អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រុស្ស៊ី​បង្កើនដោយស្ងាត់ៗ សហប្រតិបត្តិការ ជាមួយ ​កៀហ្ស៊ីស៊ីស្ថាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

គឺក្នុងផ្ទៃ នៃ​ព្រឹត្តិការណ៍​ពុះខ្ជោល​នៅ​អ៊ុយក្រែន ដែល​ធ្វើ​ឲ្យ​គេ​នាំ​គ្នា​ចាប់​អារម្មណ៍ រុស្ស៊ី​ឆ្លៀត​បង្កើន​សហប្រតិបត្តិការ ដែល​គេ​មិន​សូវ​ចាប់​ភ្លឹក​ទេ ជាមួយ​នឹង​រដ្ឋ​ថ្មី​មួយ​ផ្សេង​ក្នុង​លំហ អតីត​សហភាព​សូវៀត ពោលគឺ​ប្រទេស កៀហ្ស៊ីស៊ីស្ថាន នៅ​តំបន់​អាស៊ី​កណ្តាល ជាទី​ដែល​រុស្ស៊ី​មាន​មូលដ្ឋាន​យោធា​ផ្តាច់​មុខ​តែ​ឯង ក្រោយ​ពី​ស.រ.អា. បាន​ដក​ខ្លួន​ចេញ​ពី​មូលដ្ឋាន​ទ័ពអាកាស នៅ​ទីនោះ កាលពី​២​ខែ​កន្លះ​មុន។

ផែនទី​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន
ផែនទី​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន ©wikipedia
ផ្សាយពាណិជ្ជកម្ម

ជាការសម្គាល់ កៀហ្ស៊ីស៊ីស្ថាន ស្ថិត​ក្នុង​ចំណោម​អតីត​សាធារណរដ្ឋ​សូវៀត ដែល​ធ្លាប់​បោក​កញ្ជោ្រក​ដោយ​អ្វី​ដែល​ហៅ​ថា “បដិវត្តន៍​មាន​ព័ណ”។ មុនដំបូង ឆ្នាំ២០០៣ នៅ​ហ្ស័កហ្ស៊ី រដ្ឋ​ក្នុង​តំបន់​នាយ​ភ្នំ​កូកាស មាន​ប្រព្រឹត្ត​ទៅ “បដិវត្តន៍​ផ្កា​កុលាប” បន្ទាប់មក ឆ្នាំ​២០០៤ នៅ អ៊ុយក្រែន គឺ ”បដិវត្តិ​ព័ណ​លឿង​ទុំ” ហើយ​ក្នុង​ឆ្នាំ​២០១៤​នេះ មាន​ផ្ទុះ​ឡើង ជា​បដិវត្ត “ម៉ៃដាន” ឈ្មោះ​ទីលាន​ឯករាជ្យ កណ្តាល​ក្រុងគៀវ ជាទី​ដែល​ក្រុម​យុវជន​ដៃ​ដល់ បាន​ធ្វើ​បាតុកម្ម​អុកឡុក អស់​រាប់​ខែ​ជាប់​រហូត​ដល់​ផ្តួល​ប្រធានាធិបតី​មាន​ទំនោរ​មក​ខាង​រុស្ស៊ី។ គួរនិយាយថា ខុស ពី​នៅ​ហ្ស័កហ្ស៊ី និង​អ៊ុយក្រែន ដែល​គោលដៅ​បដិវត្ត​នោះ គឺ​បង្រះ​ខ្លួន​ចេញ​ពី​ឥទ្ធិពល​រុស្ស៊ី ហើយ​ប្រកាន់​យក​ទិស​ទៅ​ខាង​បស្ចិមលោក នៅ​កៀហ្ស៊ីស៊ីស្ថាន មាន​កើត​ឡើង ដល់​ទៅ​២​ដង ជា ”បដិវត្ត​ផ្កា​ទុយលីប” ម្តង​ក្នុង​ឆ្នាំ ២០០៥ និង​ម្តង​ទៀត​ក្នុង​ឆ្នាំ ២០១០ រួច​ទាំងពីរ​លើក​នេះ គឺ​បញ្ហា​ផ្ទៃ​ក្នុង​សុទ្ធសាធ ផ្តួល​របប​សែន​ពុករលួយ និង​គ្រួសារនិយម លុះ​ទាល់​តែ​កាលណោះ ត្រូវ​គេ​ដាក់​ឈ្មោះ​ថា ជា​ដែនដី​ខ្វះ​ស្ថិរភាព។ ប៉ុន្តែ ចាប់​ពី​ឆ្នាំ​២០១១​មក រដ្ឋាភិបាល​ថ្មី​ស្អាតស្អំ​ ចេះ​ក្តាប់​ស្ថានការណ៍​បាន​ពេញ​ដៃ ឲ្យ​មាន​លំនឹង។

 
សម្រាប់រុស្ស៊ី កៀហ្ស៊ីស៊ីស្ថាន ជា​ប្រទេស​មាន​ន័យ​យុទ្ធសាស្ត្រ ដោយ​នៅ​ទីនោះ​មាន​សំណង់ យោធា​រុស្ស៊ី​ដល់​ទៅ​៤​កន្លែង រួចពី​ក្នុង​នោះ គឺ​មូលដ្ឋាន​ទ័ព ឈ្មោះ “កង់តា” នៅ​មិន​ឆ្ងាយ​ប៉ុន្មាន ពី រដ្ឋធានី​ប៊ីស្កេក ជាទី​ដែល​រុស្ស៊ី​ដាក់​ឲ្យ​ឈរជើង គឺ​យោធា ៦០០នាក់ ព្រម​ទាំង​យានយន្ត និង យន្តហោះ​ចម្បាំង​មួយ​ចំនួន។ អស់ជាង​១២​ឆ្នាំ កៀហ្ស៊ីស៊ីស្ថាន បាន​ដើរតួ ជា​ប្រទេស​តែ​មួយ​គត់ លើ​ផែនដី ដែល​មាន​មូលដ្ឋាន​យោធា​របស់​រុស្ស៊ី​ផង របស់​ស.រ.អា.​ផង។ មូលដ្ឋាន​កងអាកាស​អាមេរិក ឈ្មោះ “ម៉ាណាស់” បាន​ស្ថិត​នៅ​ចម្ងាយ​តែ​៣០គ.ម.​ប៉ុណ្ណោះ ពី​មូលដ្ឋាន “កង់តា” របស់​រុស្ស៊ី ប៉ុន្តែ​នៅ​ឯ​ជ្រុង​ម្ខាង​ផ្សេង​ពី​រដ្ឋធានី ប៊ីស្កេក។ មូលដ្ឋាន “ម៉ាណាស់” ត្រូវ​បាន​ស.រ.អា. ជួល​ប្រើប្រាស់ តាំងពី​ចុង​ឆ្នាំ​២០០១ សម្រាប់​ដឹក​ទ័ព​និង​សម្ភារៈ​យោធា របស់​បណ្តា​ប្រទេស ក្នុង​បក្ស​អូតង់ ទៅ​គាស់​រំលើង​សំបុក​ពួក​ភេរវជន​តាលីបង់ នៅ​អាហ្វហ្កានីស្ថាន ដែល​ជាប់​ចោទ​ក្នុង​ការវាយប្រហារ កំទេច​អគារ​ភ្លោះពីរ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ក្រុង​ញូវយ៉ក កាលពី​ថ្ងៃ​ ១១​កញ្ញា ឆ្នាំ២០០១។​

 ទោះបី តម្លៃជួលនោះ ដែលមុនដំបូងគឺតែ​១៧​លាន​៤​សែន​ដុល្លារ​ក្នុង​១​ឆ្នាំ ត្រូវ​បាន​ស.រ.អា. ដំឡើង​ដល់​៦០លាន​ដុល្លារ​ក្នុង​១​ឆ្នាំ​ក្តី ក៏​រដ្ឋសភា​កៀហ្ស៊ីស៊ីស្ថាន នៅ​កណ្តាល​ឆ្នាំ​២០១៣ បាន​សម្រេច​លុប​ចោល​កិច្ចព្រមព្រៀង​ឈប់​ឲ្យ​អាមេរិក ប្រើប្រាស់​មូលដ្ឋាន​នោះ​តទៅ​ទៀត។ នៅទីបំផុត ថ្ងៃ​១១​កក្កដា​ឆ្នាំ​២០១៤​នេះ អង្គភាព​ទ័ព​អាមេរិក មាន​គ្នា​ប្រមាណ​១.០០០នាក់ បាន​ចាកចេញ​អស់​រលីង​ពី​មូលដ្ឋាន “ម៉ាណាស់”។

ខ្លឹមសារនៃ​សាច់​រឿង​ដែល​មាន គឺ​ស​ឲ្យ​ឃើញ​ពី​ជ័យជំនះ​ស្ងាត់ៗ​របស់​រុស្ស៊ី ដែល​ចេះ​បញ្ចុះ​បញ្ចូល ថ្នាក់​ដឹកនាំ​កៀហ្ស៊ីស៊ីស្ថាន ឲ្យ​ខណ្ឌ​បញ្ចប់​វត្តមាន​យោធា​អាមេរិក មិន​គ្រាន់​តែ នៅ​កៀហ្ស៊ីស៊ីស្ថាន ប៉ុណ្ណោះ​ទេ តែ​គឺ​នៅ​តំបន់​អាស៊ី​កណ្តាល​ជា​ទូទៅ។ ម៉ូស្គូ បាន​សន្យា​ផ្តល់​ឥណទាន​ក្នុង​ទំហំ ២.០០០​លាន​ដុល្លារ ផ្តល់​ជា​ជំនួយ​ឥត​សំណង ១៥០​លាន​ដុល្លារ លុបចោល​បំណុល ក្នុង​ទំហំ​៥០០​លាន​ដុល្លារ​ជំពាក់​ដោយ​កៀហ្ស៊ីស៊ីស្ថាន ហើយ​ថែម​ទាំង​សន្យា​ធ្វើ​វិនិយោគ​ក្នុង​ទឹកប្រាក់ ៥០០​លាន​ដុល្លារ​ផ្សេង ​ដែល​តាម​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ស៊ែរហ្គៃ ឡាវ្រវូ  ជា​ជំនួយ​សម្រាប់​ពន្លឿន​សមាហរ័ណកម្ម របស់​កៀហ្ស៊ីស៊ីស្ថាន មក​នឹង ”សហភាព​ឥត​ពន្ធ​គយ” ដែល​មក​ទល់​ឥឡូវ​ផ្សំ​ឡើង​ពី​៣​ប្រទេស គឺ​រុស្ស៊ី កាហ្សាក់ស្ថាន និង បេឡារុស។ លោក​ប្រធានាធិបតី​កៀហ្ស៊ីស៊ីស្ថាន អាល់ម៉ាស្បេក អាតំបាយេវ  បាន​ថ្លែង​ថា ប្រទេស​​គាត់ ត្រៀម​លក្ខណៈ​បាន​សព្វ​គ្រប់​ទៅ​ហើយ សម្រាប់​ចូល​ជា​សមាជិក “សហភាព​ឥត​ពន្ធ​គយ” ឲ្យ​បាន​មុន​ដំណាច់​ឆ្នាំ​នេះ។ ពិត​ជា​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង “សហភាព​ឥត​ពន្ធគយ” និង សហភាព​អឺរ៉ុប ដែល​បាន​ចោទ​ជា​ជម្រើស​ពិបាក​អារកាត់ សម្រាប់​លោក​អតីត​ប្រធានាធិបតី​អ៊ុយក្រែន វិកទ័រ យ៉ានូកូវិច លុះ​ទាល់​តែ​គាត់​ធ្លាក់​ពី​តំណែង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ