rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហ្វីលីពីន អាស៊ាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រធានាធិបតី​ហ្វីលីពីន​ថ្លែង បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ព្រឹក​នេះ

media
លោក​រ៉ូទ្រីហ្គោ ឌុយទែរតេ ប្រធានាធិបតី​ហ្វីលីពីន @REUTERS/Jonathan Ernst

កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​ហើយ​នៅ​ថ្ងៃ​នេះ ដោយ​មាន​ការ​ឡើង​ថ្លែង​សុន្ទរកថា​បើក​ពី​ប្រធាន​អាស៊ាន​ឆ្នាំ​២០១៧ លោក​រ៉ូទ្រីហ្គោ ឌុយទែរតេ ប្រធានាធិបតី​ហ្វីលីពីន​នៅ​មជ្ឈមណ្ឌល​វប្បធម៌​ហ្វីលីពីន​ក្នុង​ទី​ក្រុង​ម៉ានីល។ ជា​ការ​កត់​សម្គាល់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​នេះ គឺ​ធ្វើ​ឡើង​ត្រូវ​នឹង​គំរប់​ខួប​៥០​ឆ្នាំ​នៃ​ការ​បង្កើត​អាស៊ាន។


កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១ ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ដោយ​មាន​ការ​ចូល​រួម​ពី​មេ​ដឹក​នាំ​នៃ​ប្រទេស​សមាជិក​អាស៊ាន ដែល​មាន​ដូច​ជា ព្រះ​ចៅ​ស៊ុល​តង់​នៃ​ប្រទេស​ប្រ៊ុយណេ, នាយក​រដ្ឋមន្ត្រី​ប្រទេស​កម្ពុជា​លោក ហ៊ុន សែន, ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក​ចូកូ វីដូដូ, នាយក​រដ្ឋមន្ត្រី​ប្រទេស​ឡាវ លោក ថោងលន់ ស៊ីស៊ូលីត, នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ណាជីព រ៉ាហ្សាក់, ទីប្រឹក្សារដ្ឋ​មីយ៉ាន់ម៉ា​លោក​ស្រី អ៊ុងសានស៊ូជី, នាយក​រដ្ឋមន្ត្រី​សឹង្ហបុរី​លោក​លីសៀនឡុង, នាយក​រដ្ឋមន្ត្រី​ថៃ​លោក​ប្រាយុទ្ធ​ចាន់​អូចា, និង​នាយក​រដ្ឋមន្ត្រី​វៀតណាម​លោក​ង្វៀន ស៊ុនហ្វុក។

ដៃ​គូ​សន្ទនា​របស់​អាស៊ាន ដែល​ចូល​រួម​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣១​រួម​មាន នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី កាណាដា ចិន ក្រុម​ប្រឹក្សា​អឺរ៉ុប ជប៉ុន ឥណ្ឌា នូវែលសេឡង់ ​រុស្ស៊ី ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង សហរដ្ឋ​អាមេរិក និង​អង្គការ​សហប្រជាជាតិ។

លោក ឌុយទែរតេ​បាន​ចាប់​ផ្តើម​សុន្ទរកថា​របស់​លោក​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា​នេះ ដោយ​ថ្លែង​អំណរ​គុណ​ដល់​សហគមន៍​អន្តរជាតិ​ចំពោះ​ការ​រំដោះ​ទីក្រុង​ម៉ាវីវី ដែល​ស្ថិត​នៅ​ក្រោម​ការ​ហ៊ុម​ព័ទ្ធ​អស់​រយៈ​ពេល ៥​ខែ ដោយ​ក្រុម​មូស្លីម ដែល​បំផុស​គំនិត​ដោយ​រដ្ឋ​អ៊ីស្លាម។

កិច្ច​ប្រជុំ​កំពូល​នៅ​ព្រឹក​នេះ ក៏​មាន​ការ​ចូល​រួម​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ផង​ដែរ។ ក្រៅ​ពី​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​នានា លោក ហ៊ុន សែន ​ក៏​នឹង​ជួប​ពិភាក្សា​ទ្វេ​ភាគី​ជាមួយ​បណ្តា​មេ​ដឹក​នាំ​ប្រទេស​មួយ​ចំនួន ដូច​ជា​នាយក​រដ្ឋមន្ដ្រី​ចិន នាយក​រដ្ឋមន្ដ្រី​អូស្ដ្រាលី នាយក​រដ្ឋមន្ដ្រី​ឥណ្ឌា នាយក​រដ្ឋមន្ដ្រី​នៃ​សហព័ន្ធ​រុស្ស៊ី និង​អគ្គលេខាធិការ អង្គការ​សហប្រជាជាតិ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​នៃ ប្រទេស​មួយ​ចំនួន​ទៀត​ផង​ដែរ។

មេ​ដឹក​នាំ​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន និង​ដៃ​គូ​សន្ទនា​ពី​ប្រទេស​មហា​អំណាច, សហភាព​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​រំពឹង​ថា​នឹង​ជជែក​គ្នា​លើ​បញ្ហា​នយោបាយ សន្តិសុខ សេដ្ឋកិច្ច និង​បញ្ហា​សង្គម-វប្បធម៌។

កិច្ច​ប្រជុំ​ដែល​បាន និង​គ្រោង​ធ្វើ​ក្នុង​ការ​ជួប​ជុំ​គ្នា​នៅ​ទីក្រុង​ម៉ានីល​នា​ឱកាស​កិច្ច​ប្រជុំ​កំពូល​អាស៊ាន មាន​ប្រមាណ​១១​កិច្ច​ប្រជុំ ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​មាន​ឯកសារ​ប្រមាណ​៥៦ ត្រូវ​បាន​អនុម័ត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន StraitsTimes។ សារព័ត៌មាន​ដដែល​បញ្ជាក់​ថា​មេ​ដឹក​នាំ​នៃ​ប្រទេស​ទាំង​នោះ ក៏​នឹង​លើក​យក​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង ភាព​តាន​តឹង​នៅ​កូរ៉េ​ បញ្ហា​ភេរវកម្ម​ជា​ដើម មក​ជជែក​ផង​ដែរ៕