អានតួអត្ថបទ
ស៊ីរី

ប្រជាជន​ស៊ីរី​សម្រុក​រត់ភៀសខ្លួន​ដើម្បី​គេច​ចេញ​ពី​អំពើ​ហិង្សា

ក្នុង​ពេលក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​អនុម័ត​ពន្យារពេល​បេសកកម្ម​របស់​ក្រុមមួកខៀវ នៅស៊ីរី ចំនួន ៣០​ថ្ងៃទៀត អំពើហិង្សា​នៅស៊ីរី​មាន​កាន់តែខ្លាំងឡើង។ ៥ថ្ងៃ​មកហើយ សង្កាត់​ជាច្រើន នៅក្នុង​ទីក្រុង​ដាម៉ាស​បាន​ក្លាយ​ជា​កន្លែង​ប្រយុទ្ធ​បង្ហូរឈាម រវាង​ទ័ព​រដ្ឋាភិបាល និងក្រុមប្រឆាំង ទាហាន​ស៊ីរីសេរី។ ប្រជាជន​ស៊ីរី​រាប់ម៉ឺន រាប់ពាន់​នាក់​បាន​ចាកចេញ​ពី​ផ្ទះសម្បែង​ដើម្បី​រត់គេច​ចេញ ពី​តំបន់​ប្រយុទ្ធ។ អំពើហិង្សា​កាន់តែ​ខ្លាំង​ឡើងៗ ក្នុង​ប្រទេស​ប្រទេស បាន​ជំរុញ​ឲ្យ​ប្រជាជន​ស៊ីវិល​រត់ភៀសខ្លួន ទៅជ្រកកោន នៅក្នុង​ប្រទេស​ជិតខាង។

ប្រជាជន​ស៊ីរី​នាំគ្នា​រត់គេច​ពី​អំពើហិង្សា និង​រត់ចូល​ទៅក្នុង​ប្រទេស​លីបង់ដែល​ជា​ប្រទេស​ជិតខាង
ប្រជាជន​ស៊ីរី​នាំគ្នា​រត់គេច​ពី​អំពើហិង្សា និង​រត់ចូល​ទៅក្នុង​ប្រទេស​លីបង់ដែល​ជា​ប្រទេស​ជិតខាង © REUTERS
ផ្សាយពាណិជ្ជកម្ម

 

ចាប់តាំង​ពីមាន​ការបះបោរ និង​ការបង្រ្កាប​កាលពី​ខែ​មីនា ឆ្នាំមុន មាន​ប្រជាជន​ស៊ីរី​ច្រើន​ជាង​មួយសែននាក់​បាន​រត់ភៀសខ្លួន ទៅជ្រកកោន នៅក្នុង​ប្រទេស​ជិតខាងស៊ីរី ដូចជា ហ្សកដានី លីបង់ តួកគី និង​អ៊ីរ៉ាក់។ ប៉ុន្តែ ចំនួន​ជនភៀសខ្លួន បាន​កើនឡើង ខ្លាំង នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ រហូត​ធ្វើ​ឲ្យ​ស្នងការ​សិទ្ធិ​មនុស្ស​ទទួល​បន្ទុក​ជនភៀសខ្លួន របស់​អង្គការ​សហប្រជាជាតិ​ ទាញសញ្ញា​ប្រកាស​អាសន្ន។ ក្នុង​រយៈពេល​តែពី​ថ្ងៃ​ចុងក្រោយនេះ ប្រជាជន​ស៊ីវិល​ស៊ីរី​ជាង​​២ម៉ឺននាក់​បាន​រត់គេច​ពី​តំបន់​ប្រយុទ្ធ​ដើម្បី​ទៅ​ភៀសខ្លួន​ក្នុង​ប្រទេស​លីបង់។ ប្រជាជន​រាប់ពាន់​ផ្សេងទៀត​វេចបង្វិច ចាកចេញ​ពីផ្ទះសម្បែង សំដៅ​ប្រទេស​ហ្សកដានី តួកគី ឬ​ក៏​អ៊ីរ៉ាក់។

នៅរដ្ឋធានីដាម៉ាស ប្រជាជន​មិន​បាន​ទទួល ការការពារ​ផ្នែក​​សន្តិសុខទេ។ ការប្រយុទ្ធ​បង្ហូរឈាម​រវាង​កងទ័ព​រដ្ឋាភិបាល និង​ក្រុមបះបោរ បាន​តម្រូវ​ឲ្យ​ប្រជាជន​បង្ខំចិត្ត​បោះបង់​ចោល​ផ្ទះសម្បែង និង​ស្វែងរក​កន្លែងជ្រកកោន ក្នុង​ប្រទេស​តួកគី ជាទី​ដែល​ជនភៀសខ្លួន​ស៊ីរី​ជាង ៤ម៉ឺននាក់​កំពុង​រស់នៅក្នុង​ជម្រក​កៅស៊ូតង់។

នៅព្រំដែន​ស៊ីរី​ជាមួយ​អ៊ីរ៉ាក់ ប្រជាជន​អ៊ីរ៉ាក់​រាប់ពាន់​គ្រួសារ​ដែល​ធ្លាប់​ភៀសខ្លួន មកនៅទីក្រុង​ដាម៉ាស ក្នុង​ជំនាន់​គេចសង្រ្គាម នៅទីក្រុង​បាកដាដ ក៏​បាន​រត់ភៀសខ្លួន​ចេញ​ពី​អំពើ​ហិង្សា​ដែរ។ ពួកគេ​ទាំងនោះ​ភាគច្រើន​និយាយ​ថា បានរងគ្រោះ​ដោយ​ការព្យាបាទ របស់​ក្រុមទាហាន​រដ្ឋាភិបាល ដែល​មាន​ចរិកប្រកាន់​ពូជសាសន៍។ នាយករដ្ឋមន្រ្តី​អ៊ីរ៉ាក់​បាន​អំពាវនាវ កាលពីថ្ងៃ​ម្សិលមិញ​សុំ​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ​ដើម្បី​ជួយ​ឲ្យ​ប្រជាជន​អ៊ីរ៉ាក់ ក្នុង​ប្រទេស​ស៊ីរី អាច​ត្រលប់​ចូល​ទឹកដី​អ៊ីរ៉ាក់​វិញ។

ប្រជាជន​ស៊ីរី​រត់​ទៅ​ជ្រកកោន នៅក្នុង​ប្រទេស​ជិតខាង​មាន​កាន់តែច្រើន។ នេះ​គេ​នៅ​មិន​ទាន់​រាប់​ករណី​បំលាស់ទី​របស់​ក្រុមគ្រួសារ​ស៊ីរី​ជាច្រើន​ពាន់ ដែល​កំពុង​រត់គេច​ពី​អំពើហិង្សា ពី​ខេត្ត​មួយ ទៅខេត្ត​មួយផ្សេងទៀត។ ប្រឈម​នឹង​គំហុក​ជនភៀសខ្លួន អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​រកជំនួយ​មនុស្សធម៌​អន្តរជាតិ​ប្រមាណ​១៩៣​លាន​ដុល្លារ​សម្រាប់​ជួយប្រជាជន​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ