អានតួអត្ថបទ
យេម៉ែន-អារ៉ាប៊ីសាអូឌីត

ស្ថានីយ៍ប្រេងរបស់អារ៉ាប៊ីសាអូឌីតបានរងការវាយប្រហារជាថ្មីពីពួកឧទ្ទាមហ៊ូទីនៅយេម៉ែន

នៅ​ព្រឹក​ព្រលឹង​ស្រាងៗ​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា ក្រុម​ឧទ្ទាមហ៊ូទី​នៅ​យេម៉ែន​បាន​ប្រើ​ដ្រូន​វាយប្រហារ​លើ​ស្ថានីយ៍ប្រេង​អារ៉ាប៊ីសាអូឌីត​ចំនួន​ពីរ​របស់​ក្រុមហ៊ុន Aramco។ តាម​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​អារ៉ាប៊ីសាអូឌីត ភ្លើង​ដែល​បាន​ឆាបឆេះ​លើ​ស្ថានីយ៍ប្រេង​ទាំង​ពីរ​ត្រូវ​បាន​ក្រុម​ពន្លត់​អគ្គីភ័យ​របស់​ក្រុមហ៊ុន Aramco ពន្លត់​រលត់​អស់​ហើយ និង​ថា ការ​ស៊ើបអង្កេត​មួយ​ក៏​បាន​បើក​ធ្វើ​ដែរ។ តែ​សេចក្តីប្រកាសព័ត៌មាន​ដដែល​មិន​បាន​បញ្ជាក់​ពី​ប្រភព​នៃ​ការ​បញ្ចូន​ដ្រូន និង​ថា តើ​ការ​វាយប្រហារ​នោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​រងគ្រោះ​ឬ​អត់​ទេ។ គួរ​រម្លឹក​ថា នេះ​ជា​លើកទី៣ ក្នុង​រយៈពេល​តែ ៥ខែ​ដែល​ពួក​ឧទ្ទាម​ហ៊ូទី​នៅ​យេម៉ែន​បាន​ប្រើ​ដ្រូនវាយប្រហារ​លើ​ស្ថានីយ៍ប្រេង​ក្នុង​ទឹកដី​អារ៉ាប៊ីសាអូឌីត។

ស្ថានីយ៍ប្រេងរបស់អារ៉ាប៊ីសាអូឌីតបានរងការវាយប្រហារជាថ្មីពីពួកឧទ្ទាមហ៊ូទីនៅយេម៉ែន
ស្ថានីយ៍ប្រេងរបស់អារ៉ាប៊ីសាអូឌីតបានរងការវាយប្រហារជាថ្មីពីពួកឧទ្ទាមហ៊ូទីនៅយេម៉ែន Reuters
ផ្សាយពាណិជ្ជកម្ម

ស្ថានីយ៍ប្រេង​ទាំង​ពីរ​របស់​ក្រុមហ៊ុន Aramco ដែល​រង​ការ​វាយប្រហារ​មាន​ឈ្មោះ Abqaiq និង Khurais។ ក្រោយ​ការ​វាយប្រហារ រដ្ឋអំណាច​ទីក្រុង​រីយ៉ាដ​បាន​ពង្រឹង​សន្តិសុខ​នៅ​ជុំវិញ​ស្ថានីយ៍ប្រេង​ទាំង​ពីរ​ដោយ​រារាំង​មិន​ឲ្យ​ក្រុម​អ្នកកាសែត​អាច​ចូល​ទៅ​យក​ព័ត៌មាន និង​ពិនិត្យ​ពី​ទំហំ​នៃ​ការ​ខូចខាត។ ក្រសួង​មហាផ្ទៃ​អារ៉ាប៊ីសាអឌីត​បាន​ត្រឹម​ផ្តល់​ព័ត៌មាន​ថា ភ្លើង​ឆាបឆេះ​លើ​ស្ថានីយ៍ប្រេង​ទាំង​ពីរ​បាន​ពន្លត់​អស់​ហើយ តែ​មិន​បាន​ប្រាប់​ពី​ប្រភព​ដ្រូន មាន​មនុស្ស​រងគ្រោះថ្នាក់​ឬ​អត់ ឬ​មួយ​ក៏​មាន​ការ​ផ្អាក​ដំណើរការ​របស់​ស្ថានីយប្រេង​ទាំង​ពីរ​នោះ​ឬ​អត់​ទេ។

ចំណែក​ខាង​ពួក​ឧទ្ទាម​ហ៊ូទី​ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់​វិញ​បាន​ចេញ​មុខ​សារភាព​ជា​ស្នាដៃ​របស់​ពួក​គេ និង​បាន​បញ្ជាក់​ថា ទង្វើ​របស់​ពួក​គេ​គឺ​ដើម្បី​សងសឹក​ទល់​នឹង​អារ៉ាប៊ីសាអូឌីត​ដែល​បាន​ដឹកនាំ​កម្លាំងអារ៉ាប់​វាយប្រហារ​លើ​ពួក​គេ​តាំង​ពី​ឆ្នាំ ២០១៥។ គួរ​រម្លឹក​ថា​ក្នុង​រយៈពេល ៥ខែ​កន្លង​ទៅ នេះ​ជា​លើកទី៣ ដែល​ពួក​ឧទ្ទាម​ហ៊ូទី​បាន​ប្រើ​ដ្រូន​វាយប្រហារ​លើ​ស្ថានីយប្រេង​អារ៉ាប៊ីសាអូឌីត​របស់​ក្រុមហ៊ុន Aramco។ លើកទី១ ក្នុង​ថ្ងៃទី១៤ ឧសភា​ដោយ​ប្រើ​ដ្រូន​វាយប្រហារ​លើ​ស្ថានីយ៍​បូមប្រេង​ចំនួន​ពីរ​កន្លែង​ក្នុង​តំបន់​រីយ៉ាដ និង​លើកទី២ ក្នុង​ថ្ងៃទី១៧ សីហា​ដោយ​ប្រើ​ដ្រូន​ដល់​ទៅ ១០គ្រឿង​វាយប្រហារ​លើ​ស្ថានីយ៍ប្រេង​ឈ្មោះ Shaybah ស្ថិត​ប៉ែក​ខាង​កើត។

តាម​ក្រុមអ្នកជំនាញ ទោះ​បី​ជា​ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​ហ៊ូទី​នៅ​មាន​កម្រិត​ក៏​ពិត​មែន តែ​នេះ​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ថា ពួក​គេ​មាន​អាវុធ​ទំនើបៗ និង​កំពុង​បង្ក​ការ​គំរាមកំហែង​ពិតៗ​ដល់​អារ៉ាប់ប៊ីសាអូឌីត ពិសេស​ស្ថានីយ៍ប្រេង។ អ្វី​ជា​ការ​កត់សម្គាល់ ការ​វាយប្រហារ​របស់​ពួក​ឧទ្ទាម​ហ៊ូទី​​លើ​អារ៉ាប៊ីសាអូឌីត​ជា​បន្តបន្ទាប់​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ស្ថានការណ៍​នៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​ដែល​កំពុង​តានតឹង​នឹង​រឹត​តែ​ឡើង​ខ្លាំង​បន្ថែម​ទៀត។ ភាព​តានតឹង​ដែល​កើត​ចេញ​ពី​ការ​វាយប្រហារ​លើ​កប៉ាល់ដឹកប្រេង​ក្នុង​ខែ​ឧសភា និង​ខែ​មិថុនា។ ការ​វាយប្រហារ​លើ​កប៉ាល់ដឹកប្រេង​ទាំង​ពីរ​កាលណោះ​ត្រូវ​បាន​អាមេរិក​ចង្អុល​មុឋ​អ៊ីរ៉ង់ តែ​អ៊ីរ៉ង់​បន្ត​បដិសេធ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ