អានតួអត្ថបទ
ប៉េរូ

ប៉េរូ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ និង​សមាជិក​​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គចៅក្រម៦នាក់ ​បាន​សុំលាឈប់​ពី​តំណែង​

នៅ​ប្រទេស​​ប៉េរូ ថ្ងៃទី២០កក្កដា​នេះ ​ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គចៅក្រម ប្រកាសលាឈប់ពីតំណែង ហើយពី​ថ្ងៃទី​១៩កក្កដា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ប្រធាន​តុលាការ​កំពូល​ និង​ចៅក្រម៥នាក់ បាន​សុំ​លាឈប់​ពី​តំណែង ហើយអ្នក​ខ្លះ​បាន​ត្រូវ​​នគរ​បាល​​ឃាត់​ខ្លួន ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ពុក​រលួយ។ ហេតុ​ការណ៍​នេះ គឺ​បន្ទាប់​ពី​មាន​ការ​បែក​ធ្លាយ​កិច្ច​​សន្ទានាតាម​ទូរសព្ទ​​ជា​ច្រើន​របស់ចៅក្រម​មួយ​ចំនួន​។ ដោយសារតែ​ការ​ឆ្លើយ​ឆ្លង​តាម​ទូរសព្ទនេះហើយ​ដែល​បាន​ធ្វើឱ្យ​​​ប្រជា​ពលរដ្ឋ​ប៉េរូជា​ច្រើន​ពាន់​នាក់ ខឹង​សម្បារ និង​បាន​ចុះ​ផ្លូវ​បាតុកម្ម​តវ៉ា ជិត​២សប្តាហ៍​​មកហើយ។

ពលរដ្ឋ​ប៉េរូ បាន​បាតុកម្ម​តវ៉ា​តាម​ផ្លូវ មុខ​ក្រសួង​យុត្តិធម៌ និង​តាម​រដ្ឋធានី-ក្រុង​ធំៗ
ពលរដ្ឋ​ប៉េរូ បាន​បាតុកម្ម​តវ៉ា​តាម​ផ្លូវ មុខ​ក្រសួង​យុត្តិធម៌ និង​តាម​រដ្ឋធានី-ក្រុង​ធំៗ reuters
ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​ខ្សែ​អាត់​សំឡេង​​ជា​ច្រើនដែល​ត្រូវ​បែកធ្លាយ​នោះ​  មានមួយ​ ជា​​ការ​សន្ទនា​របស់​ចៅក្រម​តុលាការ​កំពូ​ល​ម្នាក់ ដែល​ទំនង​ជា​ចង់​លូក​ដៃ​ជួយ​ជន​ជាប់​សង្ស័យ​ ចំពោះ​​សំណុំ​រឿង​រំលោភ​លើ​ក្មេង​ស្រី​ម្នាក់​អាយុ​១១ឆ្នាំ។ លោក​ចៅក្រម César Hinostroza បាន​និយាយឆ្លើយ​ឆ្លង​តាម​ទូរសព្ទ​ថា «តើ​ចង់បន្ធូរ​បន្ថយ​ទោស ឬ​​ប្រកាសថា គ្មាន​ទោសតែម្តង? ខ្ញុំ​នឹង​ពិនិត្យ​ឯកសារ​នោះ»។

ចំណែក​ឯលោក Duberli Rodriguez ប្រធាន​​​តុលាការ​កំពូល​ប៉េរូវិញ​ ក៏ត្រូវ​បាន​គេ​ដឹង​តាម​រយៈ​ខ្សែ​អាត់​សំឡេង​ដែរ​ថា លោក​បាន​ជួយ​សម្រប​សម្រួល​ឲ្យ​ចៅក្រម​ និង​មន្ត្រី​តុលាការ​មួយ​ចំនួន បា​នទទួល​តំណែង​ជា​ថ្នូរ​នឹង​លុយសំណូក​។

គួរ​បញ្ជាក់ថា សារ​ខ្សែ​អាត់​​ដែល​បែក​ធ្លាយ​ទាំងអស់​​នេះ គឺ​ក្រុម​ប៉ូលីស​ស៊ើប​អង្កេត​ប៉េរូ​ជា​អ្នក​ថត​សំឡេង នៅក្នុង​ប្រតិបត្តិការ​ស៊ើប​អង្កេត​សំណុំ​រឿង​ជួញ​ដូរ​គ្រឿង​ញៀន។ សារ​សំឡេងទាំង​​នោះ បាន​បែក​ធ្លាយ​ប្រមាណ​ជា​២សប្តាហ៍​​មក​ហើយ ហើយ​ដែលបាន​ធ្វើឲ្យ​​ប្រទេស​ប៉េរូ ​ធ្លាក់​ក្នុង​វិបត្តិ មិន​ធ្លាប់​មាន​ទេ​ក្នុង​ប្រវត្តិសាស្ត្រ​ ​ដោយសារតែ​ប្រជាជន​ប៉េរូ​រាប់​ពាន់​នាក់​ បា​នបាតុកម្ម​​ស្រែក​តវ៉ា​រក​យុត្តិធម៌ នៅ​ពាសពេញ​រដ្ឋ​ធានី និង​តាម​បណ្តា​ក្រុង​សំខាន់ៗ​។

ទាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​នេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប៉េរូ ក៏​បាន​សុំ​លាឈប់​ពី​តំណែង​រួច​មកហើយ​ដែរ ដោយ​ធ្វើ​តាម​ការ​ស្នើ​របស់​ប្រធានាធិបតី Martin Vizcarra​។ ចំណែក​លោក​ Duberli Rodriguez ប្រធាន​​​តុលាការ​កំពូល ក៏​បាន​ប្រកាស​ នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ តាម​បណ្តាញ​សង្គម​ Twitter ថា​លោក​សុំដក​ខ្លួន ​លាឈប់ពី​តំណែង​​ហើយ។ ជាមួយគ្នានេះ លោក Orlando Velasquez ប្រធាន​ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក៏បាន​ប្រកាស​ចុះ​ចេញពី​តំណែងដែរ។ ជាការ​កត់​សម្គាល់ ក្នុង​ចំណោម​សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ចំនួន​៧នាក់ មាន​​៦នាក់​ បាន​សុំ​លាឈប់ ហើយ​១នាក់ទៀត ត្រូវ​គេ​រំពឹង​ថា អាច​នឹង​ត្រូវ​លាឈប់​ជា​បន្តបន្ទាប់​ដែរ។

ក៏ប៉ុន្តែ នៅក្នុងកិច្ច​ប្រជុំ​​សភា ​នាថ្ងៃសុក្រ ទី​២០កក្កដា​នេះ ​លោកប្រធានាធិបតី បាន​សម្រេច​ព្យួរសមាសភាព​​សមាជិកទាំង​អស់​ របស់​ឧត្តម​ក្រុមប្រឹក្សា​នៃអង្គចៅក្រម​ ដើម្បី​រង់ចាំ​គម្រោង​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ជា​ថ្មី។ គម្រោង​នេះ លោក​ប្រមុខ​រដ្ឋ ​នឹង​ប្រកាស​នៅ​ថ្ងៃទី​២៨ កក្កដា​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ