rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ហេតុអ្វី​ឥណ្ឌូណេស៊ីឈប់​នាំ​ចេញ​រ៉ែនីកែលទៅក្រៅប្រទេស?

ដោយ ហេង ឧត្តម

ឥណ្ឌូណេស៊ី ជាប្រទេស​ដ៏​ធំ​ជាង​គេ​មួយ​លើពិភព​លោក​ ខាង​នាំចេញរ៉ែនីកែល​។ ក៏ប៉ុន្តែ​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បានប្រកាសថា​​ឈប់​នាំ​ចេញ​រ៉ែនីកែលទៅបរទេស ចាប់​ពី​ថ្ងៃទី១ មករា ដើមឆ្នាំ​២០២០ខាងមុខ​នេះ។ ការសម្រេច​នេះ បាន​ធ្វើ​មុនការ​​សន្យា ដោយពីមុនឡើយ គឺ ​រដ្ឋាបាលក្រុង​ហ្សាការតា ​ថា ត្រូវ​ឈប់​ត្រឹម​ឆ្នាំ​២០២២ តែពេល​នេះ បែរជា​បន្ថយពីរឆ្នាំ​ មកត្រឹម​ឆ្នាំ​២០២០វិញ​។​ សេចក្តី​សម្រេចមកអនុវត្តមុន​កាល​កំណត់​​ដូច្នេះ បាន​ធ្វើ​ឱ្យ​ក្រុមហ៊ុនបរទេសដែល​រកស៊ីផ្នែក​បូម ជីកកកាយ និង​ចម្រាញ់​រ៉ែ​នីកែល​សម្រាប់​ការ​នាំចេញ​ មាន​ក្តីព្រួយ​បារ​ម្ភ​ជាខ្លាំង ហើយ​ចំណែក​តម្លៃ​រ៉ែនីកែល​ក៏​បានហក់ស្ទុះឡើង​ថ្លៃ​ខ្លាំងណាស់ដែរ។ តើ​មាន​មូលហេតុអ្វី បាន​ជា ​ឥណ្ឌូណេស៊ី មិន​អនុញ្ញាត​ឱ្យ​នាំ​ចេញ​រ៉ែនីកែលទៅក្រៅប្រទេសតទៅទៀត? ហើយហេតុម្តេច ក៏​ត្រូវ​ប្តូរពេល​ អនុវត្ត​បម្រាម​ឈប់ឱ្យ​នាំចេញ​ យ៉ាង​ឆាប់​រហ័ស​បែបនេះ​​?

នីកែល ជា​រ៉ែ​លោហធាតុ​ និង​វត្ថុធាតុ​ដើម​ដ៏​សំខាន់​បំផុត សម្រាប់​ផ្សំ​ផលិតដែកដែល​មាន​គុណភាព​ខ្ពស់ ដូចជា ផលិត​តួប៊ីននិង​​ដែក​ស្លាប​យន្តហោះ, ធ្វើជា​ ​​កាក់ប្រាក់ សម្រាប់​ចាយវាយ និងសម្រាប់ផលិត​​អាគុយ​សាក់ថ្ម​ ព្រម​ទាំងធ្វើ​ជា​របស់របរ​ប្រើប្រាស់​​ជាច្រើន​ផ្សេងទៀត ដែលសុទ្ធសឹង​ជាសម្ភារៈវត្ថុ​​ដែល​មានគុណភាពខ្ពស់​ ​និង​មា​នតម្លៃ​ថ្លៃ​​។

​ឥណ្ឌូណេស៊ី គឺ​ជាប្រទេសទីមួយ​លើពិភពលោក​ដែល​នាំចេញ​រ៉ែនីកែលនេះ​យ៉ាងច្រើន​ជាងគេ ហើយ​ទីផ្សារ​ដ៏​ធំ​នោះ គឺនាំចេញ​ទៅ​ស្រុក​ចិន​។ បើ​តាម​វិទ្យាស្ថានភូមិសាស្ត្រ​របស់អាមេរិក​ (USGS), ឥណ្ឌូណេស៊ី ផលិតរ៉ែ​នីកែល​បាន ​៥សែន​៦ម៉ឺន តោន ​ក្នុង​ឆ្នាំ២០១៨។

ឧស្សាហកម្មនីស្សារណកម្ម​ចំពោះ​រ៉ែ​នីកែល គឺបាន​ជួយ​ចម្រើន​ម៉ាស៊ីន​សេដ្ឋកិច្ច​របស់​​ឥណ្ឌូណេស៊ី យ៉ាង​សម្បើម​ នារយៈ​កាល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះ។ ក៏ប៉ុន្តែ​​ ការចម្រាញ់​នាំចេញ​រ៉ែនីកែល​យ៉ាងច្រើន​គំហុក​ ក្នុងរយៈកាល​ច្រើន​ឆ្នាំមក​នេះ គឺបាន​ធ្វើ​ឱ្យ​រ៉ែ​នីកែល​ ជួប​រងហានិភ័យ និង​ជាការ​​បាត់​បង់​ធនធាន​កម្រ​ដ៏​សំខាន់​របស់​ប្រទេស​ជាតិ។ នេះជា​ក្តីបារម្ភ​មួយ​របស់​អ្នក​បរិស្ថាន​និយម ហើយ​ក៏​ជា​ការ​ព្រួយ​ភ័យ​បន្តិច​បន្តួច​ដែរ ពី​សំណាក់​អ្នក​ដឹកនាំរដ្ឋាភិបាល​ឥណ្ឌូណេស៊ី។

ទោះយ៉ាងណាក៏ដោយ​ ក្តីព្រួយ​សង្វេគ​​ចំពោះ​បរិស្ថានធម្មជាតិ​ គឺវា​តូច​ជាង​មហិច្ឆតា​​ចង់​បាន ដើម្បី​ពន្លឿន​​សន្ទុះ​សេដ្ឋកិច្ចឥណ្ឌូណេស៊ី។ ការ​សម្រេច​ចិត្ត​ឈប់​ផលិត​នាំចេញ​លោហធាតុរ៉ែនីកែល​ ក៏ព្រោះ​តែ​ ថ្នាក់​ដឹកនាំ​រដ្ឋាបាលក្រុង​ហ្សាការតា​​ ចង់​ផលិត​កែច្នៃ​រ៉ែនីកែលនេះ​ ដោយ​ខ្លួន​ឯង នៅក្នុង​ប្រទេស​របស់ខ្លួន។

នៅក្នុង​ដើម​ខែកញ្ញា​​នេះ ប្រធានាធិបតី លោក​ Joko Widodo បាន​ថ្លែងប្រកាសជាស្រេច​ហើយ​ថា ឥណ្ឌូណេស៊ី ​ គួរ​តែ​ត្រូវ​កែច្នៃ​ផលិត​ធនធាតុធម្មជាតិ​ដោយ​ខ្លួន​ឯង ដូចជា​ធនធានធ្យូងថ្ម រ៉ែបុកស៊ីត ប្រេង​ដូង​ជាដើម។ ពោល​គឺ​មិនមែនត្រឹមតែ​កែច្នៃ​ រ៉ែនីកែល តែមួយ​មុខទេ។ បើ​តាមប្រមុខ​រដ្ឋាភិបាល ធនធាតុ​កម្រដែលជាសម្បត្តិធម្មជាតិ​នៅ​ក្នុង​ស្រុក​ គួរតែ​ត្រូវ​ផលិត​​កែ​ច្នៃ​នៅក្នុង​ស្រុករបស់ខ្លួន​ ល្អជាជាងលក់​​នាំចេញ​ទៅ​ច្នៃ​នៅបរទេស។​

ដូច្នេះ ការ​​សម្រេចមិន​​នាំចេញរ៉ែនីកែល គឺដើម្បី​ទុក​សម្រាប់​បំពេញ​តម្រូវការ​ផ្ទាល់ខ្លួន​នៅក្នុង​គម្រោង​យក្ស​របស់​ខ្លួន ហើយ​ក៏​ជាការ​រក្សា​ជង្រុក​ស្តុក​រ៉ែនីកែល ដើម្បីទាក់ទាញ​អ្នកវិនិយោគទុន​។ ឥណ្ឌូណេស៊ី ក៏​កំពុង​តែ​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស ដើម្បី​ផលិត​រថយន្ត​ដើរដោយ​ថាមពល​អគ្គិសនី​ដែល​អាច​សាកថ្មឡើងវិញបាន។ ក្នុង​គម្រោង​នេះ ចាំបាច់​ត្រូវការ​មាន​ប្រភព​ធនធាន​វត្ថុធាតុ​ដើម គឺរ៉ែនីកែល​នេះ ដើម្បី​ធ្វើ​ថ្ម​អាគុយសាកអគ្គិសនី​​។ ក្នុង​គម្រោងថ្មី​ចេញ​គំនិតផ្តួ​ចផ្តើម​ពីថ្នាក់ដឹកនាំ​ឥណ្ឌូណេស៊ី​នេះ គឺ​អាជ្ញាធរ​ឥណ្ឌូណេស៊ី កំពុង​តែ​ចែចង់​ទាក់ចិត្ត​ក្រុមហ៊ុន​ផលិត​រថយន្ត​ ដូចជា​ តូយូតា ហ៊ីយ៉ាន់ដាយ វូលវូ និង​រ៉ឺណូត៍ ជាដើម។​ នេះបើ​តាម​កាសែត​ក្នុង​ស្រុក។

គួរ​ជ្រាប​ដែរថា ប្រទេស​ឥណ្ឌូណេស៊ីនេះ មាន​រោងចក្រ​ផ្ទាល់​ខ្លួន​ ចំនួន​១១កន្លែង ​ដើម្បី​កែច្នៃ​រ៉ែនីកែល ហើយ​រោង​ចក្រ​ចម្រាញ់​រ៉ែ​ ចំនួន​២៥កន្លែង​ទៀត ក៏​កំពុង​តែ​បន្ត​សាងសងស្ថាបនា​ ដែល​កៀក​នឹង​រួច​រាល់​ហើយ។​ នេះបើ​តាម​ការ​បញ្ជាក់​របស់អគ្គនាយកដ្ឋាន​រ៉ែ​និង​ធ្យូងថ្ម នៃ​ក្រសួង​រ៉ែនិងថាមពល​ឥណ្ឌូណេស៊ី​។ ក៏ប៉ុន្តែ​  បើ​តាម​អ្ន​កជំនាញផ្នែក​យុទ្ធសាស្ត្រ​ បែបយ៉ាង​លោក Warren Patterson នៅវិទ្យាស្ថាន​សេដ្ឋកិច្ច​និង​យុទ្ធសាស្ត្រ​ពិភពលោក  (THINK, ING’s global economists and strategists)​ គេ​យល់​ឃើញថា ឥណ្ឌូណេស៊ី នៅ​មាន​សមត្ថភាព​ខ្សោយ​នៅឡើយ ក្នុងការ​កែ​ច្នៃ​ធនធាតុ​រ៉ែ ហើយ​នេះ​ក៏​ជា​ក្តីបារម្ភ​មួយផង​ដែរ ​របស់​អ្នកនិវិយោគ​បរទេស​។

ទោះយ៉ាងណាក៏ដោយ ការ​សម្រេចផ្អាក​​ឈប់​នាំចេញ​រ៉ែនីកែល ​ពីសំណាក់​ប្រទេស​នាំចេញធំជាងគេលំដាប់​ទីមួយលើលោកដូច​ឥណ្ឌូណេស៊ីនេះ គឺបាន​ធ្វើ​​ឱ្យ​​​តម្លៃ​របស់​នីកែល ស្ទុះឡើងថ្លៃ​​យ៉ាង​សម្បើម​អស្ចា​រ្យ​។ ពោល​គឺ ​ក្នុងដីរ៉ែនីកែល​​មួយតោន​ គឺ​មាន​ថ្លៃរហូត​​ជាង​ ​១ម៉ឺន​៨ពាន់​ដុល្លារ​។​ នេះបើ​តាមអត្រាកំណត់ថ្លៃ​លោហធាតុ ​​នៅ​អង់គ្លេស៕​

រុស្ស៊ី ជាម្ចាស់ផ្ទះ ទទួលជាលើកដំបូង មហាសន្និបាតនៃអង្គការទេសចរណ៍ពិភពលោក

សហភាពអឺរ៉ុបបង្ហាញ​​សមាសភាព​​គណៈកម្មការ​ថ្មី ប្រកប​​ដោយ​​សមភាព តែ​ក៏​មាន​​ការ​រិះគន់​

អង្គការ Amnesty International បរិហារពីអវត្តមានក្រមសីលធម៌ និងភាពគ្មានតម្លាភាពរបស់ឧស្សាហកម្មអាវុធ

ហេតុអ្វីអាហ្សង់ទីនប្រើវិធានការត្រួតពិនិត្យលើការដោះដូររូបិយវត្ថុ?

អ៊ុយក្រែន បារម្ភនឹងក្រុមអ្នកទេសចរទៅថតរូប​នៅស្ថានីយអគ្គិសនីបរមាណូ Tchernobyl

រដ្ឋាភិបាលថៃ​​ប្រឹងប្រែង​​ទាក់ទាញ​ការ​វិនិយោគ​ពី​កូរ៉េខាងត្បូង​

តើ​សមយុទ្ធ​ជើងទឹក​រួម​អាស៊ាន-អាមេរិក​មាន​សារៈសំខាន់​យ៉ាងណា​សម្រាប់​អាស៊ាន?

ហេតុអ្វីបានជាផ្ទៃដីកសិកម្មចំនួន ១ភាគ៣ ក្នុងលោកត្រូវបានខូចខាត និងប្រហែលមិនអាចធ្វើកសិកម្មបាន?

សិង្ហបុរី៖ សញ្ញាសេដ្ឋកិច្ចធ្លាក់ចុះ និងជម្លោះនយោបាយផ្ទៃក្នុង

ជប៉ុនបើក​សន្និសីទ​អន្តរជាតិ​ជប៉ុន-អាហ្វ្រិក​លើកទី៧ ទោះ​ដឹង​ថា​ពិបាក​នឹង​ប្រជែង​ជាមួយ​ចិន

បន្ទាប់ពីស៊ីរី អ៊ីស្រាអែលបានប្រើសមរភូមិអ៊ីរ៉ាក់ និងលីបង់ដើម្បីប្រឆាំងអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់

រុស្ស៊ី​រៀបចំ«ល្បែងកងទ័ពអន្តរជាតិ» នៅម៉ូស្គូ ​ដោយ​មាន​និស្សិត​យោធា​ខ្មែរចូលរួមផង

ហេតុអ្វី អាមេរិក​ចង់ទិញ​ដែនដី​ហ្ក្រូអេឡិន ពីដាណឺម៉ាក ?

ហេតុអ្វី​​អាមេរិក​ខ្វល់ខ្វាយ​ខ្លាំងម្ល៉េះពី​ជម្លោះ​រវាង​ជប៉ុន​និង​កូរ៉េខាងត្បូង​?

សករាជថ្មីមួយបានបើកឡើងហើយនៅស៊ូដង់ តែផ្លូវដែលត្រូវដើរឆ្ពោះទៅកាន់ប្រជាធិបតេយ្យពិតប្រាកដនៅវែងឆ្ងាយ

សេដ្ឋកិច្ច​វិនិយោគបារាំងអំឡុងពីរឆ្នាំក្រោមលោកម៉ាក្រុង

លោកត្រាំ និង បស្ចិមលោកជាទូទៅ នាំគ្នាអធិប្បាយ អំពី ការផ្ទុះនៅរុស្ស៊ី ពេលសាកល្បងមីស៊ីលធុនថ្មី

តើអ្វី​ជា​វិបត្តិ​បន្ទាប់​របស់​ហុងកុង​ នៅពេល​ដែល​ការប្រឆាំង​តវ៉ា​កាន់តែ​រីករាល​ដាលខ្លាំង​?

ចិន៖ ចូលរៀនសកលវិទ្យាល័យបរទេសល្បីៗ ទោះដោយវិធីណាក៏ដោយ