rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីស្រាអែល គណបក្សនយោបាយ នយោបាយ សភា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រធានាធិបតី អ៊ីស្រាអែល​ជ្រើសរើស​លោក​នេតាន់យ៉ាហ៊ូ ឲ្យ​បង្កើតរដ្ឋាភិបាល​ថ្មី

media
ប្រធានាធិបតី​អ៊ីស្រាអែល លោកReuven Rivlin ជ្រើសរើស​លោក​នេតាន់យ៉ាហ៊ូ​ឲ្យ​បង្កើត​រដ្ឋាភិបាល​ចម្រុះ នៅថ្ងៃទី ២៦ កញ្ញា ២០១៩ ©REUTERS/Ronen Zvulun

បន្ទាប់ពី​ជំនុំ​ពិភាក្សា អស់ជាច្រើនថ្ងៃ ប្រធានាធិបតី​អ៊ីស្រាអែល លោក Reven Rivlin បានប្រកាស​នៅយប់​ថ្ងៃ​ពុធ​ម្សិលមិញ ជ្រើសរើស នាយករដ្ឋមន្រ្តី​ផុត​អាណត្តិ គឺ​លោក​បិនចាមីន នេតាន់យ៉ាហ៊ូ ឲ្យ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ថ្មី នៅក្រោយ​ការបោះឆ្នោត​សភា កាលពី​ថ្ងៃ ទី ១៧​កញ្ញា​កន្លងទៅ។ ប្រធានាធិបតី អ៊ីស្រាអែល បាន​ជ្រើសរើស​យក​នេតាន់យ៉ាហ៊ូ បើទោះបី​ជា​លោក​បាន​ទទួល​សំឡេង​សភា តិច ជាង​លោក បេនី ហ្កង់ បេក្ខជន​គូប្រជែង​របស់​លោកនេតាយ៉ាហ៊ូ។ តើ​លោក​នេតាន់យ៉ាហ៊ូ នឹង​អាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ ដើម្បី ស្រោចស្រង់ អ៊ីស្រាអែល ពី​វិបត្តិ​ជាប់គាំង​នយោបាយ នៅពេលនេះ ដែរឬទេ?

 


លទ្ធផល​បោះឆ្នោត​ជាតិ កាលពីថ្ងៃ​ទី ១៧​កញ្ញា​កន្លងទៅ បាន​បង្ហាញ​ថា គណបក្ស​Likudរបស់​ នាយករដ្ឋមន្រ្តី​ផុតអាណត្តិ លោក​បិនចាមីន នេតាន់យ៉ាហ៊ូ បាន​ទទួល​៣២​អាសនៈ នៅ​រដ្ឋសភា ចំណែក គណបក្ស​គូប្រជែង របស់លោក គឺ​លោក​បេនី ហ្កង់ បាន​អាសនៈ ដល់​ទៅ ៣៣ នៅក្នុង​ចំណោម​អាសនៈ​សរុប ១២០​របស់​រដ្ឋសភា។ លោក​នេតាន់យ៉ាហ៊ូ បាន​ទទួល​សំឡេងឆ្នោត តិចជាង លោក​បេនី ហ្កង់ មែន ប៉ុន្តែ លោកប្រធានាធិបតី​បាន​សម្រេច​ជ្រើសរើស​លោក​នេតាន់យ៉ាហ៊ូ​ឲ្យ​បង្កើត​រដ្ឋាភិបាល​ថ្មី នៅ​អ៊ីស្រាអែល។

បន្ទាប់ពី ប្រជុំ ពិភាក្សា ជាមួយ​គ្រប់​គណបក្ស​នយោបាយ ប្រធានាធិបតី អ៊ីស្រាអែល បាន​អះអាង​ថា លោក​បាន​ជ្រើសរើស​លោក​បិនចាមីន នេតាន់យ៉ាហ៊ូ ព្រោះថា  លោក​នេតាន់យ៉ាហ៊ូ នឹង​អាច​មាន​សំណាងច្រើន ដើម្បី ប្រមូលបាន​សំឡេង​គាំទ្រភាគច្រើន ​នៅសភា។

ជាមួយ​គណបក្ស​សម្ព័ន្ធមិត្ត​មកពី​ខាង​ក្រុមស្តាំនិយម និង​គណបក្ស​សាសនា គណបក្ស​Likud របស់​លោក​នាយករដ្ឋមន្រ្តី​ផុតអាណត្តិ នេតាន់យ៉ាហ៊ូ ទទួល​បាន​អាសនៈ ៥៥ នៅ​រដ្ឋសភា ក្នុង​ពេល​គណបក្សប្រឆាំង​របស់​លោកបេនី ហ្កង់ អាច​ប្រមូល​បាន​តែ ៥៤​អាសនៈ នោះបើទោះបី​ជា​មានការចូលរួម ពីខាង​គណបក្ស​កណ្តាលនិយម និង​គណបក្ស​អារ៉ាប់ ក៏ដោយ។

នៅមុន​ការសម្រេច​របស់​ប្រធានាធិបតី​ទៅទៀត លោកនាយករដ្ឋមន្រ្តី​ផុតអាណត្តិ បិនចាមីន នេតាន់យ៉ាហ៊ូ ធ្លាប់បាន​បោះដៃ ទៅ​គណបក្ស​ប្រឆាំង​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ។ ប៉ុន្តែ នៅថ្ងៃ ពុធ​ម្សិលមិញ លោកបាន​លើកសំណើ​នេះ​សាជាថ្មី ប៉ុន្តែ ត្រូវ​បាន​លោកបេនី ហ្កង់ បដិសេធ សាជាថ្មី​ថា លោក​មិន​អាច​ចូលរួម​បង្កើត​រដ្ឋាភិបាល ចម្រុះ​ជាមួយ លោកបិនចាមីន នេតាន់យ៉ាហ៊ូ​នោះទេ។ បេនី ហ្កង់ បាន​ពន្យល់ថា គឺ គណបក្ស​របស់លោក ដែល​នឹង​មិន​យល់ព្រម ឲ្យលោក​ចូលរួម​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​មេដឹកនាំ​ម្នាក់ ដែល​កំពុង​រងបទ​ចោទប្រកាន់ ក្នុង​រឿងអាស្រូវ​ប្រព្រឹត្ត​អំពើពុករលួយ។

នៅ​សប្តាហ៍ក្រោយ លោក​នេតាន់យ៉ាហ៊ូ នឹង​ត្រូវ​កោះហៅ​ឲ្យ​ទៅ​បកស្រាយ ក្នុងសំណុំរឿងសង្ស័យ បី ដូចជា ប្រព្រឹត្ត​អំពើ​ពុករលួយ លួចបន្លំថវិកា និង​រំលោភ​ការជឿទុកចិត្ត។ ប្រសិន​បើ​លោក​នេតាន់យ៉ាហ៊ូ​ជោគជ័យ បង្កើត​ឲ្យចេញ​រដ្ឋាភិបាល​ចម្រុះថ្មី នោះ នោះ លោក​នឹង​អាច​ត្រូវ​គេ​បង្ខំ​ឲ្យ​ចុះចេញ​ពីតំណែង នាយករដ្ឋមន្រ្តី តែ​ក្នុង​ករណី​មាន​ការសម្រេច​ផ្តន្ទាទោស​ពី​តុលាការ​តែប៉ុណ្ណោះ។

បរាជ័យ​មិនអាច​ប្រមែប្រមូល​សំឡេង​គ្រប់គ្រាន់ ដើម្បី បង្កើត​រដ្ឋាភិបាល លោក​បិនចាមីន នេតាន់យ៉ាហ៊ូ ធ្លាប់​បានរំលាយ​សភា និង​រៀបចំ បោះឆ្នោត មុនកំណត់ កាលពីថ្ងៃទី ១៧កញ្ញា។ ប៉ុន្តែ លើកនេះ លោក​នេតាន់យ៉ាហ៊ូ ដែល​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី អ៊ីស្រាអែល ១០ឆ្នាំមកហើយ បាន​អះអាងថា លោកនឹង​បើកផ្លូវ​ឲ្យ​លោក​បេនី ប្រសិនបើ លោក បរាជ័យមិនអាច​ប្រមូល​សំឡេង​បង្កើតរដ្ឋាភិបាល​ចម្រុះលើកនេះទៀត៕