rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បារាំង នុយក្លេអ៊ែរ អ៊ីរ៉ង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

​នុយក្លែអ៊ែរ៖ ​បារាំង ចង់​បាន​ការ​និយាយ​ត្រង់ទៅត្រង់មក ជាមួយ​អ៊ីរ៉ង់

media
ប្រមុខការទូត​បារាំង Jean-Yves Le Drian និង អគ្គលេខាធិការក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ផ្នែ​កសន្តិសុខអ៊ីរ៉ង់ ​លោក Ali Shamkhani REUTERS

នៅ​ថ្ងៃចន្ទ ទី​៥មីនា ប្រមុខ​ការទូត​បារាំង ត្រូវ​ជួប​ចរចាជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ និង​ថ្នាក់ដឹកនាំ​កំពូលៗរបស់​ប្រទេសនេះ។  ទស្សនកិច្ចរបស់​រដ្ឋមន្ត្រី​ការបរទេស​បារាំង​ នៅអ៊ីរ៉ង់​លើកនេះ គឺ​ផ្តោតលើ​សំណុំរឿងអាទិភាពចំនួនពីរ គឺវិបត្តិស៊ីរី និង សំណុំ​រឿង​នុយក្លេអ៊ែរ ហើយនិងមីស៊ីលបាឡីស្ទិករបស់អ៊ីរ៉ង់។ ភាគីបារាំង ចង់​ឲ្យ​អ៊ីរ៉ង់​និយាយ​ដោយ​ស្មោះត្រង់។ តែ​នេះគឺ​​ជា​រឿង​​ដ៏លំបាក ​ដ្បិត​ថា ​ប្រធានាធិបតី​អ៊ីរ៉ង់​អ៊ីរ៉ង់ អះអាង​មិន​ចង់​និយាយ​ចរចា​អ្វីច្រើន​ទៀតទេ ចំពោះ​រឿង​រ៉ាវ​អាវុធ​របស់ខ្លួន​។


​រដ្ឋមន្ត្រី​ការបរទេស​បារាំង លោក Jean-Yves Le Dian  ​បាន​ចេញ​មុខ​ទៅ​ចរចា​ជាមួយ​អ៊ីរ៉ង ចំពោះសំណុំ​រឿង​នុយក្លែអ៊ែ និង​មីស៊ីលបាឡីស្ទិក ក៏ព្រោះ​ថា អាមេរិកដែល​ជាគូ​សត្រូវ​របស់​អ៊ីរ៉ង ​ បាន​ព្រមានដកខ្លួន​​ដើរ​ចេញ​ពី​កិច្ចព្រមព្រៀង​នុយ​ក្លែអ៊ែរអ៊ីរ៉ង់ ដែល​អ៊ីរ៉ងធ្វើ​ជាមួយ​ប្រទេស​មហាអំណាច​ទាំង​៥ កាលពីឆ្នាំ​២០១៥។

នៅក្នុង​អាណត្តិ​​របស់​​​លោក ត្រាំ, អាមេរិក​បាន​ទុក​ពេល​ឲ្យ​ប្រទេស​មហាអំណាច​នៅអឺរ៉ុប​ ដោះស្រាយ​រឿង​នេះជាមួយ​អ៊ីរ៉ង ឲ្យ​បាន​​មុន​ថ្ងៃទី​១២ខែមេសា​ ខែក្រោយ​។​ បើ​មិន​ដាច់​ស្រេចទេ អាមេរិក​​នឹង​រឹត​បណ្តឹង​ទណ្ឌកម្មថ្មី​​បន្ថែម​ទៀត​លើអ៊ីរ៉ង។ ដូច្នេះហើយ​ បារាំង​ត្រូវ​ចេញ​មុខដើរ​តួនាទី​​ខ្លាំង ដ្បិត​ថា មហាអំណាច​ពីរទៀត ដូច​ជា​អង់គ្លេស កំពុង​វីវក់​ដោះស្រាយ​រឿង​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុ​ប ហើយ​អាល្លឺម៉ង់ កំពុង​ជាប់​គាំង​​រដ្ឋា​ភិបាល​ បង្កើត​រដ្ឋាភិបាល​ចម្រុះ​មិន​ទាន់​រួច​រាល់​នៅឡើយ។

ចំពោះ​នយោបាយ​ការទូត​បារាំង! បារាំង​បាន​ឲ្យ​តម្លៃ​និង​ទទួល​ស្គាល់​ឥទ្ធិពល​អ៊ីរ៉ង់ ថា​មាន​ភាព​សំខាន់​ចាំបាច់​។ សំខាន់​ដោយសារបារាំង​យល់ថា​ សំណុំ​រឿង​អភិវឌ្ឍ​​នុយក្លែអ៊ែរអ៊ីរ៉ង​ គឺប៉ះពាល់​ដល់​ស្ថេរភាព​ក្នុង​តំបន់​មជ្ឈិ​ម​បូព៌ា​ទាំងមូល​។ មិន​តែប៉ុណ្ណោះ  បារាំងចង់​បាន​ការ​ពន្យល់​បំភ្លឺ​ច្បាស់​លាស់ ចំពោះបញ្ហា​​គម្រោង​អភិវឌ្ឍ​មីស៊ីល​​បាឡីស្ទីក​របស់​អ៊ីរ៉ង។ បារាំងព្រួយ​បារម្ភ​ខ្លាំង ព្រោះ​ថាបើ​តាម​លទ្ធភាព​​អ៊ឺរ៉ង់​សព្វ​ថ្ងៃ អ៊ឺរ៉ង់​អាច​បាញ់​មីស៊ីល​​ រយៈចម្ងាយ​ឆ្ងាយ ដល់ទៅ​​២ពាន់​គីឡូម៉ែត្រ គឺអាច​បាញ់​កម្ទេច​ដល់​ទឹកដី​​អ៊ីស្រាអែល ដែល​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លិ​ច​របស់​អាមេរិក។

ក្នុង​ដំណើរ​ទស្សនកិច្ចនៅ​ក្រុង​តេ​អេរ៉ង់លើកនេះ​ដែរ​ ប្រមុខ​ការ​ទូត​បារាំង ក៏​ចង់​ឲ្យ​អ៊ីរ៉ង់ ដាក់​សម្ពាធ ​ឬជួយ​សម្រុះ​សម្រួល ក្នុង​​សង្គ្រាម​នៅ​ស៊ីរី។ ពិសេស​គឺត្រូវ​រកមធ្យោបាយ​បញ្ឈប់​របប​ដឹកនាំ​ស៊ីរី របស់ Bashar al-Assad ​កុំ​ឲ្យ​វាយ​ប្រហារ​​ទៅលើ​តំបន់​ Ghouta  និង​ជួយពលរដ្ឋ​ស៊ីវិល​៤០ម៉ឺន​នាក់​ឲ្យ​ទទួល​បាន​ជំនួយមនុស្ស​ធម៌​៕