អានតួអត្ថបទ
កូរ៉េខាងជើង

មេទ័ព​កំពូល​របស់​កូរ៉េ​ខាង​ជើង​ត្រូវ​ដក​តំណែង “ដោយ​មូលហេតុ​ជំងឺ”

លោក រី យ៉ុងហូ (Ri Yong-Ho) មេទ័ពកំពូល​របស់​កូរ៉េ​ខាងជើង​ ត្រូវ​បាន​ដក​ពី​មុខ​តំណែង ដោយសារ​មូលហេតុ​ជំងឺ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​​​តាម​បណ្តាញ​ផ្សព្វផ្សាយ​ផ្លូវការ​កូរ៉េ​ខាង​ជើង នៅថ្ងៃ​ចន្ទ​នេះ។ ការ​ប្រកាស​ដក​តំណែង​លោក​រី យ៉ុងហូ នេះ បាន​ធ្វើ​ឲ្យ​អ្នក​សង្កេតការណ៍​ទូទៅ​​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង ហើយ​នាំគ្នា​សង្ស័យ​ថា​ លោក​គីម ជុងអ៊ុន ប្រហែល​ជា​កំពុង​តែ​ធ្វើការ​បោសសម្អាត​ផ្ទៃក្នុង​បក្ស ដើម្បី​ពង្រឹងអំណាច​របស់​គាត់។

លោក​រី យ៉ុងហូ ពេល​បង្ហាញ​មុខ​ក្នុង​ពិធី​បុណ្យ​ជា​សាធារណៈ ជាមួយ​នឹង​លោក​គីម ជុងអ៊ុន
លោក​រី យ៉ុងហូ ពេល​បង្ហាញ​មុខ​ក្នុង​ពិធី​បុណ្យ​ជា​សាធារណៈ ជាមួយ​នឹង​លោក​គីម ជុងអ៊ុន REUTERS/Kyodo/Files
ផ្សាយពាណិជ្ជកម្ម

លោក រី យ៉ុងហូ ត្រូវបាន​គេមើលឃើញ​ថា​ជា​ឥស្សរជន​ដ៏​សំខាន់​ម្នាក់ ដែល​បាន​ជួយជ្រោមជ្រែង​លោក​គីម ជុងអ៊ុន ក្នុងការ​ស្នងតំណែង​ពីឪពុក។ ចាប់តាំង​ពី​លោក​គីម ជុងអ៊ុន ឡើង​កាន់តំណែង គេតែងតែ​ឃើញ​លោក​រី យ៉ុងហូ បង្ហាញមុខ​ជាសាធារណៈ នៅ​ជាប់​នឹង​លោក​គីម ជុងអ៊ុន​ជានិច្ច។

គួរ​បញ្ជាក់ថា លោក​រី យ៉ុងហូ​ ត្រូវបាន​លោក​គីម ជុងអ៊ីល តែងតាំង​ឲ្យ​កាន់តំណែង​ជា​នាយអគ្គសេនាធិការ​ចម្រុះ​កងទ័ព​កូរ៉េ​ខាងជើង កាល​ពី​ឆ្នាំ​២០០៩ (ជា​តំណែង​ជាន់ខ្ពស់​លំដាប់​ទីពីរ​ក្នុង​ជួរ​កងទ័ព បន្ទាប់​​ពី​លោក​គីម ជុងអ៊ុន ដែល​ជា​អគ្គបញ្ជាការ) ហើយ​បន្ទាប់មក​ទៀត នៅ​ឆ្នាំ​២០១០ លោក​ត្រូវ​បាន​តែងតាំង​ជា​អនុប្រធាន​គណៈកម្មាធិការ​មជ្ឈិម​កងទ័ព នៃ​គណបក្ស​ពលករ​កូរ៉េ​ខាងជើង (គណៈកម្មាធិការ ដែល​មាន​លោក​គីម ជុងអ៊ុន ជាប្រធាន)។ ក្រៅពីនេះ លោក​រី យ៉ុងហូ គឺ​​ជា​សមាជិក​គណៈអចិន្រ្តៃយ៍​បក្ស ដែល​ជា​ស្ថាប័ន​មាន​អំណាច​ខ្ពស់​បំផុត នៅ​កូរ៉េ​ខាងជើង។

យោងតាម​សេចក្តីប្រកាស​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េ​ខាងជើង (KCNA) ដែល​ជា​បណ្តាញផ្សព្វផ្សាយ​របស់​រដ្ឋ លោក រី យ៉ុងហូ ត្រូវ​បាន​ដកពី​គ្រប់​មុខ​តំណែង​ទាំងអស់ (ទាំង​នៅ​ក្នុង​ជួរកងទ័ព និង​នៅ​ក្នុង​បក្ស) ដោយសារ​មូលហេតុ​ជំងឺ។ ក៏ប៉ុន្តែ ការ​ប្រកាស​ជូនដំណឹង​នេះ​មិន​បាន​បញ្ជាក់​លម្អិត​​ច្បាស់លាស់​ អំពី​ប្រភេទ​ជំងឺ​របស់​លោក​រី យ៉ុងហូ ហើយ​ក៏​មិន​បញ្ជាក់ថា អ្នកណា​នឹង​ត្រូវឡើង​មក​ជំនួស​តំណែង​នេះ​ដែរ។

យោងតាម​មន្រ្តីជាន់ខ្ពស់​របស់​កូរ៉េ​ខាង​ត្បូង​ ការ​ដកលោក​រី យ៉ុងហូ ពីមុខ​តំណែង ដែល​មាន​ប្រកាស​ជា​សាធារណៈ​ដោយ​ប្រញាប់ប្រញាល់​បែបនេះ គឺ​ជា​រឿងចម្លែក​មិន​ធ្លាប់​ឃើញ​មាន​ នៅ​កូរ៉េ​ខាងជើង។

មាន​មនុស្សតិចតួចណាស់ ដែល​ជឿថា ការ​ដកតំណែង​នេះ គឺ​ដោយសារ​តែ​មូលហេតុជំងឺ ព្រោះ នៅ​ក្នុង​ការ​ចេញមុខ​ជា​សាធារណៈ​នាពេល​ថ្មីៗ​នេះ គេ​ឃើញ​លោក​រី យ៉ុងហូ មាន​សុខភាព​មាំទាំ​ជា​ធម្មតា ដោយ​មិន​គួរ​មាន​ជំងឺ​រហូតដល់​ថ្នាក់​ត្រូវ​ដក​ចេញ​ពី​គ្រប់មុខ​តំណែង​បែបនេះ​ទេ។ ម្យ៉ាងវិញទៀត ជា​ទម្លាប់​នៅកូរ៉េ​ខាងជើង គេ​មិន​ធ្លាប់​ដែល​ឃើញ​មាន​មេដឹកនាំ​កំពូលរូបណា​ត្រូវ​គេ​ដកមុខ​តំណែង​ដោយសារ​ជំងឺ​នោះទេ។ ជាទូទៅ មេដឹកនាំ​ថ្នាក់​កំពូល​ដូចជា​លោក​រី យ៉ុងហូ នេះ តែងតែ​នៅ​បន្ត​កាន់​តំណែង​រហូតដល់​ចាស់ ឈឺ ​ស្លាប់​ ទើប​គេ​តែងតាំង​អ្នក​ថ្មី​មក​ជំនួស។

ដូច្នេះ ការ​ដក​តំណែង​លោក​រី យ៉ុងហូ គឺ​ទំនង​ជា​អាច​កើតចេញ​ពី​ការ​ប្រជែង​អំណាច​គ្នា​ ឬ​ក៏​ជា​​ផ្នែក​មួយ នៃ​​​យុទ្ធនាការ​បោសសម្អាត​ផ្ទៃក្នុង​បក្ស ដើម្បី​ពង្រឹង​អំណាច​លោក​គីម ជុងអ៊ុន។

លោក​គីម ជុងអ៊ុន ដែល​ជា​មេដឹកនាំ​វ័យក្មេង​គ្មាន​បទពិសោធន៍​យោធា ប្រហែល​ជា​មើលទៅ​ឃើញ​ថា លោក រី យ៉ុងហូ ដែល​ជា​មេទ័ព​វ័យចំណាស់ មាន​បទពិសោធន៍ និង​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ជួរ​កងទ័ព ពិបាក​ក្នុង​ការ​បញ្ជា ឬ​ត្រួតត្រា ដូច្នេះ ទើប​សម្រេច​ដក​តំណែង​គាត់​ចេញ ដើម្បី​ដាក់​​ជំនួស​ដោយ​មនុស្ស​ថ្មី ដែល​ងាយស្រួល​ត្រួត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ