អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប៉ូឡូញ៖ កំណែក​ទម្រង់​ប្រព័ន្ធ​តុលាការកំពុង​ដើរ​ឆ្ងាយ​ពី​នីតិរដ្ឋ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ប៉ូឡូញ រដ្ឋាភិបាល​​អភិរក្សនិយម បាន​ធ្វើ​កំណែទម្រង់​លើ​ប្រព័ន្ធ​តុលាការ​ ដោយ​ដាក់​ឲ្យ​អនុវត្ត​ច្បាប់​ថ្មី​មួយ បង្ខំ​ឲ្យ​ចៅក្រម​ចាស់ៗ​អាយុ​លើស​ពី​៦៥ចូល​និវត្ត​ន៍។ លោកស្រី ​Malgorzata Gersdorf ប្រធាន​តុលាការ​កំពូល​របស់​ប៉ូឡូញ​ មាន​អាយុ​៦៦ឆ្នាំ ប៉ុន្តែ​​លោកស្រី​បដិសេធ​មិន​ចូល​និវត្តន៍ទេ ហើយថែមទាំង​បាន​ទៅ​ការិយាល័យ​ធ្វើការដូច​ធម្មតា។ ហេតុការណ៍​នេះ​កំពុង​បង្ក​ជា​ភាព​តានតឹង​ផ្ទៃក្នុង និង​ជា​​សង្គ្រាម​ពាក្យ​សម្តី​ដ៏​ក្តៅ​គគុក​នៅ​ប៉ូឡូញ​។​ ​សហភាព​អឺរ៉ុប​ ក៏​កំពុង​តែ​ខឹង​សម្បារ​នឹង​ប៉ូឡូញ​ដែល​ធ្វើ​ច្បាប់ថ្មី​​ប្រាសចាក​ពី​នីតិរដ្ឋ​។

បាតុកម្ម​របស់​ប៉ូឡូញ​កន្លង​មក
បាតុកម្ម​របស់​ប៉ូឡូញ​កន្លង​មក AFP
ផ្សាយពាណិជ្ជកម្ម

ច្បាប់ថ្មី​ស្តី​ពី​កំណែទម្រង់លើប្រព័ន្ធតុលាការរបស់​ប៉ូឡូញ បាន​បង្ខំឲ្យចៅក្រមចាស់ៗ​អាយុលើសពី​៦៥ចូលនិវត្តន៍ ដោយ​ស្វ័យ​ប្រវត្តិ​។ ​សភា​ប៉ូឡូញ​ជជែក​ដេញ​ដោល​គ្នា​យ៉ាង​តឹ​ង​សរសៃក និង​អនុម័ត​ នៅ​ចុង​ឆ្នាំ២០១៧ ហើយ​ច្បាប់ថ្មីនេះ បាន​ធ្វើ​វិសោធនកម្ម​លើកទី១​នៅ​ខែ​មេសា​កន្លង​ទៅ ដោយ​កំណត់​ពេល​ឲ្យ​ចូលជាធរមាននៅថ្ងៃទី៣កក្កដាថ្មីៗនេះ​។

ក៏ប៉ុន្តែ​ថ្ងៃទី៤កក្កដា មួយ​ថ្ងៃ​ប​ន្ទាប់​ពី​ការ​ចូល​ជា​ធរមាន​នៃ​ច្បាប់​ លោកស្រី ​Malgorzata Gersdorf ប្រធាន​តុលាការ​កំពូល​របស់​ប៉ូឡូញ​ បាន​បដិសេធ​មិន​អនុវត្ត ដោយ​អះអាង​ថា រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស​ បាន​ធានា​ការ​ពារ​អាណត្តិការងារ​របស់​លោកស្រី រយៈពេល​៦ឆ្នាំ ពោល​គឺលោកស្រី​អាច​ធ្វើ​ជា​ចៅក្រម​​រហូត​ដល់​ឆ្នាំ​២០២០ឯណោះ​។ អ្នក​ច្បាប់​ដ៏​ល្បី​រូបនេះ ថែម​ទាំងបាន​​ចោទ​រដ្ឋាភិបាលប៉ូឡូញ​​ថាការ​សម្រេច​ធ្វើ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល បំពាន​លើ​ប្រព័ន្ធ​តុលា​ការ ហើយ​គឺជា​ការ​សម្រេច​ចិត្ត​បែប​នយោបាយ​សុទ្ធសាធ​។​

ពី​ភាគី​រដ្ឋាភិបាល​ប៉ូឡូញ​វិញ ក៏​បាន​ចោទ​បក​ត្រឡប់​ទៅលោកស្រី​ប្រធាន​តុលាការ​កំពូ​លវិញថា «លោកស្រី​ជា​ជន​កុម្មុយនីស្ត ដល់​អាយុ​ចូល​រ៉ឺត្រែត​ហើយ មិន​ព្រម​ចូល​ទេ បែរ​ជា​ចង់​នៅ​​ក្រាញ​អំណាចទៀត​»។

សូម​ជម្រាប​ជូន​ថា ​ច្បាប់​ចាស់របស់​ប៉ូឡូញ ចៅក្រម​អាច​ប្រកប​មុខ​របរ​វិជ្ជាជីវៈ​របស់​ខ្លួន​បាន រហូត​ដល់​អាយុ៧០ឆ្នាំ។ ក៏ប៉ុន្តែ តាមរយៈ​កំណែទម្រង់​ច្បាប់​ថ្មី បាន​កម្រិត​ឲ្យ​ចៅក្រម​ដែល​លើស​​៦៥ឆ្នាំ ត្រូវ​ចូល​និវត្ត ហើយ​ប្រសិន​បើ​ពួក​គេ​មិន​ចង់​ចូល​និវត្តទេ គឺ​ត្រូវ​ដាក់​សេចក្តី​ស្នើសុំទៅ​កាន់​ប្រធានាធិបតី ដើម្បី​បាន​សេចក្តី​សម្រេច​ពី​ប្រមុខរដ្ឋ ឲ្យ​ពួក​គេ​បន្ត​កិច្ច​ការ​ងារ​ជា​ចៅក្រម​តទៅទៀត។​ ការ​ដាក់​ពាក្យ​សុំ​នេះ គឺត្រូវ​ភ្ជាប់​ជាមួយ​នូវ​លិខិត​បញ្ជាក់​ពីស្ថានភាព​​សុខភាព​នៅ​ល្អ​ប្រសើរ​ ដែល​ចេញ​ដោយដៃ​​វេជ្ជបណ្ឌិត។

ប្រឈម​នឹង​ច្បាប់​នេះ មាន​ចៅក្រមនៃ​តុលាការ​កំពូល ច្រើន​ជាង​​១ភាគ​៣​ គឺ​២៧នាក់ ក្នុង​ចំណោម​​ចៅក្រម​៦៣រូប​​ ត្រូវ​ក្រសួង​យុត្តិធម៌​ប៉ូឡូញ​ដាក់​ឲ្យ​ចូល​និវត្ត​។​ ក្នុង​នោះ​រាប់​ទាំង​ប្រធាន​តុលាការ​កំពូល​ផង។ បើ​តាម​ព័ត៌មាន​ពី​អ្នក​ច្បាប់​ប៉ូឡូញ មាន​មន្ត្រី​តុលាការ​ជាន់​ខ្ពស់ ថ្នាក់​ប្រធាន​និង​អនុប្រធាន​តុលាការ​ប្រមាណ​២០០នាក់ ត្រូវ​បញ្ឈប់​ពី​មុខ​ដំណែង​​នារយៈ​ប៉ុន្មានខែ​​ចុង​ក្រោយ​នេះ​។​

ចំពោះ​អ្នក​វិភាគ​នយោបាយ​នៅ​ប៉ូឡូញ ច្បាប់​កំណែទម្រង់​ថ្មី​នៅក្នុង​ប្រព័ន្ធ​តុលាការ​ គឺ​គ្រាន់តែ​ជា​លេស​ដើម្បី​កម្ចាត់​ចៅក្រម​ណា​ ដែល​មិន​ព្រម​ដើរ​តាម​ខ្សែ​បន្ទាត់​របស់​រដ្ឋាភិបាល​តែប៉ុណ្ណោះ។ ម្យ៉ាង​ច្បាប់ថ្មី​​នេះ កំពុង​តែ​មាន​ភាព​តាន​តឹង​ជាមួយ​ចៅក្រម​តុលការ​កំពូល ពិសេស​លោកស្រី ម៉ាលហ្គូហ្សាតា ហ្សែកដូវ ប្រធាន​តុលាការ​កំពូល​របស់​ប៉ូឡូញ​តែម្តង​ ពីព្រោះថា តាម​រដ្ឋធម្មនុញ្ញ​ប្រទេស​នេះ តុលាការ​កំពូល គឺជាស្ថាប័ន​ដែល​​មាន​សិទ្ធិ​សម្រេចកាត់​សេចក្តី​​ចុងក្រោយ​ និង​ជា​អ្នក​ផ្តល់​សុពល​ភាព​សម្រាប់​លទ្ធផល​បោះឆ្នោត។​ ហេតុ​ដូច្នេះ​ហើយ ទើប​រដ្ឋាភិបាល​ប៉ូឡូញ ចង់លូក​ដៃ​​ចូល​ទៅ​ជ្រៀត​ជ្រែក​ស្ថាប័ន​ជម្រះ​ក្តី​កំពូលមួយ​​នេះ។​

ក៏ប៉ុន្តែ អ្វីៗ​មិនចេះ​តែ​ដំណើរ​ការ​ទៅ​ស្រួលៗ​ដូច​រដ្ឋាភិបាល​ប៉ូឡូញ​ចង់​បាន​នោះទេ។ ដ្បិត​ថា លោកស្រី​ប្រធាន​តុលាការ​កំពូល​មិន​ព្រម​ចាកចេញ​ពី​មុខ​ដំណែង ហើយ​អ្នក​ច្បាប់​រូបនេះ ដែលត្រូវគេចាត់ទុកថាជាចៅក្រមឯករាជ្យ បានត្រៀមប្តឹងផ្តល់ប្រទេសប៉ូឡូញ ទៅកាន់តុលាការយុត្តិធម៌នៃសហភាពអឺរ៉ុបថែម​ទៀត​ផង​។

ចំណែក​គណៈកម្មាធិការ​អឺរ៉ុប បាន​ព្រមាន​ជាញយៗ​ឲ្យ​ប៉ូឡូញ​ដើរ​ត្រង់​ផ្លូវ​នីតិរដ្ឋ​ឡើង​វិញ។ តែ​ប៉ូឡូញ​បាន​ឆ្លើយ​តប​ទៅ​ភាព​អឺរ៉ុប​វិញថា ប៉ូឡូញ​មាន​សិទ្ធិ​ធ្វើ​ច្បាប់​តាម​ទម្លាប់​របស់​ខ្លួន ដោយ​រក្សា​នូវអធិបតេយ្យ​ភាព​របស់​ខ្លួន​​។​ ភ្លាមៗ គណៈកម្មាធិការអឺរ៉ុប បាន​កោះ​អញ្ជើញ​នាយករដ្ឋមន្ត្រី​ប៉ូឡូញទៅ​សួរ​ដេញ​ដោល​នៅ​ក្រុង​ព្រុចសែល និង​​បាន​ផ្តើម​នីតិវិធី​​ប្រឆាំង​នឹង​រដ្ឋាភិបាល​ប៉ូឡូញ។ ជា​និតិវិធី​មួយ​ដែល​មិន​ធ្លាប់​មាន គឺ​អាច​ធ្វើ​ឲ្យ​រដ្ឋ​​សមាជិក​មួយ​នេះ​បាត់បង់​សិទ្ធិ​បោះឆ្នោត​នៅ​ផ្ទៃក្នុង​សហភាព​អឺរ៉ុប​។ ក៏ប៉ុន្តែ ដើម្បី​ធ្វើ​ដូច្នេះ​បាន​ គឺទាល់​តែ​សមាជិក​ទាំងផ្សេងទៀត​យល់ព្រមគ្នា​​ជា​ឯកច្ឆ័ន។ ប៉ុន្តែ​ប្រទេស​ហុងគ្រី​បាន​ប្រកាស​ស្រេចហើយ ថា​គាំទ្រ​ប៉ូឡូញ គឺ​នឹង​មិន​បោះឆ្នោត​យល់​ព្រម​ដាក់​ទណ្ឌកម្ម​លើ​ប៉ូឡូញ​នោះទេ​។

ហេតុ​នេះ អំណើះតទៅ បើ​រដ្ឋាភិបាល​ប៉ូឡូញនៅតែ​ប្រកាន់​ជំហរ​រឹងថ្អឹង​ នោះ​​សហភាព​អឺរ៉ុប​ ច្បាស់​ជាកាន់​តែ​​លំបាក​នឹង​គ្រប់​គ្រងរដ្ឋ​​សមាជិក​របស់​ខ្លួន មិន​លែង​ឡើយ​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ