អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

លោក​អូបាម៉ា​បំពេញ​ទស្សនកិច្ច​នៅ​តំបន់​បាល់ទិក​ក្នុងពេល​កំពុង​មាន​ភាព​តានតឹង​ជាមួយ​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​អូបាម៉ា​បាន​ធ្វើ​ដំណើរទៅដល់​ប្រទេស​អេស្តូនី នៅថ្ងៃ​ពុធ​នេះ នៅ​ក្នុង​ដំណើរទស្សនកិច្ច​រយៈពេល​មួយថ្ងៃ​ មុននឹង​បន្ត​ដំណើរ​​ទៅ​ចូលរួម​ជំនួបកំពូល​អង្គការ​អូតង់​នៅ​រាជាណាចក្រ​អង់គ្លេស។ តាមរយៈ​ដំណើរទស្សនកិច្ច​នៅ​ក្នុង​តំបន់​សមុទ្រ​បាល់ទិក​នេះ លោក​អូបាម៉ា​ចង់​ផ្ញើ​សារព្រមាន​មួយ​ទៅកាន់​លោក​ពូទីន ដែល​ត្រូវ​បាន​លោក​ខាងលិច​ចោទ​ថា​កំពុង​ចូល​ធ្វើ​អន្តរាគមន៍​យោធា​ដោយ​ផ្ទាល់ នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

លោក​អូបាម៉ា ក្នុង​សន្និសីទ​សារព័ត៌មាន ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​នៅ​ប្រទេស​អេស្តូនី ថ្ងៃទី៣​កញ្ញា ២០១៤
លោក​អូបាម៉ា ក្នុង​សន្និសីទ​សារព័ត៌មាន ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​នៅ​ប្រទេស​អេស្តូនី ថ្ងៃទី៣​កញ្ញា ២០១៤ REUTERS/Larry Downing
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ប្រទេស​អេស្តូនី លោក​អូបាម៉ា​គ្រោង​នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រមុខដឹកនាំ​ប្រទេស​ទាំង៣ នៅ​ក្នុង​តំបន់​សមុទ្រ​បាល់ទិក គឺ​ប្រធានាធិបតី​អេស្តូនី លីទុយអានី និង​ឡេតូនី។

បើតាម​មន្រ្តី​សេតវិមាន ដំណើរទស្សនកិច្ច​របស់​លោក​អូបាម៉ា ទៅកាន់​ប្រទេស​អេស្តូនី​​ទើប​នឹង​ត្រូវ​បាន​រៀបចំ​ធ្វើ​ភ្លាមៗ កាល​ពី​ប៉ុន្មាន​សប្តាហ៍​មុននេះ​ប៉ុណ្ណោះ គឺ​នៅពេល​ដែល​ការប្រឈមមុខដាក់គ្នា រវាង​រុស្ស៊ី និង​លោក​ខាងលិច​​ជុំវិញ​វិបត្តិ​អ៊ុយក្រែន​បាន​កើតមាន​កាន់តែ​ខ្លាំង ហើយ​​ប្រទេស​តូចៗ​ទាំង៣​​នៅតំបន់​បាល់ទិក​នេះ​បាន​នាំគ្នា​បង្ហាញ​នូវ​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង ខ្លាច​មាន​ជោគវាសនា​ដូច​អ៊ុយក្រែន។

តាមរយៈ​ដំណើរទស្សនកិច្ច​​​នេះ ​លោក​អូបាម៉ា​មាន​បំណង​បង្ហាញ​ពី​ការ​ប្តូរផ្តាច់​របស់​អាមេរិក​​​ក្នុងការ​ជួយ​ការពារ​​ប្រទេស​ទាំង ៣ ដែល​សុទ្ធសឹង​ជា​សមាជិក​​អង្គការ​អូតង់។ ​ ​អ្នក​នាំពាក្យ​របស់​សេតវិមាន​ក៏​បាន​លើកឡើង​ផងដែរ​ថា ដំណើរទស្សនកិច្ច​របស់​លោក​អូបាម៉ា​នៅ​ក្នុង​តំបន់​បាល់ទិក​នេះ គឺ​ជា​សារព្រមាន​ច្បាស់ៗមួយ​ដល់​លោក​ពូទីន​​កុំ​ឲ្យ​គិត​ថា​រុស្ស៊ី​អាច​ធ្វើ​អ្វីៗ​តាមចិត្ត​​នៅ​ក្នុង​​តំបន់​បាល់ទិក​បាន ដូចអ្វី​ដែល​រុស្ស៊ី​កំពុងធ្វើ​នៅ​អ៊ុយក្រែន ដែល​មិនមែន​ជា​សមាជិក​អង្គការ​អូតង់។
 
គួរបញ្ជាក់ថា អេស្តូនី លីទុយអានី និង​ឡេតូនី មាន​ប្រវត្តិ និង​ស្ថានភាព​ស្រដៀង​គ្នា​នឹង​អ៊ុយក្រែន​ដែរ ពោលគឺ​​ជា​ប្រទេស​អតីត​សហភាព​សូវៀត​ជាមួ​យ​នឹង​រុស្ស៊ី​ដូចគ្នា ហើយ​បច្ចុប្បន្ន​​ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​ប្រជាជន​ដើម​កំណើត​រុស្ស៊ី​ដូចគ្នា។

ដូច្នេះ​ហើយ​បាន​ជា​​នៅពេល​ដែល​គេ​ឃើញ​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​ដោយ​យកលេស​ថា​ចូល​មក​ជួយ​ការពារ​ប្រជាជន​ដើមកំណើត​រុស្ស៊ី ហើយ​រហូត​ដល់​​កាត់យក​តំបន់​គ្រីមេ​ចេញ​ពី​អ៊ុយក្រែន​យក​ទៅ​ដាក់​បញ្ចូល​ជា​ទឹកដី​រុស្ស៊ី​ ​​ប្រទេស​នៅ​បាលទិក​​​ ដែល​ជា​កូន​ប្រទេសតូចៗ​មាន​ប្រជាជន​​ត្រឹម​ចន្លោះ​ពី​ជាង​១លាន​នាក់ ទៅ​៣លាននាក់ មាន​ក្តីព្រួយបារម្ភ​ខ្លាច​លោក​ពូទីន​ប្រើ​តាក់ទិក​ដដែល​នេះ ដើម្បី​ចូល​ឈ្លានពាន​​ខ្លួន។

គេ​នៅចាំបាន​ថា កាល​ពី​៧៥ឆ្នាំមុន រុស្ស៊ី ក្រោមការ​ដឹកនាំ​របស់​ស្តាលីន និង​ដោយ​មាន​ការ​ឃុបឃិតគ្នា​ជាមួយ​ហ៊ីត្លែរ ធ្លាប់​បាន​ចូល​ឈ្លានពាន​​ប្រទេស​នៅ​តំបន់​បាល់ទិក​ម្តងរួចមកហើយ ដោយ​បាន​​កាត់យក​ប្រទេស​ទាំង៣ យក​ទៅដាក់​បញ្ចូល​ក្នុង​សហភាព​សូវៀត។ ដូច្នេះ សកម្មភាព​របស់​លោក​ពូទីន​នៅ​អ៊ុយក្រែន​នាពេល​បច្ចុប្បន្ន​នេះ កំពុងតែ​​ដាស់​ស្មារតី​​ប្រទេស​​នៅ​តំបន់​​បាល់ទិក​ឲ្យ​នឹកឃើញ​ឡើងវិញនូវ​​ប្រវត្តិ​ជូរចត់​នេះ។

អេស្តូនី លីទុយអានី និង​ឡេតូនី ដែល​ចូល​ជា​សមាជិក​អង្គការ​អូតង់ កាល​ពីឆ្នាំ​២០០៤ រំពឹង​ថា​នឹង​អាច​ទទួលបាន​នូវការ​ការពារ​ពី​សំណាក់​ប្រទេស​សម្ព័ន្ធមិត្ត ស្របទៅតាម​មាត្រា ៥ នៃ​សន្ធិសញ្ញា​អូតង់ (សន្ធិសញ្ញា​ក្រុង​វ៉ាស៊ីងតោន ថ្ងៃ​ទី៤ មេសា ១៩៤៩)។ មាត្រា ៥​នេះ​មាន​ខ្លឹមសារ​ថា ការវាយប្រហារ​ទៅលើ​ប្រទេស​ជា​សមាជិក​ណាមួយ​ គឺ​ស្មើ​នឹង​ការ​វាយប្រហារ​ទៅលើ​គ្រប់ប្រទេស​ទាំងអស់​របស់​អូតង់ ហើយ​ក្នុងករណី​នេះ គ្រប់​ប្រទេស​ជា​សមាជិក​ទាំងអស់​មាន​កាតព្វកិច្ច​ចូល​ទៅ​ជួយ​ការពារ​ប្រទេស​សមាជិក ដែល​ទទួល​រងនូវការ​វាយប្រហារ​ពី​ខាង​ក្រៅនេះ។

ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា ប្រទេស​ទាំង​៣នៅ​បាល់ទិក​នេះ​ក៏​មាន​ការ​បារម្ភ​ផងដែរ​ខ្លាច​​ប្រទេស​សម្ព័ន្ធមិត្ត​អូតង់ ជាពិសេស សហរដ្ឋ​អាមរិក​​ចេះតែ​ចង់​បញ្ចៀស​មិនចង់​មាន​សង្រ្គាម​ជាមួយ​រុស្ស៊ី ហើយ​អាច​សុខចិត្ត​លះបង់​​ប្រទេស​តូចៗ​ទាំង៣​នេះ​ទៅ​ក្នុងដៃ​លោក​ពូទីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ