មាន​ទោសពៃរ៍​អ្វី​សោះ។

 
គិតតាំង​ពី​ថ្ងៃ ១២ មេសា មក ពេល​ដែល​កងទ័ព​អ៊ុយក្រែន​វាត​ប្រតិបត្តិការ ហៅថា ”ប្រឆាំង ភេរវនិយម” នៅប៉ែក​ខាងកើត​អ៊ុយក្រែន គឺ​ជាង ៥ខែកន្លះ​កន្លងទៅ មាន​បណ្តាជន​ស៊ីវិល ឈាមជ័រ​រុស្ស៊ី រស់​នៅ​ទីនោះ ធ្លាក់​ខ្លួន​ស្លាប់​អស់​ជាង២.៥០០នាក់ ទៅហើយ ផ្ទះ​សំបែងគេ ជាង ៥០០​ខ្នងត្រូវ​បាន​កំទេច ហើយ​អ្នកស្រុក​នៅទីនោះ ចំនួន​ដល់​ទៅ​ជាង​៣សែន​នាក់ បាន​បង្ខំ​ចិត្ត សង្គ្រោះ​ជីវិត ដោយ​បោះបង់​ចោល​លំនៅខ្លួន មក​សុំ​ជម្រក ជ្រកកោន នៅ​លើ​ដែនដី​រុស្ស៊ី។

ស្ថាប័ន​ស៊ើបអង្កេត​រុស្ស៊ី​សន្និដ្ឋាន​ថា ទង្វើ​ពួក​យោធា​អ៊ុយក្រែន ដែល​បំពេញ​ទៅតាម​បញ្ជា ដ៏​សែន​ឧក្រិដ្ឋ របស់​ថ្នាក់ដឹកនាំ​នយោបាយ​ក្រុងគៀវ គឺ​ពិតជា សំដៅ​ធ្វើ​ឲ្យ​ផុតពូជ​រុស្ស៊ី នៅលើ ដែនដី​អ៊ុយក្រែន។ អំពើ​នេះ គឺ​រំលោភ​យ៉ាង​កម្រោល​លើ អនុសញ្ញា ឆ្នាំ១៩៤៨ ស្តី​អំពី​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍ និង ការផ្តន្ទាទោស ចំពោះ​ឧក្រិដ្ឋកម្មនេះ។

រំលង​តែប៉ុន្មាន​ម៉ោងសោះ មហាអយ្យការ​អ៊ុយក្រែន បាន​ផ្តើម​កសាង​សំណុំរឿង​ព្រហ្មទណ្ឌ ទល់នឹង​អ្នកមុខ អ្នកការ​មួយចំនួន នៃ​ស្ថាប័ន​ស៊ើបអង្កេត​រុស្ស៊ី តាម​បទចោទប្រកាន់​ដូចតទៅ ៖ បទ​ជួយ​ចូក ចែវ​គាំទ្រ អង្គការ​ភេរវនិយម , បទ​ជ្រៀតជ្រែក​ចូលក្នុង សកម្មភាព​នៃ​អង្គការ​រដ្ឋ ខាង​ការពារ​សណ្តាប់ធ្នាប់ នៅអ៊ុយក្រែន , បទ​លូកដៃ​កកូរ ក្នុង​ក្រមព្រហ្មទណ្ឌ​អ៊ុយក្រែន។

មហាអយ្យការ​អ៊ុយក្រែន​ចាត់ទុក​សកម្មភាព នៃ​ស្ថាប័ន​ស៊ើបអង្កេត​រុស្ស៊ី ជា​ការគាំទ្រ​ត្រង់ៗ​ដល់ ពួកឧទ្ទាម​ផ្តាច់ទឹកដី​អ៊ុយក្រែន ដែល​មានន័យ​ជា​ការរំលោភ លើ​បូរណភាព​ដែនដី​រដ្ឋអ៊ុយក្រែន។

ជា​ការកត់សម្គាល់ កាល​ពីដើម​ខែ កញ្ញានេះ អង្គការ​អន្តរជាតិ​ក្រៅ​រដ្ឋាភិបាល Amnesty International បាន​ចោទ​ភាគី​ទាំង​សងខាង ដែល​ជាប់​ក្នុង​ជម្លោះ នៅអ៊ុយក្រែន ថា សុទ្ធតែបាន ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​យោធា ដូចគ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ