អានតួអត្ថបទ
ព័រទុយហ្គាល់

ព័រទុយហ្គាល់៖អតីត​នាយករដ្ឋមន្រ្តី​ជាប់​ក្នុង​សំណាញ់​តុលាការ​ពី​រឿង​ពុករលួយ

នៅ​ប្រទេស​ព័រទុយហ្គាល់ លោក​អតីត​នាយករដ្ឋមន្រ្តី José Socrates រួម​ជាមួយ​នឹង​មនុស្ស ៣នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ប៉ូលីស​ចាប់​ខ្លួន​កាល​ពី​រាត្រី​យប់​ថ្ងៃ​សុក្រ​ឆ្លង​ចូល​ថ្ងៃ​សៅរ៍ ទី២២ វិច្ឆិកា។ អ្នក​ទំាង ៣នាក់​បាន​ជាប់​សង្ស័យ​ពី​បទ​បាន​លួចពន្ធ លាងលុយកខ្វក់ និង​ប្រព្រឹត្តិ​អំពើពុករលួយ។ ការ​ចាប់​ខ្លួន​លោក José Socrates បាន​ធ្វើ​ឲ្យ​កក្រើក​មជ្ឈដ្ឋាន​មហាជន​ព័រទុយហ្គាល់​ទូទៅ​យ៉ាង​ខ្លំាង ព្រោះ​វា​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​ប្រទេស​ព័រទុយហ្គាល់​ទើប​បាន​ឆ្លង​កាត់​រឿងអាស្រូវ​តុលាការ​មួយ​ទៀត​នា​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ។

លោកអតីតនាយករដ្ឋមន្រ្តី​ព័រទុយហ្គាល់ José Socrates
លោកអតីតនាយករដ្ឋមន្រ្តី​ព័រទុយហ្គាល់ José Socrates REUTERS/Eric Vidal
ផ្សាយពាណិជ្ជកម្ម

 

ការ​ចាប់​ខ្លួន​លោក José Socrates ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឯ​អាកាសយានដ្ឋាន​ទីក្រុង​លីសបោន​នា​ពេល​ដែល​លោក​ទើប​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ទីក្រុង​ប៉ារីស ប្រទេស​បារំាង។ នៅ​ក្នុង​ទីក្រុង​ប៉ារីស​ដែល​លោក​មាន​ផ្ទះ appartement មួយ​ក្នុង​តម្លៃ​ប្រមាណ​ជា ៣លានអឺរ៉ូ ហើយ​គឺ​ការ​ទិញ​ផ្ទះ appartement នោះ​ឯង​ដែល​លោក José កំពុង​ជាប់​ក្នុង​សំណាញ់​តុលាការ​ពេល​នេះ ពិសេស​ទាក់ទង​នឹង​ប្រភព​លុយ​ដែល​លោក José បាន​យក​ទៅ​ទិញ​ផ្ទះ appartement នោះ។ គួរ​ជម្រាប​ជូន​ថា បន្ទាប់​ពី​បាន​លា​ឈប់​ពី​តំណែង​នាយករដ្ឋមន្រ្តី​ក្នុង​ខែ​មិថុនា ឆ្នំា ២០១១ លោក José បាន​រស់នៅ​ក្នុង​ទីក្រុង​ប៉ារីស​ដើម្បី​បន្ត​ការ​សិក្សា​នៅ​សាលា Sorbonne។

យោង​តាម​ក្រសួង​សាធារណៈ ការ​ស៊ើបអង្កេត​បច្ចុប្បន្ន​លើ​រូបលោក José ផ្តោត​សំខាន់​លើ​ប្រតិបត្តិការ​ធនាគារ និង​ការ​ផ្ទេរ​លុយ​ដែល​គេ​មិន​បាន​ដឹង​ពី​ប្រភពដើម ពោល​គឺ​មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ Monte Branco កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​ដែល​ឈាន​ដល់​ការ​ចាប់ខ្លួន​អតីត​អគ្គនាយក​ធនាគារ Espirito Santo លោក Ricardo Salgado នោះ​ទេ។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា ឈ្មោះ​លោក​អតីត​នាយករដ្ឋមន្រ្តី José ក៏​ធ្លាប់​បាន​លើក​ឡើង​ជា​ច្រើន​ដង​នៅ​ក្នុង​សំណុំរឿង​ពុករលួយ​គួរ​ឲ្យ​សង្ស័យ​ជា​ច្រើន ពិសេស​លោក​បាន​ជួយ​សម្រួល​នៅ​ក្នុង​សំណើ​សុំ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម Freeport មួយ​នៅ​ក្នុង​ខេត្ត​ក្បែរ​ទីក្រុង​លីសបោន។

យ៉ាង​ណា​ក៏​ដោយ ការ​ចាប់​ខ្លួន​លោក José ពេល​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​ព័រទុយហ្គាល់​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លំាង ព្រោះ​វា​ជា​រឿងអាស្រូវ​តុលាការ​ធំទី២​ក្នុង​សប្តាហ៍ បន្ទាប់​ពី​រឿង​អាស្រូវ​ទី១ ទាក់ទង​នឹង​ការ​ផ្តល់​ទិដ្ឋាការ​ដែល​ឈាន​ដល់​ការ​ចាប់​មន្រ្តី​រដ្ឋការ​ចំនួន ១១នាក់ និង​ការ​លា​ចុះ​ពី​តំណែង​របស់​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​នៃ​គណបក្ស​ស្តំានិយម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ