អានតួអត្ថបទ
កម្ពុជា

រដ្ឋសភា​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី៣ ចំនួន​២រូប

រដ្ឋ​សភា​នឹង​ធ្វើ​ការ​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិ​កាល​ទី​៣ ចំនួន​២​រូប ក្នុង​កិច្ច​ប្រជុំ​រដ្ឋសភា​នីតិ​កាល​ទី​៤​របស់​ខ្លួន ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​។ បេក្ខជន​ចំនួន​១៣​រូប មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណ​បក្ស​សម​រង្ស៊ី គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច និង​គណបក្ស​នរោត្តម​រណ​ឫទ្ធិ ស្ថិត​នៅ​ក្នុង​បញ្ជី​បេក្ខជន​ ក្នុង​ការ​ជ្រើស​រើស​នោះ​។

វិមាន​ព្រឹទ្ធសភា​កម្ពុជា
វិមាន​ព្រឹទ្ធសភា​កម្ពុជា
ផ្សាយពាណិជ្ជកម្ម

សមាជិក​រដ្ឋ​សភា​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ សភានីតិ​កាល​ទី​៣ ចំនួន​២​រូប ក្នុង​ចំណោម​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​១៣​រូប មក​ពី​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​រាស្រ្ត​គណ​បក្ស​កាន់​អំណាច​។

លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រាប់​វិទ្យុ​បារំាង​អន្តរ​ជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ​សភា​ជាតិ​នឹង​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ នីតិកាល​ទី​៤​ នៅ​ថ្ងៃ​ចន្ទ​ស្អែក ដើម្បី​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ ចំនួន​២​រូប​។

បេក្ខជន​ចំនួន​១៣​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា គណ​បក្ស​សម​រង្ស៊ី គណ​បក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច និង​គណ​បក្ស​នរោត្តម​រណ​ឫទ្ធិ ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ជ្រើស​តាំង​។

លោក ជាម យៀប មិន​ច្បាស់​ថា​បេក្ខជន​មក​ពី​គណបក្ស​នីមួយ​ៗ មាន​ចំនួន​ប៉ុន្មាន​នាក់​ឲ្យ​ប្រាកដ​នោះ​ទេ​ តែ​ថា​ រដ្ឋសភា​នឹង​ប្រកាន់​ជំហរ​សំឡេង​​៥០​បូក​១ ក្នុង​ការ​ជ្រើស​រើស​នោះ ។

ព្រឹទ្ធ​សភានីតិ​កាល​ទី​៣ មាន​ចំនួន​៦១​អាសនៈ​។ តាម​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា កាល​ពី​ថ្ងៃ​ទី ២៩ ខែ​មករា កន្លង​មក គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​៤៦​អាសនៈ។ ​រី​ឯ​គណបក្ស​សម​រង្ស៊ី​ទទួល​បាន​១១​អាសនៈ​។  ដោយ​ឡែក​៤​អាសនៈ​ដែល នៅ​សល់ ត្រូវ​តែង​តាំង​ដោយ​រដ្ឋ​សភា និង​ដោយ​ព្រះ​មហាក្សត្រ។

ព្រះ​មហាក្សត្រ​ខ្មែរ បាន​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​អាណិត្ត​ថ្មី ចំនួន​២​រូប​រួច​មក​ហើយ​គឺ​លោក អ៊ុំ ម៉ាណូរិន និង​លោក អៀវ បណ្ណាការ ជា​អតីត​សមាជិក​ព្រឹទ្ធ​សភា​ចាស់ ក្នុង​អាណត្តិ​ទី​២ ។ ការ​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ ដោយរដ្ឋសភានៅ​ថ្ងៃ​ស្អែក​ ជា​ការ​បង្គ្រប់​អាសនៈ​របស់​ព្រឹទ្ធ​សភា ដែល​នៅ​សល់​ចំនួន​២​អាសនៈ​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ