អានតួអត្ថបទ
វិទ្យាសាស្រ្ត

ណាសា​រកឃើញ​ថា​ព្រះចន្ទ២​នៅក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​មាន​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ជីវិត

ទីភ្នាក់ងារ​អវកាស​អាមេរិក ហៅកាត់ថា ណាសា​​បាន​ឲ្យដឹង កាល​ពីថ្ងៃ​ព្រហស្បតិ៍ អំពី​លទ្ធផល​នៃ​ការ​សិក្សា ដែល​បង្ហាញ​ឲ្យឃើញ​ថា នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​យើង​នេះ មាន​ព្រះចន្ទ​ចំនួន២ មាន​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ជីវិត។ ព្រះចន្ទ​ទាំងពីរ​នេះ គឺ​មួយ​ជា​ព្រះចន្ទ​របស់​ភព​ព្រហស្បតិ៍ និង​មួយ​ទៀត​ជា​ព្រះចន្ទ​របស់​ភព​សៅរ៍។

រូបភាព​ផ្តល់​ដោយ​ណាសា​បង្ហាញ​ពី​យានអវកាស​កាស៊ីនី ហោះកាត់​ចំហាយទឹក​ដែល​ភាយចេញ​ពី​ព្រះចន្ទរបស់​ភពសៅរ៍ ឈ្មោះ​ថា អង់សឺឡាត
រូបភាព​ផ្តល់​ដោយ​ណាសា​បង្ហាញ​ពី​យានអវកាស​កាស៊ីនី ហោះកាត់​ចំហាយទឹក​ដែល​ភាយចេញ​ពី​ព្រះចន្ទរបស់​ភពសៅរ៍ ឈ្មោះ​ថា អង់សឺឡាត NASA/REUTERS
ផ្សាយពាណិជ្ជកម្ម

ការរកឃើញ​ពី​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ជីវិត​នេះ គឺ​កើតចេញ​ពី​ការ​សិក្សា​ពីរ​ដាច់ពីគ្នា គឺ​ទីមួយ ​តាមរយៈ​​ទិន្នន័យ​ពី​​​យាន​គ្មាន​មនុស្ស​បើក ឈ្មោះ កាស៊ីនី (Cassini) ដែល​ណាសា​បញ្ជូន​ឲ្យ​ទៅ​កាន់ភព​សៅរ៍ និង​ទីពីរ ទិន្នន័យ​ពី​ការ​សង្កេត​​តាមរយៈ​តេឡេស្កុប​ហឺប័ល (Hubble Space Telescope) ដែល​ហោះនៅ​ក្នុង​គន្លងតារាវិថី​ជុំវិញ​ភពផែនដី។

យោងតាម​ការអះអាង​របស់​ណាសា អង់សឺឡាត (Encelade) គឺ​ជា​ទីតាំង​ដែល​មាន​លក្ខខណ្ឌ​អំណោយផល​បំផុត​សម្រាប់​ជីវិត​នៅ​ក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ ក្រៅពីភព​ផែនដី​របស់​យើង។ អង់សឺឡាត គឺ​ជា​ព្រះចន្ទ​​មួយ​ក្នុង​ចំណោម​ព្រះចន្ទ​ជាច្រើន​​ដែល​វិលជុំវិញ​ភពសៅរ៍ ហើយ​ត្រូវ​បាន​គេដឹងថា​ជា​ព្រះចន្ទ​ដែល​គ្របដណ្តប់​ទៅដោយ​ទឹកកក​នៅលើ​ផ្ទៃដី តែ​នៅ​ខាងក្រោម​ទឹកកក​នេះ គឺ​ជា​សមុទ្រ​​​ទឹករាវ។

ទិន្នន័យ​ពី​យានអវកាស​កាស៊ីនី​បង្ហាញ​ថា ចំហាយទឹក​ដែល​ភាយ​ចេញ​ពី​​អង់សឺឡាត​ទៅ​ក្នុង​បរិយាកាស​មាន​ពេញ​ទៅដោយ​ម៉ូលេគុល​អ៊ីដ្រូហ្សែន ហើយ​អ្នក​វិទ្យាសាស្រ្ត​គិតថា​​ម៉ូលេគុល​អ៊ីដ្រូហ្សែន​នេះ​កើតចេញ​ពី​ប្រតិកម្ម​គីមី នៅ​ក្នុង​ទឹកសមុទ្រ​ក្រោម​ផ្ទាំង​ទឹកកក​របស់​អង់សឺឡាត ដែល​ជា​ប្រតិកម្ម​គីមី​បង្កើត​ជា​សារធាតុ​ផ្តល់​អំណោយ​ផល​ដល់​ជីវិត ដូចជា​អ្វី​ដែល​គេ​សង្កេតឃើញ​មាន​នៅ​ក្នុង​បាតសមុទ្រ​នៅលើ​ភពផែនដី​របស់​យើង។

ក្នុងពេល​ជាមួយគ្នា ទិន្នន័យ​បាន​ពី​ការ​សង្កេត​តាម​តេឡេស្កុប​ហឺប័ល ចាប់តាំង​ពី​ឆ្នាំ២០១៦​មក​បង្ហាញ​ថា អឺរ៉ុប ដែល​ជា​ព្រះចន្ទ​វិលជុំវិញ​ភពព្រហស្បតិ៍ ក៏​មាន​ចំហាយទឹក​ភាយចេញ​ពី​ក្រោម​ដី​ទៅកាន់​បរិយាកាស ដូចជា​នៅ​អង់សឺឡាត​ផងដែរ។ បើទោះបីជា​ការ​សង្កេតតាម​រយៈតេឡេស្កុប​ហឺប័ល​ មិន​អាច​ឲ្យ​គេ​ដឹងច្បាស់​ពី​វត្តមាន​​នៃ​ម៉ូលេគុល​អ៊ីដ្រូហ្សែន​នៅ​ក្នុង​ចំហាយទឹក​ ដូចជា​ករណី​យានអវកាស​កាស៊ីនី ក៏ប៉ុន្តែ អ្នក​វិទ្យាសាស្រ្ត​​នៅតែ​បង្ហាញ​ពី​ការ​ចាប់អារម្មណ៍​ខ្លាំង ទៅលើ​ភាព​ស្រដៀងគ្នា រវាង​អឺរ៉ុប និង​អង់សឺឡាត។

រហូតមកទល់​នឹងពេលនេះ គេ​មិន​អាច​សន្និដ្ឋាន​បានថា ពិតជា​មាន​ជីវិត​នៅលើ​ព្រះចន្ទ​អឺរ៉ុប ឬ​ក៏​អង់សឺឡាត​នោះទេ តែ​ណាសា​បាន​អះអាង​ថា គិតរហូតមកទល់​នឹង​ពេលនេះ អ្វី​ដែល​គេ​សង្កេតឃើញ​នៅលើ​ព្រះចន្ទ​ទាំងពីរ​នេះ ជាពិសេស អង់សឺឡាត គឺ​ជា​តម្រ៉ុយ​ដ៏​សំខាន់​បំផុត​ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន អំពី​លក្ខខណ្ឌ​​អំណោយផល​សម្រាប់​ជីវិត។

គួរបញ្ជាក់ថា នៅ​ពេល​ដែល​អ្នក​វិទ្យាសាស្រ្ត​និយាយ​ពី​ “ជីវិត” នៅ​ក្នុងកា​រស្វែងរក​ជីវិត​ក្រៅភព គឺ​គេ​មិន​សំដៅ​តែ​ទៅលើ​ជីវិត​ក្នុងទ្រង់ទ្រាយ​បែបជា​មនុស្ស ឬ​ក៏​សត្វ​នោះទេ តែ​សំដៅ​លើ​គ្រប់ទម្រង់​នៃ​ជីវិត ទោះបីជា​ត្រឹម​ជា​មីក្រុប ជាដើម ហើយ​ធាតុផ្សំ​នៃ​ភាពអំណោយ​ផល​សម្រាប់​ជីវិត ដែល​គេ​ស្វែងរក គឺ​មាន​៣ធំៗ៖ ទឹករាវ, ប្រភពថាមពល និង​ធាតផ្សំគីមី​មួយ​ចំនួន ជាពិសេស កាបោន អ៊ីដ្រូហ្សែន នីត្រូហ្សែន អុកស៊ីហ្សែន ផូស្វ័រ និង​ស៊ុលហ្វួរ ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ