អានតួអត្ថបទ
ហុងកុង

ហុងកុង៖ មេ​បដិវត្តន៍ឆ័ត្រ​លឿង ​៤នាក់​ ត្រូវ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ ពីបទរៀបចំមហាបាតុកម្មកាលពីឆ្នាំ ២០១៤

នៅ​ថ្ងៃពុធ ទី​២៤មេសា តុលាការ​ហុងកុង បាន​សម្រេច​ជម្រះ​ក្តីចំពោះ​មេៗចលនា​បដិវត្តន៍​ឆ័ត្រលឿង ចំនួន​៤នាក់ ក្នុង​ចំណោមក្បាល​ម៉ាស៊ីន​​​៩នាក់​ ដែល​បាន​ដឹកនាំ​បាតុកម្មនិស្សិត បិទផ្លូវ និងកាន់​កាប់​អគារពាណិជ្ជកម្ម​ហុងកុង កាលពីឆ្នាំ​២០១៤​។ គឺ​ជា​មហាបាតុកម្មដើម្បីទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅហុងកុង។​ ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​នោះ  មាន​ពីរនាក់​ត្រូវ​ជាប់ពន្ធធនាគារ ១៦ខែ ដែល​គេ​យល់ថា ជា​ទោស​ធ្ងន់ធ្ងរ​​បំផុត​។

ឡាន​ដឹក​ជនជាប់ចោទ ដែល​ហ៊ុំព័ទ្ធដោយ​អ្នក​កាសែត​
ឡាន​ដឹក​ជនជាប់ចោទ ដែល​ហ៊ុំព័ទ្ធដោយ​អ្នក​កាសែត​ @AFP
ផ្សាយពាណិជ្ជកម្ម

ទោស​ជាប់​ពន្ធនាគារ ចំនួន​​១៦ខែ ត្រូវ​ធ្លាក់ទៅលើ​សាស្ត្រា​ចារ្យ​សង្គមវិទ្យា លោក ចាន់ គីនម៉ាន អាយុ៦០ឆ្នាំ និង​គ្រូ​ច្បាប់ លោក បេនី តាយ វ័យ​៥៤ឆ្នាំ។ សេចក្តីសម្រេច​នេះ​ ត្រូវ​ប្រកាស​ឡើង​ នៅ​លើ​​សម្រែង​ទ្រហោយំ​ និង​កំហឹងដ៏​ទោមនស្ស​​ ​របស់​អ្នក​គាំទ្រ​របស់​ពួក​គាត់ ដែលកំពុង​តែ​កាន់​ឆ័ត្រ​ពណ៌​លឿង​ នៅ​ក្រៅ​របង​តុលាការ​។

ចំណែករៀម​ច្បង​ចលនា​ពីររូប​ទៀត ម្នាក់ជាសកម្មជន​សិទ្ធិមនុស្ស ម្នាក់​ទៀត​ជាមេធាវី​​ ត្រូវ​សាលាជម្រះក្តីហុងកុង សម្រេចទោស​ដាក់​គុក​ ៨ ខែ។ ក៏ប៉ុន្តែ ជនជាប់ចោទ​​ហាក់​មិន​ចុះ​ញមទាល់​សោះ​​ឡើង។ ពេល​ត្រូវ​ប៉ូលីសគ្រាក បណ្តើរអូស ​ទៅចូល​ឡាន​របស់​ឆ្មាំគុក, ​ លោក រ៉ាហ្វអែល​ វង្ស  ជាសកម្មជន​សិទ្ធិមនុស្ស បាន​ស្រែក​ប្រកាស​ថា ឆន្ទៈ​​របស់លោក​មិន​ផ្លាស់ប្តូរឡើង គឺ​តស៊ូ​ប្រយុទ្ធ​ដើម្បី​​ប្រ​ជា​ធិបតេយ្យ​ហុង​កុង​។ 

​​រីឯ៤នាក់ទៀត តុលាការ​ អាច​នឹងត្រូវ​​កាត់​ទោស​ដាក់​គុក តែ​ទំនង​ជា​ត្រូវ​ព្យូរទោស ឬក៏ ​បញ្ជា​ឲ្យ​ធ្វើ​ការងារ​​បម្រើ​សង្គម។ រីឯ​ជនជាប់​ចោទ ​ទី​៩ គឺ​អ្នក​តំណាង​រាស្ត្រ​ តានីញ៉ា ចាន់។ ទោស​របស់​លោកស្រី ត្រូវ​លើកពេល​ប្រកាស ដ្បិត​លោកស្រី​កំពុង​ទទួល​ការ​ព្យបាល​ជំងឺ​ខួរក្បាល។

គួរ​រម្លឹក​ជូន​ថា កាលពី​ឆ្នាំ​២០១៤ ចលនា​ឆ័ត្រ ដែល​គេ​ប្រសិទ្ធនាមថា បដិវដ្តន៍ឆ័ត្រ​លឿង ផ្តួច​ផ្តើម​​ដោយ​ក្រុម​យុវជន និស្សិត​​និង​ក្រុម​បញ្ញវន្ត ​​ប្រមូល​ផ្តុំ​គ្នា​​ បិទផ្លូវក្នុង​សង្កាត់​ជា​ច្រើន​ ហើយបាន ​ចូល​កាន់កាប់​អគារពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ហុង​កុង​ថែមទៀត​ផង។ ពួក​គេ​មិនពេញ​ចិត្ត​ចំពោះ​ថ្នាក់ដឹកនាំ​ហុង​កុង​ដែល​និយម​រណប​ចិនប៉េកាំង ហើយ​ពួក​គេ​ទាមទារ​ឲ្យ​រៀបចំបោះឆ្នោត​ដោយ​សេរីប្រជាធិបតេ្យ។ ក៏ប៉ុន្តែ​ ​​ ទង្វើទាំង​នេះ ត្រូវ​អាជ្ញាធរ​និង​តុលាការ​ហុងកុង យល់ថា ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​ដទៃ​ និង​ជាការ​បំផ្លាញ​សណ្តាប់​ធ្នាប់​សាធារណៈ ។

គួរជ្រាបដែរថា ហុងកុង ធ្លាប់​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​អង់គ្លេស និង​បានត្រូវ​ប្រគល់​​​ឱ្យ​ចិនប៉េកាំង​​វិញ​ ​នៅ​ឆ្នាំ​១៩៩៧។​ ហុងកុង​ សព្វថ្ងៃ ជា​ដែនដី​របស់​ចិន តែ​មាន​ប្រព័ន្ធ​នយោបាយ​ខុស​គ្នា ពោលគឺគោលការណ៍ «ប្រទេស​មួយ​ ប្រព័ន្ធពីរ»៕​  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ