អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អូតង់​បើក​កិច្ចប្រជុំរដ្ឋមន្ត្រី​ការពារជាតិ ​​​​បន្ត​​ពិភាក្សា​​​​ការ​​​ពង្រឹង​​កម្លាំងទ័ព​​នៅ​​អឺរ៉ុប​ខាងកើត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ទីក្រុង​ព្រុចសែល​​ ថ្ងៃ​ពុធនេះ រដ្ឋមន្ត្រី​ការពារជាតិ​អង្គការ​អូតង់២៨​ប្រទេស ​​​ជួប​ពិភាក្សា​គ្នា​ ស្តីពី​ការ​ពង្រាយ​យោធា​នៅ​តាម​ប្រទេស​សមាជិក​នៅ​អឺរ៉ុប​ខាងកើត​ក្បែរព្រំដែន​រុស្ស៊ី។ វិធានការ​ពង្រាយ​ទ័ព​នេះ ត្រូវបាន​អូតង់​សន្យា​ឡើង ​ក្នុង​ជំនួបកំពូល​នៅ​​ប្រទេស​ប៉ូឡូញ​ កាលពី​ខែកក្កដា ដើម្បី​ប្រឈម​នឹង​ការគំរាម​កំហែង​ពី​រុស្ស៊ី។ អូតង់​ត្រូវ​អនុវត្ត​វិធានការ​នេះ ​នៅឆ្នាំ​២០១៧។ មួយរយៈ​មកនេះ ​​ទំនាក់ទំនង​​​រវាង​​អូតង់​និង​រុស្ស៊ី​​ កាន់តែ​តានតឹងនឹងគ្នា​។ កាលពី​ថ្ងៃ​អង្គារ​ រុស្ស៊ី​​បាន​ប្រតិកម្ម​រិះគន់​អាមេរិក​ដែល​គ្រោង​បញ្ជូនកងទ័ព​ទៅ​ន័រវែស។ 

អគ្គលេខាធិការ​អង្គការ​​អូតង់ លោក Jens Stoltenberg
អគ្គលេខាធិការ​អង្គការ​​អូតង់ លោក Jens Stoltenberg REUTERS/Francois Lenoir
ផ្សាយពាណិជ្ជកម្ម

អូតង់​បារម្ភ​​ចំពោះ​សកម្មភាព​យោធា​រុស្ស៊ី មួយ​រយៈ​ចុងក្រោយ​នេះ​

កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អូតង់​ថ្ងៃពុធ​នេះ គឺ​ដើម្បីបន្ត​ពិភាក្សា និង​ចាត់ចែង​​​​ការពង្រាយ​កងទ័ព​នៅ​តាម​ប្រទេស​​សមាជិក​ នៅអឺរ៉ុប​ខាងកើត ក្នុង​​​តំបន់​បាល់ទិក និង​ប៉ូឡូញ។ ទិសដៅ​គឺ​ដើម្បីអាច​អនុវត្តគម្រោង​ពង្រាយ​​កម្លាំង​យោធា​នៅ​អឺរ៉ុបខាងកើត​នេះ​​ អោយ​សម្រេច​ឡើង​ ​នៅ​ឆ្នាំ២០១៧ ​ក្រោយ​នេះ។

​ការអនុវត្ត​ការពង្រាយ​កម្លាំង​យោធា​អូតង់​​ គឺ​​ដើម្បី​ប្រឈម​ការគំរាមពី​​រុស្ស៊ី បើ​រុស្ស៊ី​ចង់​​ឈ្លានពាន​​​ចូល​អឺរ៉ុប​ខាងកើត។ ​​ឆ្នាំ២០១៤ ​រុស្ស៊ី​បាន​ភ្ជាប់​តំបន់​គ្រីមេ អ៊ុយក្រែន ចូលជា​កម្មសិទ្ធិ​​រុស្ស៊ី។ ​បញ្ហា​​គ្រីមេ​នេះឯង ​ជាប្រភពនាំអោយ​ទំនាក់ទំនង​​​រវាង​អូតង់ ប្រទេស​លោក​ខាងលិច​ និង​រុស្ស៊ី កាន់តែ​តានតឹង។

សកម្មភាព​យោធា​រុស្ស៊ី​មួយរយៈចុងក្រោយ​នេះ ​​​ធ្វើអោយ​អូតង់​បារម្ភ​​ណាស់។ ​ ជាក់ស្តែង​​​ ដើមខែ​នេះ​​ រុស្ស៊ី​បាន​ផ្អាក​​កិច្ចព្រមព្រៀងចុះ​​​ជាមួយ​អាមេរិក ទាក់ទង​នឹង​ការកំទេច​ជាតុ​ភ្លូយតូនីញ៉ូម ដែល​គេ​ប្រើ​សម្រាប់​ផលិត​អាវុធ​​នុយក្លេអ៊ែរ។ រុស្ស៊ី​បានបញ្ជូនប្រព័ន្ធ​​មីស៊ីល​ទៅ​ប្រចាំការ​​នៅ​ខែត្រ​កាលីនីនក្រាត​ ​ភាគខាងលិច​ ជាប់ព្រំដែន​ប៉ូឡូញ និង​លីទុយអានី។ រុស្ស៊ី​បាន​បង្កើត​រឺ​បើកទ្វារ​ឡើងវិញ នូវ​មូលដ្ឋានទ័ព​ខ្លួន នៅ​បរទេស​ច្រើនកន្លែង មាន​​នៅតំបន់​ហ្ស៊កហ្ស៊ី ដូចជា​នៅ​អូសេទី​ខាងត្បូង រឺនៅ​រដ្ឋ​អាប់ខាហ្ស៊ី​ជាដើម។

​​សប្តាហ៍​កន្លងទៅ​​ ប្រទេស​សមាជិកអូតង់​ឃើញវត្តមាន​នាវា​ចម្បាំង​រុស្ស៊ី​​​ ធ្វើដំណើរ​កា់ត់តាម​អឺរ៉ុប ​​ទៅ​សមុទ្រ​មេឌីទែររ៉ាណេ ​ធ្វើអោយ​អូតង់​គិតថា រុស្ស៊ី​អាចលួច​ទៅ​វាយប្រហារ​ក្រុង​អាឡិប​​នៅ​ស៊ីរី។

សកម្មភាព​យោធា​រុស្ស៊ី ធ្វើអោយ​ប្រទេស​សមាជិក​អូតង់បារម្ភ​សុវត្ថិភាព​ខ្លួន ពិសេស​អឺរ៉ុប​ខាងកើត និងខាងជើង​ដែល​មានព្រំដែន​ជាប់​រុស្ស៊ី។ ដូច្នេះ​ ​​​អូតង់​ត្រូវតែ​អនុវត្ត​ការពង្រឹង​កម្លាំង​យោធា តាម​ប្រទេស​សមាជិក​អឺរ៉ុប​ខាងកើត អោយ​បាន​នៅ​ឆ្នាំក្រោយនេះ។ ​

គម្រោងពង្រាយ​កងកម្លាំង​យោធាអូតង់​​នៅ​អឺរ៉ុបខាងកើត ត្រូវអនុវត្ត​​ឆ្នាំ២០១៧
ចាប់ពី​ឆ្នាំ​២០១៧ទៅ ​កងទ័ព​ពហុជាតិ​របស់​អូតង់​ ៤កងពល មានគ្នា​៤០០០នាក់ នឹង​ដាក់អោយ​ឈរជើង​ជាអចិន្ត្រៃយ៍ ​នៅ​ប៉ូឡូញ និង​ប្រទេស​តំបន់​បាល់ទិក​ចំនួន៣ គឺ​អេស្តូនី លីទុយអានី និង​ឡេតូនី។ បើ​និយាយ​ពី​ភូមិសាស្ត្រ​ឈរជើង​នេះ គឺ​នៅ​ជាប់ព្រំដែន​ដខាងលិច​រុស្ស៊ី​ផ្ទាល់​តែម្តង។

ករណី​មានកិច្ចការ​អ្វីបន្ទាន់ ​កងពល​ទាំង៤​នេះ នឹងមាន​កម្លាំង​ជំនួយ​៤ម៉ឺននាក់​ផ្សេងទៀត​ដែរ។ ប្រទេស​ជាច្រើន​ដូចជា​បារាំង ដាណឺម៉ាក រឺ​អ៊ីតាលី​ ​នឹង​ចូលរួម​​ក្នុងកងពល​ទាំង៤​នេះ។ អ៊ីតាលី​បាន​ប្រកាស​ពង្រាយទាហាន​ខ្លួន​១៤០នាក់ ក្រោម​ផ្លាក​អូតង់​រួចហើយ។ និយាយ​រួមទៅ ការពង្រាយ​កម្លាំង​យោធា​​នេះ ​ក៏​ជា​ការឆ្លើយតប​​នឹង​រុស្ស៊ី ដែលកាលពីខែមុន​​ លែង​សន្យា​​ចូលរួម​​អនុវត្ត​​​​​កិច្ច​ព្រមព្រៀង​​​​​​សាយភាយ​អាវុធនុយក្លេអ៊ែរនោះ។ ​

រឿង​​​​ពង្រាយ​យោធា​​ក្បែរ​ទឹកដី​រុស្ស៊ី​នេះ រុស្ស៊ីរិះគន់​អូតង់​ច្រើន​ហើយ។ សម្រាប់​ក្រុង​ម៉ូស្គូ នេះ​ជា​យុទ្ធសាស្ត្រ ​ជាលេស​របស់​​អូតង់ ដើម្បី​រំកិល​ហេដ្ឋារច​នា​សម្ព័ន្ធ​យោធា ​មកជិត​ព្រំដែន​រុស្ស៊ីតែ​​ប៉ុណ្ណោះ។ ជា​លេស​ដើម្បី​បំផ្លាញ​សមតា​យោធា​នៅ​អឺរ៉ិប។ ​លោក​ពូទីន​ធ្លាប់​ចោទ​អូតង់​ថា​​ ​ចេះតែ​អូសទាញ​រុស្ស៊ី អោយ​ប្រណាំង​បំពាក់​​អាវុធ​យ៉ាងវក់វី។ ​

ទោះយ៉ាងណា ក៏​អគ្គលេខាធិការ​អូតង់ លោក​ចេន ស្តូលតិនប៊ើរ បាន​អះអាងថា ការពង្រាយ​កម្លាំង​នេះមិនមែន​ដើម្បី​ផ្គើនអោយ​មានការប្រយុទ្ធ ​​រឺការប៉ះទង្គិច​​​ណាមួយទេ តែ​ដើម្បី​ទប់ស្កាត់មិនអោយ​មានការប៉ះទង្គិច​កើតឡើង​​ទៅវិញទេ។ ​

អាមេរិក​គ្រោងពង្រាយ​ទ័ព​នៅ​ន័រវែស ​​ធ្វើអោយ​​ទំនុកចិត្ត​រុស្ស៊ី​ចំពោះ​​​អូតង់​កាន់តែ​ថយចុះ​
ដើមសប្តាហ៍​នេះ ​អាមេរិក​បាន​ប្រកាស​​ពង្រាយ​ទាហាន​​៣៣០នាក់​ ឆ្លាស់គ្នា​ ចាប់ពី​ឆ្នាំ២០១៧ទៅ ​ដើម្បី​ហ្វឹកហាត់​ជាមួយ​ទាហាន​ន័រវែស។ រុស្ស៊ី​បាន​ប្រតិកម្ម​រិះគន់​គម្រោង​នេះ។

ន័រវែស​និង​រុស្ស៊ី​មានព្រំដែន​ខាងជើង​ជាមួយគ្នា។ ​មុនចូល​ជា​សមាជិកស្ថាបនិក​​​អូតង់  ​​ន័រវែស​ធ្លាប់​សន្យា​ជាមួយ​រុស្ស៊ីថា ​មិន​ទទួល​ទ័ពបរទេស​អោយចូល​ទឹកដី​ន័រវែស​​​ទេ លើកលែង​ន័រវែស​រងការគំរាម​​ រឺ​ការវាយប្រហារ​ណាមួយ។ ទាំងរុស្ស៊ី ទាំង​ក្រុមអ្នក​ជំនាញ​ក្នុងស្រុក​ន័រវែស​​ ​សុទ្ធតែ​​មើលឃើញ​ថា គម្រោង​អាមេរិក​​​ពង្រាយ​ទ័ពនៅ​ន័រវែស​​នេះ​ អាច​​បង្កើន​​ភាពតានតឹង​ក្នុង​តំបន់ថែមទៀត។ សម្រាប់​រុស្ស៊ី វា​មិនបាន​ជួយ​អោយ​ស្ថានភាព​អឺរ៉ុប​ខាងជើង​ប្រសើរឡើង​វិញ​ទេ។

អូតង់​មានសិទ្ធិ​មិនទុកចិត្ត​រុស្ស៊ី រុស្ស៊ី​ក៏មានសិទ្ធិ​មិនទុកចិត្ត​អូតង់​​ដែរ។ ឃើញថា ប្រទេស​ក្នុងសមាជិក​អូតង់ មានសុទ្ធតែ​​ប្រទេស​មហាអំណាច​ធំៗ ដូច​អាមេរិក បារាំង រឺ​ក៏​អង់គ្លេស។ ប្រទេស​ធំៗ​ទាំងនេះ​ក៏ជា​សមាជិក​អចិន្តៃ្រយ៍ក្រុមប្រឹក្សា​សន្តិសុខ​​​អង្គការ​សហប្រជាជាតិ​ដូចគ្នា​។ ​អាមេរិក​រឺ​ក៏អង់គ្លេស​ធ្លាប់​ចូលទៅ​វាយ​អ៊ីរ៉ាក់ ស្រេច​តែ​ក្បាលចិត្ត ​ដោយគ្មា​នការ​អនុញ្ញាត​ពី​អង្គការ​សហប្រជាជាតិ។ ជា​លទ្ធផល ​តំបន់​ដើមបូព៌ា​សព្វថ្ងៃ​កាន់តែ​ធ្លាក់ដុនដាប​ក្នុង​​​អសន្តិសុខ​។

ដូច្នេះ មិនថា​រុស្ស៊ី សូម្បី​​​​ចិន​ដែល​ជា​សមាជិក​អចិន្ត្រៃយ៍ក្នុង​​អង្គការ​សហប្រជាជាតិ​ដែរនោះ ​​អាច​​មាន​អារម្មណ៍ថា ​ប្រទេស​ធំៗ​ទាំងនេះ ​ចង់​ធ្វើអ្វី​ក្នុង​អូតង់ រឺ​ក៏​ក្នុង​អង្គការ​សហប្រជាជាតិ ក៏​គ្មានអ្នកណា​​ជំទាស់​ដែរ។ នាមថា ​​​អូតង់ រឺ​ក័​អង្គការ​សហប្រជាជាតិ​ គឺគ្រាន់តែ​ជា​ផ្លាក​ពាក់​លម្អ​មុខ​ ​របស់​ប្រទេស​សមាជិក​ប៉ុណ្ណោះ។ ​ ​​

ការពង្រាយ​​កម្លាំងទ័ពអូតង់​​​ជាចម្លើយ​តប​​​​ទៅ បេក្ខជន​ប្រធានាធិបតី​អាមេរិក ​​​ដូណាល់ ​ត្រាំ
កាលពីខែកក្កដា ​លោក​ត្រាំបាន​​ថ្លែងពាក្យពេចន៍ ​​​​ធ្វើអោយ​គេគិតថា បើ​លោក​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​អាមេរិក ហើយ​បើ​សមាជិក​​ក្នុង​អង្គការ​អូតង់​ណាមួយ​រងការគំរាម​ពី​រុស្ស៊ី តែ​ប្រទេស​អឺរ៉ុប​នោះ​មិនបាន​បំពេញ​កាតព្វកិច្ច​បង់​វិភាគទាន​ ​សមស្រប​អោយអូតង់​ទេ អាមេរិក​នឹង​មិនទៅជួយ​ប្រទេស​នោះទេ។

តាម​រយៈ​គម្រោង​ពង្រាយ​ទ័ព​ពហុជាតិ​អូតង់​នៅ​អឺរ៉ុប​ខាងកើត​នេះ ​អគ្គលេខាធិការ​អូតង់​ លោក​ ​ស្តូលតិន​ប៊ើរ តប​ដោយ​ប្រយោល​ទៅលោក​ត្រាំ​វិញថា ​អូតង់​​ជួយ​សមាជិក​ខ្លួនគ្មាន​លក្ខខណ្ឌ​ទេ។ អូតង់​មិនបង្ខំ​អោយ​សមាជិក​​​​បង់លុយ​ដើម្បី​ទទួលបាន​ការការពារ​ទេ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ