អានតួអត្ថបទ
អ៊ីរ៉ង់-អារ៉ាប៊ីសាអូឌីត

អ៊ីរ៉ង់ប្រាប់អារ៉ាប៊ីសាអូឌីតថា សន្តិសុខមិនអាចទិញបានទេ និងជំរុញឲ្យបិទបញ្ចប់សង្រ្គាមនៅយេម៉ែន

« អារ៉ាប៊ីសាអូឌីត​ត្រូវ​តែ​យល់​ថា សន្តិសុខ​មិន​អាច​ទិញ​បាន​ទេ » នេះ​ជា​សម្តី​របស់​ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​ម៉ូហាម៉ាដ យ៉ាវ៉ាដ ហ្សារីហ្វ​ដែល​ទីភ្នាក់ងារ​ផ្លូវការ​អ៊ីរ៉ង់​ឈ្មោះ Irna បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​អាទិត្យ ទី២៩ កញ្ញា។ ទាក់ទង​នឹង​ភាព​តានតឹង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​ត្រូវ​បាន​លោក​ហ្សារីស្វ​យល់​ឃើញ​ថា ភាព​តានតឹង​នឹង​ធ្លាក់​ចុះ​ជាមួយ​នឹង​ការ​បញ្ចប់​សង្រ្គាម​នៅ​ក្នុង​ប្រទេស​យេម៉ែន។ ការ​ថ្លែង​របស់​លោក​ហ្សារីហ្វ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក មុន​នឹង​លោក​ត្រឡប់​ទៅ​អ៊ីរ៉ង់​វិញ​បន្ទាប់​ពី​បាន​ចូលរួម​នៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ប្រចាំឆ្នាំ​លើកទី៧៤។

ប្រមុខការទូតអ៊ីរ៉ង់លោកម៉ូហាម៉ាដ យ៉ាវ៉ាដ ហ្សារីហ្វ
ប្រមុខការទូតអ៊ីរ៉ង់លោកម៉ូហាម៉ាដ យ៉ាវ៉ាដ ហ្សារីហ្វ REUTERS/Evgenia Novozhenina
ផ្សាយពាណិជ្ជកម្ម

« មុន​គេ​បង្អស់ អារ៉ាប៊ីសាអូឌីត​ត្រូវ​តែ​ទទួល​យក​នូវ​គំនិត​ដែល​ថា សន្តិសុខ​មិន​អាច​ទិញ​បាន​ទេ » នេះ​សម្តី​របស់​ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​ហ្សារីហ្វ​នៅ​ក្នុង​កិច្ចសន្ទនា​ដែល​លោក​បាន​ផ្តល់​ឲ្យ​ទីភ្នាក់ងារ​ផ្លូវការ​អ៊ីរ៉ង់​ឈ្មោះ Irna។ លោក​ហ្សារីស្វ​បាន​បន្ថែម​ថា អារ៉ាប៊ីសាអូឌីត​បាន​ព្យាយាម​ទិញ​សន្តិសុខ​ដោយ​បង្កើត​ឲ្យ​មាន​ភាព​តានតឹង និង​បាន​បើក​ផ្លូវ​ឲ្យ​មាន​អន្តរាគមន៍​របស់​បរទេស​នៅ​ក្នុង​តំបន់។ ទោះ​បី​ជា​ប្រមុខ​ការទូត​អ៊ីរ៉ង់​មិន​បាន​និយាយ​ចំ​ឈ្មោះ​ប្រទេស​បរទេស​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា លោក​ចង់​សំដៅ​វត្តមាន​ទាហាន​អាមេរិកាំង​នៅ​ក្នុង​តំបន់​ឈូងសមុទ្រ​ពែក្ស។

តាម​លោក​ហ្សារីស្វ រាជាណាចក្រ​អារ៉ាប៊ីសាអូឌីត​បាន​ទិញ​អាវុធ ទិញ​មិត្តភាព និង​ទិញ​ទឹកចិត្ត​គាំទ្រ​ពី​ប្រទេស​ផ្សេង តែ​អារ៉ាប៊ីសាអូឌីត​ត្រូវ​តែ​បោះបង់​ចោល​គំនិត​ដែល​ថា គេ​ក៏​អាច​ទិញ​បាន​សន្តិសុខ​ដែរ​នោះ។ គួរ​រម្លឹក​ថា កំណើន​តានតឹង​ខ្លាំង​រវាង​អ៊ីរ៉ង់​ជាមួយ​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​លោកខាងលិច​មួយ​ចំនួន ពិសេស​អាមេរិក អាល្លឺម៉ង់ អង់គ្លេស និង​បារាំង​បាន​កើត​មាន​ឡើង បន្ទាប់​ពី​ពួក​ឧទ្ទាម​ហ៊ូទី​ក្នុង​ប្រទេស​យេម៉ែន​បាន​ប្រើ​ដ្រូន​វាយប្រហារ​លើ​ស្ថានីយ៍ចម្រាញ់ប្រេង​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃទី១៤ កញ្ញា។

ទីក្រុង​រីយ៉ាដ វ៉ាស៊ីនតោន ប៊ែរឡាំង ឡុងដ៏ និង​ប៉ារីស​បាន​ចោទ​ទីក្រុង​តេហេរ៉ង់​ពី​បទ​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​នោះ។ អ៊ីរ៉ង់​បាន​បន្ត​បដិសេធ​លើ​ការ​ចោទ​ប្រកាន់​របស់​បស្ចិមលោក តែ​បាន​បញ្ជាក់​ពី​ការ​គាំទ្រ​ពួក​ឧទ្ទាម​ហ៊ូទីស​នៅ​ចំពោះ​មុខ​ការ​វាយប្រហារ​របស់​កម្លាំងសម្ព័ន្ធអារ៉ាប់​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត​តាំង​ពី​ឆ្នាំ ២០១៥ នៅ​យេម៉ែន។ ត្រង់​ចំណុច​នេះ​ត្រូវ​បាន​ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​ហ្សារីស្វ​អះអាង​ច្បាស់ៗ​ថា ដំណោះស្រាយ​កាត់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​តំបន់ គឺ​ការ​បិទបញ្ចប់​សង្រ្គាម​នៅ​យេម៉ែន។ គួរ​រម្លឹក​ថា ជម្លោះផ្ទៃក្នុង​នៅ​យេម៉ែន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​ពាន់នាក់ និង​ជនបន្លាស់ទី​ជា​ច្រើន​លាននាក់។ តាម​អង្គការសហប្រជាជាតិ យេម៉ែន​កំពុង​ជួប​វិបត្តិមនុស្សធម៌​​ដ៏​អាក្រក់​ខ្លាំង​ជាង​គេ​ក្នុង​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ