rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បាតុកម្ម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​លោក ម៉ាក្រុង ​នៅតែមិនអាច​រំងាប់​កំហឹង​របស់ក្រុម​​អាវកាក់លឿង

media
លោក Emmanuel Macron ប្រមុខរដ្ឋ​បារាំង @AFP

នៅបារាំង, បច្ចុប្បន្នភាព​ក្តៅគគុក បាន​ផ្តើមលើអន្តរាគមន៍​របស់​លោក ម៉ាក្រុង ក្នុង​វិមាន​អេលីហ្សេ ​នៅចំពោះ​មុខហ្វូងអ្នក​កាសែតជាង​៣០០នាក់​។ ក្រោយ​ពី​ដាក់​ឲ្យ​មាន​ការ​​ជជែក​ពិភាក្សា​ថ្នាក់​ជាតិ​ជាច្រើន​ខែរួចមក នេះ​​គឺ​ជា​សន្និសីទដ៏​ធំ ​លើកទី១ ​របស់​​ប្រមុខ​រដ្ឋ​បារាំង ដើម្បីព្យាយាម​​បូកសរុប សន្និដ្ឋាន និង ​រក​ច្រកផ្លូវ​ចេញពីវិបត្តិ​សង្គមរបស់ក្រុមអាវកាក់លឿង។ ប៉ុន្តែ​វិធានការ​ដែលលោកម៉ាក្រុងបានប្រកាស ហាក់​នៅ​មិន​ទាន់អាច​រំងាប់​កំហឹង​របស់ពួក​​អាវកាក់លឿងនៅឡើយទេ។ ពួកនេះបាន​សន្យានឹងបន្តបាតុ​កម្មនៅ​ថ្ងៃសៅរ៍ ទី​២៧​ ដែលជាការ​ចុះផ្លូវ​តវ៉ា ​លើកទី២៤។


ដើម្បី​បំពេញ​ចិត្តក្រុម​បាតុករ, ប្រធានាធិបតីបារាំង បានសន្យា​ថា ធ្វើ​ការ​ត្រឹម​តែ​៣៥ម៉ោង​ក្នុង​មួយ​សប្តាហ៍ទេ​ ហើយ​អាយុចូលនិវត្តន៍​ត្រឹមអាយុ៦២ឆ្នាំ គឺ​មិន​ផ្លាស់ប្តូរ​ឡើយ​។ ​ ប្រាក់​ខែ​សម្រាប់​អ្ន​កចូលនិវត្តន៍ តិច​ណាស់ ក៏​យ៉ាងហោច ១ពាន់​អឺរ៉ូ​ដែរក្នុង​មួយ​ខែៗ។ ​ចំណែក ប្រាក់រឺត្រែត ដែលអាច​​ឈាន​ដល់​២ពាន់​អឺរ៉ូ ហើយ​ត្រូវ​ឡើង​តាម​តម្លៃ​ទំនិញនោះ គឺ​អាច​នឹង​ត្រូវ​ឡើង នៅ​ឆ្នាំ​២០២១។

និយាយ​បែប​នេះ គឺហាក់​គ្មាន​អ្វី​ថ្មីទេ ហើយ​​នៅតែមិនអាច​​​អេះ​ចំ​កន្លែង​រមាស់​ដដែល​។ ពីព្រោះ​​ពួក​អាវលឿង​ចង់​បាន​ប្រាក់​ចូល​និវត្តន៍ច្រើន ហើយ​ត្រូវ​អនុវត្តភ្លាមៗ​ នៅពេល​ឥឡូវៗនេះ គឺ​មិនអាច​​រង់​ចាំបាច់​ ២-៣ឆ្នាំអី​ទៀត​ទេ។ ក៏ប៉ុន្តែ លោក ម៉ាក្រុង នៅតែ​ប្រកាន់ថា ពលរដ្ឋ​បារាំង​នៅ​ធ្វើការ​តិចតួច​តិច​ជាង​ប្រទេស​ជិត​ខាងនៅឡើយ ដូច្នេះ បើ​ធ្វើការ​តិច ចង់​បាន​ប្រាក់​ខែ​ច្រើន គឺ​មិន​សមរម្យ​ទេ។​​

ចំណែកការ​បញ្ចុះ​ពន្ធលើប្រាក់​ខែនិងប្រាក់​ចំណេញវិញ លោក ម៉ាក្រុង ថា​នឹង​ត្រូវ​កាត់​បន្ថយពន្ធ​មួយ​ចំនួន ប៉ុន្តែ​លោកមិនបាន​បញ្ជាក់​ច្បាស់ៗ​ពីវិធានការនោះឡើយ​។

ចំពោះការ​​ដំឡើង​​ពន្ធ​ទៅលើ​ទ្រព្យ​សម្បត្តិ​របស់​មហាសេដ្ឋកិច្ច និង​អ្នក​​មាន​គ្រាក់ៗ ដែល​នេះ​ជាការ​ទាមទារ​ដ៏សំខាន់​របស់​ក្រុម​អាវកាក់​លឿង​​នោះ, លោក​ ម៉ាក្រុង គ្មាន​បាន​សន្យា​ធ្វើ​តាម​ការ​ទាមទារ​ឡើយ​។​ រីឯការ​ទាមទារ​លុបចោល​សាលា​បង្រៀន​មន្ត្រី​ជាន់ខ្ពស់​បារាំង ដែល​ជា​កម្មវត្ថុ​នៃការ​ទាមទាររបស់​ពួក​អាវកាក់លឿង, លោក​ប្រមុខ​រដ្ឋ ម៉ាក្រុង ដែលបាន​រៀន​ចេញ​ពីសាលានេះដែរ មិន​ពន្យល់​ថាត្រូវតែលុបចោលឲ្យដាច់​ណាត់​ទេ លោកគ្រាន់តែថា​ចង់​លុបចោល​ដែរ ហើយ​ចង់​បញ្ចប់​ប្រព័ន្ធដែល​កូន​អ្នក​ធំ រៀន​ចេញ​ពី​សាលា​ខ្ពស់ៗនេះ ត្រូវ​ចូល​មន្ត្រី​ជាន់​ខ្ពស់​។ ចេតនា​បែបសើរៗ​របស់​លោក​ម៉ាក្រុង​នេះ ធ្វើ​ឲ្យ​ពួក​អាវកាក់​លឿង​ ពេបមាត់ និង​មិន​សប្បា​យចិត្ត ព្រោះ​វា​គ្មាន​អ្វី​ច្បាស់លាស់សោះ។​

ផ្ទុយទៅវិញ លោកបាន​ប្រើភាសា​ការទូត ថា​​ចង់​ធ្វើ​នេះ ចង់​ធ្វើនោះ ដូចជា​ត្រូវបង្កើត​ការិយាល័យ​ប្រមូលផ្តុំ​សេវាសាធារណៈ សម្រួល​ការ​ផ្តល់​សេវាសាធារណៈ ឲ្យប្រមូលផ្តុំ​នៅ​កន្លែងតែមួយ​ កុំ​ឲ្យ​ស្មុគស្មាញ​ខ្លាំងពេក​។ កែប្រែប្រព័ន្ធ​បោះឆ្នោត​ខ្លះ និង​លោកចង់​​លុប​ចោលការ​បោះឆ្នោត​អនុប្បវាទ Vote Blanc ដែល​បើ​តាម​លោកម៉ាក្រុង ការ​បោះឆ្នោត​ដោយសន្លឹកសទទេដូច្នេះ មិន​អាច​ជួយ​ដោះស្រាយ​អ្វីបាន​ទេ។ រី​ឯ​រឿង​បរិស្ថានវិញ លោកប្រធានាធិបតី​​ចង់ឲ្យ​បង្កើត​ក្រុមប្រឹក្សាចូលរួម​របស់​ពលរដ្ឋ​ ជាដើម។

ជាសរុប​រួម អ្នក​វិភាគ​នយោបាយ​បារាំងមួយចំនួន យល់ថា ប្រសាសន៍​របស់លោក ម៉ាក្រុង គ្មាន​អ្វី​ប្រាកដ​ប្រជាទេ។  ហើយ​​ក្រុម​អាវកាក់​លឿងវិញ​ ហាក់​មិន​អាច​ទទួល​យក​បាន​ និង​មិន​អាច​ស្ងប់​ចិត្ត​ចំពោះ​ការ​សន្យានិង​វិធានការ​របស់​ប្រមុខរដ្ឋ​វ័យក្មេង​បារាំង​ឡើយ ហើយ​ពួក​គេអះអាង​ថា​​នឹងនៅតែ​ចុះ​ផ្លូវ​តវ៉ា​បន្តទៀត​៕