អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ឥណ្ឌា-​ប៉ាគីស្ថាន៖ ​រង្វាន់​ណូបែល​សន្តិភាព​ក្រោម​ស្នូរ​កាំភ្លើង

ចុះផ្សាយ​នៅ​ថ្ងៃ៖

រង្វាន់ណូបែល​សន្តិភាព​ឆ្នាំ​២០១៤​នេះ ត្រូ​វបាន​គេ​សម្រេច​ផ្តល់​ឲ្យ​មនុស្ស​ពីរនាក់ គឺ​យុវតីម៉ាឡាឡា​មក​ពី​ប៉ាគីស្ថាន និង​លោក​កៃឡាស្ហ សត្យាធី មក​ពី​ឥណ្ឌា។ ក៏ប៉ុន្តែ រង្វាន់ណូបែល​សន្តិភាព​នេះហាក់ដូច​ជា​មិន​បាន​នាំ​មក​នូវ​ពន្លឺ​នៃ​សុខសន្តិភាព រវាង​ប្រទេស​ជា​គូសត្រូវ​ចាស់ឆ្នាំ​ទាំងពីរ​នេះ​ទេ។ កងទ័ព​នៃប្រទេស​មហាអំណាច​នុយក្លេអ៊ែរ​ទាំងពីរ​នេះ​​នៅតែ​បន្ត​​​ប្រឈមមុខ​ដាក់គ្នា​ នៅ​ក្នុង​តំបន់​កាស្មៀរ ដោយឥតស្រាកស្រាន្ត ​អស់រយៈពេល​ជាច្រើន​ថ្ងៃ​​មកហើយ។

រូបផែនទីពិភពលោក
រូបផែនទីពិភពលោក RFI/Khmer
ផ្សាយពាណិជ្ជកម្ម

ជាទូទៅ រង្វាន់ណូបែល​សន្តិភាព គឺ​ជា​រង្វាន់​ដែល​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ខ្ពស់​បំផុត នៅ​ក្នុង​ចំណោម​រង្វាន់​ផ្សេងៗ​ទៀត ហើយ​រង្វាន់ណូបែល​សន្តិភាព​នៅ​ឆ្នាំ​២០១៤​នេះ គឺ​ជា​រង្វាន់​ដែល​ពោរពេញ​ទៅដោយ​និមិត្តរូប​គួរ​ឲ្យ​ធ្វើ​ការ​កត់សម្គាល់។

ក្រៅពី​អាយុ​របស់​យុវតី​ម៉ាឡាឡា ដែល​ជា​ជ័យលាភី​ណូបែល​វ័យក្មេងជាងគេ​ក្នុង​ប្រវត្តិសាស្រ្ត ចំណុច​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​ទៀត គឺ​នៅត្រង់​ថា មនុស្ស​ទាំងពីរ​រូប​ដែល​ទទួល​រង្វាន់ណូបែល​សន្តិភាព​រួមគ្នា នៅ​ឆ្នាំ​២០១៤​នេះ គឺ​ម្នាក់​កាន់​សាសនា​អ៊ីស្លាម​ ម្នាក់ទៀត​កាន់​សាសនា​ហិណ្ឌូ ម្នាក់​មក​ពី​ប៉ាគីស្ថាន ហើយ​ម្នាក់​ទៀត​មក​ពី​ឥណ្ឌា ប្រទេស​ពីរ​ដែល​សុទ្ធសឹង​ជា​មហាអំណាច​នុយក្លេអ៊ែរ ​និង​ជា​គូសត្រូវ​ចាស់ឆ្នាំ​នឹង​គ្នា។

បណ្តា​អ្នក​ជំនាញ​ខាង​ទំនាក់ទំនង​ឥណ្ឌា-ប៉ាគីស្ថាន​ សុទ្ធតែ​នាំគ្នា​លើកឡើង​ថា ការ​សម្រេច​ផ្តល់​រង្វាន់ណូបែល​សន្តិភាព​រួមគ្នា​ដល់​យុវតី​ម៉ាឡា និង​លោក​សត្យាធី គឺ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ចេតនា​របស់​សហគមន៍​អន្តរជាតិ​ ដែល​ចង់​ជំរុញ​ឲ្យ​ឥណ្ឌា និង​ប៉ាគីស្ថាន​ខិតខំ​ខ្នះខ្នែង​បន្ថែម​ទៀត ដើម្បី​​សម្រេច​ឲ្យបាន​នូវ​សុខសន្តិភាព​នៅ​ក្នុង​តំបន់។

យុវតី​ម៉ាឡាឡា​​ក៏​ទំនង​ជា​បានមើលឃើញ​​យ៉ាងច្បាស់​ដែរ ​អំពី​​​និមិត្តរូប​នៃ​រង្វាន់ណូបែល​សន្តិភាព​ឆ្នាំ​នេះ។ ហេតុដូច្នេះហើយ​បាន​ជា​​នៅថ្ងៃ​ដែល​គណៈកម្មាធិការណូបែល​ប្រកាស​លទ្ធផល​រង្វាន់ណូបែល​សន្តិភាព កាលពីថ្ងៃ​សុក្រ នាង​បាន​ប្រកាស​អញ្ជើញ​មេដឹកនាំ​ប៉ាគីស្ថាន និង​ឥណ្ឌា ឲ្យ​​ទៅ​ចូលរួម​ក្នុង​ពិធី​ប្រគល់​រង្វាន់​ណូបែល​សន្តិភាព​ដល់​រូបនាង និង​លោក​កៃឡាស្ហ សត្យាធី ដើម្បី​ជា​និមិត្តរូប​នៃ​ការ​បោះជំហាន​ទៅរក​ការ​ផ្សះផ្សាគ្នា។

ក៏ប៉ុន្តែ គ្រាន់តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ពី​​ការ​ប្រកាស​អញ្ជើញ​របស់​យុវតី​ម៉ាឡាឡា ការប៉ះទង្គិចគ្នា​ដោយ​អាវុធ​បាន​កើតមាន​ឡើង​សាជាថ្មី រវាង​កងទ័ព​ប៉ាគីស្ថាន និង​កងទ័ព​ឥណ្ឌា នៅ​ក្នុង​តំបន់​ជម្លោះ​កាស្មៀរ។ ស្នូរអាវុធ​ដែល​ជាការ​បញ្ជាក់​ឲ្យឃើញ​ថា សុខសន្តិភាព​ រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន​​នៅតែ​ជា​ស្រមោល​ព្រាលៗ ដោយ​គ្មាន​ពន្លឺ ហើយ​រង្វាន់ណូបែល​សន្តិភាព​រួមគ្នា​របស់​យុវតី​ម៉ាឡាឡា និង​លោក​កៃឡាស្ហ សត្យាធី ហាក់ដូចជា​គ្មាន​ឥទ្ធិពល​​ក្នុងការ​កាត់បន្ថយអារិភាព រវាង​ប្រទេស​ទាំងពីរ​នេះ​ទេ។

នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ចំណុច​ក្តៅ​នៃ​ជម្លោះ រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន គឺ​ជម្លោះ​ព្រំដែន នៅ​តំបន់​កាស្មៀរ ដែល​កងទ័ព​ទាំងពីរ​បាន​បាញ់​ផ្លោង​ដាក់គ្នា​ទៅវិញ​ទៅមក​ជាប់ជា​ប្រចាំ ចាប់តាំង​ពី​សប្តាហ៍​មុន បណ្តាល​ឲ្យ​ជនស៊ីវិល​យ៉ាងតិច ២០នាក់​ត្រូវ​បាត់បង់​ជីវិត ហើយ​ប្រជាជន​រាប់ពាន់​នាក់​ផ្សេងទៀត ទាំង​ខាង​ប៉ាគីស្ថាន និង​ខាង​ឥណ្ឌា នាំគ្នា​រត់ភៀសខ្លួន​ចោល​ផ្ទះសម្បែង។

កាលពី​ខែ​ឧសភា ដំណើរ​ការផ្សះផ្សា រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន ហាក់ដូចជា​មាន​ពន្លឺឡើង នៅ​ក្រោយ​ពេល​ដែល​លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ថ្មី​របស់​ឥណ្ឌា បាន​អញ្ជើញ​លោក​ណាវាហ្ស ស្ហារីហ្វ នាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ឲ្យ​ទៅ​ចូលរួម​ក្នុង​ពិធី​ស្បថ​កាន់តំណែង​របស់​លោក។ ក៏ប៉ុន្តែ មិនយូរ​ប៉ុន្មាន​ក្រោយ​មក ភាពតានតឹង​ក៏​ចាប់ផ្ទុះឡើងវិញ ហើយ​សូម្បីតែ​កិច្ចចរចា​សន្តិភាព ដែល​ប្រទេស​ទាំងពីរ​គ្រោង​បើក​ធ្វើ កាល​ពី​ខែមុន ក៏​ត្រូវ​បាន​ឥណ្ឌា​ប្រកាស​លុបចោល​ដែរ ក្រោយ​ពី​រដ្ឋាភិបាល​ប៉ាគីស្ថាន​បញ្ជូន​តំណាង​ឲ្យ​ទៅ​ជួប​ក្រុម​ឧទ្ទាម​ផ្តាច់ខ្លួន​នៅ​កាស្មៀរ។

ចាប់ពីពេលនោះ​មក គេ​សង្កេតឃើញ​ថា លោក​ណារិនដ្រា ម៉ូឌី ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​នយោបាយ​​ជាតិនិយម​​ខ្លាំង​នោះ បាន​ចាប់ផ្តើម​ដំឡើង​សំឡេង​ដាក់​ប៉ាគីស្ថាន​កាន់តែ​ខ្លាំងឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ កាលពីសប្តាហ៍មុន លោក​ម៉ូឌី បាន​ធ្វើកា​រសង្ខេប​ដោយ​ខ្លី​នូវ​ជំហរ​របស់​ឥណ្ឌា​ចំពោះ​ប៉ាគីស្ថាន​ត្រឹម​ពាក្យ​មួយឃ្លា​ថា ឥណ្ឌា​នឹង​បន្ត​​ចរចា​​ដោយ​រក្សា​​​ម្រាមដៃជាប់លើ​​កៃកាំភ្លើង។

គួរបញ្ជាក់ឡើងវិញ​ថា ឥណ្ឌា ដែល​មាន​ប្រជាជន​ភាគច្រើន​កាន់សាសនា​ហិណ្ឌូ និង​ប៉ាគីស្ថាន ដែល​មាន​ប្រជាជន​ភាគច្រើន​កាន់សាសនា​អ៊ីស្លាម កាល​​ដើមឡើយ គឺ​ជា​ប្រទេស​តែមួយ ក៏ប៉ុន្តែ​ ត្រូវ​បាន​ពុះចែក​ជា​ប្រទេស​ពីរផ្សេងគ្នា ចាប់តាំង​ពី​ឆ្នាំ​១៩៤៧ ក្រោយ​ពី​ទទួល​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស។ ចាប់ពីពេលនោះមក ប្រទេស​ទាំងពីរ​បាន​ក្លាយ​ជា​គូសត្រូវ​ស៊ីសាច់ហុតឈាម​នឹង​គ្នា រហូត​ផ្ទុះ​ជាសង្រ្គាម​ដល់​ទៅ ៣លើក។

និយាយ​ជារួម ជម្លោះ​​រវាង​ឥណ្ឌា និង​ប៉ាគីស្ថាន គឺ​ជា​ជម្លោះ ដែល​កើតចេញ​ពី​ការមិនទុកចិត្ត​គ្នា និង​ភាព​ជា​គូសត្រូវ ដែល​បាន​ចាក់ឫស​យ៉ាងជ្រៅ​​អស់រយៈពេល​ជាង​កន្លះ​សតវត្សរ៍​មក​ហើយ​។ ភាព​ជា​គូសត្រូវ​នេះទំនង​ជា​នឹង​មិនអាច​សាបរលាប​ទៅវិញ ដោយសារ​តែ​រង្វាន់ណូបែល​សន្តិភាព​ជា​និមិត្តរូប​មួយ​នោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ