rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីស្រាអែល

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ៊ីស្រាអែល ៖ លោកនេតាន់យ៉ាហ៊ូស្នើបង្កើតរដ្ឋាភិបាលជាមួយគូប្រជែង

media
លោកBenyamin Netanyahu និង​លោក​ Benny Gantz ចាប់​ដៃ​គ្នា​ក្នុង​ពិធី​បុណ្យ​ខួប​អតីត​ប្រធានាធបតី​Shimon Peres នៅ​ក្រុង​Jérusalem ថ្ងៃទី ១៩ កញ្ញា ២០១៩ GIL COHEN-MAGEN / AFP

ពីរ​ថ្ងៃ​ក្រោយ​ការ​បោះឆ្នោត​សភា ដែល​បើ​តាម​លទ្ធផល​បណ្តោះ គ្មាន​គណបក្ស​ណា​ឈ្នះ​ដាច់ នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​អ៊ីស្រាអែល លោក បេនយ៉ាមែន នេតាន់យ៉ាហ៊ូ Benjamin Netanyahuបាន​ធ្វើ​សំណើ​ដ៏​ភ្ញាក់​ផ្អើល​​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ទី ១៩ កញ្ញា ២០១៩​នេះ ហៅ លោក បេនី ហ្កាង្ស Benny Gantz ជា​​គូប្រជែង ឱ្យ​មក​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ ជាមួយ​គ្នា។ ដោយ​គ្មាន​បង្អង់ លោក ហ្កាង្ស បាន​ច្រាន​ចោល​សំណើ​របស់​លោក​នេតាន់យ៉ាហ៊ូភ្លាម។


កាលពី​ថ្ងៃ​ពុធ លោក​នេតាន់យ៉ាហ៊ូ បាន​អះអាង​ថា​អ៊ីស្រាអែល​ មាន​ត្រូវ​ជ្រើសរើស​រវាង ​​​រដ្ឋាភិបាល​ស្តាំ​និយម​ដឹកនាំ​ដោយ​រូប​លោក ឬ​រដ្ឋាភិបាល​ដ៏គ្រោះ​ថ្នាក់ដែល​​រំពឹង​លើ​គណបក្ស​អារ៉ាប់​តូចៗ ដឹកនាំ​ដោយ​ហ្កាង្ស។

ប៉ុន្តែ​នៅព្រឹក​​ថ្ងៃ​ព្រហស្បតិ៍ លោក​នេតាន់យ៉ាហ៊ូ ដែល​កាន់​អំណាច​តាំង​ពី​​មួយ​ទសវត្សរ៍​មក​ហើយ បាន​ក្រលាស់សំដី ងាក​មក​ហៅ​​គូប្រជែង​ និង​ស្នើ​បើក​កិច្ច​​ពិភាក្សា​ផ្ទាល់​ ដើម្បី​បង្កើត​​រដ្ឋាភិបាល​បង្រួបបង្រួមជាតិ។ នៅក្នុង​សារ​វីដេអូ លោក​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​​ចង់​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ដែល​មាន​បក្ស​ច្រើន​បំផុត​ចូល​រួម។

បើ​តាម​លទ្ធផល​បណ្តោះ​អាសន្ន​ គណបក្ស​ លីគូដ របស់​លោក​នេតាន់យ៉ាហ៊ូ ​ទទួល​​បាន​៣១​អាសនៈ គណបក្ស​របស់​លោក​ហ្កាង្ស បាន​​៣៣​អាសនៈ នៅ​ក្នុង​សភា​អ៊ីស្រាអែល ដែល​មានសរុប​១២០​អាសនៈ​។ ​ទោះ​បី​ជា​​គណបក្ស​នាំ​មុខគេ​ទាំង​ពីរ សហការ​ជាមួយ​គណបក្ស​តូចៗ​សម្ព័ន្ធ​មិត្ត​ ក៏​មិន​អាច​មាន​សំលេង​ភាគ​ច្រើន​ដាច់​ខាត​​សម្រាប់​បង្កើត​រដ្ឋាភិបាល​ចម្រុះ​បាន​ដែរ។

ប៉ុន្តែបើ​គូប្រជែង​ទាំង​ពីរ​ព្រម​ចាប់​ដៃ​គ្នា​បង្កើត​រដ្ឋាភិបាល​ តើ​នរណា​នឹង​ត្រូវ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី ?! សម្រាប់​លោក ហ្កាង្ស ដែល​ក៏​បាន​ប្រកាស​ជំហរ​ចង់​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​ដែរ លោក​បាន​អះអាង​ថា លោក​នឹងដឹក​នាំ​​រដ្ឋាភិបាល​ដែល​​ទទួល​ស្តាប់​គ្រប់​គ្នា តែ​មិន​ព្រម​ឱ្យ​នរណា​មក​​បញ្ជា​ឡើយ ! ​គណបក្ស​របស់​លោក​ឈ្នះ​នាំ​មុខ​លំដាប់​ទី​មួយ ឯ​គណបក្ស​លោក​នេតាន់យ៉ាហ៊ូ​នៅ​លំដាប់​ទីពីរ​សោះ ! នេះ​ជា​ចម្លើយ​បដិសេធ​ ដែល​បានធ្វើ​ឱ្យ​​លោក​នេតាន់យ៉ាហ៊ូ ​ខកចិត្ត​យ៉ាង​ខ្លាំង។

​មុន​នឹង​លើក​សំណើហៅ​គូ​ប្រជែង លោក​នេតាន់យ៉ាហ៊ូ បាន​ជួប​ប្រជុំ​ជាមួយ​គ្រប់​មេដឹកនាំ​បក្ស​ស្តាំ​និយម​អ៊ីស្រាអែល​ ដោយ​បាន​ចុះ​កិច្ចសន្យា​​បង្កើត​រដ្ឋាភិបាល​រួមគ្នា​ និង​មាន​រូប​លោក​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី។ លោក​បាន​ទទួល​​ការ​គាំទ្រ​ទាំង​ស្រុង​ពី​ក្រុម​អ្នក​ស្តាំនិយម ដែល​នេះ​អាច​ចាត់​ទុក​ជា​​ចំណុច​ខ្លាំង ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី​ផុត​អាណត្តិ​ក៏​មាន​ចំណុច​ខ្សោយ​ដែរ ៖ លោក​ជាប់​ពាក់ព័ន្ធ​នឹង​តុលាការ​ពី​បទ​ពុក​រលួយ​ រំលោភ​ទំនុក​ចិត្ត​ និង​កេង​បន្លំថវិកា។ លោកកំពុង​ស្វែង​រក​អភ័យឯកសិទ្ធិ​សភា​។ ប្រសិន​បើ​តុលាការ​ធ្វើការ​ចោទ​ប្រកាន់ តាម​ច្បាប់​អ៊ីស្រាអែល លោក​អាច​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី តែ​មិន​អាច​មានឈ្មោះ​ជា​រដ្ឋមន្ត្រី​បាន​ទេ។ ឯ​លោក​ហ្កាង្ស ធ្លាប់​បាន​ប្រកាស​ជាញយ​ដង​មិន​ព្រម​បំរើ​រដ្ឋាភិបាល​ដែល​មាន​នាយករដ្ឋមន្ត្រី​ជាប់​ចោទ​ឬ​ជាប់​ទោសឡើយ៕