អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន៖ បេក្ខជន​ឈរឈ្មោះ​២នាក់​ស្លាប់​ ក្នុង​រដូវ​កាល​ឃោសនា​បោះឆ្នោត​

នៅ​ប៉ាគីស្ថាន​ ថ្ងៃទី​២២កក្កដានេះ លោក Ikramullah Gandapur ជាបេក្ខជន​តំណាង​រាស្ត្រម្នាក់ បាន​ស្លាប់ ដោយសារ​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​ នៅក្នុង​ពេល​ចុះ​ឃោសនាបោះឆ្នោត។ ចំណែក​សប្តាហ៍​មុន លោក Agha Umar Bungalzai បេក្ខជន​ឈរឈ្មោះ​តំណាង​ខេត្ត​ម្នាក់​ទៀត​ស្លាប់ ដោយការ​វាយ​ប្រហារ​គ្រាប់បែក​។ សូម​ជម្រាបថា ការ​​បោះឆ្នោត​នៅ​ប៉ាគីស្ថាន គ្រោងនឹង​ប្រព្រឹត្តទៅថ្ងៃទី​២៥កក្កដា គឺ​នៅ​តែពី២ថ្ងៃទៀតប៉ុណ្ណោះ​ ប៉ុន្តែ​បរិយាកាស​មុន​ការ​បោះឆ្នោត​គឺពោរពេញ​ដោយ​ហិង្សានិងការ​សម្លាប់​មនុស្ស​។​ 

ក្រុម​សង្គ្រោះ កំពុង​រំកិល​សពរបស់ Ikramullah Gandapur ដែល​បេក្ខជន​ឈរ​ឈ្មោះ​តំណាង​រាស្ត្រ​ មកពី​បក្សចលនា​យុត្តិធម៌​សង្គម​ប៉ាគីស្ថាន
ក្រុម​សង្គ្រោះ កំពុង​រំកិល​សពរបស់ Ikramullah Gandapur ដែល​បេក្ខជន​ឈរ​ឈ្មោះ​តំណាង​រាស្ត្រ​ មកពី​បក្សចលនា​យុត្តិធម៌​សង្គម​ប៉ាគីស្ថាន REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

​ការ​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​មួយ​ បណ្តាលឲ្យ​ បេក្ខជនតំណាង​រាស្ត្រ​​ម្នាក់ ស្លាប់ ហើយ​អ្ន​កបើក​ឡាន​ឲ្យ​គាត់ ក៏​បាត់​បង់​ជីវិត​ដែរ រួម​ទាំង​មនុស្ស៥​នាក់​ផង រងរបួស​ធ្ងន់​។ នេះ​ជា​សេចក្តី​បញ្ជាក់​របស់​អ្នក​ជំនួយ​ការ​របស់​បេក្ខជន​តំណាង​រាស្ត្រ ហើយ​ប៉ូលីស​ក៏​បា​នអះអាង​ដូចគ្នា​ដែរ។​ ហេតុ​ការណ៍​នេះបាន​កើត​ឡើងនៅ​​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២២កក្កដា ក្នុង​​ខេត្ត​មួយ​ ភាគ​និរតីរបស់​ប្រទេស​ប៉ាគីស្ថាន​។​

នេះជា​ភេរវកម្ម​លើកទី​៤ហើយ បើ​គ្រាន់តែ​រាប់​ក្នុងរយៈពេល​​ពីរសប្តាហ៍​នៃ​យុទ្ធនាការ​បោះឆ្នោត។ ការ​បោះឆ្នោត​ជាតិនៅ​ប៉ាគីស្ថាន​ ​គ្រោង​រៀប​ចំ​នៅ​ថ្ងៃពុធ ទី​២៥កក្កដា​នេះ។ ក៏ប៉ុន្តែ​ក្បួន​​ឃោសនា​បោះឆ្នោត​ និងទី​ជួប​ប្រជុំ​ធ្វើ​មីទ្ទិញ គឺ​ជា​កន្លែង​ផ្ទាំង​ស៊ីប​​នៃ​អំពើ​ភេរវកម្ម។ អំពើ​ភេរវកម្ម​ខ្លះ ត្រូវ​អង្គការ​រដ្ឋអ៊ីស្លាមជីហាត​ ចេញ​មុខ​អះអាង​ថា​ជា​ស្នាដៃ​របស់​ខ្លួន​។​ ជា​សរុប ពីរ​សប្តាហ៍​ក្នុង​រដូវ​កាល​បោះឆ្នោតមក​នេះ​​ មាន​អំពើ​វាយ​ប្រហារ​​និងបំផ្ទុះ​គ្រាប់​បែក ចំនួន​៤ដង សម្លាប់​មនុស្ស ជិត​១៧០នាក់ ហើយ​មនុស្ស​រាប់​រយនាក់ផ្សេងទៀត រង​របួស​​។

អ្នក​សង្កេត​ការណ៍ថា ចំនួនអ្នក​ស្លាប់​​នេះ គឺ​នៅ​តិ​ច​ជាង​ចំនួន​ស្លាប់​ឆ្នាំ​២០១៧នៅឡើយ។ ពោល​គឺកាលពីឆ្នាំទៅមិញ​នេះ មាន​មនុស្ស​ស្លាប់​រហូត​ដល់ ជិត​​២ពាន់​៦០នាក់ ដែលភាគច្រើន គឺ​​ត្រូវ​ស្លាប់​ដោយ​អំពើហិង្សា ដោយ​សារ​ជម្លោះ​នយោបាយ និង​ឧក្រិដ្ឋកម្ម​។​

​ទោះ​ជា​យ៉ាង​ណាក្តី ដើម្បី​រឹត​បណ្តឹង​សន្តិសុខ​សុវត្ថិភាពនៅ​ថ្ងៃ​បោះឆ្នោត​ជាតិ នាថ្ងៃពុធទី​២៥កក្កដា​នេះ​ អាជ្ញាធរ​ប៉ាគីស្ថាន​ ​គ្រោង​ដាក់​ពង្រាយ​កម្លាំង​សន្តិសុខ ​ ​ប្រមាណ​ពី ៣៥ ទៅ​៣៧ម៉ឺន​នាក់ នៅទូទាំង​ប្រទេស៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ