អានតួអត្ថបទ
ភូមា

យោធាភូមាប្រកាសផ្អាកប្រតិបត្តិការសឹក នៅភាគ​ខាងជើង​និង​ខាងកើត

យោធាភូមា នៅ​ថ្ងៃសុក្រ ទី​២១ធ្នូ បាន​ប្រកាស​ផ្អាក​រាល់​សកម្មភាព​ប្រតិបត្តិការ​យោធា​ទាំង​អស់​នៅភាគ​ខាង​ជើងនិងភាគ​ខាង​កើត​ប្រទេស រយៈ​ពេល​បួនខែ គឺ​ចាប់ពីពេល​នេះ រហូត​ដល់​ដាច់​ខែ​មេសា ឆ្នាំ​២០១៩ខាងមុខ។ នេះ​គឺជា​ដំណឹង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​បំផុត​ និង​មិន​ធ្លាប់​ដែល​លឺ​សោះ​នៅក្នុង​ប្រវត្តិសាស្ត្រ​ភូមា។

ក្រុមយោធារំដោះជាតិ Taaung
ក្រុមយោធារំដោះជាតិ Taaung AFP/Ye Aung Thu
ផ្សាយពាណិជ្ជកម្ម

ការ​ប្រកាស​របស់​មេ​បញ្ជា​យោធា​ភូមាបែបនេះ គឺ​បាន​ផ្សាយ​​នៅក្នុង​គេហទំព័រ​ផ្លូវការ​របស់​យោធា​។​  សេចក្តីប្រកាស​ ក៏​លើកឡើង​ដែរថា ការ​ចរចា​គ្នា​អាច​នឹង​ត្រូវ​ធ្វើឡើង ដើម្បី​រក​ដំណោះ​ស្រាយ​ ប្រសិន​បើ​ចាំបាច់។​

អង្គការ​សិទ្ធិមនុស្ស និង​អ្នក​វិភាគ​យោបាយ​ភូមា បាន​កោតសរសើរ​និង​ត្រេកអរចំពោះ​ការ​ប្រកាស​ដូច្នេះ ហើយ​ចាត់ទុកថា នេះ​ជាជំហាន​ដ៏​វិជ្ជមាន ​​លើកទី១​ ក្នុង​ប្រវត្តិសាស្ត្រ​របបសឹក​ភូមា។ ក៏ប៉ុន្តែ  អ្ន​កការពារសិទ្ធិមនុស្ស ទាមទារថា គួរតែ​បញ្ឈប់រាល់​​ប្រតិបត្តិការសឹកទាំងអស់​តែម្តង​ នៅ​ទូទាំង​ផ្ទៃ​ប្រទេស​។​

គួរ​បញ្ជាក់ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ របប​សឹក​ភូមា បាន​បើក​ប្រតិបត្តិ​ការ​សឹកបង្ក្រាប​ទៅ​ក្រុម​រ៉ូហ៊ីងយ៉ា ដោយ​សំអាង​ទៅលើ​ហេតុ​ផល​កម្ចាត់​ពួក​ភេរវជន​ គឺ​បាន​ធ្វើ​ឲ្យ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា រាប់​ម៉ឺន​​នាក់ រត់​ចោល​ផ្ទះ​សម្បែង ខ្លះ​ត្រូវ​រងការ​កាប់​សម្លាប់ និង​រំលោភភេទ​។​ នៅពេល​នេះ ជនជាតិ​រ៉ូហ៊ីងយ៉ា ប្រមាណ​៧២ម៉ឺន​នាក់ ​កំពុង​តែ​រត់​ភៀស​ខ្លួន ទៅ​ជ្រកក្រោន​ក្នុង​ទឹក​ដី​បង់ក្លាដែស។

នាពេល​កន្លងទៅ អង្គការ​សហប្រជាជាតិ​បា​នថ្កោលទោស​ភូមា​ចំពោះ​ចំណាត់​ការ​ហិង្សារើសអើង​ប្រឆាំង​នឹង​ក្រុម​រ៉ូហ៊ីងយ៉ា​​ ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍​។ តែ​យ៉ាងណា​ក៏ដោយ នៅពេល​ដែល​​របបសឹក​ប្រកាស​ផ្អាក​សកម្មភាព​យោធាដូច្នេះ​ ភ្លាមៗ​ មន្ត្រី​អង្កការ​សហប្រជាជាតិ​ប្រចាំ​នៅ​ភូមា បាន​ថ្លែងអបអរ និងជំរុញ​ឲ្យ​យក​ឱកាស​នេះ​ ដើម្បីចរចា​ពីគ្រប់ភាគី និង​រក​ដំណោះ​ស្រាយ​​បញ្ឈប់​ភាពអរិភាព​រវាង​ពូជសាសន៍​។

អ្ន​កនាំ​ពាក្យ​រដ្ឋាភិបាល​ស៊ីវិលដែល​ដឹកនាំ​ដោយ​លោកស្រី អ៊ុង សានស៊ូជី បាន​ថ្លែងសេចក្តី​​ ​សង្ឃឹមថា ការ​ផ្អាក​ប្រតិបត្តិ​ការ​សឹករបស់​យោធាភូមា​​នេះ នឹង​នាំ​មក​លទ្ធផល​ល្អ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ