អានតួអត្ថបទ
កម្ពុជា

ក្រុម​បុរស​ស្រលាញ់​បុរស​នៅតែ​ជា​ក្រុម​ប្រឈម​មុខ​ខ្ពស់ និង​ការ​ឆ្លង​មេរោគ​អេដស៍

ទិន្នន័យ​ពីការ​សិក្សា​នៅ​ក្នុង​ឆ្នាំ ២០១៤ បាន​សន្និដ្ឋាន​ថា ក្រុម​បុរស​ស្រលាញ់​បុរស​នៅ​តែ​ជា​ក្រុម​ប្រឈម​មុខ​ខ្ពស់ ដោយ​មាន​អត្រា​ប្រេវ៉ាឡង់​មេរោគអេដស៍​ចំនួន ២,៣%។ ដោយ​ឡែក​អត្រាប្រេវ៉ាឡង់​មេរោគស៍​ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃ​ពោះ បាន​ធ្លាក់​ចុះ​ពី ០,៤៨% នៅ​ក្នុង​ឆ្នាំ ២០១០ មក​ត្រឹម ០,២៨% ក្នុង​ឆ្នាំ ២០១៤។ នេះ​បើយោង​តាម​ការ​បង្ហាញលទ្ធផល​សិក្សាស្រាវ​ជ្រាវ​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក និង​កាមរោគ នៃ​ក្រសួង​សុខាភិបាល និង​គំរោង Flagship នៅ​ថ្ងៃ​ទី ៤ សីហានេះ នៅ​ឯសណ្ឋាគារ​ភ្នំពេញ​។

ក្រុម​បុរសស្រលាញ់បុរស
ក្រុម​បុរសស្រលាញ់បុរស RFI
ផ្សាយពាណិជ្ជកម្ម

មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើស្បែក និង​កាមរោគ រួម​ជា​មួយ​គំរោង Flagship ដែល​ក្នុង​នោះ​រួម​មាន​អង្គ​ការ KHANA, FHI 360 និង PSI/PSK បាន​រៀប​ចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការ​អង្កេត​អត្រា​ប្រេវ៉ាឡង់​មេរោគ​អេដស៍ ក្នុង​ចំណោម​ស្ត្រី​មក​ពិនិត្យ​ផ្ទៃពោះ ក្រុម​បុរស​ស្រលាញ់​បុរស ការ​ប្រព្រឹត្ត​ផ្លូវភេទ និង​ការ​ប៉ាន់ស្មាន​ចំនួន​បុរស​ស្រលាញ់​បុរស​នៅ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ឆ្នាំ ២០១៤។

ការ​សិក្សា​បាន​បង្ហាញ​ថា​ក្រុម​បុរស​ស្រលាញ់​បុរស​នៅ​តែ​ជា​ក្រុម​ដែល​ប្រឈម​មុខ​ខ្ពស់ ដោយ​ឃើញ​ថា ៦០% នៃ​អ្នក​ចូល​រួមមាន​ដៃ​គូរួម​ភេទ ចាប់​ពី​ពីរ​នាក់​ឬ ច្រើន​ជាង​នេះ ក្នុង​រយៈ​ពេល​មួយ​ខែ​ចុង​ក្រោយ​នៃ​ការ​សិក្សា​ ហើយ ៣០% នៃ​ពួក​គេ បាន​ប្រើប្រាស់​ស្រោម​អនាម័យ​មិន​ជាប់​លាប់​នោះ​ទេ នៅ​ពេល​ដែល​រួម​ភេទ​។

បើ​តាម​លទ្ធផល​នៃ​ការ​អង្កេត របស់​លោក​វេជ្ជ​បណ្ឌិត យ៉ី ស៊ីយ៉ាន នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​សុខភាព​ប្រជាជន​អង្គការ​ខាណា បាន​បង្ហាញ​ថា​មិន​ត្រឹម​តែ​នៅ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​នៅ​ទូទាំង​ពិភពលោក គឺ​ក្រុម​បុរស​ស្រលាញ់​បុរស​មានការ​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​អេដស៍ និង​កាមរោគ​ខ្លាំង​ជាងគេ ដោយសារ​តែ​ពួក​គេ​ទទួល​បាន​អន្ត​រាគមន៍​តិច និង​មាន​ការ​យល់​ដឹង​តិចតួច​ទាក់​ទង​នឹង​សុខភាព​ផ្លូវ​ភេទ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពួក​គេ​ច្រើន​តែ​លាក់បាំង​ខ្លួន​ឯង និង​មាន​ការ​រើសអើង​នៅ​ក្នុង​សង្គម​។

តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ចំនួន​បុរស​ស្រលាញ់​បុរស​នៅ​កម្ពុជា​មាន​ចំនួន ៣​ម៉ឺន​៨៩១​នាក់។ ភាគ​ច្រើន​គឺមាន​នៅ​ទី​ប្រជុំជន ហើយ​កន្លែង​ដែល​ពួក​គេណាត់​ជួបគ្នា​មាន​នៅ​តាម​ផ្លូវ​សួនមាត់​ទន្លេ ក្លឹបឌីស្កូ និង​ផ្ទះ​ឯកជន។

ដោយ​ឡែក​តាមការ​សិក្សា​របស់​លោក​វេជ្ជ​បណ្ឌិត មុន ផល្គុន មកពី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ នឹង​ជំងឺ​អេដស៍ សើស្បែក និង​កាមរោគ បាន​បង្ហាញ​ថា​អ្នក​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់ មាន​អត្រា​ឆ្លង​មេរោគ​អេដស៍​តិច​ជាង​អ្នក​ដែល​មាន​ចំណេះ​ដឹងទាប ហើយអ្នក​ដែល​ឆ្លង​មេរោគអេដស៍​ច្រើន​ជាង​គេ​នោះ គឺ​ក្រុមអ្នក​រកស៊ី​ផ្លូវ​ភេទ បន្ទាប់​មក​គឺអ្នក​រក​ស៊ី​ផ្នែក​ធ្វើសក់​និង​ផាត់​មុខ និង​បន្ទាប់​មកទៀត​គឺ​អ្នក​ធ្វើការ​នៅ​តាម​អង្គការ​នានា និង​មាន​អ្នក​ប្រកប​មុខ​របរផ្សេង​ៗ​ជា​បន្ត​បន្ទាប់​ទៀត​។
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ