rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អេហ្ស៊ីប៖ ចលាចល​នយោបាយ​នៅតែ​កើតមាន​មួយឆ្នាំ​ក្រោយ​បដិវត្តន៍

ដោយ សេង ឌីណា

មនុស្ស ៣នាក់​បាន​ស្លាប់​ នៅ​ក្នុង​ការ​ប៉ះទង្គិចគ្នា​រវាង​​បាតុករ​​ប្រឆាំង និង​អ្នក​គាំទ្រ​​រដ្ឋាភិបាល​ នៅ​អេហ្ស៊ីប កាលពីយប់ថ្ងៃ​សុក្រ ហើយ​ក្នុង​ចំណោម​អ្ន​កស្លាប់នេះ ក៏​មាន​ពលរដ្ឋ​អាមេរិក​ម្នាក់​ផងដែរ។

សហរដ្ឋ​អាមេរិក​ទើប​នឹង​បាន​ជម្លៀស​បុគ្គលិក​ទូត​ខ្លះៗ​ចេញ​ពី​អេហ្ស៊ីប ហើយ​បាន​ចេញ​សេចក្តីប្រកាស​ឲ្យ​ពលរដ្ឋ​អាមេរិក​ចៀសវាង​ការធ្វើ​ដំណើរ​ទៅ​អេហ្ស៊ីប ក្នុងហេតុផល​ថា ស្ថានភាព​នយោបាយ​អេហ្ស៊ីប​កំពុង​តែតានតឹង​ខ្លាំង ជាពិសេស សម្រាប់ថ្ងៃ​ខួប​មួយឆ្នាំ​នៃ​ការ​កើនឡើង​កាន់អំណាច​របស់​លោក​មហាម៉េដ ម៉រស៊ី នៅថ្ងៃ​អាទិត្យស្អែក។

សំណួរ-​តើ​អ្វីទៅជា​គ្រោះថ្នាក់ធំបំផុត​ដែល​អាច​កើតមាន​ឡើង​នៅថ្ងៃ​ខួប​មួយឆ្នាំ​នៃ​ការ​ឡើងកាន់អំណាច​របស់​លោក​មហាម៉េដ ម៉រស៊ី នៅថ្ងៃ​អាទិត្យ​នេះ?
 
ចំណាត់ការ​របស់​ក្រសួងការបរទេស​អាមេរិក (ជម្លៀស​បុគ្គលិកទូត និង​ប្រកាស​ឲ្យ​ប្រជាជន​ចៀសវាង​ការធ្វើ​ដំណើរទៅ​អេហ្ស៊ីប) បើ​តាម​មើលទៅ គឺ​ធ្វើឡើង ដោយសារ​តែ​មាន​ការ​បារម្ភ​ពី​ស្ថានភាព​នយោបាយ​អេហ្ស៊ីប នៅថ្ងៃ​ខួបគ្រប់មួយឆ្នាំ​នៃ​ការកាន់អំណាច​របស់​លោក​មហាម៉េដ ម៉រស៊ី​ផង និង​ជាពិសេស​ជាងនេះ​ទៅទៀត គឺ​ដោយសារ​តែ​​បាន​ឃើញ​ជាក់ស្តែង ពី​បញ្ហា​អសន្តិសុខ​ចំពោះ​ពលរដ្ឋ​អាមេរិក​នៅអេហ្ស៊ីប ដោយសារ​តែ​មាន​ពលរដ្ឋ​អាមេរិក​ស្លាប់​ម្នាក់​រួចទៅហើយ នៅ​ក្នុង​អំពើ​ហិង្សា​នៅ​អេហ្ស៊ីប កាលពីយប់មិញ។

ម្យ៉ាងទៀត ចំណាត់ការ​សន្តិសុខ​តឹងតែង​របស់​អាមេរិក​នេះ ក៏ប្រហែល​ជា​ដោយសារ​តែ​កត្តាមួយ​ទៀត​ដែរ គឺ​​​មេរៀន​ជូរចត់ ពីព្រឹត្តិការណ៍​វាយប្រហារ​ទៅលើ​ស្ថានទូត​អាមេរិក​នៅ​បិនហ្កាហ្ស៊ី​ប្រទេស​លីប៊ី ដែល​​​បណ្តាល​ឲ្យ​ស្លាប់​ឯកអគ្គរដ្ឋ​ទូត ហើយ​​ដែល​នាំ​ឲ្យ​ផ្ទុះ​ជា​រឿង​អាស្រូវ បង្ក​ឲ្យ​មាន​ការ​រិះគន់​ពីគ្រប់ទិសទី ពី​ចំណាត់ការ​សន្តិសុខ​ នៅតាម​ស្ថានទូត។

និយាយ​ពី​ថ្ងៃ​ខួប​គម្រប់​មួយឆ្នាំ នៃ​ការ​កាន់អំណាច​របស់​លោក​មហាម៉េដ ម៉រស៊ី នៅថ្ងៃ​អាទិត្យ​ស្អែក យើងឃើញ​ថា ក្រុម​អ្នក​ប្រឆាំង​នឹង​លោក​មហាម៉េដ ម៉រស៊ី បាន​ប្រកាស​រួចជាស្រេច​ទៅហើយ​ថា ពួកគេ​​បាន​ប្រមែរប្រមូល​ហត្ថលេខា​ពីមនុស្ស​រហូតដល់​ទៅ ១៥លាន​នាក់​នៅទូទាំង​ប្រទេស​ ដែល​គាំទ្រ​ចលនា​ទាមទារ​ឲ្យ​លោក​មហាម៉េដ ម៉រស៊ី ចុះចេញ​ពីតំណែង ដើម្បី​រៀបចំ​ការ​បោះឆ្នោត​សាជាថ្មី​ ហើយ​ពួកគេ​​នឹង​ចេញ​ធ្វើ​មហាបាតុកម្ម​នៅ​ទូទាំង​ប្រទេស​ នៅថ្ងៃ​ស្អែក។

គ្រោះថ្នាក់ធំបំផុត​ ដែល​អាច​បង្ក​ជា​អំពើ​ហិង្សា​បង្ហូរឈាម នៅថ្ងៃ​ស្អែកនេះ គឺ​ការ​ប៉ះទង្គិចគ្នា រវាង​ក្រុម​អ្នក​ប្រឆាំង​ និង​ក្រុម​អ្នកគាំទ្រ​លោក​មហាម៉េដ ម៉រស៊ី ពីព្រោះ មេដឹកនាំ​ក្រុម​​អ្នកគាំទ្រ​រដ្ឋាភិបាល​លោក​ម៉រស៊ី បាន​ប្រកាស​ឲ្យដឹង​រួចទៅហើយ​ថា នៅថ្ងៃ​អាទិត្យ​នេះ បើ​សិន​ជា​ក្រុមប្រឆាំង​ចេញ​ធ្វើ​បាតុកម្ម ក្រុមអ្នក​គាំទ្រ​លោក​ម៉រស៊ី​ទាំងអស់​នឹង​នាំគ្នា​ចេញមុខ​មក​បង្រ្កាប​ និង​កម្ទេច​បាតុកម្ម​ប្រឆាំង​នេះ។ ក្រុមអ្នកគាំទ្រ​លោក​ម៉រស៊ី​មិនមែន​ប្រកាស​គំរាម​តែ​មាត់ទេ គឺ​បាន​ធ្វើ​រួចទៅហើយ កាល​ពី​យប់មិញ។

ជាទូទៅ ការប៉ះទង្គិចគ្នា​រវាង​បាតុកម្ម​ប្រឆាំង និង​បាតុកម្ម​គាំទ្រ​នេះ វា​​អាច​បង្ក​ជា​អំពើ​ហិង្សា​ បង្ហូរឈាម​គ្នា​ខ្លាំង​ជាង​ការ​ប្រឈមមុខដាក់​គ្នា​រវាង​បាតុករ និង​កម្លាំង​ប៉ូលិស​ទៅទៀត។ នេះ​ហើយ​ជា​គ្រោះថ្នាក់​ធំបំផុត សម្រាប់​អេហ្ស៊ីប នៅថ្ងៃ​ស្អែកនេះ។
 
សំណួរ-ឌីណា! ប្រជាជន​អេហ្ស៊ីប​បាន​ធ្វើ​បដិវត្តន៍​ដើម្បី​​ទម្លាក់​មេដឹកនាំ​ផ្តាច់ការ​។ មេដឹកនាំ​ផ្តាច់ការ គឺ​លោក​មូបារ៉ាក់​ក៏​ធ្លាក់​ពី​តំណែង​ទៅហើយ។ លោក​មហាម៉េដ​ ម៉រស៊ី គឺ​ជា​ប្រធានាធិបតី​ដែល​កើតចេញ​ពី​ការ​បោះឆ្នោត​ដែល​អ្នក​សង្កេតការណ៍​ឯករាជ្យ​​ចាត់ទុក​ថា​ជា​ការ​បោះឆ្នោត​ដោយសេរី និង​យុត្តិធម៌។ តើ​ហេតុអ្វី​បាន​ជា​នៅតែ​មាន​ចលនា​ប្រឆាំង​ឥតឈប់ឈរ​បែបនេះ​ទៀត?
 
កាលពីដំបូង ប្រជាជន​អេហ្ស៊ីប​ធ្វើ​បដិវត្តន៍ ដើម្បី​ប្រឆាំង​នឹង​របបដឹកនាំ​ផ្តាច់ការ ប្រឆាំង​នឹង​មេដឹកនាំ​ពុករលួយ គិតតែ​ពីផលប្រយោជន៍​​គ្រួសារ និង​បក្សពួក មិនគិត​ពី​ប្រជាជន។ បដិវត្តន៍​ ដើម្បី​ទាមទារ​សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និង​ការ​បែងចែក​ដោយស្មើ​ភាពគ្នា​នៃ​ធនធាន​របស់​ជាតិ។

បដិវត្តន៍​នេះ​បាន​សម្រេច។ របបដឹកនាំ​ផ្តាច់ការ​ត្រូវ​ដួលរលំ។ រដ្ឋាភិបាល​ថ្មី​ត្រូវ​បាន​បង្កើតឡើង ដែល​ចេញ​ពី​ការ​បោះឆ្នោត ហើយ​ជា​ការ​បោះឆ្នោត​ដែល​អ្នកសង្កេតការណ៍​ទូទៅ​ចាត់ទុក​ថា​បាន​ធ្វើឡើង​ដោយ​សេរី និង​យុត្តិធម៌ ដែល​អាច​ទទួលយក​បាន។ ក៏ប៉ុន្តែ មេដឹកនាំ​ដែល​ជាប់ឆ្នោត​​តាមបែបប្រជាធិបតេយ្យ​នេះ គឺ​ជា​ក្រុម​អ៊ីស្លាម​ប្រកាន់តឹង ដែល​មាន​គំនិត​ចង់​​​ដាក់​អេហ្ស៊ីប​ឲ្យស្ថិត​ក្រោមច្បាប់ និង​ទំនៀមទម្លាប់​តឹងរ៉ឹង​របស់​សាសនា​អ៊ីស្លាម។ ដូច្នេះ​ហើយ​បាន​ជា​មាន​ចលនា​ប្រឆាំង​សាជាថ្មីទៀត តាំង​ពី​លោក​មហាម៉េដ ម៉រស៊ី ឡើងកាន់អំណាច រហូតមក​ទល់នឹង​ពេលនេះ។

ភាពវឹកវរ​សង្គម និង​នយោបាយ​នៅ​អេហ្ស៊ីប​ពេលនេះ ខុសពី​ពេលមុន ត្រង់ថា ចលនាបដិវត្តន៍​ដំបូង ជា​ចលនា​ប្រឆាំង​នឹង​របបដឹកនាំផ្តាច់ការ ដែល​ផ្តល់​ផលប្រយោជន៍​ដល់​មនុស្ស​តែ​មួយ​ក្តាប់តូច ហើយ​ក្រុមប្រឆាំងមាន​ការរួមកម្លាំង​គ្នាច្រើន ​ពីព្រោះ​សុទ្ធតែ​ជា​អ្នក​មាន​គំនិត​ប្រហាក់ប្រហែលគ្នា គឺ​ចង់​បាន​​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​​សិទ្ធិសេរីភាព និង​ការ​លើកតម្កើង​ជីវភាព​រស់នៅ​របស់​ប្រជាជន​។ ដូច្នេះ វា​ជា​ចលនាបដិវត្តន៍ រវាង​មតិភាគច្រើន ទល់នឹង​មតិភាគតិច។

នៅពេល​ឥឡូវនេះ​វិញ ការប្រឈមមុខ​ដាក់គ្នា​នៅអេហ្ស៊ីប គឺ​​មិនមែន​កើតឡើង​តែ​ រវាង​​​រដ្ឋាភិបាល និង​ក្រុមប្រឆាំង​នឹង​រដ្ឋាភិបាល​ទេ ប៉ុន្តែ វា​ជា​ការ​ប្រឈមមុខ​ដាក់គ្នា​ រវាង​ចលនា​ពីរ ដែល​មាន​កម្លាំង​ប្រហាក់ប្រហែលគ្នា៖ ម្ខាង​អ្នក​ទាមទារ​ឲ្យ​មាន​ការ​បែងចែក​គ្នា​ដាច់ស្រឡះ រវាង​ច្បាប់​រដ្ឋ និង​ច្បាប់​សាសនា (អ្នកប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​មហាម៉េដ ម៉រស៊ី)  និង​ម្ខាងទៀត អ្នក​ទាមទារ​ឲ្យ​​​ច្បាប់រដ្ឋ​​ដើរតាម​គន្លង​ច្បាប់​សាសនា (អ្នកគាំទ្ររដ្ឋាភិបាល​របស់​លោក​មហាម៉េដ ម៉រស៊ី)។

ជាទូទៅ យើងឃើញ​ថា ក្រុមអ៊ីស្លាម​ប្រកាន់តឹង​មិនសូវ​ទទួលបាន​ការ​គាំទ្រ​ពី​សំណាក់​សហគមន៍​អន្តរជាតិ និង​អង្គការ​សិទ្ធិមនុស្ស ដោយសារ​តែ​ការ​បង្ខំ​ឲ្យ​អនុវត្ត​ច្បាប់​សាសនា​អ៊ីស្លាម វា​នាំ​ឲ្យ​មាន​ការ​រំលោភ​លើ​សិទ្ធិជា​មូលដ្ឋាន​របស់​ពលរដ្ឋ ជាពិសេស សិទ្ធិស្រ្តី។ ក៏ប៉ុន្តែ ចំណុចខ្លាំង​របស់​លោក​ម៉រស៊ី និង​គណបក្ស​របស់​គាត់ គឺ​នៅត្រង់ថា គាត់​ជាប់ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ។

ដូច្នេះ​ ម្ខាងៗ​សុទ្ធតែ​មាន​ចំណុចខ្លាំង​រៀងៗ​ខ្លួន មិនមាន​ខាងណា​សុខចិត្ត​​បន្ទន់​ឥរិយាបថ ធ្វើ​សម្បទាន​ ដើម្បី​បញ្ចប់​ជម្លោះ ទើបធ្វើ​ឲ្យ​ជម្លោះនយោបាយ​នៅ​អេហ្ស៊ីប​បច្ចុប្បន្ន​នេះ ពិបាក​នឹង​ដោះស្រាយរួច៕

បារាំង៖ មួយ​ឆ្នាំក្រោយ ចលនា​បាតុកម្ម​អាវកាក់​លឿង​ព្យាយាម​ស្ទុះ​តវ៉ា​ឡើងវិញ

អាមេរិក និងអឺរ៉ុប ខ្វែងគំនិតគ្នា​ជុំវិញ ការចាប់បញ្ជូន​ទាហានជីហាត​ទៅប្រទេស​កំណើត

សវនាការសួរចម្លើយសាក្សីជាសាធារណៈលើកទី១ នៅក្នុងដំណើរការដកតំណែងប្រធានាធិបតី

លោកដូណាល់ ត្រាំ ទទួល​ជួប​លោក អ៊ែរដូហ្កាន់ បើ​ទោះបី​មាន​ការ​រិះគន់​និង​រកាំ​រកូស​ខ្លាំង

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត