rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

លោក​Mattis ថា​​ឃាតកម្ម​​លើ​​រូប​លោក​​ខាស្ហូហ្ស៊ី បាន​ធ្វើ​​ឲ្យ​ស្ថានភាព​​ដើមបូព៌ា កាន់តែ​វឹកវរ

ដោយ ម៉ម ពិសី

នៅថ្ងៃសៅរ៍ ទី២៧តុលានេះ នៅទីក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន មានបើកវេទិកាប្រចាំឆ្នាំ ស្តីពីសន្តិសុខ និងស្ថិរភាពនៃតំបន់ដើមបូព៌ា ដែលរៀបចំឡើង ដោយ​វិទ្យាស្ថានអន្តរជាតិ ដើម្បីការសិក្សាយុទ្ធសាស្ត្រ (IISS)។ វេទិកាជជែកដោះដូរយោបល់នេះ មានការចូលរួម ពីរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសអារ៉ាប់ឈូងសមុទ្រពែក្ស ប្រទេសអឺរ៉ុប អាស៊ី ព្រមទាំងសហរដ្ឋអាមេរិកផងដែរ។ ដោយឡែក​ បញ្ហា ឃាតកម្មលើរូបលោកហ្សាម៉ាល់ ខាស្ហូហ្ស៊ី ដែលកំពុងតែធ្វើឲ្យអារ៉ាប៊ីសាអូឌីត ត្រូវគេរិះគន់ខ្លាំងបំផុតនោះ បានក្លាយជាចំណុចស្នូល នៃវេទិកាអន្តរជាតិនេះ។

វេទិកាជជែកដោះដូរយោបល់ ស្តីពីសន្តិសុខ និងស្ថិរភាព​ នៃតំបន់ដើមបូព៌ា (IISS Manama Dialogue 2018) ដែលកំពុងតែប្រព្រឹត្តិធ្វើទៅនៅក្រុងម៉ាណាម៉ា ប្រទេសបារ៉ែន បានបើកទ្វារ ជាមួយនឹងរឿងធំបង្អស់ គឺរឿងរ៉ាវឃាតកម្មទៅលើរូបលោកហ្សាម៉ាល់ ខាស្ហូហ្ស៊ីនេះឯង។ អារ៉ាប៊ីសាអូឌីត ដែលតាំងពីណាពីណីមក គឺជាមេធំជាង​គេ​ក្នុង​តំបន់ដើមបូព៌ា តែពេលនេះ កំពុងស្ថិតនៅក្នុងចំណុចកណ្តាល នៃក្រសែភ្នែករិះគន់ និង​ការបាត់បង់ទំនុកចិត្ត ពីប្រទេសសម្ព័ន្ធមិត្តនានា ក្នុងនោះក៏មានអាមេរិកដែរ។

អារ៉ាប៊ីសាអូឌីត បន្ថែមបញ្ហាវឹកវរដល់តំបន់ដើមបូព៌ា

លោកJim Mattis រដ្ឋមន្ត្រីការពារជាតិ អាមេរិក បានថ្លែងសន្ទរកថា បើកកម្មវិធីនេះ ដោយបានលើកឡើងថា “បើសិនជាយើង នៅតែដំកល់ក្នុងចិត្តថា ការគោរពសិទ្ធិមនុស្ស ថាជាគោលការណ៍គ្រិះ នៃចំណងសម្ព័ន្ធភាពរបស់យើងទាំងអស់គ្នា ហើយជាប្រយោជន៍រួមនោះ នោះវាច្បាស់ណាស់ ដែលថា ឃាតកម្ម​លើ​រូបលោក ហ្សាម៉ាល់ ខាស្ហូហ្ស៊ី បានធ្វើឲ្យយើងគ្រប់គ្នា មានបារម្ភខ្លាំង”។ លោកMattis បន្តថា “ក្នុងប្រទេសមួយ កាលណាសម្លេងអ្នកប្រឆាំងរិះគន់ ត្រូវបានគេទទួលស្តាប់ នោះមានន័យថា ប្រទេសនោះកាន់តែមានភាពនឹងនរ ចាស់ទុំ ហើយនៅពេលប្រទេសមួយ លែងគោរពច្បាប់ ឬសន្ធិសញ្ញាអន្តរជាតិ ប្រទេសនោះ នឹងធ្វើឲ្យអន់ថយ ដល់ស្ថិរភាពរបស់តំបន់ទាំងមូល ជាពិសេសតំបន់ដើមបូព៌ានេះ ដែលបញ្ហាស្ថិរភាពកំពុងតែវឹកវរស្រាប់ទៅហើយ”។

សម្តីទាំងអំបាលម៉ាណខាងលើនេះ គឺលោករដ្ឋមន្ត្រីការពារជាតិអាមេរិក បានសំដៅដោយចំពោះ ទៅកាន់អារ៉ាប៊ីសាអូឌីត។ លោកបានសង្កត់ធ្ងន់ថា អំពើឃាតកម្មនេះ គឺជារឿងរ៉ាវ​ធ្ងន់ធ្ងរ​ណាស់ ហើយសហរដ្ឋអាមេរិក បានចាត់វិធានការខ្លះហើយ ដើម្បីដាក់ទណ្ឌកម្ម តួយ៉ាង ដូចជាការដកហូតទិដ្ឋាកា ពីជនជាតិអារ៉ាប៊ីសាអូឌីត២១នាក់​ ដែលពាក់ព័ន្ធ​ក្នុង​សំណុំរឿងនេះ។ លោក Mattis បានបន្ថែមថា ចំណងសម្ព័ន្ធភាព ត្រូវឈរ លើការទុកចិត្តគ្នា និងតម្លារភាព។ ត្រង់ចំណុចនេះ មានន័យថា អារ៉ាប៊ីសាអូឌីត កំពុងតែធ្វើឲ្យគេបាត់បង់ទំនុកចិត្ត ដោយសារតែរឿងរ៉ាវឃាតកម្មដ៏ព្រៃផ្សៃនេះ។

ឃាតកម្មលើរូបលោកខាស្ហូហ្ស៊ី ធ្វើឲ្យគេលែងទុកចិត្តអារ៉ាប៊ីសាអូឌីត

វាជាលើកទីមួយ ដែលលោករដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត ត្រូវប្រឈមមុខ នឹងការរិះគន់ ទាក់ទិននឹង​រឿងរ៉ាវឃាតកម្មនេះ នៅក្នុងវេទិកាអន្តរជាតិបែបនេះ។ ប្រទេសដែលចូលរួមក្នុងវេទិកានេះទាំងអស់ សុទ្ធតែបានសម្តែងការព្រួយបារម្ភ និងចោទសួរ ថាតើរឿងរ៉ាវឃាតកម្មនេះ នឹងធ្វើឲ្យមានផលវិបាកអ្វីខ្លះ?​ ហើយថាតើអារ៉ាប៊ីសាអូឌីត នឹងដោះសាររបៀបណាខ្លះ ទៅនឹងមតិសារធារណៈអន្តរជាតិ។

លោក Adel al-Jubeir រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយក្នុងទឹកមុខស្មើថេង ថា អារ៉ាប៊ីសាអូឌីត មិនពេញចិត្ត នឹងអាកប្បកិរិយា របស់បណ្តាញព័ត៌មានទាំងឡាយ​ ដែលចុះផ្សាយផ្តេសផ្តាស និងលម្អៀង ទាក់ទិននឹងរឿងរ៉ាវឃាតកម្មនេះ ទាំងដែលលទ្ធផលស៊ើបអង្កេត មិនទាន់ដឹងច្បាស់លាស់ផង។

ត្រង់ចំណុចនេះ យើងទទួលស្គាល់ ថាមានការចុះផ្សាយច្រើនមែន តែជាទូទៅ ប្រភពព័ត៌មាន ដែលបានគឺបណ្តាញព័ត៌មាន ជាពិសេសនៅតួកគី គឺគេបានប្រភពពីអាជ្ញាធរ និងក្រុមស៊ើបអង្កេតរបស់តួកគី។ ផ្ទុយទៅវិញ គឺអារ៉ាប៊ីសាអូឌីត ខ្លួនឯងទេ ដែលក្រឡះសំដីរហូត ម្តងថានៅរស់ ម្តងថាស្លាប់។ ម្តងថាស្លាប់ដោយសារ​វាយតប់គ្នា ម្តងថាជាអំពើឃាតកម្ម តែធ្វើឡើងដោយចិត្តឯង គ្មានការបញ្ជាពីថ្នាក់លើទេ ហើយចុងក្រោយមកទៀត ក៏ទទួលស្គាល់ថា​ជាឃាតកម្ម ដែលមានលក្ខណៈរៀបគំរោងគិតទុកជាមុខ យ៉ាងល្អិតល្អន់។ អញ្ចឹង យើងឃើញថា រឿងរ៉ាវនេះ ទោះចង់មិនចង់ គឺធ្វើឲ្យគេ លែងទុកចិត្តអារ៉ាប៊ីសាអូឌីត​ហើយ ព្រោះមិនដឹងថា ពេលណា អារ៉ាប៊ីសាអូឌីត និយាយពាក្យពិត។

ដោយឡែក ទាក់ទិននឹងជនសង្ស័យទាំង១៨នាក់ ដែលចាប់ខ្លួនបាន លោករដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត រូបនេះ បានប្រកាសថា នឹងត្រូវធ្វើការជំនុំជំរះ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ ចំណុចនេះ យើងមិនទាន់មានប្រតិកម្មយ៉ាងណាទេ ពីភាគីតួកគី ព្រោះថាហេតុការណ៍ឃាតកម្ម បានកើតឡើង លើទឹកដីតួកគី​ ដូច្នេះ តួកគីអាចទាមទារឲ្យជំនុំជំរះ នៅតុលាការគេ។ យ៉ាងណាមិញ កាលពី២ថ្ងៃមុននេះ រដ្ឋមន្ត្រីការបរទេស​តួកគី បាន​រន្ធាន់​ទៅ​ភាគី​អារ៉ាប៊ីសាអូឌីត ត្រូវតែប្រាប់អត្តសញ្ញាណមនុស្សទាំង១៨នាក់នោះ ថាជានរណា មិនមែនប្រកាសថាចាប់បាន តែស្ងាត់ឈឹង មិនដឹងថាចាប់អ្នកណានោះទេ។ ជារួមទៅ គឺមានសំណូរ ចម្ងល់ច្រើនណាស់ ដែលអារ៉ាប៊ីសាអូឌីត នៅអែរអង់ មិនព្រមឆ្លើយ។

“ត្រូវតែបញ្ចប់សង្រ្គាមនៅយេម៉ែន!”

ក្រៅពីបញ្ហាជុំវិញអារ៉ាប៊ីសាអូឌីតនេះ នៅមានរឿងជាច្រើន ដែលអង្រួនដំបន់ដើមបូព៌ានេះ ក្នុងនោះមានដូចជាសង្រ្គាមនៅយេម៉ែន ជម្លោះជាមួយនឹងកាតា បញ្ហាអ៊ីរ៉ង់ និងស៊ីរី ជាដើម។​ តាំងពីដើមមក សហរដ្ឋអាមេរិក គឺជាដៃគូសម្ព័ន្ធមិត្ត របស់ប្រទេសតំបន់ឈូងសមុទ្រពេក្ស ក្នុងការការពារនិងរក្សាស្ថិរភាព។ ​តំបន់ដើមបូព៌ា កំពុងជួបរឿងអស្ថិរភាពច្រើនខ្លាំងណាស់បច្ចុប្បន្ននេះ។ អាមេរិក ដែលកន្លងមកជាមេធំ ចាត់ចែងការពារសន្តិសុខ ធ្វើអាជ្ញាកណ្តាល សម្រុះសម្រួលជាដើម តែមកដល់ពេលនេះ ហាក់ដូចជាចាប់លែងឈ្នះ ធ្វើអ្វីលែងបាន។

សង្រ្គាមនៅយេមែន ជាង៣ឆ្នាំមកនេះ សម្លាប់មនុស្សអស់ ប្រមាណ១សែននាក់ហើយ ហើយ​បច្ចុប្បន្ន ប្រជាជនយេម៉ែន កំពុងរស់នៅក្នុងការលំបាកវេទនាជាទីបំផុត ដោយសារ​តែ​អារ៉ាប៊ីសាអូឌីត ព័ទ្ធជិត ហើយទំលាក់គ្រាប់បែកពីលើទៀត។ ទាក់ទិននឹងសង្រ្គាមនៅយេម៉ែននេះ លោក Mattis បាននិយាយថា គ្រប់សង្រ្គាមទាំងអស់ ត្រូវតែមាន​ទីបញ្ចប់។ លោកបន្តថា វាដល់ពេលហើយ ដែលត្រូវបិទបញ្ចប់សង្រ្គាមនេះ ហើយ​ងាក​មក​ចរចាគ្នា ផ្សះផ្សារគ្នា។ រដ្ឋមន្ត្រីអាមេរិករូបនេះ អះអាងថា ការចរចា នឹងចាប់ផ្តើមជាថ្មីនៅខែវិច្ឆិកា។

ទាក់ទិនជម្លោះជាមួយកាតាវិញ លោក Jim Mattis បានអំពាវនាវ ឲ្យប្រទេសអារ៉ាប់ទាំងអស់ ត្រូវបំភ្លេចចោលនូវភាពមិនចុះសម្រុងនេះ ហើយងាកមកបើកទំព័រថ្មី​ដើម្បីចាប់ដៃគ្នា។ លោកថា ត្រូវតែស្រុះស្រួលគ្នា នៅផ្ទៃក្នុង នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ។

“រុស្ស៊ី មិនអាចជំនួសអាមេរិកបានទេ​!”

ដោយឡែក ទាក់ទិននឹងសង្រ្គាមនៅស៊ីរី លោក Mattis បានក្រើនរំលឹកប្រទេសអារ៉ាប់ទាំងអស់ថា ត្រូវចងចាំទុកថា រុស្ស៊ី មិនអាចមកជំ​នួសអាមេរិក ក្នុងកិច្ចការពារស្ថិរភាពតំបន់នេះបានទេ។ ព្រោះហេតុអ្វី ? លោករដ្ឋមន្ត្រីការពារជាតិអាមេរិក ពន្យល់ថា ករណីសង្រ្គាមនៅស៊ីរី បានធ្វើឲ្យគ្រប់គ្នា ឃើញច្បាស់ ពីចរិក ឱកាសនិយម របស់រុស្ស៊ី។ រុស្ស៊ីឃើញឱកាសចូលមកធ្វើអន្តរាគមន៍ បញ្ជូនទ័ពនិងសព្វាវុធ មកក្នុងតំបន់ បើទោះបីជាត្រូវទៅការពាររបបដឹកនាំបាឆាអាល់ អាសាដ ដែលសម្លាប់ធ្វើបាបប្រជាជនស៊ីរីក៏ដោយ។

ត្រង់ចំណុចនេះ មានន័យថា រុស្ស៊ី គ្មានចិត្តស្មោះ គ្មានការទទួលខុសត្រូវ ដើម្បីការពារស្ថិរភាពសន្តិសុខដល់ដើមបូព៌ា ដូចអាមេរិកទេ។ លោកសង្កត់ធ្ងន់ថា រុស្ស៊ីមិនអាចមកជំនួសអាមេរិកបានទេ ព្រោះសម្ព័ន្ធភាពរបស់អាមេរិក ដែលមានជាមួយដើមបូព៌ា ជាសម្ព័ន្ធភាព​ស្មោះ មានតម្លារភាព ហើយទៀងទាត់យូរអង្វែង នឹងឈរលើគោលការនៃ​សតិសប្បជញ្ញៈមនុស្សជាតិ មិនមែនសម្លឹងតែប្រយោជន៍តែម្ខាងនោះទេ៕

ប្រធានាធិបតីកាហ្សាក់ស្ថាន លាលែង​ពី​តំណែង​ ក្រោយ​៣០ឆ្នាំ​នៃ​អំណាច

អ.ស.ប.៖​មាន​មនុស្ស​ជាង ២ ០០០លាននាក់​ក្នុង​លោក​កំពុង​បន្ត​ខ្វះ​ទឹកស្អាត​ប្រើប្រាស់

ទិន្នន័យ​នៃ​ប្រអប់ខ្មៅ​បង្ហាញពី​មូលហេតុ​ស្រដៀងគ្នា​នៃ​ការធ្លាក់យន្តហោះ​របស់​អេត្យូពី​និង​ឥណ្ឌូណេស៊ី​

ហ្វីលីពីន​ជា​​ប្រទេស​ទី២​ដែល​បាន​ដក​សមាជិកភាព​ចេញ​ពី​​តុលាការព្រហ្មទណ្ឌអន្តរជាតិ​ក្រុង​ឡាអេ​

ក្រោយ​ហេតុការណ៍​បាញ់រះ ​​នូវែលសេឡង់ សន្យា​​​ធ្វើ​​កំណែ​ទ​ម្រង់​​ច្បាប់​កាន់​កាប់អាវុធ

ខ្មាន់កាំភ្លើង​បាញ់រះ សម្លាប់​មនុស្ស​៤៩នាក់ នៅ​វិហារអ៊ីស្លាម នៅនូវែលសេឡង់

អាកាសធាតុ៖ អង្គការ​៤ រួមគ្នា​ប្តឹង​រដ្ឋ​បារាំង ពី​ “ភាព​យឺតយ៉ាវ និង​ភាព​អសកម្ម”

Brexit៖​ច្រកចេញ​របស់​អង់គ្លេស​ពី​សហភាពអឺរ៉ុប​កំពុង​បន្ត​ស្រពិចស្រពិល​កាន់​តែ​ខ្លាំង

ប្រធានាធិបតី​អាល់ហ្សេរី​ឈប់​ឈរឈ្មោះ សម្រាប់​អាណត្តិទី ៥ ប៉ុន្តែ ប្រជាជន​នៅតែ​មិនទុកចិត្ត

ប្រទេសមួយ​ចំនួន​ផ្អាក​ប្រើ​យន្តហោះ​Boeing737max ​ក្រោយ​គ្រោះថ្នាក់​នៅ​អេត្យូពី

ខួប៦០ឆ្នាំ​នៃ​បដិវត្ត​ទីបេ ៖ ប៉េកាំង​ថា​សម្តេច​សង្ឃ​ដាឡៃ​ឡាម៉ា គ្មាន​នាំ​ប្រយោជន៍​ឱ្យ​ទីបេ

លោក​ដូណាល់ ត្រាំ ចង់​ទារប្រាក់​ចំណាយ​បន្ថែម ពី​ប្រទេស​ដែល​មាន​មូលដ្ឋាន​ទ័ព​អាមេរិក

បារាំង​ប្រារព្ធ​ទិវាសិទ្ធិនារី៨មីនា ដោយ​ផ្តោត​លើ​​ វិសមភាព​ប្រាក់ខែ

តុលាការ​ធម្មនុញ្ញថៃ​សម្រេច​រំលាយ​គណបក្ស​ថៃរ៉ាក់សាឆាត​ដែលស្និទ្ធនឹង​លោកថាក់ស៊ីន​

កូរ៉េខាងជើងកំពុងសាងសង់​ឡើងវិញ នូវ​ស្ថានីយ៍​បាញ់​រ៉ុកែត​ Sohae

សេដ្ឋកិច្ច និង​សង្គម​ជា​សំណុំរឿង​អាទិភាព​នៃ​សម័យប្រជុំពេញអង្គ​លើកទី១៣ របស់​សភាប្រជាជនចិន

វ៉េណេស៊ុយអេឡា ៖ លោក ហ្កៃដូ ត្រលប់​ចូល​ស្រុកវិញ ជា​ហានិភ័យ ឬ​ជា​ការទម្លាយ​វិបត្តិ ?

សហរដ្ឋអាមេរិក និង​កូរ៉េខាងត្បូង​បញ្ឈប់​សមយុទ្ធ​ប្រចាំឆ្នាំ​​ជា​សម្បទាន​​ឆ្ពោះ​​ទៅ​​រំសាយ​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង?

NASA និង SpaceX បាញ់បញ្ជូន​យាន​ Dragon ដោយ​ជោគជ័យ​ទៅកាន់​ស្ថានីយ​អវកាស​អន្តរជាតិ​

កូរ៉េខាង​ជើង​សុំ​បន្តចរចា ទាំង​អះអាង​ថា ខ្លួន​មិន​បាន​សុំឲ្យ​ដក​ទណ្ឌកម្ម​ទាំងស្រុង​ទេ