អានតួអត្ថបទ
ស្វីស

នៅស្វីស អ្នក​​ស្រឡាញ់​បរិស្ថាន ធ្វើ​បុណ្យ​កាន់​ទុក្ខ​ ចំពោះ​ការ​រលាយ​ផ្ទាំង​ទឹកកក

ផ្ទាំង​ទឹក​កក ឈ្មោះថាPizol  កំពុងតែ​ត្រូវ​រលាយ​បាត់​បន្តិចម្តងៗ ហើយ​នឹង​បាត់​បង់​ឈ្មោះ​ជា​ផ្ទាំង​ទឹក​កក​តទៅទៀត ដោយ​សារតែ​ផល​វិបាក​នៃការ​ប្រែប្រួល​អាកាសធាតុ។ នេះបើ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អ្ន​កវិទ្យាសាស្ត្រ​នៅ​ក្រុង Zurich ប្រទេស​ស្វីស។ នៅថ្ងៃអាទិត្យ​ទី២២កញ្ញា អ្នក​ការពារធម្មជាតិ​និងអ្នក​ស្រឡាញ់​បរិស្ថាន ជាច្រើនសិប​នាក់ បាន​នាំគ្នា​ឡើង​ភ្នំ និង​ធ្វើ​បុណ្យ​កាន់​ទុក្ខ​ ចំពោះ​ការ​រលាយ​ផ្ទាំង​ទឹកកកនេះ។

អ្នកការពារធម្មជាតិនិងអ្នកស្រឡាញ់បរិស្ថាន ជាច្រើននាក់ នាំគ្នាឡើងភ្នំ និងធ្វើបុណ្យកាន់ទុក្ខ ចំពោះការរលាយផ្ទាំងទឹកកក។
អ្នកការពារធម្មជាតិនិងអ្នកស្រឡាញ់បរិស្ថាន ជាច្រើននាក់ នាំគ្នាឡើងភ្នំ និងធ្វើបុណ្យកាន់ទុក្ខ ចំពោះការរលាយផ្ទាំងទឹកកក។ Reuters
ផ្សាយពាណិជ្ជកម្ម

បើ​ផ្អែកទៅលើ​ការ​វិនិច្ឆ័យ​បែប​វិទ្យាសាស្ត្រ, Pizol គឺ​បាន​បាត់​បង់ឈ្មោះ​ជា​ផ្ទាំង​ទឹក​កក តទៀតហើយ​​។ នេះបើ​តាម​ការ​បញ្ជាក់​របស់​អង្គការ​ការ​ពារ​អាកាស​ធាតុ​​ស្វីស Alessandra Degiacomi ដែល​ជា​អ្នក​រៀបចំ​ពិធីបុណ្យ​កាត់​ទុក្ខចំពោះ​ផ្ទាំង​ទឹកកក​ ​នៅថ្ងៃអាទិត្យ ទី​២២កញ្ញា។

អ្នក​ស្រឡាញ់​បរិស្ថាន​ ដែល​រៀបចំ​ពិធី​បុណ្យ​កាន់​ទុក្ខ​ផ្ទាំង​ទឹកកក​នេះ គឺ​ម្នាក់​ៗ​បំពាក់​ដោយ​សញ្ញាកាន់ទុក្ខហាក់​ដូច​ជា​កំពុងគោរព​​វិញ្ញាណក្ខន្ធ​របស់​អ្នក​ស្លាប់ណាម្នាក់​ដូច្នោះដែរ ហើយអ្នក​ខ្លះស្លៀក​​សម្លៀកបំពាក់សម្រាប់​​បុណ្យ​សព​តែម្តង។ គេ​ធ្វើ​ដូច្នេះ គឺចង់​​ដាស់​ស្មារតី​ថ្នាក់​ដឹកនាំ​លើពិភពលោក ឱ្យ​រឹតតែបង្កើន​ក្តីប្រុង​ប្រយ័ត្ន​ចំពោះ​បរិស្ថានធម្មជាតិ​ និងនាំគ្នា​ជួយ​គិត​គូរ ជួយ​ចូលរួម​កាត់​បន្ថយ​ការ​​បញ្ចេញឧស្ម័ន​កាបូនិក​ ​ផ្សែង​ពុល និងបន្ថយ​ការ​បញ្ចេញ​​កម្តៅទៅក្នុង​បរិស្ថាន។ ព្រឹត្តិការណ៍​កាន់ទុក្ខ​ព្រួយ​នេះ គឺ​ស្រប​ពេល​ដែល​អង្គការ​សហប្រជាជាតិ​ កំពុងតែ​​រៀបចំ​ជំនួប​​នៃប្រទេស​ដែល​មាន​ឆន្ទៈ​ប្តេជ្ញាចិត្ត ចង់​​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក ឱ្យ​នៅក្រោម​២អង្សា ត្រឹម​ឆ្នាំ​២១០០។

ជាការ​កត់​សម្គាល់ ​នៅ​ប្រទេស​អ៊ីស្លង់ កាលពី​ថ្ងៃទី​១៨ តុលា ខែ​មុននេះ គេក៏​​បាន​ធ្វើ​ពិធីស្រដៀង​គ្នា​នេះដែរ ដើម្បី​ឧទ្ទិស​ដល់​ ផ្ទាំង​ទឹកកក ឈ្មោះថា អ៊ុកចូគុល ដែល​បាត់​បង់​ឈ្មោះ​និង​លក្ខខណ្ឌរបស់ខ្លួន​ជា​ផ្ទាំង​ទឹកកកតទៅទៀត​ដែរ​។​

ការ​រលាយ​បាត់​ឈ្មោះ​ផ្ទាំងទឹក​កក គឺ​ជា​សញ្ញាណ​ជាក់​ស្តែងនៃ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​​ជាក្តី​ព្រួយ​បារម្ភ​ចំពោះ​មនុស្សជាតិ​លើផែន​ដី​។ នៅ​ប្រទេស​ស្វីស,  អង្គការ​គាំពារ​បរិស្ថាន មាន​គំនិត​ផ្តួត​ផ្តើម ​ថា​ចង់នាំគ្នា​​បោះឆ្នោត​ធ្វើប្រជាមតិ​ ដើម្បី​បង្ខំ​ ឱ្យ​រដ្ឋាភិបាល​ស្វីស​ បន្ថយការ​បញ្ចេញ​ឧស្ម័ន​ការបូនិក​ ឱ្យ​នៅ​ត្រឹម​សូន្យ​តែម្តង នៅត្រឹម​ឆ្នាំ​២០៥០។ ប្រទេស​ខ្លះ​ទៀត ប្រឹង​ប្រែង​នាំគ្នា​ដាំដើម​ឈើឡើងវិញ​ឱ្យ​បាន​ច្រើន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ