អានតួអត្ថបទ
កម្ពុជា

សហ​ព្រះ​រាជអាជ្ញា​ចោទ​ នួន ជា​ និង​ ខៀវ សំផន ​ក្នុង​សំណុំ​រឿង​០០២ ​វគ្គ​០២

សវនាការ​លើ​អង្គ​សេចក្តី​ក្នុង​សំណុំ​រឿង​០០២/០២ ​បាន​ប្រព្រឹត្ត​ទៅ ​ព្រឹក​មិញ​ នៅ​ឯ​សាលា​ដំបូង​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ​ដើម្បី​សម្រេច​សេចក្តី​លើ​ឧក្រិដ្ឋ​កម្ម​មួយ​ចំនួន​ ដែល​គេ​សង្ស័យ​ថា ​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​របស់​ជន​ជាប់​ចោទ​ឈ្មោះ ​នួន ជា ​និង ​ខៀវ សំផន។ ​ព្រឹក​មិញ ​ពេល​វេលា​ភាគ​ច្រើន​នៃ​សវនាការ​ផ្តោត​លើ​ការ​បង្ហាញ​ទីតាំង​ឧក្រិដ្ឋកម្ម​ និង​ការ​ចោទ​ប្រកាន់​ ដែល​ថ្លែង​ដោយ​សហ​ព្រះរាជ​អាជ្ញា ​ជា លាង ​និង អេន​ឌ្រូ ខេលី (Andrew Cayley)។

ជនជាប់ចោទ លោក ខៀវសំផន(ឆ្វេង) និង លោក នួន ជា(ស្តាំ)។
ជនជាប់ចោទ លោក ខៀវសំផន(ឆ្វេង) និង លោក នួន ជា(ស្តាំ)។ eccc
ផ្សាយពាណិជ្ជកម្ម

ក្នុង​សវនាការ​លើ​អង្គសេចក្តី​នៃ​សំណុំរឿង០០២ វគ្គ០២ នៅ​ព្រឹក​ថ្ងៃ​សុក្រ ចៅក្រម និល ណុន ប្រធាន​អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​សួរ​ទៅ​ជនសង្ស័យ​ពីរ​នាក់ ម្នាក់​ជា​អតីត​ប្រធានសភា​ប្រជាជន និង​ម្នាក់​ជា​អតីត​ប្រមុខរដ្ឋ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ថា អ្នក​ទាំងពីរ​ចង់​ឆ្លើយតប ឬ​នៅ​ស្ងៀម​មិន​ឆ្លើយ? នួន ជា អាយុ៨៨ឆ្នាំ បានសម្រេច​ចិត្ត​នៅ​ស្ងៀម ឯ​ខៀវ សំផន អាយុ៨៣ឆ្នាំ ចង់​ធ្វើ​សេចក្តីថ្លែងការណ៍​មួយ​សិន មុននឹង​ឆ្លើយតប ចំពោះ​ការចោទប្រកាន់។ ប៉ុន្តែ​គាត់​មិនត្រូវ​បានឱ្យ​ថ្លែង​ការណ៍​នៅឡើយ​ទេ។

ក្រោយមក សហ​ព្រះរាជអាជ្ញា បាន​រៀបរាប់​អំពី​ទីតាំង​ឧក្រិដ្ឋកម្ម និង​ការចោទប្រកាន់។ លោកស្រី ជា លាង សហ​ព្រះរាជអាជ្ញា​ជាតិ បានលើកឡើង​នូវ​ឧក្រិដ្ឋកម្ម​នានា ចាប់ពី​សហ​ការណ៍​ស្រុក​តាំង​កក់ និង​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់​នៃ​ស្រុក​នេះ រហូតដល់​មន្ទីរ​សន្តិ​សុខ ស២១ របស់​បក្ស​កុ​ម្មុយ​នី​ស្តិ​កម្ពុជា ដោយ​ឆ្លងកាត់​មន្ទីរ​សន្តិសុខ​អូរ​កន្សែង​ខេត្ត​រតនគីរី មន្ទីរ​សន្តិសុខ​ភ្នំ​ក្រោល​ខេត្ត​មណ្ឌល​គី​រី ព្រមទាំង ការដ្ឋាន​ទំនប់១មករា ការដ្ឋាន​ទំនប់​ត្រពាំងថ្ម និង​ការដ្ឋាន​ព្រលានយន្តហោះខេត្តកំពង់ឆ្នាំង។ លោកស្រី ជា លាង បាន​ស្នើឱ្យ​អង្គជំនុំជម្រះ​ជួយ​រក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ ដែល​ត្រូវគេ​ប្រើ​ដូច​ទាសករ ដែល​រង​ការចោទប្រកាន់ថា​ជា​ខ្មាំង ដែល​ត្រូវបាន​ឃុំខ្លួន ធ្វើ​ទារុណកម្ម ហើយ​យកទៅ​សម្លាប់ចោល។

 
បន្ទាប់មក លោក អេ​ន​ឌ្រូ ខេ​លី (Andrew Cayley) សហ​ព្រះរាជអាជ្ញា​អន្តរជាតិ  អះអាងថា របប​កម្ពុជា​ប្រជាធិបតេយ្យ ដែលមាន នួន ជា និង ខៀវ សំផន ជា​អ្នកដឹកនាំ​កំពូល បាន​បំផ្លាញ​អត្តសញ្ញាណ និង​ជំនឿ​របស់​ជនជាតិ​ចាម។ ដោយឡែក វៀតណាម​នៅ​កម្ពុជា​ត្រូវបាន​របប​នេះ​បង្ខំ​ឱ្យ​ផ្លាស់ប្តូរ​លំនៅ បណ្ដេញ​ចេញពី​ប្រទេស និង​កំណត់​អត្ថ​សញ្ញាណ​ដើម្បី​សម្លាប់ចោល។ នេះ​បើ​យោងតាម​លោក ខេ​លី ដែល​បានបញ្ជាក់​តាមរយៈ​អ្នកបកប្រែ​ថា «គ្រួសារ​ណា ដែលមាន​ឪពុក​ជា​វៀតណាម ត្រូវ​សម្លាប់​ឪពុក​នោះ តែបើ​មាន​ម្តាយ​ជា​វៀតណាម ត្រូវ​សម្លាប់​ទាំង​ម្តាយ​ទាំង​កូន ព្រោះ​កូន​បោះ​ទឹកដោះ​ម្តាយ»។

ជនសង្ស័យ នួន ជា និង ខៀវ សំផន ធ្លាប់​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​អស់​មួយជីវិត ក្នុង​សំណុំរឿង០០២ វគ្គ០១ ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្សជាតិ ក្នុងពេល​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ទីក្រុង និង​ការសម្លាប់​រង្គាល​ទៅលើ​ទាហាន លន់ នល់ នៅ​ទួល​ពោធិ៍​ជ្រៃ​ក្នុង​ខេត្តពោធិ៍សាត់។ នៅក្នុង​សំណុំរឿង០០២ វគ្គ០២នេះ ជារួម ជនសង្ស័យ​ទាំងពីរ​នាក់ ត្រូវការពារ​ខ្លួន​ចំពោះ​បទ​ចោទ​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ និង​ការរំលោភបំពាន​ធ្ងន់ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ១៩៤៩ នៅលើ​ទឹកដី​កម្ពុជា ពីថ្ងៃ​ទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់​ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧។

សវនាការ​ត្រូវធ្វើ​បន្ត​នៅ​រសៀល​ថ្ងៃ​សុក្រ មុន​ពេលដែល​សាក្សី​ទី០១ មក​ផ្តល់​សក្ខីកម្ម​នៅ​ថ្ងៃ​ចន្ទ​អាទិត្យ​ក្រោយ។ ការពិនិត្យ​ភស្តុតាង​នឹងត្រូវ​ធ្វើ​រហូតដល់​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ