អានតួអត្ថបទ
កូវ៉ែត

កូវ៉ែត និង​អ៊ីរ៉ាក់​បដិសេធ​មិន​ឲ្យ​អង្គការ Opep បញ្ចុះ​ផលិតកម្ម​ប្រេង

នៅ​ថ្ងៃ​អង្គារ ទី២៦ មករា នេះ ប្រទេស​កូវ៉ែត និង​អ៊ីរ៉ាក់​ដែល​ជា​សមាជិក​របស់​អង្គការ​នៃ​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​ហៅ​កាត់​ថា Opep បាន​បដិសេធ​មិន​ឲ្យ Opep កាត់​បន្ថយ​ផលិតកម្ម​ប្រេង​ក្នុង​គោលដៅ​ជួយ​ធ្វើ​ឲ្យ​តម្លៃ​មាសខ្មៅ​មួយ​នេះ​ឡើង​ថ្លៃ​វិញ​ទេ។ កូវ៉ែត និង​អ៊ីរ៉ាក់​បាន​យល់​ឃើញ​ថា ដើម្បី​អាច​ឲ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ​វិញ​បាន Opep គឺ​ត្រូវ​មាន​ការ​រួម​សហការណ៍​ជាមួយ​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​ផ្សេង​ទៀត​ដែល​មិនមែន​ជា​សមាជិក​របស់ Opep។ ទន្ទឹម​គ្នា​នេះ កូវ៉ែត និង​អ៊ីរ៉ាក់​ក៏​មិន​ចង់​ឲ្យ Opep បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ដូច​ការ​ទាមទារ​របស់​សមាជិក​ដទៃ​ទៀត​ទេ។

លោក  Adullah al-Badri អគ្គលេខាធិការ​អង្គការ​ OPEP
លោក Adullah al-Badri អគ្គលេខាធិការ​អង្គការ​ OPEP REUTERS/Heinz-Peter Bader
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ចំពោះ​មុខ​ក្រុមអ្នកកាសែត​ដែល​លោក​រដ្ឋមន្រ្តី​ស្តីទី​នៃ​ក្រសួង​ថាមពល​កូវ៉ែត​អាណាស អាល់ សាលេ​បាន​ថ្លែង​ថា វា​ពិត​ជា​មិន​សមហេតុ សមផល​ទាល់​តែ​សោះ​ដែល​អង្គការ Opep ត្រូវ​កាត់​បន្ថយ​ផលិតកម្ម​ប្រេង​របស់​ខ្លួន​តែ​ម្នាក់​ឯង ដោយ​គ្មាន​ការ​ចូលរួម​ពី​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​ផ្សេង​ទៀត​ដែល​មិនមែន​ជា​សមាជិក​របស់​អង្គការ Opec នោះ​ទេ។ អ្វី​ដែល​លោក​សាលេ​ចង់​និយាយ​នោះ​គឺ​ថា ទោះ​បី​ជា Opep កាត់​បន្ថយ​ផលិតកម្ម​ប្រេង​របស់​ខ្លួន​ក៏​ដោយ ក៏​នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ​ភ្លាមៗ​បាន​ដែរ។

ចំណែក​លោក​រដ្ឋមន្រ្តី​ក្រសួង​ថាមពល​អ៊ីរ៉ាក់​អាដែល អាប់ដែល មេឌី​ក៏​បាន​យល់​ឃើញ​ដូច​សមភាគី​កូវ៉ែត​ដែរ និង​ថា អ៊ីរ៉ាក់​បាន​ត្រៀម​ខ្លួន​ដើម្បី​សហការណ៍​ជាមួយ​គ្រប់​ប្រទេស​នំា​ប្រេង​ចេញ​ទាំង​អស់ រាប់​ទាំង​ប្រទេស​ដែល​មិនមែន​​ជា​សមាជិក​អង្គការ Opep ផង។ លោក​អាប់ដែល មេឌី​បាន​យល់​ឃើញ​ថា ដើម្បី​អាច​ជួយ​ស្រោចស្រង់​តម្លៃប្រេង​ដែល​កំពុង​ដាំក្បាល​ចុះ​ខ្លាំង​ពេល​នេះ គេ​ត្រូវ​ការ​ឲ្យ​មាន​កុងសង់ស៊ុស​រួម​ពី​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​ទាំង​អស់ ទាំង​ប្រទេស​សមាជិក និង​មិន​សមាជិក​របស់ Opec។

សូម​ជម្រាប​ជូន​ថា​សព្វថ្ងៃ ប្រេង​មួយ​បារីល​មាន​តម្លៃ​ក្នុង​រង្វង់ ៣០ដុល្លារ​ដែល​ជា​តម្លៃ​មួយ​ដ៏​ទាប​មិន​ធ្លាប់​មាន​ទេ​គិត​ជាង ១៣ឆ្នាំ​កន្លង​ទៅ។ តែ Opec នៅ​បន្ត​បដិសេធ​មិន​បញ្ចុះ​ផលិតកម្ម​ប្រេង​របស់​ខ្លួន​ទេ។ ប្រទេស​វ៉េណេស៊ុយអេឡា​ដែល​ជា​សមាជិក Opec ដែរ​បាន​អំពាវនាវ​ឲ្យ Opec កោះ​ប្រជុំ​វិសាមញ្ញ​មួយ​នៅ​ខែ​កុម្ភៈ​ដើម្បី​សិក្សា​ពី​តម្លៃប្រេង​ធ្លាក់​ថ្លៃ។ តែ​ប្រទេស​កូវ៉ែត​បាន​ឆ្លើយ​ថា បើ​រួម​ប្រជុំ​គ្នា​ដើម្បី​គ្រាន់​តែ​ជួបជុំ​ជា​រឿង​មិន​ចាំ​បាច់ និង​ឥតប្រយោជន៍។

យ៉ាង​ណា​ក៏​ដោយ ប្រទេស​សមាជិក​អង្គការ Opep មួយ​ទៀត​គឺ​កាតា​បាន​បញ្ជាក់​ថា តម្លៃ​ប្រេង​មិន​អាច​បន្ត​ធ្លាក់​ថ្លៃ​ជា​រៀងរហូត​របៀប​នេះ​ទេ និង​អាច​ឡើង​ថ្លៃ​វិញ​នៅ​មុន​ដំណាច់​ឆ្នាំ ២០១៦ នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ