rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីរ៉ង់ អេមីរ៉ាតអារ៉ាប់រួម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

រាជទាយាទបេន សាលម៉ានថា សង្រ្គាមរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់នឹងបង្កឲ្យរលាយសេដ្ឋកិច្ចពិភពលោក

media
រាជទាយាទអារ៉ាប៊ីសាអូឌីតបេន សាលម៉ាន (រូបស្តាំ)នៅក្នុងកិច្ចសន្ទនាជាមួយទូរទស្សន៍អាមេរិកាំង CBS តាមរយៈកម្មវិធី ៦០នាទី Reuters

នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​ទូរទស្សន៍​អាមេរិក CBS ក្នុង​ទឹកដី​អាមេរិកាំង​នា​ថ្ងៃ​អាទិត្យ ទី២៩ កញ្ញា រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​បាន​យល់​ឃើញ​ថា សង្រ្គាម​រវាង​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​អាច​នឹង​បង្ក​ឲ្យ​ដួលរលំ​សេដ្ឋកិច្ច​ពិភពលោក​ទាំងមូល។ នៅ​ក្នុង​ន័យ​នេះ ព្រះអង្គ​បេន សាលម៉ាន​បាន​អំពាវនាវ​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​គិតគូរ និង​ទប់ស្កាត់​អ៊ីរ៉ង់។ ការ​ថ្លែង​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីទ​អង្គ​នេះ​បាន​ធ្វើ​ឡើង ២សប្តាហ៍​បន្ទាប់​ពី​ពួក​ឧទ្ទាមហ៊ូទី​ក្នុង​ប្រទេស​យេម៉ែន​បាន​ប្រើ​ដ្រូន​វាយប្រហារ​លើ​ស្ថានីយ៍ចម្រាញ់ប្រេង​អារ៉ាប៊ីសាអូឌីត​ចំនួន​ពីរ។ ការ​វាយប្រហារ​នេះ​ត្រូវ​បាន​អារ៉ាប៊ីសាអូឌីត និង​អាមេរិក​ចង្អុល​មុខ​អ៊ីរ៉ង់ តែ​អ៊ីរ៉ង់​បាន​បន្ត​បដិសេធ។


« ប្រសិន​បើ​ពិភពលោក​មិន​បញ្ចេញ​ប្រតិកម្ម​ឲ្យ​បាន​ខ្លាំងក្លា និង​ម៉ឺងម៉ាត់​ដើម្បី​រារាំង ទប់ស្កាត់​អ៊ីរ៉ង់​ទេ យើង​នឹង​បាន​ឃើញ​ការ​ប្រឈម​មុខ​ដាក់​គ្នា​មាន​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​ដែល​នឹង​គំរាម​ដល់​ផលប្រយោជន៍​ពិភពលោក » នេះ​ជា​ការ​អះអាង​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​បេន សាលម៉ាន​នៅ​ក្នុង​កិច្ចសន្ទនា​ជាមួយ​ទូរទស្សន៍​អាមេរិកាំង CBS តាម​រយៈ​កម្មវិធី ៦០នាទី។ ការ​គំរាម​ដល់​ផលប្រយោជន៍​ពិភពលោក​ដែល​រាជទាយាទ​សាលម៉ាន​ចង់​និយាយ គឺ​នឹង​មាន​ភាព​រអាក់រអួល​នៃ​ដំណើរការ​ផ្គត់ផ្គង់​ប្រេង​ដល់​ពិភពលោក និង​តម្លៃប្រេង​ឡើង​ថ្លៃ​ខ្ពស់​ដែល​គ្មាន​នរណា​នឹក​ស្មាន​ដល់។ រាជទាយាទ​អារ៉ាប៊ីសាអូឌីត​អង្គ​នេះ​បាន​លើក​ឡើង​ពី​កត្តា​សំខាន់​ចំនួន ៣ របស់​តំបន់​មជ្ឈិមបូព៌ា​សម្រាប់​ពិភពលោក ទី១ ជា​តំបន់​ដែល​បាន​ផ្គត់ផ្គង់​ប្រេង​ឲ្យ​ពិភពលោក​ចំនួន ៣០% ទី២ ជា​តំបន់​ដែល​មាន​ទំនិញ​គ្រប់ប្រភេទ​ជិត ២០% ក្នុង​លោក​បាន​ដឹក​ឆ្លង​កាត់ និង​ទី៣ ជា​តំបន់​ដែល​មាន​ផលិតផល​សរុប​ក្នុងស្រុក​លើ​លោក​ប្រមាណ​ជា ៤%។

ឧបមា​ថា​កត្តា​ទាំង ៣ ត្រូវ​ជាប់គាំង​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ តើ​វា​នឹង​បង្ក​ចេញ​នូវ​ផលវិបាក​អ្វី​ខ្លះ?។ ចម្លើយ គឺ​ការ​ដួលរលំ​សេដ្ឋកិច្ច​ពិភពលោក​ទាំង​មូល ពោល​មិនមែន​មាន​តែ​អារ៉ាប៊ីសាអូឌីត ឬ​ប្រទេស​ណា​ផ្សេង​នៅ​ដើមបូព៌ា​ឡើយ នេះ​ជា​ការ​បញ្ជាក់​របស់​ព្រះអង្គម្ចាស់​សាលម៉ាន។ គួរ​រម្លឹក​ថា ប្រតិកម្ម​បង្កប់​ដោយ​ក្តីបារម្ភ​របស់​រាជទាយាទ​អារ៉ាប៊ីសាអូឌីត​អង្គ​នេះ​បាន​ធ្វើ​ឡើង ២សប្តាហ៍​ក្រោយ​ពី​ពួក​ឧទ្ទាមហ៊ូទី​ក្នុង​ប្រទេស​យេម៉ែន​បាន​ប្រើ​ដ្រូន​វាយប្រហារ​លើ​ស្ថានីយ៍ចម្រាញ់ប្រេង​អារ៉ាប៊ីសាអូឌីត​ចំនួន​ពីរ។ ការ​វាយប្រហារ​ដែល​ត្រូវ​បាន​អារ៉ាប៊ីសាអូឌីត និង​អាមេរិក​ចង្អុល​មុខ​អ៊ីរ៉ង់ តែ​អ៊ីរ៉ង់​បាន​បន្ត​បដិសេធ។

ក្រៅ​ពី​ប្រធានបទ​ទាក់ទឹង​នឹង​ភាព​តានតឹង​នៅ​ក្នុង​តំបន់​ជាមួយ​អ៊ីរ៉ង់ ព្រះអង្គម្ចាស់​សាលម៉ាន​ក៏​ត្រូវ​បាន​ចោទ​សួរ​ជុំវិញ​រឿង​ឃាតកម្ម​សម្លាប់​អ្នកកាសែត​អារ៉ាប៊ីសាអូឌីត​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត​ក្នុង​ប្រទេស​តួកគី​កាល​ពី​ខែ​តុលា ឆ្នាំ ២០១៨ ដែរ។ អ្នកកាសែត​ចង់​ដឹង​ថា តើ​ព្រះអង្គម្ចាស់​សាលម៉ាន​មាន​បាន​បញ្ជា​ឲ្យ​សម្លាប់​លោក​ខាស្ហូហ្ស៊ី​ដែរ ឬ​ទេ?។ « អត់​មាន​ទេ។ គឺ​ជា​ឧក្រិដ្ឋកម្ម​ដ៏​អាក្រក់។ តែ​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​អារ៉ាប៊ីសាអូឌីត ខ្ញុំ​មាន​ទទួល​ខុសត្រូវ ព្រោះ​ហេតុការណ៍​នោះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត » នេះ​ជា​ចម្លើយ​របស់​ព្រះអង្គ​ម្ចាស់​សាលម៉ាន។

គួរ​រម្លឹក​ថា​នៅ​ក្នុង​ឃាតកម្ម​សម្លាប់​លោក​ខាស្ហូហ្ស៊ី អ្នកជំនាញ​ឯករាជ្យ​អន្តរជាតិ​ម្នាក់​បាន​រក​ឃើញ​ភស្តុតាង​ដែល​បញ្ជាក់​ពី​ការ​ចូលរួម​របស់​ព្រះអង្គ​ម្ចាស់​សាលម៉ាន។ ចំណែក CIA ក៏​បាន​យល់​ឃើញ​ពី​ការ​លូកដៃ​របស់​ព្រះអង្គ​ដែរ។ ចំណែក​នៅ​អារ៉ាប៊ីសាអូឌីត តុលាការ​បាន​លាងសំអាត​ទោសកំហុស​របស់​ថ្នាក់ដឹកនាំ និង​បាន​កាត់ទោស​ដាក់​គុក​មនុស្ស​ប្រមាណ​ជា ២០នាក់ ក្នុង​នោះ​មាន ៥នាក់​ទទួល​ទោស​ប្រហារ​ជីវិត៕