អានតួអត្ថបទ
ចិន-អាមេរិក

ឯកអគ្គរដ្ឋ​ទូត​ចិនប្រចាំ​កម្ពុជា៖ អាមេរិកជា​អ្នក​ញុះញង់​ឲ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម ចិន-អាមេរិក

បញ្ហា​សង្គ្រាម​ពាណិជ្ជកម្មរវាង​ចិន​​និង​អាមេរិក​ នៅ​តែ​បន្ត​ជា​បច្ចុប្បន្នភាពក្ដៅ​គគុកសម្រាប់ពិភពលោក​។ នៅ​កម្ពុជាវិញ លោក​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ឆ្លៀត​ឱកាស​សរសេរ​អត្ថបទ​ពន្យល់​សំណុំ​រឿង​នេះ ដោយ​ចោទ​អាមេរិក​ថា ជា​អ្នក​ញុះញង់​ឲ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ និង​ថា ការ​បង្ក​រឿង​របស់​អាមេរិក បាន​ធ្វើ​ឲ្យ​ប៉ះពាល់​​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​ពិភពលោក និង​របៀប​រៀបរយ​ពាណិជ្ជកម្ម​អន្ដរជាតិ​ទៀត​ផង​។

លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា
លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា Heng Chivoan
ផ្សាយពាណិជ្ជកម្ម

គឺ​ដោយ​សារ​តែ​​អាមេរិក​បាន​បង្ក​​ជម្លោះ​ពាណិជ្ជកម្មជាមួយ​​ចិនជា​លក្ខណៈ​ឯកត្តោភាគី ទើប​ចិន​ចាត់​វិធានការ​ឆ្លើយ​តប​វិញ ដើម្បី​ការពារ​កិត្តិយស​​និង​ប្រយោជន៍​របស់​ចិន​។ នេះ​គឺជា​ការ​គូស​បញ្ជាក់​របស់ លោក Wang Wentian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា នៅ​ក្នុង​អត្ថបទ​ពន្យល់​កម្រាស់​៥​ទំព័រ ក្រោម​ចំណង​ជើង​ថា «ព្រិល​ក្រាស់​សង្កត់​ពី​លើ​ស្រល់ តែ​ស្រល់​នៅ​តែ​ឈរ​ត្រង់​យ៉ាង​រឹង​មាំ» ដែល​វិទ្យុ​បារាំង​បាន​ទទួល​នា​ថ្ងៃ​សៅរ៍ ទី​១៥ មិថុនា​នេះ​។

ក្រៅ​តែ​ពី​ចោទ​អាមេរិក​ថា​ជា​អ្នក​បង្ក​រឿង លោក Wang Wentian បាន​អះអាង​ពី​គោល​ជំហ​រ​របស់​ចិន ដែលចង់​ដោះ​ស្រាយ​វិវាទ​តាម​រយៈ​កិច្ច​សន្ទនា។ បើ​តាម​ឯកអគ្គរដ្ឋទូត​ចិន​រូប​នេះ ចិន​បាន​រៀបចំ​ឲ្យ​មាន​កិច្ច​ចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ដល់​ទៅ​១១​លើក។ ក្នុង​នោះ កិច្ច​ចរចា​ទ្វេ​ភាគី​ដែល​ធ្លាប់​ទទួល​បាន​ការ​វិវត្ត​ធំ​មាន​ចំនួន​៣​លើក ប៉ុន្តែ​ជា​រៀង​រាល់​លើក នៅ​ពេល​ដែល​ទឹក​ប៊ិច​នៃ​ខ្លឹមសារ​កុងសង់ស៊ីស​មិន​ទាន់​ទាំង​ស្ងួត​ផង ភាគី​អាមេរិក​ស្រាប់​តែ​ប្រែ​ក្រលាស់ បន្ត​លើក​ឡើង​ពី​សំណូម​ពរ​ដែល​មិន​សម​ហេតុផល​។

សម្រាប់​លោក Wang Wentian ជម្លោះ​ពាណិជ្ជកម្ម​ដែល​មាន​អាមេរិក​ជា​ដើម​ចម មិន​ត្រឹម​តែ​គំរាម​កំហែង​ដល់គុណ​ប្រយោជន៍​ចិន​និង​អាមេរិក​ផ្ទាល់​ទេ តែ​វា​ថែម​ទាំង​បង្ក​ជា​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​កំណើន​សេដ្ឋកិច្ច​ពិភពលោក និង​របៀប​រៀប​រយ​ពាណិជ្ជកម្ម​អន្ដរជាតិ​ទៀត​ផង​។ បើ​ទោះ​បី​ជា​យ៉ាង​ដូច្នេះ​ក៏​ដោយ លោក​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​សង្កត់​ធ្ងន់​ថា ចិន​នឹង​មិនខ្លាច​ញញើត​ចំពោះ​សម្ពាធ​ណាមួយ​ឡើយ ដោយ​ថា បើ​ចង់​ចរចា ចិន​បើក​ទ្វារ​ស្វាគន៍ តែ​បើ​ចង់​វាយ ចិន​នឹង​កំដរ​ដល់​ទី​បញ្ចប់​។

នៅ​ក្នុង​អត្ថបទ​ពន្យល់​​​នេះ​ដែរ លោក Wang Wentian មិន​ភ្លេច​លើក​ឡើង​ទេ ​ទំនាក់ទំនង​ចិន​និង​កម្ពុជា​។ ជា​ទំនាក់ទំនងភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ដែល​លោក​ជឿ​ថា នឹង​បន្ត​ជឿន​លឿន​ទៅ​មុខ​ទៀត។ ហើយ​ថា ចិន​នឹង​ចាប់ដៃ​ជាមួយ​កម្ពុជា រួម​ជាមួយ​ប្រទេស​ដទៃ ដើម្បី​រួម​គ្នា​ថែ​រក្សា​ពហុភាគី​និយម និង​របៀប​រៀបរយ​នៃ​ពាណិជ្ជកម្ម​អន្ដរជាតិ ប្រឈម​នឹង​សម្ពាធ​គាប​សង្កត់​ដោយ​អំណាច​របស់​សហរដ្ឋ​អាមេរិក​៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ