អានតួអត្ថបទ
រុស្ស៊ី-OTSC

ជំនួបកំពូល​នៃ​អង្គការ​សន្ធិសញ្ញា​ស្តីអំពី​សន្តិសុខ​រួម (OTSC)

ជំនួប​បើកធ្វើ​នៅក្រុង Bichkek រដ្ឋធានី Kirghizistan ចូលរួម​ដោយ ប្រធានាធិបតី ៦ប្រទេស​ជា​សមាជិក ពោលគឺ Russie Belarus Armenie Kazakhstan Kirghizistan និង Tadjikistan។ ប្រទេសរុស្ស៊ី តំណាងដោយ​លោក​ប្រធានាធិបតី ពូទីន។ តាម​វិមាន​ក្រេមឡាំង ប្រធានបទ​ធំ​ចម្បង គឺ បញ្ហាប្រឈម នឹង​ការគំរាម ដែល​លេចចេញ​មកពី​ខាង Afghanistan ក្រោយពី​កងកម្លាំង​អន្តរជាតិ​នៃ “សម្ពន្ធ​ប្រឆាំង​ភេរវនិយម” ដកចេញ​ពីទីនោះ ក្នុងឆ្នាំក្រោយ។

លោក​វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី (រូបថតឯកសារ)
លោក​វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតី​រុស្ស៊ី (រូបថតឯកសារ) REUTERS/Alexander Zemlianichenko
ផ្សាយពាណិជ្ជកម្ម

ជាបឋម អំពី “អង្គការ​សន្ធិសញ្ញា​ស្តីអំពី​សន្តិសុខរួម” ហៅកាត់​ថា OTSC។ អង្គការ​នេះ ដែល​តាំង​គោលដៅ ធានាឲ្យ​មាន​សន្តិសុខ និង ស្ថិរភាព ក្នុងប្រទេស​ជា​សមាជិក បាន​ប្រសូត្រ មក នៅថ្ងៃ១៥​ឧសភា​ឆ្នាំ១៩៩២ ដោយ មាត្រា​ជាគន្លឹះ​នៃលក្ខន្តិកៈ​របស់វា គឺ​មាត្រាទី៤​ដែល​ចែង ថា បើ​ប្រទេស​ណាមួយ ជា​សមាជិក រងនូវ​អំពើ​ឈ្លានពាន ពីខាង​រដ្ឋ ឬ​ពីខាង​ក្រុមរដ្ឋណា​ក៏ដោយ​នោះ អំពើឈ្លានពាន​នេះ ត្រូវចាត់ទុក ជា​អំពើ​ឈ្លានពាន ប្រឆាំង​នឹង​គ្រប់តែ​ប្រទេស ទាំងអស់ ជា​សមាជិក OTSC។ មកពី​មូលហេតុ​នេះ បានជា បស្ចិមលោក តែង​ប្រៀបប្រដូច OTSC ទៅនឹង​បក្សសម្ពន្ធ OTAN ប្រភេទថ្មី។

បើនិយាយពី​ភូមិសាស្ត្រ​នៃ​ប្រទេស​សមាជិក OTSC គេ​សង្កេតឃើញ​លំហ​ដ៏ធំ​របស់វា គឺថា Russie មាន​ដែនដី លាតសន្ធឹង​នៅ​ទ្វីបអឺរ៉ុប​ផង អាស៊ីផង។ Belarus ស្ថិតនៅ​អឺរ៉ុប​ខាងកើត។ Armenie ស្ថិតនៅ​តំបន់​នាយភ្នំ​កូកាស។ Kazakhstan Kirghizistan និង Tadjikistan ស្ថិតនៅ តំបន់​អាស៊ី​កណ្តាល ពីក្នុងនោះ គឺ Tadjikistan ដែល​មាន​ព្រំដែន​ជាប់ផ្ទាល់​នឹងAfghanistan។

ជាការកត់សម្គាល់ ក្នុងប្រវត្តិ​ជាង២០ឆ្នាំនៃ “អង្គការ​សន្ធិសញ្ញា​ស្តីអំពី​សន្តិសុខរួម” OTSC ធ្លាប់មាន​ទាំងប្រទេស​ឯទៀត នៃតំបន់​អាស៊ីកណ្តាល បែបយ៉ាង Ouzbekistan ចូលជា សមាជិក ដែរ ប៉ុន្តែ ក្រោយមក ដោយរង​នូវ​ការបញ្ចុះបញ្ចូល ពីខាង​ស.រ.អា. ក៏បាន​ដកខ្លួន​ចេញ ទៅវិញ។ ចំណែករដ្ឋ Georgie ដែល​លំអៀង​ខ្លាំង​ទៅខាង​បស្ចិមលោក រហូត​ដល់​ចង់ក្លាយជា​សមាជិក អូតង់​ទៅផង ព្រមទាំងរដ្ឋ Azerbaidjan នៅតំបន់​នាយភ្នំកូកាស ទោះបី មុនដំបូង សុទ្ធតែបាន ចូលជា​សមាជិក OTSC អង្គការ​នាំមុខ​ដោយ​រុស្ស៊ី ក៏​នៅ​ទីបំផុត ដោយ​លើក​ផលប្រយោជន៍​ខ្លួន ជាមួយ​បស្ចិមលោក​ខ្ពស់ជាង ក៏បាន​ដកខ្លួនចេញ ទៅដែរ។

ទាក់ទងនឹងកិច្ចប្រជុំកំពូលថ្ងៃនេះ នៅក្រុង Bichkek រដ្ឋធានី Kirghizistan វិមាន​ក្រេមឡាំង លំអិត​ថា ក្នុង​របៀបវារៈ គឺ​ការ​ពិនិត្យមើល វិធានការ​ដែលត្រូវ​ចាត់ឡើង ៖

  • ខាងពង្រឹងព្រំប្រទល់ Tadjikistan ជាប់នឹង Afghanistan
  • ខាងប្រយុទ្ធទល់នឹង ចរាចរណ៍​គ្រឿងញៀន ដែល​ហូរចេញ​មកពី Afghanistan
  • ខាងប្រឈមទល់នឹង អន្តោប្រវេសន៍​ខុសច្បាប់ ,ទល់នឹង​ពួក​ជ្រុលនិយម, ពួក​ភេរវនិយម។

អស់ទាំងនេះ ស្ថិតនៅក្នុង ចង្កោម​បញ្ហា​ដែលចោទ គឺ “កែ​ឲ្យ​ទាល់តែ​បាន​សុក្រឹត ប្រព័ន្ធ​ខាង​ធានា​សន្តិសុខរួម ជា​គោលដៅ ដែល​ចែងស្រាប់​នៅ ក្នុង​លក្ខន្តិកៈ​របស់ OTSC៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ