អានតួអត្ថបទ
រុស្ស៊ី

រុស្ស៊ី មានបំណងជួយ ទ្វីបអាហ្វ្រិក ក្នុងការប្រយុទ្ធប្រឆាំង ភេរវនិយម

ក្នុងសម័យប្រជុំពេញអង្គនៃជំនួបកំពូល ក្រុង Sotchi ថ្ងៃ ២៤ តុលា លោក វ៉្លាឌីមៀរ ពូទីន និង បណ្តាមេដឹកនាំអាហ្វ្រិក បាន​និយាយប៉ះពីរឿងប្រយុទ្ធទល់នឹងភេរវនិយម នៅទ្វីបអាហ្វ្រិក។ ក្រុងម៉ូស្គូ អាចផ្តល់ការគាំទ្រ ដល់អ្នកដើរតួសំខាន់ៗ នៃទ្វីប ជាពិសេស ក្នុងអង្គការ Sahel ដែលរួមក្តោប ៥ ប្រទេស គឺ Burkina Faso, Niger, Tchad, Mali Mauritanie។

ប្រមុខរដ្ឋរុស្ស៊ី និង បណ្តាមេដឹកនាំអាហ្វ្រិក ក្នុងសម័យប្រជុំពេញអង្គនៃជំនួបកំពូល ក្រុង Sotchi ថ្ងៃ ២៤ តុលា។
ប្រមុខរដ្ឋរុស្ស៊ី និង បណ្តាមេដឹកនាំអាហ្វ្រិក ក្នុងសម័យប្រជុំពេញអង្គនៃជំនួបកំពូល ក្រុង Sotchi ថ្ងៃ ២៤ តុលា។ Sergei Chirikov/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

តាំងពីឆ្នាំ ២០១៧ ម៉្លេះ រុស្ស៊ីបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា ជាមួយ២០ ប្រទេស អាហ្វ្រិក ហើយសង្ឃឹមដើរតាមផ្លូវនេះ តទៅទៀត។ លោក វ៉្លាឌីមៀរ ពូទីន ប្រាថ្នាឃើញ ការគាំទ្ររបស់ម៉ូស្គូ ដែល អាចលេចចេញមក នៅលើទ្វីបនេះ និង លេចចេញជា កំពែងប្រឈមទល់នឹងការប៉ុនប៉ងជាយថាហេតុ ផ្តួលរំលំ របបគ្រប់គ្រងនានា នៅអាហ្វ្រិក។ សេចក្តីនេះ ត្រូវប្រមុខរដ្ឋរុស្ស៊ី ថ្លែងយ៉ាងច្បាស់លាស់ ក្នុង សម័យប្រជុំពេញអង្គនៃជំនួបកំពូល ក្រុង Sotchi ថ្ងៃ ២៤ តុលា។

តាមប្រសាសន៍គាត់ ៖ «ភេរវនិយម ការសាយភាយមនោគមន៍វិជ្ជាជ្រុលនិយម ឧក្រិដ្ឋកម្មឆ្លងដែន និង ចោរសមុទ្រ អស់ទាំងនេះ ជាឧបសគ្គរាំងរាការអភិវឌ្ឍទ្វីបអាហ្វ្រិក។ ប្រទេសជាច្រើន ធ្លាក់ខ្លួនរង ផលវិបាកនៃបដិវត្តន៍ពណ៌ ក្រោមឈ្មោះថា” និទាឃរដូវអារ៉ាប”។ ជាលទ្ធផល តំបន់ខាងជើងទាំងមូលនៃទ្វីបអាហ្វ្រិក ធ្លាក់ក្នុងអស្ថិរភាព។ នៅតំបន់នេះ និងនៅតំបន់ Sahara និង Sahel ព្រមទាំងនៅតំបន់ បឹង Tchad គេពើបប្រទះនឹង អង្គការ ភេរវនិយមជាច្រើន បែបយ៉ាង អង្គការ”រដ្ឋអ៊ីស្លាម" al-Qaida , Boko Haram , al-Shebab។ ម៉្លោះហើយ បានជាយើង យល់ថា សំខាន់ត្រូវតែបង្កើនការខំប្រឹងប្រែងរួមគ្នា រវាង រុស្ស៊ី និង ទ្វីបអាហ្វ្រិក ក្នុងវិស័យ ប្រយុទ្ធទល់នឹងភេរវនិយម»។

ជាអាទិ៍ លោកប្រធានាធិបតីរុស្ស៊ីចង់ “រឹតចំណង រវាង កងកម្លាំងរក្សាសណ្តាប់ធ្នាប់ និង ស្ថាប័នសម្ងាត់ៗ របស់ សហព័ន្ធរុស្ស៊ី និង បណ្តាប្រទេសអាហ្វ្រិក ដោយសង្កត់លើ ផ្នែកស៊ើបការណ៍ និងការបណ្តុះបណ្តាល ក្របខណ្ឌសន្តិសុខ សម្រាប់ប្រទេសអាហ្វ្រិក នៅតាមគ្រឹះស្ថានសិក្សារុស្ស៊ី ដែលមានឯកទេសកម្មពិសេស។ បច្ចុប្បន្ន មាន យោធាមកពី ២០ ប្រទេសអាហ្វ្រិក ធ្វើការសិក្សានៅតាមសាលាជាន់ខ្ពស់ នៃ ក្រសួងការពារ ជាតិរុស្ស៊ី។

ក្នុងសម័យប្រជុំពេញអង្គនោះ ប្រមុខរដ្ឋអាហ្វ្រិកជាច្រើន មានមេដឹកនាំ Burkina Faso ជាដើម ដែល ឥឡូវជាប្រធាន អង្គការ Sahel 5 បានអំពាវនាវរុស្ស៊ី ឲ្យភ្ជាប់ខ្លួនទៅនឹងសម្ព័ន្ធអន្តរជាតិនេះ ខាងប្រយុទ្ធ​ទល់នឹងភេរវនិយម នៅតំបន់ដែលមាន ៥ ប្រទេសជាសមាជិក Sahel។ លោកប្រមុខ Burkina Faso, ប្រាថ្នាឃើញរុស្ស៊ី ជា” មហាអំណាច យោធា និង សេដ្ឋកិច្ច” ជាដៃគូ “ ពហុផល” សម្រាប់ Sahel។ ថ្លែងបន្ទាប់មក លោកប្រធានាធិបតី Tchad ចង្អុលឲ្យឃើញថា៖ ការគាំទ្ររបស់មូស្គូ គឺមានន័យសំខាន់ជាអាយុជីវិត សម្រាប់ពង្រឹងស្ថិរភាពនៅតំបន់។

តាមអ្នកឯកទេសរុស្ស៊ី លោក Arnaud Kalika ម៉ូស្គូ បានសាកល្បងសុំជាច្រើនលើក ឱ្យខ្លួនមាន ប៉ុស្ត សង្កេតការណ៍ ប្រចាំនៅ Sahel 5 ប៉ុន្តែ រហូតមកទល់ឥឡូវ តែងប៉ះទង្គិច នឹងការប្រកែក បែបយ៉ាងពីខាង បារាំង ជាដើម។ សម្រាប់រុស្ស៊ី ការនេះ ជាមធ្យោបាយដណ្តើមឱ្យបាន ទីតាំងនៅទ្វីបអាហ្វ្រិក និង ពង្រឹង ជំហរខ្លួន ក្នុងការទូតអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ