អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

៤០ឆ្នាំក្រោយ វិបត្តិ​ចំណាប់ខ្មាំង នៅ​បន្ត​បំពុល​ទំនាក់ទំនង​អ៊ីរ៉ង់​-​សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃទី ៤ វិច្ឆិកា ១៩៧៩ បាតុករ​និស្សិត​អ៊ីរ៉ង​មួយ​ក្រុម​បាន​ចាប់​មន្ត្រី​ទូត​និង​បុគ្គលិក​នៅ​ស្ថានទូត​អាមេរិក ចំនួន​៥២​នាក់​ជា​ចំណាប់​ខ្មាំង អស់​រយៈ​ពេល​៤៤៤​ថ្ងៃ។ ហេតុការណ៍​ ​បាន​ជំរុញ​ឱ្យ​អាមេរិក​ផ្តាច់​ទំនាក់ទំនង​ទូត​ជាមួយ​អ៊ីរ៉ង់​រហូត​មកទល់​ពេលបច្ចុប្បន្ន។ ​៤០​ឆ្នាំ​​ក្រោយ​ព្រឹត្តិការណ៍ គ្មាន​ភាគី​ខាងណា​បំភ្លេច​​រឿង​ចាស់​​ ចង់​បើក​ទំព័រ​ថ្មី​ឡើយ វិបត្តិ​នៅ​តែ​បន្ត​បំពុល​ទំនាក់ទំនង​​អ៊ីរ៉ង់និង​អាមេរិក​យ៉ាង​ខ្លាំង​ដដែល។

គំនូរ​ប្រឆាំង​អាមេរិក លើ​ជញ្ជាំង​អតីត​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​តេអេរ៉ង់
គំនូរ​ប្រឆាំង​អាមេរិក លើ​ជញ្ជាំង​អតីត​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​តេអេរ៉ង់ Tasnim News Agency
ផ្សាយពាណិជ្ជកម្ម

ថ្ងៃទី ៤​វិច្ឆិកា ក្លាយ​ជា​ប្រពៃណី​នៃ​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អាមេរិក នៅ​អ៊ីរ៉ង់។ ឆ្នាំ​នេះ ការ​ប្រារព្វ​ពិធី​បាន​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃសៅរ៍​ទី​២​វិច្ឆិកា​មក ដោយ​មាន​សម្ពោធ​​រូប​គំនូរ​ Statue de la Liberté ​បាក់ដៃ​ យន្តហោះ​ដ្រូន​អាមេរិក​រងការ​វាយប្រហារ ... លើ​ជញ្ជាំងអាគារ​ជា​​​អតីត​​ស្ថានទូត​អាមេរិក​ នៅ​ទីក្រុង​តេអេរ៉ង់។ រូប​គំនូរ​និង​កាយវិការ​របស់​បាតុករ មាន​ទម្រង់​និង​ជាការ​រំលឹក​ ​ខួប​លើក​ទី​៤០ឆ្នាំ​ នៃ​ព្រឹត្តិការណ៍​សំខាន់​មួយ​​នៃ​បដិវត្តអ៊ីស្លាមផង និង​ជានិម្មិត្តរូប​នៃ​ងើប​​ប្រឆាំងតទល់​រវាង​អ៊ីរ៉ង់​​នឹងសហរដ្ឋ​អាមេរិក​ផង។

នៅ​ថ្ងៃទី​៤​វិច្ឆិកា ១៩៧៩ ៧​ខែ​ក្រោយ​អ៊ីរ៉ង់​ប្រកាស​ខ្លួន​ជា​ប្រទេស​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​​ ក្រុម​និស្សិត​អ៊ីស្លាម​ប្រមាណ​ពី ៣ទៅ​៤​រយ​នាក់ ដែល​កំពុង​ធ្វើ​ដំណើរ​​ទៅ​ចូលរួម​ធ្វើ​បាតុកម្ម​នៅ​សកលវិទ្យាល័យ​ ស្រាប់​តែ​បាន​នាំ​គ្នា​ ឆ្មក់​ចូ​ល​ស្ថានទូត​អាមេរិក​ដែល​នៅកណ្តាល​រដ្ឋ​ធានី​តេអេរ៉ង់។ បើ​តាមអតីត​​មេដឹកនាំ​បាតុកម្ម​ម្នាក់ អះអាង​ប្រាប់​សារព័ត៌មាន​Associated Press កាលពី​ថ្ងៃ​សៅរ៍​ទី ២​វិច្ឆិកា ២០១៩ ក្រុម​និស្សិត​មាន​ផែនការ​ដំបូង ​ចង់​ទៅ​បោះជំរំ​ ​ធ្វើ​ជា​ទីតាំង​បាតុករ​ទេ ប៉ុន្តែ​ស្ថានការណ៍​រាល​ដាល​ទៅ​ជា​ធ្ងន់ធ្ងរ​ខ្លាំង

តាំង​ខ្លួន​ជា​ក្រុម​និស្សិតអ៊ីស្លាម ដើរ​តាម​គំរូ​ប្រមុខ​សាសនា​ ពួកគេ​ចង់​ទាមទារ​ឱ្យ​សហរដ្ឋ​អាមេរិក​​ធ្វើ​បត្យាប័ន​អតីត​ស្តេច​ Mohammad Reza Pahlavi ស្តេច​ចុងក្រោយ​គេ​បំផុត​របស់អ៊ីរ៉ង់ ដែល​បាន​ចាក​ចេញ​ពី​ប្រទេស​កាលពី​ខែ​មករា ឆ្នាំ​១៩៧៩ ក្រោយ​ពី​មាន​បាតុកម្ម​ប្រឆាំង​អស់​ជា​ច្រើន​ខែ និង​ដែលបាន​ទៅ​​សម្រាក​ព្យាបាល​ជំងឺ​នៅ​លើ​ទឹក​ដី​សហរដ្ឋ​ តាំង​ពី​ពីរ​សប្តាហ៍មុន។

មាន​តែ​​ដំបង​នៅ​​ដៃ ពួក​និស្សិតអ៊ីស្លាម​អ៊ីរ៉ង់​បាន​ចូល​លុកលុយ​ក្នុង​ស្ថានទូត និង​តតាំង​ជាមួយ​កងទ័ព​អាមេរិក​ ដែល​បាន​បាញ់​គ្រាប់​បែក​ផ្សែង។ តែ​ប្រមាណ​​ជិត​បី​ម៉ោងក្រោយ មន្ត្រី​ទូត​អាមេរិក និ​ង​បុគ្គលិក​ស្ថានទូត​ចំនួន​៥២​រូប បាន​ក្លាយ​​ជា​ចំណាប់​ខ្មាំង​របស់​ក្រុម​និស្សិត។

នៅ​មុខ​ស្ថានទូត​​វិញ បាតុករ​បាន​នាំ​គ្នា​ដុត​ទង់ជាតិ​អាមេរិក ដោយ​ដាក់​ជំនួស​មក​វិញ​នូវ​ទង់​ជ័យ​ស ជាមួយ​ពាក្យ​ថា​ Allah Akbar (ព្រះ​ជា​ធំ) និង​មាន​តែ​សម្រែក​ប្រឆាំង​នឹង​អាមេរិក​ ឬ​ចម្រៀង​បដិវត្ត។ ​បាតុករ​អ៊ីរ៉ង់យ៉ាង​ច្រើនសន្ធឹក​សន្ធាប់​បាន​នាំ​គ្នា​មកគាំទ្រ​ក្រុម​និស្សិត​ និង​ចាត់​ទុក បាតុកម្ម​ប្រឆាំង​សហរដ្ឋ​អាមេរិកថា​​​ជា​បដិវត្ត​ទី​ពីរ​ ! សម្រាប់​ក្រុម​បាតុករ រដ្ឋាភិបាល​អ៊ីរ៉ង់ ដែល​ឡើង​គ្រប់គ្រង​ប្រទេស​ក្រោយ​បដិវត្ត​អ៊ីស្លាម​ភ្លាម ជា​ការ​បន្តុំនិង​លាយ​លំដោយ​អាមេរិក។ ពីរ​ថ្ងៃ​ក្រោយ​ (ថ្ងៃទី​៦​វិច្ឆិកា ១៩៧៩) ប្រមុខ​រដ្ឋាភិបាល​ បាន​លាលែង​ចេញ​ពី​តំណែង ក្រុមប្រឹក្សា​បដិវត្ត​ក៏​បាន​កាច់​ចង្កូតប្រទេស​ម្តង និង​បដិសេធ​លែង​ដឹក​ប្រេង​ទៅ​ឱ្យ​សហរដ្ឋ​អាមេរិក។ ​

អាមេរិក​ក៏​បាន​ចេញ​ក្រិត្យ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីរ៉ង់​ បង្ក​ក​ទ្រព្យ​ធន​អ៊ីរ៉ង់​នៅ​បរទេស​ និង​ផ្តាច់​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​... ហើយ​គេ​ត្រូវ​រង់​ចាំ​រហូត​ដល់ថ្ងៃទី ១៩​ខែ​មករា​ឆ្នាំ​១៩៨១ គម្រប់​៤៤៤​ថ្ងៃ​គត់ ទើប​ប្រទេស​ទាំង​ពីរ​រក​ឃើញ​កិច្ចព្រមព្រៀង​ ចំណាប់​ខ្មាំង​ទាំង​៥២​រូប​​ត្រូវ​បាន​ដោះលែង និង​មាន​សេរីភាព​វិញ ជា​ថ្នូរ​នឹង​លក្ខខណ្ឌ​បួន ៖ ប្រគល់​ទ្រព្យ​សម្បត្តិ​របស់​ស្តេចអ៊ីរ៉ង់​មក​​វិញ ឈប់​បង្កក​ទ្រព្យ​ធន​អ៊ីរ៉ង់​នៅ​បរទេស កុំ​ទារ​សំណង​ខូចខាត​ពី​អ៊ីរ៉ង់ និង​មិន​ជ្រៀត​ជ្រែក​កិច្ចការ​អ៊ីរ៉ង់។

តាំងពីពេល​នោះ មក​​ទល់​ពេល​បច្ចុប្បន្ន ទំនាក់ទំនង​អាមេរិក​និង​អ៊ីរ៉ង់ គ្មាន​ថ្ងៃ​ធូរ​ស្បើយ​ទេ​។ ប្រទេស​ទាំង​ពីរ គ្មាន​​សង្គ្រាម​នឹង​គ្នា ហើយ​ក៏​គ្មាន​បទ​ឈប់​បាញ់​​ដែរ​។ បើ​គ្មាន​ការ​បិទ​បញ្ចប់ ដូច្នេះ​ក៏​​គ្មាន​ការ​ចាប់​ផ្តើម​ថ្មី ! ៤០​ឆ្នាំ ក្រោយ​ការ​បណ្តើរ​ចំណាប់​ខ្មាំង​គ្មានកំហុស​ បង្ហាញ​សាធារណជន​ តាម​កញ្ចក់​ទូរទស្សន៍​ ជា​រូបភាព​ដ៏​អាម៉ាស និង​ជាការ​បំបាក់មុខ​សហរដ្ឋ​អាមេរិក​ខ្លាំង​ណាស់ ដែល​ពុំ​ធ្លាប់​កើត​មាន​ឡើយ។ អ៊ីចឹង​ហើយ​បាន​ តាំង​ពី​មាន​បដិវត្ត​អ៊ីរ៉ង់​នៅ​ឆ្នាំ​១៩៧៩មក វ៉ាស៊ីនតោន បាន​ចាត់​ទុកអ៊ីរ៉ង់​ជា​ប្រទេស​ដ៏គ្រោះថ្នាក់​និង​គួរ​ឱ្យ​ស្អប់ខ្ពើម។

មាន​អ្នកដឹកនាំ​ជាន់​ខ្ពស់​ខ្លះ ចង់​បើកទំព័រទំនាក់ទំនង​អ៊ីរ៉ង់-អាមេរិក​ថ្មី ទុក​រឿង​ចាស់​ឱ្យ​កន្លង​តាម​ពេលវេលា មាន​ជាអាទិ៍​អតីត​ប្រធានាធិបតី​អ៊ីរ៉ង់​ Mohammad khatami ឬ​អតីត​ប្រធានាធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា។ ប៉ុន្តែ​តាំង​ពី​​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​មក ភាព​តាន​តឹង​កាន់​តែ​ឡើង​ខ្លាំង​បន្ថែម​ទៀត រវាង​​លោក​ដូណាល់​ត្រាំ ប្រធានាធិបតី​អាមេរិក​និង​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាសាន់ រ៉ូហានី។ អ៊ីរ៉ង់​កាន់​តែ​ខឹង​អាមេរិក ដែល​បាន​ដក​ខ្លួន​ចេញ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​បាន​ដាក់ទណ្ឌកម្ម​​លើ​អ៊ីរ៉ង់​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ