rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ហ្វីលីពីន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ.ស.ប. ព្រួយបារម្ភ​ខ្លាំងពី​ការ​រំលោភ​សិទ្ធិមនុស្ស​ នៅ​ភាគ​ខាងត្បួង​​ហ្វីលីពីន

media
ប្រតិបត្តិការយោធា នៅ​ក្រុងម៉ារ៉ាវី កាលពីខែ​តុលា ២០១៧ REUTERS/Romeo Ranoco

ក្រុម​ប្រឹក្សា​​សិទ្ធិមនុស្សរបស់​អង្គការ​សហប្រជាជាតិ​ បាន​ថ្លែងពីថ្ងៃ២៨ធ្នូ​នេះ​ថា ការ​​អនុវត្ត​ច្បាប់​អាជ្ញាសឹក នៅ​កោះ​មិនដាណាវ គឺរំលោភសិទ្ធិមនុស្ស​ធ្ងន់​ធ្ងរ​។ ច្បាប់​អាជ្ញា​សឹក ដែល​ដាក់​ចេញ​​ដោយ ប្រធានាធិបតី​ រូឌ្រីហ្គោ ឌុយទែរតេ (Rodrigo Duterte) និង​ដែល​​បា​នអនុវត្ត​ជាង​៥ខែមកនេះ បាន​សម្លាប់​មនុស្ស​ជាង​១ ១០០ នាក់។


មាន​ការ​អនុវត្តទង្វើ​ឃោរឃៅ​ជាច្រើន​ទៅលើ​ក្រុម​មនុស្ស​កាន់​សាសនាអ៊ីស្លាម ដែល​រស់​នៅ​លើកោះ មិន​ដាណាវ ភាគ​ខាង​ត្បូង​ហ្វីលីពីន។ ពលរដ្ឋ​កាន់​សាសនាអ៊ីស្លាម ត្រូវ​អាជ្ញាធរ​ជម្លៀស​ខ្លួន​ឲ្យ​ទៅ​រស់​នៅ​ក្នុង​សហគមន៍​ផ្សេង។​ ហើយ​ក្នុង​ចំណោម​អ្នក​ស្លាប់ ទាំង​ជាង​១ពាន់​នាក់នោះ​ ​មា​នមួយ​ចំនួន​ធំ គឺជា​សកម្មជន​ការ​ពារសិទ្ធិមនុស្ស​ផង​។ ទាំង​នេះ​គឺ​យោង​ទៅ​តាម​ការ​ពន្យល់​​ពី​មន្ត្រី​ជំនាញ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្សនៃ​អង្គការ​សហប្រជាជាតិ​។

ការ​បំពានសិទ្ធិមនុស្សនេះ ត្រូវ​បាន​អង្គការ​សហប្រជាជាតិ ថ្លែង​ក្តីព្រួយ​បារម្ភ​ជា​ខ្លាំង ព្រោះថា​ការ​រំលោភបំពាន​​សិទ្ធិមនុស្ស​ធ្ងន់​ធ្ងរបែរ​នេះ បាន​បង្ក​ការ​ខូត​ខាតយ៉ាង​ច្រើន​សម្បើម​​ ដែល​​​គ្មាន​ផ្លូវ​នឹង​អាច​ជួសជុល​មក​វិញបាន​ឡើយ​​។

ច្បាប់​អាជ្ញាសឹក របស់​ហ្វីលីពីន បាន​ផ្តល់​អំណាច​យ៉ាង​ខ្លាំង​ដល់​កម្លាំងអាជ្ញាធរ​ ដើម្បី​កម្ទេច​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​ជីហាដ ​នៅ​លើ​កោះ​មិនដាណាវ​។ លោកប្រធានាធិបតី​ហ្វីលីពីន យល់ថា កោះ​មិនដាណាវ​ និង ​ទីក្រុង​ ម៉ារ៉ាវី គឺ​ជា​ជង្រុក​​របស់​ពួក​ភេរវជន​ ជាបណ្តុំ​ក្រុម​​អ៊ីស្លាម​ដែល​និយម​ប្រើ​អំពើ​ហិង្សា និងជា​​សំបុកពួក​ប្រដាប់​អាវុធ​កុំម្មុយនីស។ ហេតុ​ដូច្នេះហើយ គឺត្រូវ​តែ​មាន​វិធានការ​តឹង​រឹង​សម្រាប់​ទប់​ទល់​ពួកនេះ​​។

សូមបញ្ជាក់ថា ច្បាប់​អាជ្ញាសឹក ដែល​ដាក់​ចេញ​​ដោយ លោក ឌុយទែរតេ តាំងពីខែ​ឧសភានោះ គឺ​ក្រោយ​ពី​ពួក​ជីហាដ​​បាន​ឈ្លាន​ពាន​ចូល​គ្រប់​គ្រង​ទីក្រុង​ ម៉ារ៉ាវី តែទីបំផុត​​ ត្រូវ​បាន​លោក ឌុយទែរតេ ចេញ​បញ្ជា​ឲ្យ​ធ្វើ​​ប្រតិបត្តិការយោធា​កម្ទេចចោល។

​យ៉ាងណាក៏ដោយ ក្រុម​ប្រឹក្សា​​សិទ្ធិមនុស្សរបស់​អង្គការ​សហប្រជាជាតិ​ នៅតែសម្តែងក្តី​​​ព្រួយ​បារម្ភ។ បារម្ភ​ព្រោះខ្លាច​ក្រែង​ច្បាប់​អាជ្ញាសឹក​នេះ នៅ​តែ​បន្ត​អូស​បន្លាយ​ការ​អនុវត្ត​រហូត​ដល់​ដាច់​ឆ្នាំ​២០១៨ថែម​ទៀត ដែល​នេះ នឹង​កាន់តែ​ធ្វើ​ឲ្យ​យោធា​ប្រើ​ថ្នាំ​ខ្លាំងទៅលើ​ប្រជាពលរដ្ឋ​​ស្លូតត្រង់៕