rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

កូរ៉េ​ខាង​ជើង កូរ៉េខាងត្បូង កីឡាអូឡាំពិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កូរ៉េ​ខាង​ជើង សម្រេច​បញ្ជូន​អត្តពលិក​ទៅ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងារ​នៅ​កូរ៉េ​ខាង​ត្បូង

media
កូរ៉េ​ខាង​ជើង សម្រេច​បញ្ជូន​អត្តពលិក​ទៅ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងារ​នៅ​កូរ៉េ​ខាង​ត្បូង @Fresh news

កូរ៉េ​ខាង​ជើង បាន​សម្រេច​បញ្ជូន​ក្រុម​អត្តពលិក​របស់​ខ្លួន ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងារ ដែល​កូរ៉េ​ខាង​ត្បូង​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៅ​ខែ​កុម្ភៈ​ខាង​មុខ។ ការ​សម្រេច​នេះ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​លើក​ដំបូង​នា​រយៈ​ពេល​ជាង ២​ឆ្នាំ​មក​នេះ រវាង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​​នៃ​ប្រទេស​បង​ប្អូន​កូរ៉េ​ទាំង​២ នៅ​ ស្រុក​ជាប់​ព្រំដែន Panmunjom ទឹក​ដី​កូរ៉េ​ខាង​ត្បូង នា​ព្រឹក​ថ្ងៃ​អង្គារ ទី ៩​មករា​នេះ។


តាម​សេចក្តី​រាយការណ៍​បឋម បាន​ឲ្យ​ដឹង​ថា កូរ៉េ​ខាង​ជើង គ្រោង​នឹង​បញ្ជូន​ក្រុម​អត្តពលិក​ផ្នែក​កាយ​វប្បកម្ម តៃក្វាន់​ដូ ព្រម​ទៅ​ប្រតិភូ​ជាន់​ខ្ពស់ អ្នក​គាំទ្រ និង​សារព័ត៌មាន​ជា​ច្រើន​រូប ដើម្បី​​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងារ នៅ​ទីក្រុង​ព្យុងឆាង ទឹក​ដី​កូរ៉េ​ខាង​ត្បូង នា​ខែ​ក្រោយ​នេះ។ នេះ​គឺ​​ជា​ផ្លែ​ផ្កា ដែល​ត្រូវ​បាន​បង្ហើប​ឲ្យ​ដឹង​ខ្លះៗ ក្នុង​កិច្ច​ប្រជុំ​លើក​ទី​១ បន្ទាប់​ពី​មាន​ការ​បែរ​ខ្នង​រក​គ្នា​វិញ រវាង​កូរ៉េ​ខាង​ត្បូង និង​ខាង​ជើង។

ក្រៅ​ពី​ការ​សម្រេច​បាន​នូវ​​កិច្ច​ពិភាក្សា​នេះ​ហើយ កូរ៉េ​ខាង​ត្បូង ក៏​បាន​លើក​យក​សំណើរ រៀប​ចំ​ឲ្យ​មាន​ឡើង​វិញ ​នូវ​ការ​ជួបជុំ​រវាង​ក្រុម​គ្រួសារ​កូរ៉េ ​ដែល​បាន​ព្រាត់​ប្រាស​គ្នា​ នៅ​ក្រោយ​សង្រ្គាម​កូរ៉េ និង​វិធានការ​ផ្សេងៗ​ដែល​អាច​ចូល​រួម​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​ផ្លូវ​យោធា។ កូរ៉េ​ខាង​ត្បូង ចង់​ឲ្យ​ការ​ជួប​ជុំ​នោះ ធ្វើ​ឡើង​នៅ​ក្នុង​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចន្ទ​គតិ (ចូល​ឆ្នាំ​ចិន) បើ​គិត​ទៅ​គឺ​ក្នុង​អំឡុង​ពាក់​កណ្តាល​ខែ​កុម្ភៈ ហើយ​វា​ក៏​ចំ​ជួន​ទៅ​នឹង​ពេល​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងារ​ នា​ឆ្នាំ ២០១៨​នេះ​ផង​ដែរ។

យ៉ាង​ណា​ក៏​ដោយ កូរ៉េ​ខាង​ជើង នៅ​មិន​ទាន់​ឲ្យ​ភ្លើង​ខៀវ​ណា​មួយ ពី​សំណើរ​ទី ២​នេះ​ទេ ប៉ុន្តែ​កិច្ច​ប្រជុំ​នោះ​ ហាក់​បាន​ផ្តល់​ភាព​វិជ្ជមាន​ច្រើន​សម្រាប់​របៀប​វារៈ​នេះ។ គួរ​រម្លឹក​ជូន​ថា ក្រោយ​​ពី​បាន​ពុះ​ចែក​ទឹក​ដី​កូរ៉េ​ជា​ពីរ សង្រ្គាម​កូរ៉េ​ពី​ឆ្នាំ ១៩៥០ ដល់​ឆ្នាំ ១៩៥៣ បាន​ធ្វើ​ឲ្យ​គ្រួសារ​កូរ៉េ​រាប់​សិប​លាន​នាក់​ បែក​បាក់ ព្រាត់​ប្រាស់​គ្នា​ ឆ្ងាយ​បាត់​ដំណឹង​សូន្យ​ឈឹង​ មិន​ដែល​បាន​ជួប​គ្នា ដោយ​សារ​រនាំង​គោល​ការណ៍នយោបាយ​របស់​ប្រទេស​នៅ​ឧបទ្វីប​កូរ៉េ​នេះ។

កាល​ពី​​ក្រោយ​ជំនួប​ថ្នាក់​កំពូល​ជា​ប្រវត្តិសាស្រ្ត​រវាង​គ្នា​ ក្នុង​ឆ្នាំ ២០០០ ​ភាគី​ទាំង​ពីរ ធ្លាប់​​បាន​ព្រម​ព្រៀង​ឲ្យ​មាន​ការ​រៀបចំ​ជា​ជំនួប​រវាង​ក្រុម​គ្រួសារ​កូរ៉េ​ ដែល​ព្រាត់​ប្រាស់​គ្នា​ក្នុង​មួយ​ឆ្នាំ​ម្តង។ ប៉ុន្តែ​​ដោយ​សារ​តែ ​ភាព​តាន​តឹង​សឹង​ជា​ប្រចាំ ដូច​ជា​ការ​សាកល្បង​នុយក្លេរអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ឥត​ឈប់​ឈរ​នោះ ជំនួប​នេះ ក៏​មិន​ត្រូវ​បាន​គោរព​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ​ទេ​។ ចំណែក​កិច្ច​ចរចា​ផ្ទាល់​រវាង​គ្នា ​ក៏​បាន​អាក់ខាន​តាំង​ពី ឆ្នាំ ២០១៥ ដោយ​សារ​តែ​របប​ក្រុង​ព្យុងយ៉ាង​បន្ត​កម្ម​វិធី​អាវុធ​របស់​ខ្លួន​ ហើយ​ធ្វើ​ឲ្យ​សេអ៊ូល និង​ប្រទេស​សម្ព័ន្ធ​មិត្ត​ជា​ច្រើន មិន​ពេញ​ចិត្ត ព្រម​ទាំង​មាន​ការ​ដាក់​ទណ្ឌកម្ម​ផ្សេងៗ។

ប៉ុន្តែ​ក្រោយ​មក​ កូរ៉េ​ខាង​ជើង​ហាក់​បន្ទន់​ឥរិយាបទ ចង់​ចូល​តុ​ចរចា​ស្វែង​រក​សន្តិភាព​ជាមួយ​កូរ៉េ​ខាង​ត្បូង​វិញ។ កូរ៉េ​ខាង​ត្បូង បាន​ស្វាគមន៍​យ៉ាង​រីក​រាយ​ចំពោះ​បំណង​នេះ ប៉ុន្តែ​សហរដ្ឋ​អាមេរិក ដែល​ជា​មិត្ត​ដ៏​ល្អ​របស់​សេអ៊ូល ហាក់​នៅតែ​សង្ស័យ​ចំពោះ​របប​កុម្មុយនីស្ត​របស់​លោក​គីម ជុងអ៊ុន៕