អានតួអត្ថបទ

ក្រោយ​ចុះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ​អ៊ីរ៉ង់​ចេញទៅ​ចែចង់​ប្រទេស​នៅ​តំបន់​ឈូងសមុទ្រ​ពែក្ស

រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់​បាន​ចាប់ផ្តើម​ដំណើរទស្សនកិច្ច​ផ្លូវការ​ កាល​ពីថ្ងៃ​អាទិត្យ ទៅកាន់​ប្រទេស​មួយចំនួន នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែក្ស។ ដំណើរទស្សនកិច្ច​នេះ​ធ្វើឡើង នៅ​ក្នុង​ពេល​ដែល​បណ្តា​ប្រទេស​នៅ​ឈូងសមុទ្រ​ពែក្ស​កំពុងតែ​មាន​ក្តីព្រួយបារម្ភ ​ក្រោយ​ពី​អ៊ីរ៉ង់​បាន​ចុះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរជាមួយ​សហរដ្ឋ​អាមេរិក និង​ប្រទេស​មហាអំណាច​ផ្សេងទៀត កាល​ពីថ្ងៃ​ទី១៤​កក្កដា​កន្លងទៅ។

លោក​មហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ (Mohammad Javad Zarif) រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់
លោក​មហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ (Mohammad Javad Zarif) រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ REUTERS
ផ្សាយពាណិជ្ជកម្ម

ដំណើរទស្សនកិច្ច​របស់​លោក​មហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ រដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ ទៅកាន់​តំបន់​ឈូងសមុទ្រ​ពែក្ស នៅថ្ងៃ​អាទិត្យ បាន​ចាប់ផ្តើម​ឡើង​ពី​ប្រទេស​កូវ៉ែត មុននឹង​បន្ត​ដំណើរ​ទៅកាន់​ប្រទេស​កាតា និង​អ៊ីរ៉ាក់។ អនុរដ្ឋមន្រ្តី​ការបរទេស​អ៊ីរ៉ង់ ដែល​អមដំណើរ​លោក​មហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ បាន​លើកឡើង​ថា គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក្នុង​គ្រប់​វិស័យ​ជាមួយ​ប្រទេស​ជិតខាង​របស់​អ៊ីរ៉ង់។

គួរបញ្ជាក់ថា បណ្តា​ប្រទេស​នៅ​ជុំវិញ​ឈូងសមុទ្រ​ពែក្ស គឺ​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុននីត ដែល​ស្និទ្ធ​នឹង​អារ៉ាប៊ីសាអ៊ូឌីត ហើយ​ជា​គូប្រជែង​ជាមួយ​អ៊ីរ៉ង់ ដែល​ជា​មហាអំណាច​ស្ហ៊ីអ៊ីត។ ក្រោយ​ពី​អ៊ីរ៉ង់​បាន​​ចុះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​ប្រទេស​មហាអំណាច កាល​ពី​ថ្ងៃ​ទី១៤​កក្កដា ​ប្រទេស​ភាគច្រើន​ នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែក្ស នាំគ្នា​ព្រួយបារម្ភ​ខ្លាច​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​នេះ​​អាច​ជា​ជំហាន​មួយ ដែល​ទាក់ទាញ​អាមេរិក ឲ្យ​ងាក​មក​ផ្សារភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់ឡើងវិញ។ ក្តីបារម្ភ​នេះ​កើតមាន​កាន់តែខ្លាំង នៅ​ក្នុង​ពេល​ដែល​តំបន់​មជ្ឈិមបូព៌ា​ទាំងមូល​កំពុងតែ​ធ្លាក់​ក្នុង​ភ្លើងជម្លោះ រវាង​និកាយ​ស៊ុននីត និង​ស្ហ៊ីអីត ជាពិសេស នៅ​ប្រទេស​យេម៉ែន អ៊ីរ៉ាក់ និង​ស៊ីរី។

ជារឿយៗ ប្រទេស​ស៊ុននីត​នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែក្ស​តែងតែ​ធ្វើការ​ចោទប្រកាន់​អ៊ីរ៉ង់​ថា​បាន​លូកដៃ​ចូល​ជ្រៀតជ្រែក​ក្នុង​នយោបាយ​ផ្ទៃក្នុង​ប្រទេស​របស់​ពួកគេ តាមរយៈ​ការ​ផ្តល់​ជំនួយ​ជា​លុយ ឬ​ជា​គ្រឿងសព្វាវុធ ដល់​ក្រុម​ប្រដាប់​អាវុធ​ស្ហ៊ីអ៊ីត ឲ្យ​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​រដ្ឋាភិបាល រួមមាន​ដូចជា ចលនា​ប្រឆាំង​នៅ​បារ៉ែន ក្រុមឧទ្ទាម​ហ៊ូទី​នៅ​យេម៉ែន និង​ក្រុម​ហេសបូឡា​នៅ​លីបង់​ ជាដើម។

ក៏ប៉ុន្តែ នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កូវ៉ែត លោក​ប្រមុខការទូត​អ៊ីរ៉ង់​បាន​លើកឡើង​ថា អ៊ីរ៉ង់​ក៏ដូចជា​ប្រទេស​ផ្សេងទៀត​នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែក្ស​ដែរ គឺ​សុទ្ធតែ​មាន​គោលជំហរ​ប្រឆាំង​នឹង​ចលនា​​ជ្រុលនិយម និង​ក្រុម​ភេរវជន។ លោក​មហាម៉ាត់ ចាវ៉ាត ហ្សារីហ្វ ក៏​បាន​ធ្វើការ​អំពាវនាវ​ផងដែរ​ថា គ្រប់ប្រទេស​ទាំងអស់​នៅ​ក្នុង​តំបន់​​គួរតែ​រួមកម្លាំងគ្នា ដើម្បី​ប្រយុទ្ធប្រឆាំងនឹង​ចលនា​ជ្រុលនិយម​នេះ ជាពិសេស គឺ​ក្រុម​ជីហាត​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី​និង​អ៊ីរ៉ាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ