rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
នាទី​យល់ដឹង​អំពី​ច្បាប់ និង​ជំនួញ
rss itunes

ក្នុងករណី​ឪពុកម្តាយ​លែងលះគ្នា តើ​កូន​ត្រូវ​បាន​ទៅ​ខាងណា​ជា​អ្នក​គ្រប់គ្រង?

ដោយ សេង ឌីណា

នៅក្នុង​នាទីយល់ដឹង​ពីច្បាប់ នៅថ្ងៃ​នេះ សេង ឌីណា សូម​ធ្វើការ​ពន្យល់​ជុំវិញ​សិទ្ធិ​គ្រប់គ្រង​កូន នៅ​ក្នុង​ករណី​ឪពុកម្តាយ​លែងលះគ្នា។ តើ​អំណាចមេបា​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ឪពុក ឬ​ម្តាយ? តើ​អ្នក​គ្មាន​អំណាច​មេបា​មាន​សិទ្ធិ​ និង​ករណីយកិច្ច​អ្វីខ្លះ?

សំណួរ-​នៅក្នុង​ករណី ដែល​ឪពុកម្តាយ​លែងលះគ្នា តើ​​កូន​ត្រូវ​បាន​ទៅ​អ្នកណា​ជា​អ្នកគ្រប់គ្រង?
 
ជាបឋម គួរ​បញ្ជាក់ថា កាលណា​និយាយ​អំពី​ការ​គ្រប់គ្រង​កូន នៅ​ក្នុង​ករណី​លែងលះ គេ​ត្រូវ​និយាយ​ពី​ចំណុច​សំខាន់ ២ គឺ អំណាច​មេបា (តើ​ឪពុក ឬ​ម្តាយ ឬ​ទាំងឪពុក និង​ម្តាយ ដែល​ត្រូវ​មាន​អំណាច​មេបា​លើ​កូន?) និង​ទីកន្លែង ដែល​កូន​ត្រូវ​រស់នៅ (កូនត្រូវ​រស់នៅ​ជាមួយ​ឪពុក ឬ​ជាមួយម្តាយ?)។

ជាធម្មតា កាលណា​លែងលះ​គ្នា ឪពុកម្តាយ នឹង​ត្រូវ​រស់នៅ​បែកគ្នា។ ដូច្នេះ កូន​ត្រូវ​ទៅរស់​នៅ​ជាមួយ​ខាងណាមួយ (ជាមួយ​ឪពុក ឬ​ជាមួយ​ម្តាយ?)។

បើគេ​និយាយ​ពី​គោលការណ៍ច្បាប់​ជាទូទៅ នៅក្រោយ​ការ​លែងលះ ការ​កំណត់​ពី​អំណាច​មេបា អាច​ធ្វើឡើង តាម​ពីររបៀប គឺ អំណាចមេបា​រួម និង​អំណាច​មេបា​ទោល។ អំណាច​មេបា​រួម គឺ​មានន័យថា បើទោះបីជា​រស់នៅ​បែកគ្នា​ក៏ដោយ ឪពុក និង​ម្តាយ ដែល​លែងលះ​គ្នា នៅតែ​មាន​អំណាច​មេបា​រួមគ្នា លើ​កូន ដូចជា កាល​ពី​មិនទាន់​លែងលះ​គ្នា​ដែរ។

ក៏ប៉ុន្តែ ច្បាប់​ខ្មែរ គឺ​នៅ​ក្នុង​ក្រមរដ្ឋប្បវេណី (មាត្រា ១០៣៧) ទទួលស្គាល់​តែ​អំណាច​មេបា​ទោល​តែប៉ុណ្ណោះ ដោយ​មិន​ទទួលស្គាល់​អំណាច​មេបារួម​ទេ នៅ​ក្នុង​ករណី​លែងលះ។ មានន័យថា អំណាច​មេបា​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ខាងណាមួយ។ ឬ​មួយ​ត្រូវ​ឲ្យ​ទៅ​ម្តាយ។ ឬមួយ​ត្រូវ​ឲ្យ​ទៅ​ឪពុក។ តាមធម្មតា បើ​ម្តាយ​ជា​អ្នក​ទទួល​អំណាចមេបា កូន​​ត្រូវ​រស់នៅ​ជាមួយ​ម្តាយ។ បើ​ឪពុក​ជា​អ្នក​ទទួល​អំណាច​មេបា កូន​ត្រូវ​រស់នៅ​ជាមួយ​នឹង​ឪពុក។
 
សំណួរ-តើ​ការ​សម្រេច​ប្រគល់​​កូន​ទៅ​ឲ្យ​ឪពុក ឬ​ទៅ​ឲ្យ​ម្តាយ​ជា​អ្នក​គ្រប់គ្រង ត្រូវ​ធ្វើ​ឡើង​ដោយ​របៀបណា? ហើយ​ត្រូវ​ធ្វើឡើង​ដោយ​យោងទៅលើ​កត្តា​អ្វីខ្លះ?
 
មាត្រា ១០៣៧ នៃ​ក្រមរដ្ឋប្បវេណី ផ្តល់​អាទិភាព​ទៅ​ឲ្យ​ឪពុកម្តាយ ដែល​ចង់​លែង​លះគ្នា ជា​អ្នក​ពិភាក្សា​គ្នា កំណត់​អំពី​ការ​គ្រប់គ្រង​កូន។

ប្រសិនបើ​ឪពុក​ម្តាយ​មិន​អាច​ស្វែងរក​ដំណោះស្រាយ​តាមរយៈការ​ជជែក​ពិភាក្សា​គ្នាបាន​​ទេ គឺ​តុលាការ​ជា​អ្នក​សម្រេច ហើយ​តុលាការ​ត្រូវ​សម្រេច​យក​ផលប្រយោជន៍​របស់​កូន​ជា​ធំ។ ជាទូទៅ តុលាការ​តែងតែ​ពិនិត្យ​មើល​ទៅ​លើ​ចំណុច​មួយ​ចំនួន ដូចជា

  • ការងារ និង​ប្រាក់​ចំណូល៖ តើ​ខាងណា ដែល​មាន​ការងារ និង​ប្រាក់​ចំណូល​ជាប់លាប់ជាង ដើម្បី​ធានា​ពី​ការ​ចិញ្ចឹម​បីបាច់​ថែរក្សា និង​អប់រំកូន?
  • ផ្ទះសម្បែង៖ តើ​ខាងណា ដែល​មាន​លំនៅដ្ឋាន​ជាប់លាប់ មាន​ផ្ទះ​ធំល្ម សម្រាប់​ឲ្យ​កូន​រស់នៅ​សមរម្យ? តើ​ទីលំនៅ​ខាង​ណា ដែល​មានទីតាំង​មាន​អំណោយ​ផល​ជាង សម្រាប់​​ការ​រៀនសូត្រ​​របស់​កូន?
  • បុគ្គលិកលក្ខណៈ អកប្បកិរិយា និង​មនោសញ្ចេតនា​ចំពោះ​កូន៖ រវាង​ឪពុក និង​ម្តាយ តើ​មាន​ខាងណាមួយ ដែល​ធ្លាប់​ប្រើ​អំពើ​ហិង្សា​លើ​កូន​ដែរ​ឬទេ​កន្លងមក? តើ​​ធ្លាប់​បង្ហាញ​ពី​ការ​យកចិត្ត​ទុកដាក់​លើ​កូន​ប៉ុណ្ណា?

ដូច្នេះ បើសិន​ជា​តុលាការ​មើលទៅ​ឃើញ​ថា ឪពុក ឬ​ម្តាយណាមួយ គិត​តែ​ពី​ដើរ​ផឹកស៊ី ឬ​លេងល្បែងស៊ីសង គ្មាន​គិតគូរ​ធ្វើការ​រកស៊ី គ្មាន​ផ្ទះសម្បែង​ត្រឹមត្រូវ ឬ​ក៏​ធ្លាប់​ប្រើ​អំពើ​ហិង្សា​លើ​កូន តុលាការ​នឹង​មិន​​ឲ្យ​​ឪពុក ឬ​ម្តាយនោះ ជា​អ្នក​ទទួលសិទ្ធិ​គ្រប់គ្រង​កូន​ទេ គឺ​ប្រាកដ​ជា​ត្រូវ​ឲ្យ​ទៅ​ម្ខាង​ទៀត ដែល​មាន​ការងារ​ធ្វើ​ជាប់លាប់ជាង មាន​ផ្ទះសម្បែង​ត្រឹមត្រូវ មាន​អត្តចរឹក​សមរម្យ មាន​ការ​យកចិត្ត​ទុកដាក់​ក្នុងការ​បីបាច់​ថែរក្សា​កូន។

សំណួរ-តើ​ឪពុក ឬ​ម្តាយ​ ដែល​មិន​មាន​អំណាច​មេបា (មិន​រស់នៅ​ជាមួយកូន) ត្រូវ​មាន​សិទ្ធិ​អ្វីខ្លះ?
 
ឪពុក ឬ​ម្តាយ ដែល​ទទួលបាន​សិទ្ធិគ្រប់គ្រង​កូន​ នៅតែ​មាន​ចំណង​ញាតិ​ស្របច្បាប់​ជាមួយ​កូន ជាឪពុក ឬ​ជាម្តាយ​​ដដែល។ ការ​ប្រគល់​សិទ្ធិ​ឲ្យ​ឪពុក​ជា​អ្នក​គ្រប់គ្រង​កូន មិនមែន​មានន័យថា ចំណង​គតិយុត្ត​រវាង​កូន និង​​ម្តាយ​ត្រូវ​កាត់ផ្តាច់​នោះទេ ហើយ​ការ​ប្រគល់​សិទ្ធិ​ទៅ​ឲ្យ​ម្តាយ​គ្រប់គ្រង​ជា​អ្នក​គ្រប់គ្រង​កូន ក៏​មិនមែន​មានន័យថា ចំណង​គតិយុត្ត​ជា​ឪពុក​ត្រូវ​កាត់ផ្តាច់​នោះដែរ។

ឪពុក ឬ​ម្តាយ ដែល​មិន​បាន​ទទួលសិទ្ធិ​គ្រប់គ្រង​កូន នៅ​តែ​មាន​សិទ្ធិ​ចូលជួប និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​នឹង​កូន ហើយ​ក្នុង​ពេល​ជាមួយគ្នា នៅតែ​មាន​ករណីយកិច្ច​​ចូលរួម​ទទួលបន្ទុក​លើ​សោហ៊ុយ ដែលចាំបាច់ ដើម្បី​គ្រប់គ្រង​ថែរក្សា​កូន។ ចំណែក​ឯ​ឪពុក ឬ​ម្តាយ ដែល​ទទួលសិទ្ធិ​គ្រប់គ្រង​កូន​ ត្រូវ​បង្ក​លក្ខណៈងាយស្រួល​គ្រប់បែបយ៉ាង​ដល់​ភាគី​ម្ខាងទៀត ក្នុងការ​ចូលជួប សួរសុខទុក្ខ និង​ប្រាស្រ័យទាក់ទង​ជាមួយ​កូន។

របៀបនៃ​ការ​ចូលជួប ការ​ប្រាស្រ័យទាក់ទង​ជាមួយកូន និង​ការ​ចូលរួម​ចំណែក ក្នុង​សោហ៊ុយ​ចាំបាច់ ក្នុងការ​គ្រប់គ្រង​ថែរក្សា​កូន (អាហារកិច្ច) គឺ​ត្រូវ​កំណត់ តាមរយៈ​ការ​ជជែក​ពិភាក្សា​គ្នា រវាង​ឪពុក និង​ម្តាយ។ ប្រសិនបើ​ឪពុក​ម្តាយ​មិន​មាន​ការ​ព្រមព្រៀង​គ្នា​ទេ គឺ​តុលាការ​ជា​អ្នក​សម្រេច ដោយ​យក​ផលប្រយោជន៍​កូន​ជា​ធំ ហើយ​នៅ​ក្នុង​ការ​កំណត់​អំពី​អាហារកិច្ច តុលាការ​ក៏​ត្រូវ​គិតពិចារណា​ទៅលើ​ស្ថានភាព​នៃ​ជីវភាព និង​ស្ថានភាព​សេដ្ឋកិច្ច​របស់​ឪពុក​ម្តាយ​ដែរ។

ចំណុច​សំខាន់​មួយទៀត ឪពុក ឬ​ម្តាយ ដែល​មិនទទួល​បាន​សិទ្ធិ​គ្រប់គ្រង​កូន នៅតែ​មាន​សិទ្ធិ​ទាមទារ​ឲ្យ​ភាគី​ម្ខាងទៀត រាយការណ៍​អំពី​ស្ថានភាព​របស់​កូននេះ​បាន។ ម្យ៉ាងទៀត ចំពោះ​​កិច្ចការ​សំខាន់ៗ ដែល​ទាក់ទង​នឹង​អាយុជីវិត​កូន ទាក់ទង​នឹង​អនាគត​កូន ឪពុក ឬ​ម្តាយ ដែល​ទទួលសិទ្ធិគ្រប់គ្រង​កូន មាន​កាតព្វកិច្ច​ពិភាក្សា​ជាមួយ​នឹង​ភាគី​ម្ខាងទៀត  មុន​នឹង​ធ្វើការ​សម្រេច​អ្វីមួយ លើកលែង​តែ​ក្នុងករណី​ចាំបាច់​បន្ទាន់ មិន​អាច​ពិភាក្សា​គ្នា​បាន។

កិច្ចការចាំបាច់ ដែល​ច្បាប់​តម្រូវ​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​នេះ មានចែង​ក្នុង​មាត្រា ១០៤២ នៃ​ក្រមរដ្ឋប្បវេណី គឺ​មាន​៖

  • ការអប់រំ​កូន ដែល​ហួស​ពី​កម្រិត​នៃ​កាតព្វកិច្ច​អប់រំ ដែល​កំណត់​ដោយ​ច្បាប់ ដូចជា ការ​​បញ្ជូន​កូន​ឲ្យ​ទៅ​រៀន​នៅ​មហាវិទ្យាល័យ ឬ​បញ្ជូនកូន​ឲ្យ​ទៅ​រៀន​នៅ​បរទេស​ ជាដើម។
  • ការផ្លាស់ប្តូរ​ទីសំណាក់​របស់​កូន ពី​ខេត្តក្រុងមួយ ទៅ​ខេត្ត​ក្រុងមួយទៀត។ ការ​ពិគ្រោះយោបល់​គ្នា​លើ​ចំណុច​នេះ វាមាន​សារៈសំខាន់ ដើម្បី​ចៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ទៅដល់​សិទ្ធិ​​​ ក្នុង​ការ​ជួបសួរសុខទុក្ខ និង​​ការ​ប្រាស្រ័យទាក់ទង​​ជាមួយ​កូន។
  • សេចក្តីសម្រេច​ទាក់ទង​នឹង​វិជ្ជាជីវៈ ឬ​អាជីវកម្ម​របស់​កូន ដូចជា កា​រសម្រេច​ឲ្យ​កូន​ឈប់រៀន ហើយ​ចាប់​ផ្តើម​ប្រកប​ការងារ​អ្វីមួយ ឬ​ក៏​ឲ្យ​កូន​ផ្អាក ឬ​បញ្ឈប់ការ​សិក្សា ដើម្បី​ទៅ​បួស ជាដើម។
  • សកម្មភាព​ព្យាបាល ដែល​ទាក់ទង​ដល់​អាយុជីវិត​របស់​កូន។
  • ការចាត់ចែង​ទ្រព្យសម្បត្តិ​របស់​កូន។
  • ការសម្រេច​សំខាន់ៗ​ផ្សេងទៀត ដែល​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ថែរក្សាកូន និង​ទ្រព្យសម្បត្តិ​របស់​កូន។ ការដែល​ច្បាប់​ចែង​ត្រង់ចំណុច​ចុងក្រោយ​នេះ គឺ​ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ឪពុក​ម្តាយ ធ្វើការ​ពិចារណា​ដោយ​ខ្លួនឯង អំពី​ចំណុច​សំខាន់ៗ​ផ្សេងៗ​ទៀត ដែល​មិន​មានចែង​នៅ​ក្នុង​ប៉ុន្មាន​ចំណុច​ខាងលើ ប៉ុន្តែ ខ្លួនយល់ថា ជា​ចំណុចសំខាន់ ដែល​ចាំបាច់​ត្រូវ​ធ្វើការពិភាក្សា​គ្នា មុននឹង​សម្រេច​ចិត្ត។

សំណួរ-​ចុះបើ​នៅ​ក្នុង​ការ​ពិភាក្សា​គ្នា ទៅលើ​ចំណុច​សំខាន់ៗ​ទាំងនេះ ឪពុកម្តាយ​មិន​ឯកភាពគ្នា តើ​ខាងណា​ជា​អ្នក​មាន​សិទ្ធិសម្រេច​ចុងក្រោយ?
 
នៅត្រង់ចំណុចនេះ ច្បាប់​មិនបាន​ចែង​បញ្ជាក់​ច្បាស់លាស់ទេ ក៏ប៉ុន្តែ បើ​យើងពិនិត្យ​មើល​ជារួម ដោយសារ​តែ​ឪពុក ឬ​ម្តាយ ដែល​ទទួលសិទ្ធិ​គ្រប់គ្រង​កូន គឺ​ជា​អ្នក​មាន​អំណាច​មេបា ដូច្នេះ គួរ​តែ​​ការសម្រេច​របស់​អ្នក​មាន​អំណាច​មេបា​នេះ ដែល​ត្រូវ​មាន​អាទិភាព។ ប្រសិនបើភាគី​ម្ខាងទៀត គឺ​ឪពុក ឬ​ម្តាយ ដែល​គ្មាន​អំណាច​មេបា​ជំទាស់​នឹង​ការ​សម្រេច​នេះ ដោយ​យល់​ថា ជា​ការ​សម្រេច​ដែល​នាំ​ឲ្យ​ប៉ះពាល់​ទៅដល់​សុខមាលភាព​របស់​កូន ទៅដល់​ផលប្រយោជន៍​របស់​កូន គាត់​អាច​ទាមទារ​ទៅ​តុលាការ​ សុំ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​​អ្នក​គ្រប់គ្រង​កូន​វិញបាន ដូចដែល​មាន​ចែង​កំណត់​ក្នុង ​មាត្រា ១០៣៩ នៃ​ក្រមរដ្ឋប្បវេណី៕

ការទិញ/លក់​អចលនវត្ថុ៖ តើត្រូវ​ធ្វើ​យ៉ាងណា ដើម្បី​ជៀសវាង​វិវាទ

Facebook៖ អ្វី​ដែល​អ្នក​ប្រើប្រាស់​គួរ​ដឹង​និង​ប្រយ័ត្នប្រយែង

ស្វែងយល់​អំពី​កិច្ចសន្យា​ទិញលក់​ក្នុង​ក្រម​រដ្ឋប្បវេណី​ខ្មែរ

ពន្យល់សង្ខេប​សំណុំរឿង​បកស្រាយ​សាលក្រម​ឆ្នាំ១៩៦២ នៅ​តុលាការ​ក្រុងឡាអេ

សំណុំរឿង​ព្រះវិហារ​នៅ​តុលាការ​ក្រុង​ឡាអេ កាល​ពី​៥០​ឆ្នាំ​មុន

ការទទួលខុសត្រូវ​ចំពោះ​ខ្លឹមសារ​ដែល​ចុះផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធ័រនែត

តើ​សញ្ជាតិ​ខ្មែរ​ត្រូវ​ផ្តល់ឲ្យ​ក្នុង​លក្ខខណ្ឌ​ណាខ្លះ?

ចំណាត់ថ្នាក់​បទល្មើស, អាជ្ញាយុកាល និង​អាជ្ញាអស់ជំនុំ នៅក្នុង​ច្បាប់​ព្រហ្មទណ្ឌខ្មែរ

តើម្ចាស់ដី​អាច​បិទផ្លូវ​ឯកជន​ដែល​ខ្លួនធ្វើ​កាត់តាម​ដី​របស់​ខ្លួន​​មិនឲ្យ​អ្នកជិតខាង​ឆ្លងកាត់​បាន​​ដែរ​​ឬ​ទេ?

ករណី​លក់​អចលនវត្ថុ​ដែល​ជាប់​សិទ្ធិ​ហ៊ីប៉ូតែក​មិនទាន់​ជម្រះ

ដើម្បី​ទទួលបាន​នូវ​ការ​រក្សាសិទ្ធិ តើ​ចាំបាច់​ត្រូវ​ដាក់​និមិត្តសញ្ញា "©រក្សាសិទ្ធិ" ឬទេ?

ក្រមរដ្ឋប្បវេណី៖ ការ​ដាក់​ទ្រព្យ​ធានា​កាតព្វកិច្ច​លើ​បំណុល

វិសាលភាព​នៃ​ដែន​អនុវត្ត​ក្រមព្រហ្មទណ្ឌ​​ខ្មែរ

នីតិ​ព្រហ្មទណ្ឌ៖ តើអ្វីទៅ​ជា​ការ​ព្យួរទោស? អ្វីទៅ​ជា​របប​ពាក់កណ្តាល​សេរីភាព?

ការ​គ្រប់គ្រង ចាត់ចែង និង​បែងចែក​ទ្រព្យសម្បត្តិ​ប្តីប្រពន្ធ

លក្ខណៈ​ខុសគ្នា​រវាង​បទ​ឃាតកម្ម ឃាតកម្ម​គិតទុក​ជា​មុន និង​មនុស្សឃាត​ដោយ​អចេតនា

អំពី​សិទ្ធិ និង​នីតិវិធី​នៃ​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​និយោជិត

គុណសម្បត្តិ និង​គុណវិបត្តិ​នៃ​ប្រភេទ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ក្នុង​ច្បាប់​ខ្មែរ

តើ​ច្បាប់ខ្មែរ​ចែង​ពី​លក្ខខណ្ឌ​អ្វីខ្លះស្តីពី​ការ​សុំកូន​ទៅ​ចិញ្ចឹម​នៅ​បរទេស?