rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ម៉ូស្គូសង្ឃឹមថា ”សម្បជញ្ញៈនយោបាយក្រុងឡុងដ្រ៏នឹងភ្លឺស្វាង” ក្រោយពីលោក Johnson បានចាកចេញទៅ

media
ប្រមុខការទូតអង់គ្លេស Boris Johnson ដែល​លា​ពី​តំណែង reuters

ប្រមុខការទូតអង់គ្លេស Boris Johnson ដែលថ្ងៃចន្ទ៩កក្កដា បានលាចេញពីតំណែងខ្លួន បានរួមវិភាគទាន ”ស្រគត់ស្រគំណាស់” មកក្នុងទំនាក់ទំនងរវាងប្រទេសអង់គ្លេស និងរុស្ស៊ី ។ «ការចាក ចេញទៅរបស់គាត់ អាចជា ប្រផ្នូលនៃ”សម្បជញ្ញៈនយោបាយភ្លឺស្វាង នៅក្រុងឡុងដ្រ៏» - សេចក្តីនេះ ថ្លែងថ្ងៃអង្គារទី ១០ កក្កដា ដោយអ្នកនាំពាក្យវិមានក្រេម​ឡាំង លោក Dmitri Peskov ។


ក្នុងខែមីនាឆ្នាំនេះ ពេលដែលអតីតភ្នាក់ងារចារកិច្ចរុស្ស៊ី បម្រើផលប្រយោជន៍ក្រុងឡុងដ្រ៏ លោក Serguei Skripal និងកូនស្រីគាត់ Yulia ធ្លាក់ខ្លួនពុល ដោយសារធាតុគីមី មានប្រភពពីសូវៀតឈ្មោះ Novitchok  នៅក្រុង Salisbury ប៉ែកខាងត្បូងប្រទេសអង់គ្លេស គឺ លោក Boris Johnson នេះឯង ដែល បានចោទទាំងចង្អុលត្រង់ៗ មកលើម៉ូស្គូ និង លោក ប្រធានាធិបតី Vladimir Poutine ។

ទោះបី កន្លងផុត៤ខែក្តី ក៏អាជ្ញាធរអង់គ្លេស នៅតែគ្មានភស្តុតាងដើម្បីបញ្ជក់លើការចោទប្រកាន់រុស្ស៊ីនោះ ហេតុដែលអូសទាញ វិបត្តិការទូតរវាងម៉ូស្គូ និង បស្ចិមលោក ឲ្យធ្លាក់ចុះធ្ងន់ធ្ងរបំផុត បើគិត​តាំងពីសង្គ្រាមត្រជាក់បានចប់ទៅ។ សំណាងល្អដែល  គ្រួសារលោក Sklripal  នៅរស់រានដដែល។

ប៉ុន្តែ ថ្ងៃអាទិត្យកន្លងទៅ ស្ត្រីអង់គ្លេសអាយុ ៤៤ ឆ្នាំ ឈ្មោះ Dawn Sturgess ដែលថ្ងៃ ៣០ មិថុនា បានធ្លាក់ខ្លួនពុលដោយសារធាតុ Novitchok ដែរ នៅក្រុង Amesbury ចម្ងាយតែប៉ុន្មានគីឡូម៉ែត្រ ពីក្រុង Salisbury  ស្រាប់តែអភ័ព្វស្លាប់ទៅ។ ក្នុងរឿងនេះ លោករដ្ឋមន្ត្រីការពារជាតិអង់គ្លេស Gavin Williamson  ក៏ចោទម៉ូស្គូដែរ។

ម៉ូស្គូ ថ្លែងអះអាងថា ខ្លួនគ្មាននាទីទទួលខុសត្រូវអ្វីណាឡើយ ចំពោះករណីទាំងពីរនេះ ហើយតំណាង ក្រេមឡាំងសង្ឃឹមថា នៅទីបំផុត វិចារណញ្ញាណ គង់នឹងដកកម្ពស់ឈ្នះ ពុំខាន។  តាមសម្តីតំណាងនោះ ៖

-បើគេអាចនិយាយបាន នោះ”ម៉ូស្គូសង្ឃឹមថា ថ្នាក់ដឹកនាំអង់គ្លេស ច្បាស់ជាស្គាល់ តើអ្វីទៅជាសម្បជញ្ញៈនយោបាយភ្លឺស្វាង នៅពីមុខបញ្ហានេះ ។ យូរឬឆាប់ ម៉ូស្គូ សង្ឃឹមទទួលពីក្រុងឡុងដ្រ៏ នូវការពន្យល់បំភ្លឺ និង ទឡ្ហីករណ៍សមហេតុសមផល ចំពោះអ្វីៗដែលបានកើតឡើង នៅក្រុង Salisbury និង ចំហាយរបស់វា”។

គួរ​ជ្រាបថា ក្រុង Salisbury និង Amesbury  ស្ថិតនៅតែចម្ងាយប៉ុន្មានគីឡូម៉ែត្រ ពី មជ្ឈមណ្ឌលស្រាវជ្រាវសែន សម្ងាត់ Porton Down គ្រប់គ្រងដោយ ក្រសួងការពារជាតិអង់គ្លេស និងជា មន្ទីរពិសោធន៍ ដែលមាន ឯកទេសកម្មខាង ការពារទល់នឹង អាវុធគីមី៕