rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីរ៉ង់ សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ឆ្មាំបដិវត្តអ៊ីរ៉ង់ព្រមានថា ប្រទេសណាវាយប្រហារអ៊ីរ៉ង់ ប្រទេសនោះនឹងក្លាយជាសមរភូមិប្រយុទ្ធ

media
ប្រមុខឆ្មាំបដិវត្តអ៊ីរ៉ង់ឧត្តមសេនីយហូសេន សាឡាមី FARS

នៅ​ថ្ងៃ​សៅរ៍ ទី២១ កញ្ញា ប្រមុខ​ឆ្មាំបដិវត្ត​អ៊ីរ៉ង់​ឧត្តមសេនីយ​ហូសេន សាឡាមី​បាន​ព្រមាន​ថា ប្រទេស​ណា​ដែល​ហ៊ាន​វាយប្រហារ​លើ​អ៊ីរ៉ង់ ប្រទេស​នោះ​នឹង​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ។ តាម​លោក​សាឡាមី អ៊ីរ៉ង់​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​សង្រ្គាម​មួយ​កើត​នៅ​លើ​ទឹកដី​អ៊ីរ៉ង់​ឡើយ។ ការ​ប្រកាស​ព្រមាន​របស់​ឧត្តមសេនីយ​សាឡាមី​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​ក្រោយ​ពី​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​បាន​ប្រកាស​បញ្ជូន​កម្លាំងទ័ព​បន្ថែម​ទៅ​កាន់​តំបន់​ឈូងសមុទ្រពែក្ស។ ការ​ប្រកាស​បញ្ជូន​ទ័ព​អាមេរិក​បន្ថែម​នេះ​ត្រូវ​បាន​ប្រមុខ​ការពារជាតិ​អាមេរិក​លោក Mark Esper បញ្ជាក់​ថា ដើម្បី​តប​តាម​ការ​ស្នើ​សុំ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួម។


« នរណា​ក៏​ដោយ​ដែល​ចង់​ឃើញ​ទឹកដី​របស់​ខ្លួន​ក្លាយ​ជា​សមរភូមិប្រយុទ្ធ ចូរ​វាយប្រហារ​អ៊ីរ៉ង់​មក » នេះ​ជា​ការ​ព្រមាន​របស់​ប្រមុខ​ឆ្មាំបដិវត្ត​អ៊ីរ៉ង់​ឧត្តមសេនីយ​ហូសេន សាឡាមី​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ក្នុង​ទីក្រុង​តេហេរ៉ង់។ ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ណា​មួយ ឧត្តមសេនីយ​ហូសេន សាឡាមី​បាន​បញ្ជាក់​ថា អ៊ីរ៉ង់​នឹង​ធ្វើ​ការ​បាញ់​ទម្លាក់​ដ្រូន​ទាំង​អស់​ដែល​ហោះ​ចូល​ក្នុង​ដែន​អាកាស​អ៊ីរ៉ង់។ បន្ទាប់​មក ប្រមុខ​ឆ្មាំ​បដិវត្ត​អ៊ីរ៉ង់​រូប​នេះ​ដដែល​បាន​និយាយ​ចំ​ឈ្មោះ​អាមេរិក​ដោយ​សង្ឃឹម​ថា រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន​នឹង​មិន​ប្រព្រឹត្ត​កំហុស​យុទ្ធសាស្រ្ត​ដូច​ក្នុង​អតីតកាល​ម្តង​ទៀត រួច​ព្រមាន​ត្រង់​ថា អ៊ីរ៉ង់​បាន​ត្រៀម​ខ្លួន​ទប់ទល់​នឹង​គ្រប់​សេណារីយ៉ូ​ទាំង​អស់។

សម្តី​ព្រមាន​ខ្លាំងៗ​របស់​ប្រមុខ​ឆ្មាំបដិវត្ត​អ៊ីរ៉ង់​ពេល​នេះ​ជា​ចម្លើយ​តប​នឹង​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​ដែល​បាន​ប្រកាស​ក្នុង​ថ្ងៃ​សុក្រ ទី២០ កញ្ញា​ពី​ការ​បញ្ជូន​កម្លាំងទ័ព និង​គ្រឿងសព្វាវុធ​បន្ថែម​ទៅ​កាន់​តំបន់​ឈូងសមុទ្រពែក្ស។ ប្រមុខ​ការពារជាតិ​អាមេរិក​លោក Mark Esper បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​ត្រាំ​បាន​សម្រេច​ដូច​នេះ​ដើម្បី​ឆ្លើយ​តប​នឹង​សំណើ​របស់​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួម។ ចំណែក​ចំនួន​ទ័ព និង​ប្រភេទ​អាវុធ​ដែល​ត្រូវ​បញ្ជូន​បន្ថែម​ត្រូវ​បាន​មេបញ្ជាការទ័ព​អាមេរិក​ឧត្តមសេនីយ Joe Dunford បញ្ជាក់​ថា មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ។

ក្រៅ​ពី​ប្រកាស​បញ្ជូន​ទ័ព និង​គ្រឿងសព្វាវុធ​បន្ថែម​ទៅ​កាន់​តំបន់​ឈូងសមុទ្រពែក្ស លោក​ត្រាំ​ក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់ ពិសេស​ប្រឆាំង​នឹង​ធនាគារកណ្តាល​អ៊ីរ៉ង់។ ទណ្ឌកម្ម​ប្រឆាំង​ធនាគារកណ្តាល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​វិធានការ​ធ្ងន់ធ្ងរ​ខ្លាំង​ដែល​មិន​ធ្លាប់​ដាក់​លើ​ប្រទេស​ណា​មួយ​ទេ។ តាម​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​អាមេរិក​លោក Steven Mnuchin ទណ្ឌកម្ម​ប្រឆាំង​ធនាគារកណ្តាល​អ៊ីរ៉ង់​នឹង​ធ្វើ​ឲ្យ​កងឆ្មាំបដិវត្ត​អ៊ីរ៉ង់​លែង​ទទួល​លុយ​ដើម្បី​ផ្តល់​ឲ្យ​ក្រុម​ភេរវជន​ទៀត​ឡើយ។ តែ​ប្រមុខ​ការទូត​អ៊ីរ៉ង់​លោក​ហ្សារីស្វ​បាន​ចាត់​ទុក​ទណ្ឌកម្ម​របៀប​នេះ​ថា​ជា​ការ​រារាំង​មិន​ពលរដ្ឋ​អ៊ីរ៉ង់​ទទួល​ស្បៀងអាហារ និង​ថ្នាំសង្កូវ។

គួរ​រម្លឹក​ថា ការ​កំញើញ​ដាក់​គ្នា​រវាង​អាមេរិក និង​អ៊ីរ៉ង់​បាន​កើត​មាន​ឡើង ក្រោយ​ពី​ពួក​ឧទ្ទាម​ហ៊ូទី​នៅ​យេម៉ែន​បាន​ប្រើ​ដ្រូន​វាយប្រហារ​លើ​ស្ថានីយចម្រាញ់ប្រេង​អារ៉ាប៊ីសាអូឌីទ​ចំនួន​ពីរ​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា។ ការ​វាយប្រហារ​នោះ​ត្រូវ​បាន​អាមេរិក និង​អារ៉ាប៊ីសាអូឌីត​ទម្លាក់​កំហុស​ដាក់​អ៊ីរ៉ង់ តែ​អ៊ីរ៉ង់​បន្ត​បដិសេធ៕