អានតួអត្ថបទ
នីហ្សេរីយ៉ា

គ្រាប់បែក​ជាប់​នឹង​ខ្លួន​កុមារី​ម្នាក់​សម្លាប់​មនុស្ស​យ៉ាងតិច​២០នាក់​នៅនីហ្សេរីយ៉ា

មនុស្ស​យ៉ាងហោច​ណាស់​២០នាក់​បាន​ស្លាប់​ កាល​ពី​ថ្ងៃ​សៅរ៍​ ពេល​គ្រាប់បែក​ច្នៃ​មួយ​គ្រាប់​ ដែល​ចងភ្ជាប់​នឹង​ខ្លួន​កុមារី​អាយុ១០ឆ្នាំ​ម្នាក់​ ផ្ទុះ​នៅក្នុង​ផ្សារ​មួយ​ ក្នុងប្រទេស​នីហ្សេរីយ៉ា។ ​នេះ​បើ​យោងតាម​ការ​ប្រកាស​របស់​នគរបាល​មូលដ្ឋាន​ ដែល​ឱ្យដឹង​ផងដែរ​ថា ​មាន​អ្នក​របួស១៨នាក់​ផ្សេងទៀត។ ​នេះ​គឺជា​ភេរវកម្ម​ ដែល​គេ​សង្ស័យ​ជាថ្មី​ម្តង​ទៀតថា បង្កឡើង​ដោយ​ក្រុម​ឥស្លាម បូកូ ​ហារ៉ាំ (Boko Haram)។

ការហិចហោច​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​នីហ្សេរីយ៉ា ដែល​បាន​សំលាប់​មនុស្ស​យ៉ាងហោច​ណាស់​២០នាក់។​​
ការហិចហោច​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​នីហ្សេរីយ៉ា ដែល​បាន​សំលាប់​មនុស្ស​យ៉ាងហោច​ណាស់​២០នាក់។​​ AFP
ផ្សាយពាណិជ្ជកម្ម

 

អំពើហិង្សា​កើនឡើង​នៅ​ប្រទេស​នីហ្សេរីយ៉ា​ ពេល​ការ​បោះឆ្នោត​ជ្រើសតាំង​ប្រធានាធិបតី​ នៅ​ខែកុម្ភៈ ​កាន់​តែ​ខិត​ជិត​មកដល់។ ​ទំហំ​នៃ​ការ​ខូចខាត​គឺ​ធ្ងន់ធ្ងរ​ណាស់។ វេរកម្ម​ម្សិលមិញ ​នៅ​ភាគឦសាន​នៃ​ប្រទេស​នីហ្សេរីយ៉ា​ តំបន់​ដែល​ក្រុម​ឥស្លាម ​បូកូ ហារ៉ាំ ​(Boko Haram) ​បាន​បង្កើន​ការ​វាយប្រហារ​រួច​ទៅហើយ​នោះ​ បាន​កើតឡើង​កណ្ដាល​ថ្ងៃ​ចែស។​ គ្រាប់បែក​ច្នៃ​មួយ​គ្រាប់​បាន​ផ្ទុះឡើង​ក្នុង​ផ្សារ​ដ៏​អ៊ូអរ​មួយ។​ គ្រាប់បែក​នោះ​ត្រូវបាន​ចងភ្ជាប់​លើ​ខ្លួន​កុមារី​ម្នាក់​ ដែល​មាន​អាយុ​ទើប​តែ​១០ឆ្នាំ។

មេប៉ូលិស​ឈ្មោះ​ ក្លេម៉ង់ ​អាឌុយដា ​(Clement Aduda) ​នៅ​តំបន់​ដែល​មាន​ភេរវកម្ម​នោះ ​បាន​រៀបរាប់​ថា៖ «កុមារី​ម្នាក់​បានមក​ដល់​ផ្សារ​នោះ​ ហើយ​ពេលដែល​នគរបាល​ចង់​ឆែក​ខ្លួន​វា វា​មិនឱ្យ​ទេ។ ដូច្នេះ ​ពួក​ប៉ូលិស​សាកល្បង​ឆែក​ខ្លួន​វា​ជាថ្មីទៀត​ ដោយ​មិនដឹង​ ឬ​មិន​យល់ថា ​ក្មេងស្រី​នោះ​ពាក់​គ្រាប់បែក​នៅលើ​ខ្លួន​ទេ ​ហើយ​ពេលនោះ​គ្រាប់បែក​នោះ​ក៏​ផ្ទុះ​ទៅ។ ​មនុស្ស២០នាក់​បាន​ស្លាប់​ ហើយ១៨នាក់​ផ្សេងទៀត​របួស។ ​នេះ​គឺជា​អ្វីដែល​បានកើត​ឡើង។ វា​មិនមែនជា​លើកដំបូង​ទេ ​ដែល​រឿង​ដូច្នេះ​កើតឡើង ហើយ​ហេតុ​ដូច្នេះហើយ​បានជា​កង​នគរបាល​ប្រុងប្រយ័ត្ន។ ប៉ូលិស​ចង់​ឆែក​ខ្លួន​កុមារី​នោះ​ ពីព្រោះ​ពួកគេ​យល់ឃើញថា​ អាកប្បកិរិយា​របស់​នាង​ប្លែក។ ​នាង​បាន​ជំទាស់​ ហើយ​គ្រាប់បែក​របស់​នាង​ក៏​ផ្ទុះឡើង។ និយាយ​ឱ្យ​ត្រង់​ទៅ ខ្ញុំ​គ្មាន​ព័ត៌មាន​លម្អិត​អំពី​អត្តសញ្ញាណ ឬ​អាយុ របស់​កុមារី​នោះទេ។ អ្វីដែល​ខ្ញុំ​ដឹង​គឺថា នាង​ជា​កុមារី​ម្នាក់​តែប៉ុណ្ណោះ»

ក្រោយពី​នោះ​បន្តិច​ នៅឯ​ទីក្រុង ប៉ូទីស្គំ​ (Potiskum) ​ដែល​ស្ថិតនៅ​ប្រហែល១០០គីឡូម៉ែត្រ​ពី​ផ្សារ​ ម៉េឌុយហ្គួរី (Maiduguri) នោះ​ យ៉ាងតិច​ក៏មាន​នគរបាល​ម្នាក់ទៀត​ដែរ​ ដែល​ត្រូវបាន​សម្លាប់​ ដោយសារ​ការ​បំផ្ទុះ​រថយន្ត​មួយគ្រឿង​នៅ​ច្រកចេញចូល​របស់​ស្នងការដ្ឋាន​នគរបាល។ បើ​តាម​នគរបាល ​ឡាន​នោះ​«ចត​នៅ​ជាប់​នឹង​ក្លោងទ្វារ​របស់​ស្នងការដ្ឋាន​នគរបាល​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​សន្តិសុខ»៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ