rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ក្រិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ក្រុងអាថែន និងម៉ូស្គូ បណ្តេញអ្នកការទូត ទៅវិញទៅមក

media
ទង់ជាតិ​រុស្ស៊ី និង​ក្រិក reuters

ថ្ងៃពុធទី១១ កក្កដា ក្រសួងការបរទេសរុស្ស៊ី បានប្រកាសថា នឹងបណ្តេញអ្នកការទូតក្រិកពីរនាក់ ចេញពីម៉ូស្គូ  ជាចម្លើយតបនឹងការបណ្តេញមន្ត្រីទូតរុស្ស៊ីពីរនាក់ ចេញពីក្រុង អាថែន។ នេះ​ជា​ព្រឹត្តិការណ៍ដែលវិវឌ្ឍបញ្ច្រាសនឹងទំនាក់ទំនងសែនល្អជាប្រពៃណី​យូរមកហើយ រវាងប្រទេសទាំងពីរ។


ជាហេតុការណ៍មិនធ្លាប់មានឡើយពីមុនៗ។ អាជ្ញាធរក្រិក បានបណ្តេញចេញ អ្នកការទូតរុស្ស៊ីពីរនាក់ និង ហាមអ្នកការទូតរុស្ស៊ីពីរនាក់ទៀត មិនឲ្យចូលទឹកដីក្រិកឡើយ ដោយអ្នកទាំងនោះ ជាប់សង្ស័យថាបាន ប៉ុនប៉ងធ្វើវិច្ឆេទកម្ម បំផ្លាញកិច្ចព្រមព្រៀងចុះរវាងក្រុង Athenes និង Skopje   ស្តីអំពីអនាគតឈ្មោះ អតីតសាធារណរដ្ឋយូហ្គោស្លាវី ដែលនឹងមានសំនៀងថា “ សាធារណរដ្ឋ Macedoine  ខាងជើង “។ ដំណឹងនេះ ចុះផ្សាយដោយទស្សនាវដ្តីក្រិក Kathimerini យោងទៅលើប្រភពការទូត។

ស្របនឹងប្រភពនេះ  ភាគីក្រិក កាលពីថ្ងៃ៦កក្កដា បានប្រាប់ឲ្យរុស្ស៊ីដឹងអំពីការបណ្តេញអ្នកការទូតរុស្ស៊ី ដោយមកពីសកម្មភាពខុសច្បាប់របស់គេ ញុះញង់ឲ្យមានបាតុកម្មប្រឆាំងនឹងកិច្ចព្រមព្រៀងចុះជាមួយ Macedoine ព្រមទាំងចំពោះការប៉ុនប៉ង សាបព្រោះអំពើពុករលួយក្នុងចំណោមអ្នកមុខអ្នកការក្រិក។

កិច្ចព្រមព្រៀង រវាងក្រុង Athenes និង Skopje  បើវាផ្តល់សច្ចាប័នដោយរដ្ឋសភាក្រិក និងទទួលការឱ្យ​ សច្ចាប័នទាំងស្រុង ដោយអំណាច Macedoine នោះគឺនឹងលុបចោល ការជំទាស់ជានិច្ចរហូតមកទល់ឥឡូវ ដោយក្រិក មិនឲ្យ Macedoine ចូលជាសមាជិកសហភាពអឺរ៉ុប និង ជាសមាជិកបក្សសម្ព័ន្ធអូតង់ទៅផង ដែលជា ចក្ខុវិស័យ បញ្ឈឺចិត្តម៉ូស្គូតែម្តង។

អ្នកនាំពាក្យរដ្ឋាភិបាលក្រិក លោក Dimitris Tzanakopoulos បានថ្លែងទៅកាណាល់ទូរទស្សន៍ Skai TV ថា ៖ រដ្ឋាភិបាលក្រិក មិនអាចអត់អោនឡើយ ចំពោះទង្វើ ដែលប្រព្រឹត្តល្មើសច្បាប់អន្តរជាតិ និង មិនគោរព រដ្ឋក្រិក។ គាត់បន្ថែមថា “ តាមយោបល់ក្រិក ទង្វើបែបនេះ បានកើតមានមែន ម៉្លោះហើយ បានជាក្រិក នឹង ចាត់វិធានការចាំបាច់សព្វបែបយ៉ាង។

ដំណឹងស្តីអំពី ការបណ្តេញអ្នកការទូតរុស្ស៊ី-ក្រិក ទៅវិញទៅមក លេចចេញមក នៅចំពេលដែលក្នុងក្រុង ព្រុចសែល ប្រព្រឹត្តទៅ កិច្ចប្រជុំកំពូលរបស់អូតង់ ដែលគ្រោងចេញ សេចក្តីអញ្ជើញជាផ្លូវការទៅកាន់ Macedoine ឲ្យភ្ជាប់ខ្លួនមកនឹង បក្សសម្ព័ន្ធនេះ៕